ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​មីយ៉ាន់ម៉ានិង​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន


មនុស្ស​ម្នា​ដើរ​កាត់​សណ្ឋាគារ​សុខា​ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។
មនុស្ស​ម្នា​ដើរ​កាត់​សណ្ឋាគារ​សុខា​ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​ដែល​មាន១០ ប្រទេស​ជា​សមាជិក​នឹង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ការខ្វែង​គំនិត​គ្នា​របស់​ពួកគេ​លើ​បញ្ហា​នានា​រាប់​ចាប់​ពី​បញ្ហា​ជម្លោះ​នៅ​មីយ៉ាន់ម៉ា ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​និង​ការទទួល​យក​ប្រទេស​ទីម័រ​ខាង​កើត​ចូល​ជា​សមាជិក​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍​នេះ។

លោក Bradley Murg ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិ ភាព​ហៅ​កាត់​ថា CICPបាន​ថ្លែង​ថា ហ្វីលីពីន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា ក្រោម​ការដឹកនាំ​របស់​លោក Ferdinand Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​ដែល​កំពុង​អះអាង​ឡើង​វិញ​ពី​ការឈ្នះ​ក្តីរបស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ទល់​នឹង​ប្រទេស​ចិន​នៅ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ក្នុង​ឆ្នាំ២០១៦នៅ​ទីក្រុង​ឡាអេ។ សេចក្តីសម្រេច​នេះ​ច្រានចោល​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ដែនទឹក​ដែល​មាន​ជម្លោះ។

កាលពី១០ឆ្នាំ​មុន នៅ​ពេល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ធ្វើ​ជា​ប្រធាន​អាស៊ាន ពួក​រដ្ឋមន្ត្រី​ការបរ ទេស​បរាជ័យ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ៤៥ឆ្នាំ​របស់​អាស៊ាន បន្ទាប​ពី​កម្ពុជា​បាន​បដិសេធ​មិន​លើក​ឈ្មោះ​ប្រទេស​ចិន និង​ការប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​នឹង​ហ្វីលីពីន​និង​វៀតណាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ទេ។

គេ​បាន​ចាត់​ទុក​ការបរាជ័យ​នេះ​ជា​កំហុស​ការទូត​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ប្រទេស​ម្ចាស់​ផ្ទះ ហើយ​ការបែកបាក់​ក៏​ចាប់ផ្តើម​កើត​ឡើង​តាំងពី​ពេល​នោះ ដោយប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ជំនួយ​យ៉ាង​ច្រើន​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​រឿយៗ​ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា ជា​មិត្ត​ជិតស្និទ្ធ​បំផុត​របស់​ចិន​នៅ​ក្នុង​ប្លុក​ដែល​មានប្រទេស១០នោះ។

លោក Murg បាន​ថ្លែង​ថា៖ «ច្បាស់​ណាស់ នេះ​ជា​អ្វី​ដែល​កម្ពុជា​នឹង​បារម្ភ​ពាក់ព័ន្ធ​នឹង​ការពិត​ដែល​ថា ភាព​ជា​ប្រធាន​អាស៊ាន​កាលពី​លើក​មុន​របស់​កម្ពុជា​បញ្ចប់​ទៅ​ដោយ​ភាព​ជូរចត់​យ៉ាង​ខ្លាំង​ដែល​មិន​អាច​បង្កើត​កិច្ចព្រមព្រៀង​មួយ​បាន»។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។ (រូបថត​ពី​ Facebook/Ministry of Foreign Affairs and International Cooperation - Cambodia)
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។ (រូបថត​ពី​ Facebook/Ministry of Foreign Affairs and International Cooperation - Cambodia)

ប្រទេស​អាស៊ាន​ភាគ​ច្រើន​ចង់​ឱ្យ​មាន​រណសិរ្ស​មួយ​លើ​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​អ្នក​រិះគន់​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ចង់​ឱ្យ​ដោះស្រាយ​តាម​ការចរចា​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ប្រទេស​ទល់​និង​ប្រទេស​បាន​ប្រើ​កម្ពុជា​ដើម្បី​បង្អាក់​ការវិវឌ្ឍ​ទៅ​មុខ​នៃ​កិច្ចព្រមព្រៀង​នេះ និង​រារាំង​ដល់​ការជំទាស់​ប្រឆាំង​ផ្នែក​ការទូត​ដល់ការទាមទារ​ដែន​ទឹក​របស់​ខ្លួន។

លោក Murg បាន​បន្ថែម​ទៀត​ថា៖ «នេះ​មិន​មែន​ជា​ប្រធានបទ​ដែល​កម្ពុជា​ចង់​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​ហ្វីលីពីន​សម្រេច​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា ហើយ​វា​ទំនង​ថា ហ្វីលីពីន​នឹង​ធ្វើ​បែប​នេះ នោះ​កិច្ចពិភាក្សា​ក្នុង​សប្តាហ៍​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​លើ​បញ្ហា​នេះ»។

