ស្របពេលដែលប្រជាពលរដ្ឋឥណ្ឌូណេស៊ីភាគច្រើនកំពុងបង្វែរចំណាប់អារម្មណ៍របស់ពួកគេមកផ្ដោតលើការធ្វើច្បាប់ដាក់ទោសទណ្ឌចំពោះទង្វើផ្លូវភេទរបស់អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកមានទំនាក់ទំនងផ្លូវភេទក្រៅពីប្ដីប្រពន្ធ នៅក្នុងក្រមព្រហ្មទណ្ឌដែលទើបធ្វើវិសោធនកម្មហើយ រដ្ឋសភាឥណ្ឌូណេស៊ីបានអនុម័តដោយស្ងៀមស្ងាត់នូវច្បាប់ដ៏ចម្រូងចម្រាសមួយទៀតដែលមិនបានផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំទូលាយនោះទេ។
ច្បាប់ដ៏ចម្រូងចម្រាសមួយទៀតនេះគឺច្បាប់សភាតំណាងរាស្ត្រដែលទើបនឹងធ្វើវិសោធនកម្មហើយ ដែលគេស្គាល់ថាច្បាប់ MD3។
អ្នករិះគន់នានាបាននិយាយថា ច្បាប់នេះនឹងរារាំងមិនឲ្យមានការរិះគន់លើអ្នកនយោបាយឥណ្ឌូណេស៊ីនិងធ្វើឲ្យអ្នកនយោបាយទាំងនោះមានការទទួលខុសត្រូវតិចជាងមុន។
ច្បាប់នេះនឹងអនុញ្ញាតឲ្យសមាជិករដ្ឋសភាអាចប្ដឹងប្រឆាំងនឹងអ្នកណាដែល «បំផ្លាញកិត្តិយសរបស់រដ្ឋសភា ឬក៏បំផ្លាញកិត្តិយសរបស់សមាជិករដ្ឋសភា» បាន។ ច្បាប់នេះក៏បានចែងផងដែរថា ការស៊ើបអង្កេតណាមួយចំពោះសមាជិករដ្ឋសភាត្រូវតែមានការឯកភាពពីក្រុមប្រឹក្សាវិន័យរបស់រដ្ឋសភា។ ច្បាប់ថ្មីនេះទំនងជាសំដៅជាចម្បងលើគណៈកម្មការលុបបំបាត់អំពើពុករលួយរបស់ប្រទេសឥណ្ឌូណេស៊ី ដែលហៅកាត់ថា KPK។
អង្គការមួយចំនួនដូចជាអង្គការតាមដានអំពើពុករលួយឥណ្ឌូណេស៊ី (Indonesia Corruption Watch) និងសមាគមដើម្បីការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យ (Association for Elections and Democracy) បានប្រមូលហត្ថលេខាជាង ១ សែន ៧ ម៉ឺន ដើម្បីធ្វើញត្តិមួយតាមប្រព័ន្ធអ៊ីនធឺណិតប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ទាំងនេះ។ ប៉ុន្តែ ទំនងមានតែតុលាការធម្មនុញ្ញប៉ុណ្ណោះដែលអាចសម្រេចលុបចោលវិសោធនកម្មច្បាប់ទាំងនេះបាន។
វិសោធនកម្មច្បាប់ទាំងនេះក៏ទទួលបានការគាំទ្រពីគណបក្សនយោបាយចំនួន ៨ ផងដែរ ដែលក្នុងនោះមានទាំងគណបក្សប្រជាធិបតេយ្យនៃការតស៊ូ (Democratic Party of Struggle) ឬ PDIP ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃរបស់លោកប្រធានាធិបតី Joko Widodo នៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។
VOA មិនអាចទាក់ទងគណបក្សប្រជាធិបតេយ្យនៃការតស៊ូនេះភ្លាមៗដើម្បីសុំយោបល់លើរឿងនេះបានទេ។ សមាជិករបស់គណបក្សប្រជាធិបតេយ្យនៃការតស៊ូនេះបានគាំទ្រជាសាធារណៈឲ្យមានការអនុម័តច្បាប់ MD3 នេះឲ្យបានឆាប់អស់រយៈពេលរាប់ខែមកហើយ។
គណបក្សសម្ព័ន្ធអភិវឌ្ឍ (United Development Party) និងគណបក្សជាតិប្រជាធិបតេយ្យ (National Decmocratic Party) បានតវ៉ាប្រឆាំងសំណើច្បាប់នេះដោយការដើរចេញពីរដ្ឋសភា ប៉ុន្តែការតវ៉ារបស់ពួកគេនេះមិនទទួលបានជោគជ័យនោះទេ។
លោក Andreas Harsono អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស Human Rights Watch នៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បាននិយាយក្នុងសំដីដើមថា៖ «រដ្ឋសភាឥណ្ឌូណេស៊ីគឺជាស្ថាប័នរដ្ឋដែលមានការទុកចិត្តតិចតួចបំផុតមួយ។ វាមិនបានជួយអ្វីនោះទេនៅពេលដែលរដ្ឋសភាអនុម័តច្បាប់គាបសង្កត់ដូចនេះ។ វាមានតែបង្កើតបញ្ហាច្រើនបន្ថែមទៀតតែប៉ុណ្ណោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី»។
