ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ ​លោក​ ហ៊ុន សែន​ អំពាវ​នាវ​ឱ្យ​«រួបរួម​គ្នា»​ដើម្បី​ដោះ​ស្រាយ​បញ្ហា​តំបន់


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៣​ ខែសីហា ឆ្នាំ២០២២។ (Photo by Tang Chhin Sothy / AFP)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អំពាវនាវ​ឱ្យ​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថាអាស៊ាន ​ត្រូវ​មាន​ការ​សាមគ្គី​គ្នា​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តំបន់​ ដែល​កំពុង​ប្រឈម ​និង​រក្សា​នូវ​«មជ្ឈភាព​ និង​ឯកភាព»​របស់​អាស៊ាន​ឲ្យ​បាន​រឹងមាំ។ ​

លោក​ ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ​ ពេល​លោក​ចូលរួម​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ​លើក​ទី​៥៥ ​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ នៅ​ថ្ងៃទី​៣ ​ខែ​សីហា ​ឆ្នាំ​២០២២​ នៅ​សណ្ឋាគារ​សុខា​ ក្នុង​រាជធានី​ភ្នំពេញ។​

លោក​ ហ៊ុន សែន​ លើក​ឡើង​ថា​ អាស៊ាន​បាន​ពើប​ប្រទះ​នឹង​បញ្ហា​ជាច្រើន ​ដែល​រាប់​ចាប់​តាំង​ពី​ការ​ប្រកួត​ប្រជែងភូមិសាស្ត្រ​នយោបាយ​ ការ​ប្រកួត​ប្រជែង​សព្វាវុធ​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ សង្គ្រាម​នៅ​អ៊ុយក្រែន ​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

លោក​ថ្លែង​ថា៖​ «ដោយ​ឡែក​វិបត្តិ​នយោបាយ​និង​សន្តិសុខ​ បូករួម​វិបត្តិ​សេដ្ឋកិច្ច ​និង​មនុស្ស​ធម៌​ដែល​ទើបកើត​ឡើង​នៅ​មីយ៉ាន់ម៉ា​ ដែល​ជាសមាជិក​គ្រួសារ​របស់​យើង​ ក៏​បាន​បង្ក​ជា​បញ្ហា​ដល់​មជ្ឈភាព ​និង​ការឯក​ភាព​របស់​អាស៊ាន ​ព្រម​ទាំង​បាន​បង្ក​ឱ្យ​មាន​ការ​រង្គោះ​រង្គើ​ដល់​ស្ថិរភាព​ក្នុង​តំបន់​ផង​ដែរ»។​

លោក​ ហ៊ុន សែន ​បាន​ទទូច​ឱ្យ​អាស៊ាន​សហការ​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។​

លោក​ ហ៊ុន សែន ​បាន​ថ្លែង​ថា៖​«កម្ពុជា​សូម​សង្កត់ធ្ងន់​ពី​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ឯកភាព ​ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​ មិន​មែន​ឯកភាព​ដើម្បី​ប្រឈម​មុខ​ដាក់គ្នា​នោះទេ។ ​ យើង​ត្រូវ​ព្យាយាម​ផ្តោត​លើ​បញ្ហា​ដែល​បង្រួប​បង្រួម​យើង​ទាំង​អស់​គ្នា​ ជាជាង​ផ្តោត​លើ​បញ្ហា​ដែល​នាំ​ឱ្យ​យើង​បែក​បាក់​គ្នា។ ​យើង​ត្រូវ​តែ​ផ្តល់​អាទិភាព​ដល់​សន្តិភាព​ជាង​អ្វី​ទាំងអស់»។​

ចំណែក​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ លោក​ ប្រាក់ សុខុន ​ក៏​បាន​ថ្លែង​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ថា​ អាស៊ាន​បាន​ប្រឈម​នូវ​បញ្ហា​ជាច្រើន​ជារៀង​រាល់​ឆ្នាំ ​ ប៉ុន្តែ​ឆ្នាំ​នេះ​ខុស​ពី​ពេល​ណា​ទាំង​អស់​ បញ្ហា​ជាច្រើន​បាន​កើត​ឡើង​ទន្ទឹមគ្នា​ក្នុង​អំឡុង​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន។​

