លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងអំពី«បរាជ័យ»នៃគម្រោងបូមប្រេងនៅកម្ពុជា ខណៈក្រុមហ៊ុនវិនិយោគឈ្មោះ KrisEnergy បានក្ស័យធន ហើយប្រេងដែលបូមបានត្រូវបានរាយការណ៍ថាត្រូវគេលួចដឹកចេញពីដែនទឹកកម្ពុជាទៅប្រទេសថៃ។
ពាក់ព័ន្ធនឹងករណីលួចដឹកប្រេងដែលបូមបានកាលពីកន្លងទៅចេញពីដែនទឹកកម្ពុជា ដោយមិនមានការអនុញ្ញាត មន្រ្តីកម្ពុជាបានអះអាងថារដ្ឋាភិបាលកំពុងរៀបចំចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនវិនិយោគរបស់សិង្ហបុរី។
កាលពីថ្ងៃអាទិត្យ ទី១ ខែសីហា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងថាអាជ្ញាធរកម្ពុជាមិនអាចឃាត់នាវាផ្ទុកប្រេងកម្ពុជាមិនឲ្យចាកចេញទៅបានទាន់ពេលវេលា។
លោកថ្លែងថា៖ «ឥឡូវហ្នឹង ក្រុមហ៊ុនហ្នឹងក្ស័យធន វាបូកថែមអាកប៉ាល់ដែលយើងបូមដាក់នេះ វារត់ចេញទៅបាត់ទៅ។ យើងទប់វាមិនទាន់ ចូលដល់ដីថៃ។ រួចហើយគេមានមេធាវីរបស់គេ អានោះជួលកប៉ាល់មកទុក ឥឡូវវាយកទាំងអាប្រេងហ្នឹងទៅបាត់អស់អាលីង។ បាត់អស់អាប្រេងហ្នឹង»។
លោក ហ៊ុន សែន បានលើកឡើងអំពី«បរាជ័យ»នៃគម្រោងបូមប្រេងនៅកម្ពុជា ដែលទទួលបានតំណក់ប្រេងលើកដំបូងកាលពីចុងឆ្នាំ២០២០ ប៉ុន្តែលោកថានឹងបន្តការរុករកនៅប្លុកផ្សេងទៀត។
លោក ហ៊ុន សែន បន្ថែមថា៖ «២៩ ធ្នូ ដែលយើងប្រកាសតំណក់ប្រេងលើកដំបូងប្រហែលជាបរាជ័យហើយ។ គ្រោងថាមួយថ្ងៃបាន៥៧០០បារ៉ែល(ធុង)។ ទីចុងបំផុត មួយថ្ងៃបានតែ១ពាន់បារ៉ែល»។
កាលពីខែមិថុនា ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានលើកឡើងថា «ក្រុមហ៊ុនសូមប្រកាសថាក្រុមហ៊ុនមិនមានលទ្ធភាពសងបំណុលខ្លួន ដោយផ្អែកលើបំណុលដែលអាចកើនឡើង និងកំពុងមានជាក់ស្តែង ហើយនិងបន្តទៅរកការទូទាត់បំណុល»។ ក្រុមហ៊ុនបន្ថែមថា ការធ្លាក់ចុះនៃការរកឃើញប្រេងនិងលំហូរសាច់ប្រាក់ពីការអភិវឌ្ឍក្នុងប្លុកបូមប្រេង ប្លុក A ឬគេហៅថាប្លុកអប្សរាក្នុងប្រទេសកម្ពុជា ក៏ជាមូលហេតុមួយដែរ ដែលនាំឲ្យបិទក្រុមហ៊ុន។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល និងលោក អ៊ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានទេនៅថ្ងៃអង្គារនេះ។
លោក ជៀប សួរ បានប្រាប់សារព័ត៌មានក្នុងស្រុក ThmeyThmey នៅថ្ងៃអង្គារនេះថាបរិមាណប្រេងដែលនាវាខាងលើបានដឹកទៅដល់ប្រទេសថៃនោះមានប្រមាណ២៩ម៉ឺនបារ៉ែល ដែលជាប្រេងឆៅ បើគិតជាមួយតម្លៃប្រេងនាពេលបច្ចុប្បន្ន អាចស្មើប្រមាណ២០លានដុល្លារអាមេរិក។
លោក ជៀប សួរ បញ្ជាក់ថា នាវាដែលលួចដឹកប្រេងពីកម្ពុជា គឺនាវាដែលក្រុមហ៊ុន KrisEnergy បានជួល ដើម្បីដំណើរការអាជីវកម្មបូមប្រេងនៅកម្ពុជា។ តែក្រោយពីកម្ពុជាបានដាក់សំណើទាមទារប្រេងមកវិញ ម្ចាស់នាវាបានបដិសេធដោយលើកឡើងថាក្រុមហ៊ុន KrisEnergy បានជំពាក់លុយខ្លួន។
លោកបានបន្តថា នាពេលបច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល កំពុងបន្តនិតីវិធីផ្លូវច្បាប់ ជាមួយក្រុមហ៊ុន KrisEnergy ខណៈក្រុមហ៊ុននេះក៏កំពុងដំណើរការរឿងក្ដីនៅតុលាការ ក្រោយប្រកាសក្ស័យធនដោយសារបំណុល។ នេះបើយោងតាមសារព័ត៌មាន Thmey Thmey។
អ្នកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាម (Oxfam) ប្រចាំកម្ពុជា ប្រាប់ VOA តាមរយៈសារអ៊ីមែលនៅថ្ងៃអង្គារនេះថា៖ «វាជារឿងគួរឲ្យសោកស្តាយដែលក្រុមហ៊ុនជួបប្រទះបញ្ហាក្ស័យទុនក្នុងពេលនេះ។ យ៉ាងណាមិញអង្គការអុកស្វាមជឿជាក់ថាភាគីពាក់ព័ន្ធរួមមានរាជរដ្ឋាភិបាល និងក្រុមហ៊ុនរ៉ែ នឹងជជែកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយក្នុងពេលឆាប់ៗនេះ និងធានាថា សាធារណជនដែលជាម្ចាស់ធនធាននេះ អាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីធានានូវគណនេយ្យភាព និងតម្លាភាព»។
គួររំឭកថាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy ក្នុងការធ្វើអាជីវកម្មប្រេងនៅកម្ពុជា កើតមានឡើងបន្ទាប់ពីក្រុមហ៊ុន Chevron Overseas Petroleum(Cambodia) Ltd ដែលបានធ្វើការរុករកប្រេងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំមកហើយ បានសម្រេចដកការបណ្តាក់ទុននៅកម្ពុជា កាលពីឆ្នាំ២០១៤ ហើយបានលក់ភាគហ៊ុនរបស់ខ្លួនទាំងមូល សរុបចំនួន៣០%ទៅឲ្យក្រុមហ៊ុនដៃគូ គឺ KrisEnergy Ltd របស់ប្រទេសសិង្ហបុរី។
កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងពេលចុះហត្ថលេខាជាមួយក្រុមហ៊ុន KrisEnergy Group លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ប្រេងក្នុងប្លុក 1A និង ប្លុក 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី៣០លានបារ៉ែល។
កាលពីកន្លងទៅ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាកំពុងរង់ចាំអ្នកវិនិយោគផ្សេងទៀតមកវិនិយោគលើប្លុក៤ទៀត គឺប្លុកB ប្លុកC ប្លុកEនិងប្លុកF៕