អ្នក​វិភាគ​ក៏​បាន​ថ្លែង​ថា កិច្ចប្រឹងប្រែង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ក្នុង​នាម​ជា​ប្រ ធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​ក្នុង​ការសម្រប​សម្រួល​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​អាស៊ាននិង​រដ្ឋាភិ បាល​របប​យោធា​មីយ៉ាន់ម៉ា​ក៏​បាន​ធ្វើ​ឱ្យ​មាន​ការបែកបាក់​កាន់​តែ​ខ្លាំង​ដែរ ហើយ​ស្ថានភាព​កាន់​តែ​អាក្រក់​នៅ​ពេល​មាន​ការប្រហារ​ជីវិត​អ្នក​តស៊ូ​មតិ​ប្រជាធិបតេយ្យ​ចំនួន៤ រូប​កាលពី​សប្តាហ៍​មុន។

កាលពី​ថ្ងៃ​ចន្ទ យោធា​មីយ៉ាន់ម៉ា​បាន​បន្ត​ស្ថានភាព​គ្រាអាសន្ន​ចំនួន៦ខែ​ទៀត​ដោយ​និយាយ​ថា ការបោះឆ្នោត​ដែល​ត្រូវ​បាន​សន្យា​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​បរិយាកាស «ស្ថិរភាព​និង​សន្តិភាព» ត្រូវ​បាន​ស្តារ​ឡើង​វិញ។

លោក Murg បាន​និយាយ​ទៀត​ថា៖ «បញ្ហា​មីយ៉ាន់ម៉ា​នឹង​បន្ត​ស្ថិត​នៅ​លើ​តុ​ចរចា ថ្វីបើ​មាន​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ក៏​ដោយ វា​ទំនង​ថា របប​នេះ​នឹង​បន្ត​ពង្រឹង​អំណាច ហើយ​ថា មធ្យោបាយ​អាស៊ាន​តែ​មួយ​នឹង​មិន​គ្រប់គ្រាន់​នោះ​ទេ»។

លោក Murg បាន​ថ្លែង​ថា ប្រទេស​អាស៊ាន​ភាគច្រើន​បង្ហាញ​បំណង​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ឱ្យ​មាន​វិធី​ដោះស្រាយ​ជា​សាកល​ធំ​ជាង​នេះ​ចំពោះ​បញ្ហា​មីយ៉ាន់ម៉ា ហើយ​កិច្ចប្រជុំ​អាស៊ាន​នេះ​អាច​នឹង​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​ស្វែងរក​មធ្យោបាយ​នោះ ក៏ប៉ុន្តែ​ការ​បែកបាក់​គ្នា​នៅ​តែ​មាន​ខ្លាំង»។

ពួក​អ្នក​វិភាគ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សម្ពន្ធ​ភាព​ត្រី​ភាគី​បាន​លេចចេញ​ឡើង​ដែល​មាន​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​និង​ព្រុយណេ​ដែល​ប្រទេស​ទាំង៣នេះ​មាន​ការអាណិត​អាសូរ​ចំពោះ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម​នៅ​មីយ៉ាន់ម៉ា​បាន​ជំទាស់​ប្រឆាំង​ការ នាំ​របប​យោធា​មីយ៉ាន់ម៉ា​ឱ្យ​ត្រឡប់​ចូល​មក​ក្នុង​ប្លុក​នេះ​វិញ បន្ទាបពី​ត្រូវ​បាន​ហាមឃាត់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២១កន្លង​ទៅ។

ក្រុម​អ្នក​តំណាងរាស្ត្រ​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​ចោទប្រកាន់​ថៃ កម្ពុជា​និង​ឡាវ​ក្នុង​ការ ជួយ​ដល់​របប​យោធា​មីយ៉ាន់ម៉ា​ហើយ​កាលពី​ថ្ងៃចន្ទ​ក្រុម​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ទទួល​ស្គាល់​រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា (National Unity Government) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពួក​អ្នក​គាំទ្រ​លោកស្រី Aung San Suu Kyi ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ឡើង​យន្ដហោះ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ឡើង​យន្ដហោះ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។

លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា លោក​ខកចិត្ត​នឹង​អាស៊ាន​ដែល​បរាជ័យ​ក្នុង​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​យោធា​និង​មេដឹកនាំ​របស់​របប​នោះ​គឺ​លោក Min Aung Hlaing។

លោក Blinken បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​បាងកក​ថា «ខ្ញុំ​គិត​ថា វា​ជា​រឿង​អកុសល​ដែល​ត្រូវ​និយាយ​ថា យើង​មិន​បាន​ឃើញ​មាន​ជំហាន​វិជ្ជមាន​ណា​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បន្ត​ឃើញ​មាន​ការគាបសង្កត់​លើ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​បន្ត​មើល​ឃើញ​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​របប​យោធា»។

ប្រទេស​ចំនួន១០ផ្សេង​ទៀត​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​នាម​ជា​ដៃគូ រួមមាន​ប្រទេស​អូស្ត្រាលី ជប៉ុន ឥណ្ឌា និង​កូរ៉េ​ខាង​ត្បូង។ លោកSergey Lavrov រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​លោកBlinken ក៏​នឹង​ចូលរួម​ដែរ ក៏ប៉ុន្តែ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់ ថា រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​មិន​មាន​គម្រោង​ជួប​គ្នា​ទេ។