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស​ ហើយ​បកប្រែ​ជា​ភាសាខ្មែរ​ថា៖​ «ជា​រៀង​រាល់ឆ្នាំ ​ អាស៊ាន​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​គ្រប់​ប្រភេទ​និង​កម្រិត​ ប៉ុន្តែ​ពីមុន​មក​មិន​ដែល​មាន​ឡើយ​ មិន​ដូច​ឆ្នាំ​នេះ​ហើយ​និង​ពេល​នេះ​ទេ។ ​ តើ​យើង​ដែល​ធ្លាប់​បាន​ពើប​ប្រទះ​បញ្ហា​ជាច្រើន​ដែល​កើត​ឡើង​ទន្ទឹម​គ្នា​បែប​នេះ​សម្រាប់​តំបន់​ក៏ដូច​ជា​ពិភពលោក​ទាំង​មូល​ទេ»។​

លោក​បន្ត​ថា​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​៣ថ្ងៃ​នេះ​ បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល​នឹង​ត្រូវ​បាន​លើក​ឡើង​មក​ពិភាក្សា​ មាន​ដូច​ជា​មធ្យោបាយ​ទៅ​មុខ ​ដើម្បី​ស្តារ​ឡើង​វិញ​ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩​ កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ដៃ​គូ​សន្ទនា​ខាងក្រៅ​ បញ្ហា​តំបន់ ​និង​អន្តរជាតិ​ ជាពិសេស​បញ្ហា​ដែល​អាច​បង្ក​ឱ្យ​មាន​អសន្តិសុខ ​និង​អស្ថិរ​ភាព​ក្នុង​តំបន់។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​កម្ពុជា​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​ថា អាស៊ាន​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​មាគ៌ា​«មជ្ឈភាព»​របស់​ខ្លួន​ឲ្យ​បាន​ ដើម្បី​អាច​ទាញ​យក​ផល​ប្រយោជន៍​ទាំង​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត។​

ទោះ​ជាយ៉ាង​ណា ​សាស្ត្រាចារ្យ​រូប​នេះ​អះអាង​ថា​បញ្ហា​ដែល​កំពុង​តែ​កើត​មាន​ឡើង​នេះ ​អាច​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ដោយ​ហេតុ​ថា​ប្រទេស​លោក​ខាងលិច​អាច​បន្ថយ​សម្ពាធ​មក​លើ​កម្ពុជា។​

លោក​និយាយ​ថា៖​«អ្វី​ដែល​កម្ពុជា ​ឬ​ក៏​ក្រប​ខណ្ឌអាស៊ាន​ត្រូវ​ធ្វើ ​ ត្រូវ​គិត​គូរ​នោះ ​គឺ​រក្សា​នូវ​ភាព​កណ្តាល​ ឈរ​ឱ្យ​បាន​នូវ​ភាព​បត់​បែន ​ហើយ​មាន​ភាព​វ័យឆ្លាត​នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន។​ ខ្ញុំ​គិត​ថា​អាច​កាត់​បន្ថយ​នូវ​ហានិភ័យ ​ឬ​ក៏​បញ្ហា​ដែល​កើត​ឡើង​នាពេល​អនាគត​បាន»។​

គួរ​បញ្ជាក់​ថា​ ទាក់ទង​នឹង​វិបត្តិ​មីយ៉ាន់ម៉ា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថាប្រសិន​បើ​មាន​ការ​ប្រហារ​ជីវិត​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា​បន្ត​ទៀត​ នោះ​នឹង​មាន​ការ​គិត​ឡើង​វិញ​អំពី​ចំណុច​ឯកភាព​ទាំង​៥​ ដែល​មេ​ដឹកនាំ​អាស៊ាន​បាន​សម្រេច​កាល​ពី​ឆ្នាំ​មុន៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG