ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលមានទីស្នាក់ការនៅប្រទេសឥណ្ឌូណេស៊ី បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដោយបានអំពាវនាវឱ្យរដ្ឋសភាខ្មែរច្រានចោលវិសោធនកម្មទាំងនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រុមសមាជិកសភានេះ ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ ទី៥ ខែកុម្ភៈ។
ការជំរុញរបស់សមាជិកសភាមកពីតំបន់អាស៊ាននេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងវិសោធនកម្មទាំងនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយវិសោធនកម្មច្បាប់ទាំងនេះ គ្រោងនឹងត្រូវលើកយកមកពិភាក្សា ដើម្បីអនុម័តដោយរដ្ឋសភាជាតិក្នុងសប្តាហ៍នេះ។
សេចក្តីស្នើរបស់រដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ ថ្មី នោះ ផ្តោតសំខាន់ទៅលើសិទ្ធិនិងការដកសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ដោយមួយផ្នែកកំណត់ថា គណបក្សនយោបាយ សមាគម និងប្រជាពលរដ្ឋគ្រប់រូប «ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ» និងមានកាតព្វកិច្ចរួមចំណែក កសាងនិងការពារជាតិ ជាដើម ។
លោក Tom Villarin សមាជិកសភានៃប្រទេសហ្វីលីពីន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះថា៖
«សំណើវិសោធនកម្មមាត្រា៤២ និង៤៩ [នៃរដ្ឋធម្មនុញ្ញកម្ពុជា] នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពនៃការប្រមូលផ្តុំក្នុងប្រទេសកម្ពុជា ដោយផ្តល់សិទ្ធិអំណាចបន្ថែមទៀតដល់អាជ្ញាធរ ក្នុងការតាមដានគណបក្សនយោបាយនិងក្រុមផ្សេងទៀត តាមទំនើងចិត្ត»។
លោកថ្លែងបន្តទៀតថា ការកំណត់មិនច្បាស់លាស់បែបនេះ នឹងទុកឱកាសឱ្យមានការរំលោភបំពាន ដូចដែលបានកើតឡើងរាលដាលគ្រប់ច្រកល្ហកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមសមាជិកសភាអាស៊ាន ក៏បានសរសេរទៀតថា សំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៥៣ ដែលបានកំណត់ថា «កម្ពុជាប្រឆាំងរាល់ការជ្រៀតជ្រែកពីបរទេសទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន»នោះ គឺគ្រាន់តែជាការប៉ុនប៉ង ដើម្បីបញ្ចៀសកុំឱ្យមានការរិះគន់ទៅលើរដ្ឋាភិបាលតែប៉ុណ្ណោះ។
រដ្ឋាភិបាលកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងទាំងពីមជ្ឈដ្ឋានជាតិ ទាំងពីអន្តរជាតិ ក្រោយពីមានការបង្ក្រាបទៅលើសំឡេងឯករាជ្យនិងក្រុមអ្នករិះគន់ ព្រមទាំងការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា កាលពីខែកញ្ញា និងការរំលាយបក្សប្រឆាំងនេះ កាលពីខែវិច្ឆិកា ឆ្នាំមុន។
លោក Charles Santiago សមាជិកសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះ បានថ្លែងថា៖
«ប្រសិនបើវិសោធនកម្មច្បាប់ទាំងនេះ ត្រូវបានសភាអនុម័តមែន នោះវានឹងធ្វើឲ្យមានការខូចខាតកាន់តែខ្លាំងឡើងនិងកាន់តែយូរអង្វែង ចំពោះក្របខណ្ឌស្ថាប័នរបស់កម្ពុជា ដោយធ្វើឲ្យធ្លាក់ចុះនីតិរដ្ឋ និងកាន់តែពង្រឹងប្រព័ន្ធផ្ដាច់ការ ដែលបានលេចមុខឡើងយ៉ាងច្បាស់ ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិមក»។
ក្រៅពីសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ រដ្ឋាភិបាល ក៏ស្នើឱ្យកំណត់ទោសព្រហ្មទណ្ឌពី១ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី២លានរៀល ដល់១០លានរៀល ចំពោះបទល្មើសប្រមាថព្រះមហាក្សត្រផងដែរ ។
ទោះបីជារដ្ឋធម្មនុញ្ញបច្ចុប្បន្ន បានហាមប្រាមមិនឲ្យពលរដ្ឋខ្មែរ និយាយអ្វីដែលប៉ះពាល់ដល់ព្រះមហាក្សត្រខ្មែរក៏ដោយ ក៏ទោសព្រហ្មទណ្ឌបែបនេះ ពុំមានចែងនៅក្នុងក្រមព្រហ្មទណ្ឌដែលមានស្រាប់នោះទេ។
ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សក៏សម្តែងការព្រួយបារម្ភចំពោះការបន្ថែមទោសព្រហ្មទណ្ឌ ចំពោះការប្រមាថព្រះមហាក្សត្រ ទៅក្នុងក្រមព្រហ្មទណ្ឌនេះដែរ។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ាននេះ បានមានប្រសាសន៍ថា «ការបញ្ចូលការប្រមាថព្រះមហាក្សត្រជាបទឧក្រិដ្ឋ ក្នុងច្បាប់កម្ពុជានេះ ពិតជារឿងគួរឲ្យព្រួយបារម្ភក្រៃលែង។ យើងបានឃើញហើយថា តើច្បាប់បែបនេះ ត្រូវបានប្រើប្រាស់ដោយខុសឆ្គងបែបណានៅក្នុងប្រទេសថៃដែលនៅក្បែរខាងអស់រយៈពេលរាប់ឆ្នាំមកហើយនោះ»៕