ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ថ្មី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ​នៅ​អាស៊ី​​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ជា​ថ្មី​អំពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន


រូបឯកសារ៖ បុរសម្នាក់កំពុងមើលព័ត៌មាននៅលើគណនី Twitter របស់​ Alt News ដែល​ជា​គេហទំព័រ​ត្រួតពិនិត្យមើល​លើព័ត៌មាន​ក្លែង​បន្លំ។ (AP Photo/Altaf Qadri)
រូបឯកសារ៖ បុរសម្នាក់កំពុងមើលព័ត៌មាននៅលើគណនី Twitter របស់​ Alt News ដែល​ជា​គេហទំព័រ​ត្រួតពិនិត្យមើល​លើព័ត៌មាន​ក្លែង​បន្លំ។ (AP Photo/Altaf Qadri)

កាល​ពី​សប្តាហ៍​មុន កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​​​ផ្ទះ​ជា​លើក​ទី​មួយ​រៀប​ចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ នៅ​ខេត្ត​សៀមរាប។ នៅ​មុន​សន្និសីទ​នេះ កម្ពុជា​ត្រូវ​បាន​រិះ​គន់​ថា​ មិន​សក្តិសម​ជា​កន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​អន្តរជាតិ​បែប​នេះ ដោយ​សារ​កម្ពុជា​បាន​រឹតត្បិត​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន។

អ្នក​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​អាស៊ី​មួយ​កាល​ពី​សប្តាហ៍​មុន ​បាន​ឯកភាព​គ្នា​ ក្នុង​ការ​បង្កើតផែនការ​ស្រាវជ្រាវ​យុទ្ធសាស្ត្រថ្នាក់​តំបន់​មួយដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ (fake news) នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នៅ​ក្នុង​តំបន់​នេះ​មានរដ្ឋាភិបាល​ជា​ច្រើន​បាន​បង្ក្រាប​លើ​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​ខ្លួន រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ម្ចាស់​ផុ្ទះ។ ផែនការ​ស្រាវជ្រាវ​ថ្មី​នេះ​បាន​នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ពី​សំណាក់​ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន។

សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ រយៈពេល​៣​ថ្ងៃ​ស្តី​ពី​«ឌីជីថល​ភាវូបនីយកម្ម​សារព័ត៌មាន៖​ ការ​ផ្តោត​លើ​ទី​ផ្សារ​ប្រទេស​កំពុង​អភិវឌ្ឍន៍» ត្រូវ​បាន​រៀបចំ​ដោយ​អង្គការ​មួយ​មាន​មូលដ្ឋាន​នៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ (AIBD) ដែល​ជា​អង្គការ​ទ្រទ្រង់​ដោយ​សមាជិក​រដ្ឋ​និង​មិនមែន​រដ្ឋ​ជាង​១០០​ស្ថាប័ន និង​សហការ​ទ្រទ្រង់​ថវិកា​ដោយ​ស្ថាប័ន​ម្ចាស់​ផ្ទះ​គឺ​ក្រសួង​ព័ត៌មាន​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​ លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ក្នុង​សុន្ទរកថា​បិទ​សិក្ខាសាលា​ពីរ​ថ្ងៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា៖

«កិច្ចប្រជុំ​កំពូល និង​វគ្គ​បណ្តុះបណ្តាល​មុន​កិច្ចប្រជុំ​ បាន​ដោះស្រាយ​ក្តី​បារម្ភ ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើត​វិធានការ​ទប់ទល់​នឹង​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ព័ត៌មាន​ក្លែងបន្លំ​ និង​បណ្តុះ​បណ្តាល​ប្រជាជន ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ និង​ពង្រឹង​អាជីព​នៅ​ក្នុង​វិស័យ​ផ្សព្វផ្សាយ»។

លោក​រដ្ឋមន្ត្រី​ថ្លែង​បន្ត​ថា ថ្នាក់​ដឹកនាំ​នានា​ដែល​បាន​ចូល​រួម​សន្និសីទ​កំពូល​នេះ បាន​ឯកភាព​គ្នា​បង្កើត «គំនិត​ផ្តួចផ្តើម​អង្គរ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងបន្លំ» (Angkor Fake News Initiative) ហើយ​នឹង​មាន​ការ​ប្រជុំ​ជា​បន្ត​បន្ទាប់​ទៀត ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ «ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ»។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​«ព័ត៌មាន​ក្លែង​បន្លំ» ជា​ការ​«បារម្ភ​សាកល» ដែល​លោក​ថា​ប្រទេស​ទាំង​អស់​ត្រូវ​តែ​ចាត់​វិធានការ។ ប៉ុន្តែ​ការ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងបន្លំ​ត្រូវ​បាន​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារម្ភ​ថា អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់។

កាល​ពី​ដើម​ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ របស់​សហរដ្ឋ​អាមេរិក ដែល​បាន​រិះគន់​កាសែត​ញូវយ៉កថែមស៍ (New York Times) ដោយ​លោក​បាន​លើក​ឡើង​ថា កាសែត​នេះ​ត្រូវ​បាន​គេ​ឲ្យ​ពានរង្វាន់​ខាង ​«ព័ត៌មាន​ក្លែងបន្លំ»។

រូបឯកសារ៖ រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ២០១៥។
រូបឯកសារ៖ រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ២០១៥។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បាន​គំរាម​ថា ប្រសិន​បើ​អ្នក​កាសែត​ញូវយ៉កថែមស៍​ មួយ​រូប​ដែល​ពេល​នោះ​មាន​វត្តមាន​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​នៅ​ទី​នោះ​ដើម្បី​យក​ព័ត៌មាន​អំពី​ពិធី​សម្ពោធ​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​មួយ ធ្វើ​ការ​រាយការណ៍​ខុស​អំពី​លោក​ នោះ​ «ប្រជាជន​កម្ពុជា​នឹង​ចងចាំ​មុខ​របស់​អ្នក»។

លោក ណុប វី ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មាន​ប្រសាសន៍​ថា លោក​មាន​ការ​ព្រួយបារម្ភ​ថា «សកម្មភាព​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​អាច​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ​និង​សកម្មភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត»។

ប៉ុន្តែ​លោក​ មាស​ សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ដែល​បាន​ចូល​រួម​សន្និសីទ​កំពូល​នេះ បាន​បដិសេធ​ក្តី​បារម្ភ​ដែល​ថា​ កិច្ចប្រឹងប្រែង​ថ្មី​ថ្នាក់​តំបន់​អាស៊ី​ដែល​ជំរុញ​ដោយ​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ ថ្វី​បើ​លោក​មិន​បាន​បញ្ជាក់​ថា តើ​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ឯកភាព​គ្នា​ឬ​ទេ​អំពី​អ្វី​ទៅ​ដែល​ជា​ «ព័ត៌មាន​ក្លែង​បន្លំ»​ ឬ «fake news»​ នោះ លោក​បាន​បញ្ជាក់​ថា តាម​ការ​យល់​ដឹង​របស់​លោក​អំពី​ន័យ​បច្ចេកទេស​នៃ​ពាក្យ​នេះ «ព័ត៌មាន​ក្លែង​បន្លំ» រួម​បញ្ជូល​ការ​រាយការណ៍​ព័ត៌មាន​ខុស​និង​ធ្វេស​ប្រហែស​របស់​អ្នក​យក​ព័ត៌មាន។

