ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​នៅ​ហ្សាការតា​កំពុង​គំរាម​កំហែង​ដល់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​និង​ប្រជាពលរដ្ឋ​ក្រីក្រ


មនុស្ស​ម្នាក់​ជិះ​ម៉ូតូ​កាត់​ទឹក​ជំនន់​​លើ​ផ្លូវក្នុង​សង្កាត់​ពាណិជ្ជកម្ម​​មួយ​ក្នុង​ទីក្រុង ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៧។
មនុស្ស​ម្នាក់​ជិះ​ម៉ូតូ​កាត់​ទឹក​ជំនន់​​លើ​ផ្លូវក្នុង​សង្កាត់​ពាណិជ្ជកម្ម​​មួយ​ក្នុង​ទីក្រុង ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៧។

ខណៈ​ទឹក​ជំនន់​រដូវ​វស្សា​កំពុង​វាយលុក​ទីក្រុង ​ហ្សាការតា​ នៅ​ក្នុងខែ​ធ្នូ​នេះ​ អភិបាល​ថ្មី​នៃ​ទីក្រុង​នេះ​បាន​បន្ទោស​ទៅ​លើ​ប្រភព​ដ៏​គួរ​ឱ្យ​សង្ស័យ​មួយ​គឺ​៖ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រថភ្លើង​ប្រភេទ light railនិង​រថភ្លើង​ល្បឿន​លឿន សម្រាប់​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​មួយ​នេះ។

លោក​ Anies Baswedan អភិបាល​ទីក្រុង​ ហ្សាការតា​ បាន​និយាយ​សំដៅ​ទៅ​លើ​រថភ្លើង​ល្បឿន​លឿន​ដែល​ហៅ​កាត់​ថា ​MRT និង​រថភ្លើង​ប្រភេទ light rail ដែល​ហៅ​កាត់​ថា LRT ថា​ ៖ «ខ្ញុំ​បាន​ទាក់ទង​និង​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ហ្នឹង​កន្លែង។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា​ កន្លែង​មួយ​ចំនួន​នៃ​ប្រឡាយ​តូចៗ​ ត្រូវ​បាន​រាំងស្ទះ​ដោយ​គម្រោង​អភិវឌ្ឍន៍​ដែល​កំពុង​ដំណើរ​ការ​សម្រាប់​រថភ្លើង​ដឹក​ជញ្ជូន​សាធារណៈ​ ដូចជា​ប្រភេទ​ MRT ​ ប្រភេទ LRT និង​ប្រភេទ​ផ្សេងៗ​ទៀត​»។

ប្រសិន​បើ​រដ្ឋបាល​របស់​លោក​ពន្យារ​ពេល​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នេះ​ នោះ​មាន​ន័យ​ថា​ ទីក្រុង​ហ្សាការតា​នឹង​ប្រឈម​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ ដែល​ធ្វើ​ឲ្យ​កាន់​តែ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។

ប្រព័ន្ធ​ដឹក​ជញ្ជូន​កក​ស្ទះ​ចរាចរណ៍

ទីក្រុង​ ហ្សាការតា​ ក៏​ដូច​ជា​ទីក្រុង​ធំៗ​ផ្សេង​ទៀត​ដែរ ដែល​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​អំឡុង​សតវត្សរ៍​ទី​២០​ គឺ​សុទ្ធ​តែ​មាន​កិត្តិសព្ទ​អាក្រក់​ខាង​កក​ស្ទះ​ចរាចរណ៍។ មាន​មនុស្ស​ប្រមាណ​ ៣​លាន​៥សែន​នាក់​ ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ក្នុង​ទីក្រុង​នេះ​ជា​រៀងរាល់​ថ្ងៃ​ ដោយ​ចំណាយ​ពេល​ជាច្រើន​ម៉ោងក្នុង​ការ​ធ្វើ​ដំណើរ​។​ មាន​មនុស្ស​ប្រមាណ​តែ​៥៦​%​ប៉ុណ្ណោះ ដែល​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ។

