មនុស្សយ៉ាងហោចណាស់ចំនួន ១៧៤ នាក់បានស្លាប់ និង ១៨០ នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅពហុកីឡដ្ឋានបាល់ទាត់មួយកន្លែងនៅក្នុងខេត្ត East Java ប្រទេសឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃសៅរ៍។
ស្នងការប៉ូលិសខេត្ត East Java លោក Nico Afinta បានថ្លែងប្រាប់អ្នកកាសែតថា មន្ត្រីប៉ូលិស ២ នាក់ក៏ស្ថិតក្នុងចំណោមជនរងគ្រោះដែលភាគច្រើនបានស្លាប់ដោយសារការរត់ជាន់គ្នានោះដែរ។
លោក Afinta បាននិយាយថា ការប្រកួតកីឡាបាល់ទាត់ Premier League របស់ប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ទៅដោយក្រុមបាល់ទាត់ Persebaya បានយកឈ្នះក្រុមបាល់ទាត់ Arema ក្នុងពិន្ទុ ៣ ទល់នឹង ២។
លោកបានបន្ថែមថា ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Arema ដែលត្រូវបានគេស្គាល់ថា Aremania មានការមិនពេញចិត្តជាមួយនឹងលទ្ធផលនេះ ហើយបាននាំគ្នារត់ចូលទីលានប្រកួតបាល់ទាត់ដើម្បីដេញកីឡាករក្រុម Arema ចេញ។
លោកស្នងការប៉ូលិសបានបញ្ជាក់ដូច្នេះថា៖ «មន្ត្រីប៉ូលិសបានព្យាយាមបញ្ចុះបញ្ចូលឱ្យក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Arema ត្រឡប់ទៅកាន់កន្លែងអង្គុយវិញ ប៉ុន្តែពួកគេមិនធ្វើតាម។ យើងមិនដឹងថាហេតុអ្វីបានជាពួកគេកាន់តែមានភាពអនាធិបតេយ្យនោះទេ ហើយនៅទីបំផុតបានវាយប្រហារលើប៉ូលិសទៀត។ ដូច្នេះហើយទើបប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើពួកគេ»។
ពួកអ្នកគាំទ្រក្រុមបាល់ទាត់ទាំងពីរចំនួនរាប់រយនាក់បានរត់ទៅកាន់ច្រកចេញដើម្បីគេចកុំឱ្យត្រូវឧស្ម័នបង្ហូរទឹកភ្នែក ប៉ុន្តែពួកគេបានរត់ជាន់គ្នាស្ទះខ្យល់ស្លាប់។ អ្នករងរបួសរាប់រយនាក់ត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមនុស្សជាច្រើនក្នុងចំណោមពួកគេបានស្លាប់នៅតាមផ្លូវឬក្នុងអំឡុងពេលទទួលការព្យាបាល។
ហ្វូងមនុស្សដែលមានការខឹងសម្បានោះក៏បានដុតរថយន្ដប៉ូលិសចំនួន ១៣ គ្រឿងផងដែរ។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា លោកមានការសោកស្ដាយចំពោះសោកនាដកម្មនេះ ហើយលោកបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកីឡា ស្នងការប៉ូលិស និងប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ីធ្វើការវាយតម្លៃលើការប្រកួតកីឡាបាល់ទាត់និងនីតិវិធីសន្ដិសុខរបស់ការប្រកួតទាំងនេះ។ លោកក៏បាននិយាយផងដែរថា លោកបានស្នើឱ្យមានការផ្អាកការប្រកួតកីឡាបាល់ទាត់នេះជាបណ្ដោះអាសន្ន រហូតទាល់តែនីតិវិធីសុវត្ថិភាពត្រូវបានកែលម្អឱ្យបានចប់សព្វគ្រប់ជាមុនសិន។
អ្នកនាំពាក្យប៉ូលិសឥណ្ឌូណេស៊ីលោក Dedi Prasetyo បានប្រាប់ VOA ថា ក្រុមការងារមួយនឹងធ្វើដំណើរតាមជើងហោះហើរពីទីក្រុងហ្សាការតាទៅកាន់ក្រុង Malang ក្នុងខេត្ត East Java ដើម្បីជួយដល់ប៉ូលិសក្នុងស្រុក។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប៉ូលិសតំបន់ East Java កំពុងធ្វើការជាមួយនឹងក្រុមNew Indonesian League (LIB) ក្នុងនាមជាអ្នករៀបចំការប្រកួតបាល់ទាត់ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ ក្រុមប៉ូលិសជាតិនឹងទៅក្រុង Malang នៅរសៀលនេះ ដើម្បីជួយដល់ប៉ូលិស East Java Regional Police ក្នុងការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ និងផ្ដល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ជនរងគ្រោះរាប់រយនាក់ដែលកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយចំនួន»។
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្ដិសុខ លោក Mohammad Mahfud Mahmodin ដែលគេស្គាល់ជាទូទៅថា Mahfud MD បានសរសេរនៅក្នុងសារបង្ហោះលើ Instagram នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកទស្សនាបាល់ទាត់នោះមានលើសពីកៅអីដែលមាននៅក្នុងពហុកីឡដ្ឋាន Kanjuruhan នោះ។
លោកបានសរសេរដូច្នេះថា៖ «អ្នករៀបចំកៅអីសម្រាប់ភ្ញៀវទស្សនាបានស្នើដល់អ្នករៀបចំការប្រកួតឱ្យរៀបចំការប្រកួតនៅពេលរសៀល (មិនមែននៅពេលយប់នោះទេ) ហើយពួកគេបាននិយាយថា ចំនួនភ្ញៀវទស្សនាត្រូវតែកែតម្រូវឱ្យត្រូវនឹងចំនួនកៅអីដែលមានសម្រាប់មនុស្សចំនួន ៣៨.០០០ នាក់។ ប៉ុន្តែសំណើនេះមិនត្រូវបានគេធ្វើតាមនោះទេ ហើយការប្រកួតនេះនៅតែធ្វើឡើងនៅពេលយប់ និងបានលក់សំបុត្រចូលទស្សនាអស់ចំនួន ៤២.០០០ សន្លឹក»៕