លោក David Totten នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ឈ្មោះ Emerging Markets Consulting ក្នុង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា៖ «មាន​បញ្ហា​សំខាន់ៗ​ទៀត​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ រួមមាន​បញ្ហា​មីយ៉ាន់ម៉ា​និង​ការប៉ះ ទង្គិច​គ្នា​ដែល​អាច​នឹង​មាន​រវាង​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Lavrov និង​លោក Antony Blinken»។

សេដ្ឋកិច្ច​របស់​អាស៊ាន​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩និង​អតិផរ ណា​សាកលលោក​ដែល​បង្ក​ឡើង​មួយ​ផ្នែក​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នោះ បាន​កាត់​បន្ថយ​អំណាច​ទិញ​យ៉ាង​ខ្លាំង​ហើយ​តម្លៃ​ទំនិញ​ចាំបាច់​ដូចជា​អង្ករ​បាន​កើន​ឡើង​លើស​កម្រិត​ចាយវាយ​របស់​គ្រួសារ​ធម្មតា។

ចំនួន​ពលរដ្ឋ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​ដែល​ត្រូវ​បាន​គេ​កំណត់​ថាមាន​តិច​ជាង​១ដុល្លារ៩០សេន​ក្នុង​មួយ​ថ្ងៃ​បាន​ធ្លាក់​ចុះ​មុន​ពេល​ជំងឺ​កូវីដ១៩ផ្ទុះ​ឡើង​ដែល​បាន​ធ្លាក់​ចុះ​ពី​ចំនួន២១លាន២០ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០១៧មក​នៅ​ត្រឹម១៤លាន៩០ម៉ឺន​នាក់​នៅ​ក្នុង​ឆ្នាំ២០១៩។

ក៏ប៉ុន្តែ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​និយាយ​ថា ការរាតត្បាតនៃ​ជំងឺ​កូវីដ១៩នេះ​បាន​រុញមនុស្ស​ជិត៥លាននាក់​ធ្លាក់​ចូល​ក្នុង​ភាពក្រីក្រ។

លោក Totten បាន​ថ្លែង​ទៀត​ថា៖«ភាព​ក្រីក្រ​នៅ​តែ​ជា​បញ្ហា​ដ៏​ធំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​មនុស្សម្នា​កំពុង​ពុះពារ​ជម្នះ​បញ្ហា​នេះ។ តម្លៃ​ប្រេង​ឥន្ធនៈ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ហើយ​តម្លៃ​ទំនិញ​នៅ​ទីផ្សារ​ក៏​អ៊ីចឹង​ដែរ។ វិស័យ​នានា​ដូចជា​ទេសចរណ៍​នៅ​តែ​មិន​ទាន់​ងើប​ឡើង​វិញ ហើយ​ការវិនិយោគទុន​បរទេស​ចាំបាច់​ត្រូវ​វិលត្រឡប់​មក​កាន់​តំបន់​នេះ​វិញ»។

ប្រទេស​ទីម័រ​ខាង​កើត​ដែល​ព្យាយាម​បញ្ចុះ​បញ្ចូល​យ៉ាង​ខ្លាំង​ដើម្បី​ក្លាយ​ជា​សមាជិក​ទី១១ក្នុង​ប្លុក​នេះ​ក៏​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ការពិភាក្សា​ផង​ដែរ។ ប្រទេស​នេះ​ទទួល​បាន​ការគាំទ្រ​ស្ទើរ​តែគ្រប់​ពី​រដ្ឋ​ជា​សមាជិក។

ប្រភព​ព័ត៌មាន​ផ្សេងៗបាន​ថ្លែង​ថា មាន​ក្តីបារម្ភ២អំពី​ការដាក់​ពាក្យ​សុំ​របស់​រដ្ឋាភិបាល​ទីម័រ​ខាង​កើត​ដែល​រួម​មាន​លទ្ធភាព​ក្នុង​ការផ្តល់​មូលនិធិ​ផ្នែក​ភស្តុភារ​ដែល​ជា​ការតម្រូវ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន​និង​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​របស់​ប្រទេស​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អ្នក​វិភាគ​ដែល​ស្និទ្ធ​នឹង​ក្រុម​ប្រទេស​គាំទ្រ​ដល់​ប្រទេស​ទីម័រ​បាន​ថ្លែង​ថា «មាន​ការភ័យខ្លាច​ដែល​ថា ទីម័រ​ខាង​កើត​នឹង​ក្លាយ​ជា​សំឡេង​គាំទ្រ​មួយ​ទៀត​សម្រាប់​ចិន​ក្នុង​ប្លុក​អាស៊ាន ហើយ​សមាជិក​ភាគច្រើន​មិន​ចង់​បាន​បែប​នោះ​ទេ។ ប្រទេស​សិង្ហបុរី​កំពុង​ដឹកនាំ​ការបដិសេធ​ទាំង​នោះ។ ចិន​អាច​ប្រើប្រាស់​កម្ពុជា​បាន»៕

ប្រែសម្រួល​ដោយលោក​ជឹង ប៉ូជីន

XS
SM
MD
LG