ផ្លូវ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​គឺ​មាន​ត្រឹម​តែ​ប្រហែល​៨ទៅ​៩%​ប៉ុណ្ណោះ។ តួលេខ​នេះ​មាន​ន័យ​ថា​ ដី​ដែល​អភិវឌ្ឍ​ភាគច្រើន​គឺ​ប្រើ​សម្រាប់​ធ្វើ​ផ្លូវ​និង​ច្រក​តូចៗ​ជា​ច្រើន។​ ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​ទីក្រុង​តូក្យូ អត្រា​ផ្លូវ​ធំជាង​នេះ​ដល់​ទៅ​ពីរ​ដង​ និង​ធំ​ជាង​នេះ​បួន​ដង​ក្នុង​ទីក្រុង​ ញូវយ៉ក។ ទីក្រុង​ហ្សាការតា​ ដើរ​ក្រោយ​ជាង​ទីក្រុង​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដូច​ជា​ទីក្រុង​ម៉ានីល​ បាងកក​ កូឡាឡាំពួរ​ជា​ដើម​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​រថភ្លើង​ដឹក​អ្នក​ដំណើរ​។

ការ​សម្ពោធ​ការអនុវត្ត​គម្រោង​រថភ្លើង​ MRT បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៣។ នៅ​ដំណាក់កាល​ដំបូង​ ខ្សែ​រថភ្លើង​នេះរត់​ចាប់​ពី​ភាគ​ខាង​ត្បូង​ទីក្រុង​ហ្សាការតា​ ទៅ​ដល់​រង្វង់​មូល​សណ្ឋាគារ​ឥណ្ឌូណេស៊ី​ដែល​នៅ​កណ្ដាល​ទីក្រុង​ហ្សាការតា​ ហើយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៩ ខាង​មុខ​នេះ។

ផ្នែក​នៃ​សំណង់​នោះ​ រួម​បញ្ចូល​ផ្លូវ​សំខាន់​ៗ​ ដូចជា​ ផ្លូវ​ Sudirman ដែល​បាន​លិច​ទឹក​ប្រហែល​កន្លះ​ម៉ែត្រ​ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ។​ នាយក​គ្រប់គ្រង​ធនធាន​ទឹក​នៃ​ទីក្រុង​ហ្សាការតា​ លោក​ Teguh Hendarwan បាន​អះអាង​ថា​ សំណង់​នោះ​រារាំង​ផ្លូវ​ទឹក​។ ហើយ​លោក​បាន​រាយការណ៍​ទៅ​លោក​អភិបាល​ក្រុង​រួច​រាល់​ហើយ។

ថ្នាក់​ដឹក​នាំ​របស់​ក្រុមហ៊ុន​រថភ្លើង​ MRT បាន​បដិសេធ​ថា គម្រោង​របស់​ខ្លួន​មិន​បាន​បង្ក​ឲ្យមាន​ការ​លិច​ទឹក​នោះ​ទេ។

លោក​ Tubagus Hikmat លេខាធិការ​នៃ​ក្រុមហ៊ុន​រថភ្លើង​ MRT បាន​និយាយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ថា​៖​ «យើង​បាន​ធានា​ហើយ​ថា​ អ្វី​ដែល​យើង​កំពុង​ធ្វើ​ គឺ​ស្រប​ទៅ​នឹង​ការវិភាគ​លើ​ផល​ប៉ះពាល់​បរិស្ថាន​ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​សាងសង់​មក​ម្ល៉េះ​ ហើយ​យើង​ក៏​បាន​ធានា​ដែរ​ថា​ ប្រព័ន្ធ​បង្ហូរ​ទឹក​យើង​តែង​តែ​ត្រូវ​បាន​ថែរក្សា​»។

ប្រជាពលរដ្ឋ​ក្រីក្រ​ជា​អ្នក​រង​គ្រោះ​ខ្លាំង​បំផុត

ក្រៅ​ពី​អ្នក​ដំណើរ​ក្រីក្រ​ ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​តំបន់​អនាធិបតេយ្យ​និង​តំបន់​ក្បែរ​នោះ​ក្នុង​ភាគ​ខាង​ជើង​ទីក្រុង​ហ្សាការតា​ក៏ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មាន​ការ​លំបាក​បំផុត​នៅ​រដូវ​វស្សា​ដែរ។ ពួក​គេ​ភាគ​ច្រើន​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​គុណភាព​សាងសង់​ទាប ​ហើយ​មិនត្រឹម​តែ​ប្រឈម​មុខ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត​ពី​ការ​កើន​ឡើង​កម្រិត​ទឹក​សមុទ្រ​និង​ការ​ស្រុត​ដី​ ដែល​ធ្វើ​ឲ្យទីក្រុង​ហ្សាការតា​នឹង​ត្រូវ​លិច​ចូល​ក្នុង​ដី​ដោយ​សន្សឹម​ៗ​ដែរ

