ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​​ឥណ្ឌូណេស៊ី​«សោកស្តាយ​ខ្លាំង‍»​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​​កាល​ពី​អតីតកាល ក្នុង​ប្រទេស​នេះ


រូបឯកសារ៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ញី​ភ្នែក​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ញី​ភ្នែក​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២។

​នៅ​ថ្ងៃពុធ​នេះ ប្រធានាធិបតីប្រទេស​ឥណ្ឌូណេស៊ី​លោក Joko Widodo​ បាន​ទទួល​ស្គាល់​ឧប្បត្តិហេតុមួយ​ចំនួន​ដែល​ជា​«ការរំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ‍»ដែលបាន​កើត​មានឡើងក្នុង​ប្រទេស​លោក​កាល​ពី​អតីតកាល​ ដោយ​មានរួម​ការ​បង្ហូរឈាមនិង​ការចាប់ខ្លួន​មនុស្សដែល​បាន​កើត​មាន​កាល​ពី​ឆ្នាំ​១៩៦៥​និង​ឆ្នាំ​១៩៦៦។ នេះ​បើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

នៅក្នុង​រយៈពេលខ្មៅ​ងងឹតបំផុតមួយក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌូណេស៊ី អ្នក​ប្រវត្តិសាស្ត្រនិង​សកម្មជន​ខ្លះ​បាន​ប៉ាន់​ស្មានថា មាន​មនុស្ស​យ៉ាង​តិច​ណាស់​៥០០.០០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​ហិង្សាដែល​បាន​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​១៩៦៥ នៅ​ក្រោយ​ឧត្តមសេនីយ៍​ Suharto​ និងកងយោធា​នៅ​ពេល​នោះ​បាន​ក្តាប់អំណាចនៅ​ក្រោយ​រដ្ឋប្រហារគ្មានជោគជ័យ​របស់​ពួក​កុម្មុយនីស្ត។​ មនុស្សមួយ​លាននាក់​ឬ​ច្រើន​ជាងនេះ​បាន​ជាប់គុក​ ដោយជាប់​សង្ស័យ​ថា ​ជា​ពួក​កុម្មុយនីស្ត។​

លោក Joko Widodo​ បានមាន​ប្រសាសន៍​ថា៖ «ជាមួយ​ចិត្ត​និងសម្បជញ្ញៈ​ច្បាស់លាស់​និង​ពិត​ប្រាកដ ក្នុង​ឋានៈ​ជាប្រមុខ​រដ្ឋ ​ខ្ញុំទទួល​ស្គាល់​ថា​ មាន​ការ​រំលោភ​សិទ្ធិ​មនុស្សធ្ងន់ធ្ងរ​ដែល​បានកើត​មាន​ឡើងក្នុង​ហេតុការណ៍​ជា​ច្រើន។ ហើយ ខ្ញុំ​សោក​ស្តាយខ្លាំង​អំពី​ការ​រំលោភ​ទាំង​នោះ​ដែល​បាន​កើត​មាន‍»។

ប្រធានាធិបតីឥណ្ឌូណេស៊ី​រូប​នេះ​ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Jokowi ​បាន​និយាយ​យោង​ដល់​ឧប្បត្តិហេតុ​១១​ទៀត​ ពី​ឆ្នាំ១៩៦៥​ដល់​២០០៣​មុន​អាណត្តិ​លោកជា​មេដឹកនាំ​ប្រទេស ​មានរួមការបាញ់សម្លាប់​និង​ការ​ចាប់​ពង្រត់​ក្រុម​និស្សិត​នៅ​ពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​លោក Suharto បី​ទសវត្សរ៍​នៅ​ចុងទសវត្សរ៍​១៩៩០។​

ក្រុម​និស្សិត​ដឹកនាំបាតុកម្ម​ត្រូវបានយក​ជា​ទីដៅ​ ហើយក៏​មានជន​រងគ្រោះ​ច្រើននាក់​ដែរ​ក្នុង​រយៈពេលនោះ​ពី​សហគមន៍​ចិន​ ដែល​ជាក្រុម​ជនភាគតិច​មួយក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​មាន​អ្ន​កកាន់សាសនា​ឥស្លាម​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក ហើយ​ដែល​ជួនកាលត្រូវ​បាន​ធ្វើឱ្យជនជាតិ​ប្រទេស​នេះប្រឆាំងដោយសារ​ធនធាន​របស់​ជនជាតិ​ចិនទាំង​នេះ។

លោក Jokowi ​បាន​ថ្លែង​ថា​ រដ្ឋាភិបាលនឹង​ធ្វើ​ឱ្យ​មាន​សិទ្ធិ​ក្រុម​ជន​រងគ្រោះ​ឡើង​វិញ​«ដោយ​យុត្តិធ៌មនិងប្រកប​ដោយ​គតិ​បណ្ឌិត ដោយ​មិនបដិសេធការ​ប្តេជ្ញា​តាម​ផ្លូវច្បាប់​ឡើយ‍» ទោះជា​លោក​មិន​បាននិយាយ​លម្អិត​ថាធ្វើ​ដោយរបៀប​ណា​ទេ៕

XS
SM
MD
LG