យោធាជើងទឹកឥណ្ឌូណេស៊ីចាប់បាននាវាដឹកប្រេង និងឃាត់ខ្លួននាវិកជិត២០នាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជាចោទប្រកាន់ថាបានលួចនាំប្រេងប្រមាណ៣០ម៉ឺនបារ៉ែលពីកម្ពុជានៅក្នុងសំណុំរឿងក្រុមហ៊ុន KrisEngery ដែលបានក្ស័យធន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយកាលពីថ្ងៃពុធ។
បើតាមទីភ្នាក់ងារព័ត៌មានខាងលើ យោធាជើងទឹកឥណ្ឌូណេស៊ីបាននិយាយថាខ្លួនបានឃាត់នាវាដឹកប្រេងឈ្មោះ MT Strovolos នៅតំបន់ដែនសមុទ្រកោះស៊ូម៉ាត្រា កាលពីថ្ងៃទី២៧ ខែកក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជាបានស្នើឲ្យប៉ូលិសអន្តរជាតិចូលឃាត់នាវាដឹកប្រេងនេះ។ របាយការណ៍ព័ត៌មានឲ្យដឹងទៀតថា យោធាជើងទឹកឥណ្ឌូណេស៊ីកំពុងសាកសួរនាវិកជាជនជាតិឥណ្ឌា១៣នាក់ ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់ នៅមូលដ្ឋានរបស់ខ្លួនជិតប្រទេសសិង្ហបុរី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលប្រទេសទាំងពីរកំពុងសម្របសម្រួលក្នុងការបញ្ជូនប្រេងមកកម្ពុជាវិញ។
លោកនិយាយថា៖ «ខ្ញុំដឹងថាព័ត៌មានជាបឋមហ្នឹងតែប៉ុណ្ណឹងទេ។ ប៉ុន្តែស៊ីជម្រៅលក្ខខណ្ឌរបៀបម៉េច ខ្ញុំអត់ដឹងទេ។ ហើយដឹងព័ត៌មានហ្នឹងយើងដឹងពីក្រៅមកវិញដឹងពីប្រភព CNA (ទីភ្នាក់ងារព័ត៌មានសិង្ហបុរី) ដែលថា នាវាដែលបន្លំដឹកប្រេងឆៅរបស់យើងហ្នឹងចេញទៅហើយអាជ្ញាធរប្រទេសកម្ពុជាហ្នឹងជាមួយនឹងឥណ្ឌូណេស៊ីកំពុងរៀបចំក្រដាសស្នាម ដើម្បីបញ្ចូនត្រឡប់មកកម្ពុជាវិញ»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបាននោះទេនៅថ្ងៃព្រហស្បតិ៍នេះ។
ប៉ុន្តែលោកជៀប សួរ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងសម្តីដើមថា៖ «ក្រុមហ៊ុន... បានរាយការណ៍មកកាន់រដ្ឋាភិបាលយើងថានាវាដឹកប្រេងនោះបានលួចប្រេង។ ហើយមានប្រេងឆៅប្រមាណ ២៩០.០០០បារ៉ែល។ (ប៉ុន្តែ) នាវាដឹកប្រេងនោះថា ក្រុមហ៊ុន KrisEnergy ជំពាក់លុយខ្លួន»។
លោក ជៀប សួរ ក៏បានបន្ថែមថា រដ្ឋាភិបាលប្រទេសទាំងពីរកំពុងរៀបចំផែនការ ដើម្បីប្រគល់ប្រេងដែលមានតម្លៃប្រមាណ២០លានដុល្លារអាមេរិក មកឲ្យកម្ពុជាវិញ។
យ៉ាងណាក្តី ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាក្រុមហ៊ុនWorld Tanker ដែលជាក្រុមហ៊ុនប្រតិបត្តិករនាវា MT Strovolos បានបដិសេធចំពោះការចោទប្រកាន់ថាប្រេងត្រូវបានយកទៅដាក់នៅលើនាវាដោយខុសច្បាប់និងចំពោះការលើកឡើងថានាវានោះមិនមានការអនុញ្ញាតឲ្យចូលសំចតក្នុងដែនទឹកឥណ្ឌូណេស៊ី។
ក្រុមហ៊ុនខាងលើនេះបាននិយាយថានាវា MT Strovolos បានដាក់ប្រេងឆៅចំនួនប្រមាណ ៣០ម៉ឺនបារ៉ែលពីប្លុកបូមប្រេងអប្សរាក្នុងតំបន់ឈូងសមុទ្រថៃ កាលពីថ្ងៃទី២១ ខែឧសភា ដោយផ្អែកលើការយល់ស្របថាប្រេងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន KrisEnergy ដែលបានជួលនាវា។ នេះបើយោងទៅតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ជម្លោះរឿងប្រេងនេះ គឺពាក់ព័ន្ធនឹងភាគីរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន KrisEnergy និងម្ចាស់បំណុលដែលក្រុមហ៊ុន KrisEnergy ដែលបានខ្ចីលុយ។ លោកបន្តថាករណីវិវាទនេះត្រូវយកទៅជំនុំជម្រះនៅតុលាការប្រទេសសិង្ហបុរី។
លោកនិយាយថា៖ «នីតីវិធីគឺសាមញ្ញទេ។ នីតិវិធីគឺយើងត្រូវឆ្លងនៅក្នុងជម្លោះផ្សេងៗគឺត្រូវឆ្លងតុលាការសិង្ហបុរី។ អញ្ចឹងករណីហ្នឹងត្រូវតែប្រគល់ដល់ដែនសមត្ថកិច្ចនៃតុលាការ ព្រះរាជអាជ្ញាសិង្ហបុរី ដើម្បីត្រួតពិនិត្យបន្តហើយធ្វើការចាត់ចែងរាល់បំណុលរាល់ទ្រព្យសម្បតិ្ត ហើយនិងបញ្ហាផ្សេងៗទៀតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរហ្នឹង»។
លោក ប៉ិច ពិសី បន្ថែមថាដើម្បីបញ្ចៀសពីការកើតមានបញ្ហាជម្លោះខាងលើនេះ រដ្ឋាភិបាលគួរតែវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយមុនការជ្រើសរើសនិងផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនវិនិយោគណាមួយនៅក្នុងវិស័យប្រេងនៅកម្ពុជា ដោយផ្តោតលើសមត្ថភាពបច្ចេកទេស ធនធាន និងទំហំហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។ លោកបានបញ្ជាក់ថានីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណ ត្រូវមានការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ការចែករំលែកព័ត៌មានឲ្យបានទូលំទូលាយ និងការវាយតម្លៃពេញលេញពីផលប៉ះពាល់លើបរិស្ថាន និងសង្គម។
អ្នកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាម (Oxfam) ប្រចាំកម្ពុជា ស្នើឲ្យមានការផ្តល់ព័ត៌មានប្រកបដោយតម្លាភាព និងគណនេយ្យភាពជូនសាធារណជន ពាក់ព័ន្ធនឹងការសម្របសម្រួលប្រគល់ប្រេងត្រឡប់មកវិញ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌូណេស៊ី។
អ្នកស្រីបានលើកឡើងនៅក្នុងសារអ៊ីមែលមកកាន់ VOA ថា៖ «រដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួររៀនសូត្រពីមេរៀនពិសោធន៍នេះដោយពិនិត្យមើលឡើងវិញនូវក្របខណ្ឌគតិយុត្ត និងរៀបចំយន្តការគ្រប់គ្រងលើការប្រតិបត្តិការអាជីវកម្មក្រុមហ៊ុនដើម្បីជៀសវាងបញ្ហាបែបនេះនៅពេលខាងមុខ»។
គួររំឭកផងដែរ ពាក់ព័ន្ធនឹងករណីលួចដឹកប្រេងដែលបូមបានកាលពីកន្លងទៅចេញពីដែនទឹកកម្ពុជា ដោយមិនមានការអនុញ្ញាត មន្រ្តីកម្ពុជាបានអះអាងថារដ្ឋាភិបាលកំពុងរៀបចំចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនវិនិយោគរបស់សិង្ហបុរី។
កាលពីខែមិថុនា ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានលើកឡើងថា«ក្រុមហ៊ុនសូមប្រកាសថាក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុលខ្លួន ដោយផ្អែកលើបំណុលដែលអាចកើនឡើងនិងកំពុងមានជាក់ស្តែងហើយនិងបន្តទៅរកការទូទាត់បំណុល»។ ក្រុមហ៊ុនបន្ថែមថា ការធ្លាក់ចុះនៃការរកឃើញប្រេងនិងលំហូរសាច់ប្រាក់ពីការអភិវឌ្ឍន៍ក្នុងប្លុកបូមប្រេងប្លុក Aឬគេហៅថាប្លុកអប្សរាក្នុងប្រទេសកម្ពុជា ក៏ជាមូលហេតុមួយដែរ ដែលនាំឲ្យបិទក្រុមហ៊ុន៕