លោក​ Muhammed Andri ចៅ​សង្កាត់​ Penjaringan ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង ​ហ្សាការតា​ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ថា​៖​ «កាល​ពី​បួន​ឆ្នាំ​មុន​ សឹង​តែ​៩០​ភាគរយ​ក្នុង​សង្កាត់​នេះ​បាន​ជន់​លិច ហើយ​ផ្ទះ​សម្បែង​និង​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​បំផ្លិចបំផ្លាញ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ យើង​បាន​ផ្លាស់ទី​លំនៅ​ប្រជាជន​ជាង​១២០០​គ្រួសារ​ទៅ​អគារ​ស្នាក់​នៅ​ក្នុង​តម្លៃ​ថោក​នៅ​ក្នុង​តំបន់​នោះ​»។

លោក​ Gugun Muhammad ជា​សកម្មជន​នៃ​អង្គការ​សហគមន៍​អ្នក​ក្រី​ក្រ​ក្នុង​ទីក្រុង​(Urban Poor Consortium)​ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សាការតា​បាន​និយាយ​ថា​៖​ «តាម​ពិត​ទៅ​ ទឹក​ជំនន់​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​ មាន​ភាព​ប្រសើរ​ជាង​មុន​»។

អ្នកស្រី​ Nila Ardhiani នាយក​វិទ្យាស្ថាន​ Amrta Institute for Water Literacy បាន​និយាយ​ថា​៖ «មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ទឹក​ជំនន់​ក្នុង​ទីក្រុង​ហ្សាការតា​។ ទី​មួយ​គឺ​ការ​បាក់​ស្រុត​ដី។ ទីក្រុង​ហ្សាការតា​ បាន​ស្រុត​ចុះ​ទាប​ទៅ​ៗ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​»។ មូលហេតុ​ចម្បង​នៃ​បញ្ហា​នេះ​គឺ​ការ​ជីក​យក​ទឹក​ក្រោម​ដី​ដ៏​ច្រើន​លើស​លប់​ ពី​អណ្តូង​រាប់​លាន​នៅ​ទូទាំង​ទីក្រុង​ ដែល​មូលហេតុ​នេះ​កើត​ឡើង​មក​ពី​ការ​ដែល​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​មិន​បាន​ផ្ដល់​សេវា​ទឹក​ស្អាត​សាធារណៈ​បាន​គ្រប់គ្រាន់​ រហូត​ដល់​ឆ្នាំ​នេះ​ទើប​មាន។ ​

អ្នក​ស្រី​ Ardhiani បាន​បន្ថែម​ទៀត​ថា​៖ «ទឹក​ជំនន់​បាន​បន្ថែម​ឲ្យ​ផល​ប៉ះ​ពាល់ពី​ការ​បាក់​ស្រុត​ដី​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ។ ហើយ​ប្រាកដ​ណាស់​ បញ្ហា​ក៏​បណ្តាល​មក​ពី​ថ្នាក់​គ្រប់គ្រង​ដែរ។ រដ្ឋបាល​ថ្មី​នេះ​ គួរ​តែ​ពង្រឹង​ការថែទាំ​លើ​ការ​បូម​ទឹក»។

អ្នក​ស្រី​និយាយ​ថា​ នេះ​គឺ​ជា​ចំណុច​ត្រូវ​ចាប់​ផ្ដើម​។ ជា​រួម​ ក្រៅ​ពីរដ្ឋបាល​ថ្មី​នោះ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​ហេដ្ឋារចនា​សម្ព័ន្ធ​សឹង​តែ​ទាំង​អស់​ គឺ​ជា​ក្រុម​មនុស្ស​ដដែល។ ដូច្នេះ​អ្វី​ដែល​ចាំបាច់ គឺការគ្រប់គ្រង​ដោយ​ផ្ទាល់​ច្រើន​ជាង​មុន។ ចាំបាច់​មាន​ការ​ត្រួត​ពិនិត្យ​ ចាប់​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ដល់​ថ្នាក់​ក្រោម​ ដើម្បី​ធានា​ថា​ យើង​អាច​ដោះស្រាយ​បញ្ហា​ភ្លៀង​ធ្លាក់​ដែល​យើង​កំពុង​មាន​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​»៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG