ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​រាប់​ពាន់​នាក់​តវ៉ា​ម្ដង​ទៀត​ប្រឆាំង​នឹង​វិធាន​របស់​លោក Trump អំពី​ទីក្រុង Jerusalem


ក្រុម​ប្រជាជន​មូស្លីម​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី០៨ ធ្នូ​ ២០១៧។

មនុស្ស​រាប់​ពាន់​នាក់​បាន​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។ អ្នក​តវ៉ា​ភាគ​ច្រើន​បាន​គ្រវី​បដា​ដែល​មាន​សរសេរ​អក្សរ​ថា «ប៉ាឡេស្ទីន​គឺ​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​យើង‍»។

មេដឹកនាំ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ក៏​បាន​ថ្កោល​ទោស​ការ​ទទួល​ស្គាល់​របស់​លោក Trump ដូច​នេះ​ផង​ដែរ ដូច​ដែល​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក ដែល​ក្នុង​នោះ​មាន​ទាំង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​របស់​សហរដ្ឋ​អាមេរិក​ជា​ដើម បាន​រិះគន់​ថា វិធានការ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ច​ប្រឹងប្រែង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន និង​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​បន្ថែម​ទៀត។

មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម នៅ​ទ្វីប​អាស៊ី បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​វិធានការ​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

អ៊ីស្រាអែល​នៅតែ​អះអាង​ថា ផ្នែក​ទាំង​មូល​នៃ​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​ខ្លួន។ ចំណែក​ឯ​ប៉ាឡេស្ទីន​វិញ​ចង់​បាន​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Jerusalem ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​នៅ​ពេល​ដែល​ខ្លួន​ក្លាយជា​រដ្ឋ​ឯករាជ្យ​មួយ។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​ហ្ស៊កដានី​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ប៉ាឡេស្ទីន និង​រដ្ឋមន្ត្រី​ការបរទេស​ហ៊្សកដានី ក្នុង​គោល​បំណង​ដើម្បី​បញ្ជាក់​អំពី​ការ​គាំទ្រ​ពេល​ទំហឹង​របស់​ឥណ្ឌូណេស៊ី​ចំពោះ​ប៉ាឡេស្ទីន៕

XS
SM
MD
LG