ការខឹងសម្បារចំពោះការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដែលបានស្នើឡើងទាក់ទិននឹងការដាក់ទោសទណ្ឌចំពោះទង្វើផ្លូវភេទរបស់អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកមានទំនាក់ទំនងផ្លូវភេទក្រៅពីប្ដីប្រពន្ធនេះ បានបង្វែរចំណាប់អារម្មណ៍របស់សាធារណជនឲ្យងាកចេញពីការផ្ដោតលើផលប៉ះពាល់នៃការធ្វើវិសោធនកម្មច្បាប់ MD3 ដែលផ្ទុយពីលទ្ធិប្រជាធិបតេយ្យនេះ។ នេះបើតាមការបញ្ជាក់របស់លោក Ian Wilson អ្នកស្រាវជ្រាវផ្នែកនយោបាយនៃសាកលវិទ្យាល័យ Murdoch ក្នុងប្រទេសអូស្ត្រាលី។
លោក Ian Wilson បានថ្លែងយ៉ាងដូច្នេះថា៖ «ការជជែកដេញដោលខ្វែងគំនិតគ្នាជុំវិញផលប៉ះពាល់ផ្នែកសង្គម និងសីលធម៌នៃវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ បានទាញចំណាប់អារម្មណ៍សាធារណជនឲ្យងាកចេញពីការពិនិត្យពិច័យហ្មត់ចត់ទៅលើច្បាប់ផ្សេងៗទៀត ដែលមានទាំងច្បាប់ MD3 ផងដែរ ហើយថែមទាំងធ្វើឲ្យខាតពេលនិងកម្លាំងរបស់ក្រុមអង្គការតាមដានសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលផ្សេងៗទៀតផងដែរ។ យើងអាចនិយាយបានថា ពេលវេលានៃការអនុម័តច្បាប់នេះគឺយ៉ាងហោចណាស់មួយផ្នែកធ្វើឡើងដោយមានចេតនា។ ផ្នែកចម្រូងចម្រាសបំផុតនៃច្បាប់ MD3 នេះ ក៏មានលក្ខណៈលាក់បាំងបានល្អផងដែរក្នុងរង្វង់ប្រព័ន្ធច្បាប់ដ៏ទូលំទូលាយជាងនេះ។ នេះគឺជាកលល្បិចដែលអនុវត្តបានល្អគួរសមមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី»។
កាលពីសប្ដាហ៍មុន អង្គការវេទិកាសិក្សាច្បាប់ និងរដ្ឋធម្មនុញ្ញ (Forum on Law and Constitutional Studies) បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងច្បាប់ MD3 នេះទៅតុលាការធម្មនុញ្ញ ដោយអះអាងថា មាត្រាមួយចំនួននៅក្នុងច្បាប់នេះដូចជាមាត្រាដែលចែងពីការចេញដីកាកោះហៅពលរដ្ឋដោយបង្ខំជាដើម គឺមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌូណេស៊ីនោះទេ។
ច្បាប់ MD3 នេះត្រូវគេមើលឃើញថាជាការប្រឹងប្រែងរបស់រដ្ឋសភាដើម្បីពង្រឹងអំណាចរបស់ខ្លួន នៅពេលដែលការគាំទ្ររបស់សាធារណជនចំពោះរដ្ឋសភានេះមានកម្រិតទាបមិនដែលមានពីមុនមក។
លោក Ian Wilson បាននិយាយថា៖ «ច្បាប់ MD3 នេះគឺជាច្បាប់មិនធម្មតាមួយ ដោយសារតែច្បាប់នេះផ្ដល់អំណាចដល់រដ្ឋសភាឥណ្ឌូណេស៊ីប្រហាក់ប្រហែលឬក៏អាចលើសពីអំណាចរបស់តុលាការទៅទៀត។ រដ្ឋសភាបានផ្ដល់ហេតុផលថា ច្បាប់នេះមានគោលបំណងការពារកិត្តិនាមរបស់រដ្ឋសភាមិនឲ្យមានការហៅឈ្មោះរបស់រដ្ឋសភាមិនត្រឹមត្រូវ។ ហេតុផលនេះស្ទើរតែមិនទំនងទាល់តែសោះនៅក្នុងបរិយាកាសនយោបាយបច្ចុប្បន្ននេះ ហើយនៅទីបំផុតនឹងធ្វើឲ្យសាធារណជនកាន់តែច្រើនគិតថារដ្ឋសភាជាស្ថាប័នមួយបម្រើតែប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ»។
អ្នកសារព័ត៌មានឥណ្ឌូណេស៊ីក៏បង្ហាញការស្រងាកចិត្តចំពោះការធ្វើវិសោធនកម្មទាំងនេះផងដែរ ដោយសារការធ្វើវិសោធនកម្មទាំងនេះនឹងកាត់បន្ថយសេរីភាពសារព័ត៌មានដែលរឹតត្បិតស្រាប់ទៅហើយរបស់ពួកគេ។
លោក Abdul Manan ប្រធានអង្គការសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ (Alliance of Independent Journalists) បាននិយាយថា៖ «សមាជិករដ្ឋសភាអាចអះអាងយ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មច្បាប់ទាំងនេះមិនមានបំណងវាយប្រហារលើអ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែ គ្មាននរណាម្នាក់អាចធានាបានដូចនេះនោះទេនៅក្នុងការអនុវត្តជាក់ស្ដែងនោះ។ លក្ខណៈអត្តនោម័តិនៃពាក្យពេចន៍ប្រើប្រាស់នៅក្នុងច្បាប់នេះមានន័យថា អ្នកសារព័ត៌មានអាចធ្លាក់ចូលក្នុងអន្ទាក់យ៉ាងស្រួលនៅពេលបំពេញការងាររបស់ពួកគេ ហើយច្បាប់នេះអាចក្លាយជាឧបករណ៍មួយទៀតសម្រាប់គាបសង្កត់ ឬក៏បំភិតបំភ័យលើវិស័យសារព័ត៌មាន»៕
ប្រែសម្រួលដោយ ភី សុភាដា