អ្នកកាសែតឥណ្ឌាពីរនាក់ ដែលត្រូវបានចាប់ឃុំខ្លួនពីបទបង្កការញុះញង់ឲ្យមានអំពើហិង្សានៅក្នុងសហគមន៍ បន្ទាប់ពីធ្វើការបង្ហោះសារនៅលើបណ្តាញ Twitter ដោយនិយាយថា ការវាយប្រហារតាមបែបសាសនានានាទៅលើជនជាតិមូស្លីម មានភាពធ្ងន់ធ្ងរជាងអ្វីដែលប៉ូលិសបានរាយការណ៍នោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយតុលាការមួយនៅក្នុងរដ្ឋ Tripura ភាគឦសានរបស់ប្រទេសឥណ្ឌា។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ។
អ្នកកាសែតទាំងពីរនាក់នោះ បានធ្វើសេចក្តីរាយការណ៍ព័ត៌មាន ជុំវិញភាពតានតឹងខាងសាសនានៅក្នុងរដ្ឋមួយនេះ ដែលនៅពេលនោះ មានការវាយប្រហារទៅលើជនជាតិភាគតិចមូស្លីមកាលពីខែមុន។ ប៉ូលិសនិយាយថា យ៉ាងតិចណាស់ មានព្រះវិហារសាសនាអ៊ីស្លាមមួយកន្លែង ហាងទំនិញមួយចំនួន និងផ្ទះមួយចំនួនដែលជារបស់ជនជាតិមូស្លីម ត្រូវបានវាយបំផ្លិចបំផ្លាញ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់នោះទេ។
ប៉ូលិសឥណ្ឌានិយាយថា គេចាប់អ្នកកាសែតទាំងពីរនាក់នោះឃុំខ្លួន ដោយសារ «តែការការញុះញង់ ធ្វើឲ្យមានអំពើហិង្សានៅក្នុងសហគមន៍ដោយការបង្ហោះព័ត៌មានប្រឌិតនិងភូតកុហកនៅលើបណ្តាញសង្គម»។ ទោះជាយ៉ាងណាក្តី អង្គភាពព័ត៌មានរបស់អ្នកកាសែតទាំងពីរនាក់នេះ បានហៅការឃុំខ្លួននោះថា «ជាការធ្វើទុក្ខបុកម្នេញសុទ្ធសាធ» និងមានទិសដៅទៅលើអ្នកសារព័ត៌មាន។ ក្រុមសិទ្ធិមនុស្ស និយាយថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា កំពុងស្ថិតនៅក្នុងការវាយប្រហារ៕