លោក​ មាស​ សុភ័ណ្ឌ​ បញ្ជាក់​ថា គម្រោង​ Angkor Fake News Initiative ថ្មី​នេះ ដែល​ត្រូវ​ដឹកនាំ​ដោយ​អង្គការ​យូណេស្កូ​ និង​វិទ្យាស្ថាន AIBD នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ឆ្នាំ​ ដើម្បី​ស្រាវជ្រាវ​អំពីផល​ប៉ះពាល់នៃ​ព័ត៌មាន​ក្លែងបន្លំ​ទៅ​លើ​សង្គម ហើយ​ភាគី​ពាក់ព័ន្ធ​នឹង​សម្រេច​បន្ត​ទៀត​ថា​ នឹង​ធ្វើ​អ្វីក្រោយ​បាន​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ។

លោក លាង ដឺលុច នាយក​ប្រតិបត្តិ​នៃ​សារព័ត៌មាន​អនឡាញ​ «ថ្មីៗ» និង​ជា​អ្នក​កាសែត​ខ្មែរ​មួយ​រូប​ដែល​បាន​ចូល​រួម​និង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កំពូល​ឯ​ខេត្ត​សៀមរាប​នេះ បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ថា នៅ​កម្ពុជា​មាន​ការ​ឯកភាព​គ្នា​ពី​គ្រប់​មជ្ឈដ្ឋាន​ថា​អ្វី​ទៅជា​និយមន័យ​នៃ​ពាក្យ​«ព័ត៌មាន​ក្លែងបន្លំ»​នោះ​ទេ ប៉ុន្តែ​តាម​ការ​យល់​ដឹង​របស់​លោក ព័ត៌មាន​ក្លែង​បន្លំ​ត្រូវ​តែ​មាន​«ចេតនា»​ក្នុង​ការ​បំភ្លៃ​ព័ត៌មាន។

លោក លាង ដឺលុច បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​យក​ព័ត៌មាន​មួយ​រូប លោក​ស្វាគមន៍​ឱកាស​ក្នុង​ការ​ផ្តល់​យោបល់​ក្នុង​នាម​ជា​ភាគី​ពាក់ព័ន្ធ (stakeholder) ប្រសិន​បើ​រដ្ឋាភិបាល​សម្រេច​ថា​នឹង​តាក់តែង​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ​មែន​នោះ។

ក្នុង​ពេល​កន្លង​មក​ មានសេចក្តី​រាយការណ៍​ថា​ កម្ពុជា​អាច​នឹង​ពិចារណា​តាក់តែង​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ ដូច​នឹង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA នៅ​ឯ​សន្និសីទ​កំពូល​ខេត្ត​សៀមរាប​នេះ រដ្ឋមន្ត្រី​ព័ត៌មាន​កម្ពុជា​បាន​បដិសេធ​ថា កម្ពុជា​មិន​មាន​គម្រោង​តាក់តែង​ច្បាប់​បែប​នេះ​ទេ។

អង្គការ​អប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​នៃ​សហប្រជាជាតិ​ ឬ​ហៅ​កាត់​ថា​ យូណេស្កូ បាន​ឧបត្ថម្ភ​សន្និសីទ​នេះ ក្នុង​នាម​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន AIBD ខាង​ផ្នែក​ការ​បណ្តុះ​បណ្តាល​ប្រព័ន្ធ​ផ្សព្វផ្សាយ។

នៅមុន​កិច្ច​ប្រជុំ​កំពូល​នេះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ទទូច​ឲ្យ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​មួយ​នេះ ទាមទារ​ឲ្យ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ស្តារ​ឡើង​វិញ​នូវ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​ខ្លួន។ រដ្ឋាភិបាល​កម្ពុជា​បាន​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស នៅ​មុន​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨។

ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​នេះ អង្គការ​យូណេស្កូ​មិន​បាន​ប្រកាន់​ជំហរ​ខ្លាំងចំពោះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដូច​តាម​ការ​ទាមទារ​នោះ​ទេ។ រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន ​ធ្លាប់​បាន​បិទ​សារព័ត៌មាន​មួយ​ចំនួន​ និង​ចាប់​អ្នក​កាសែត​ដាក់​គុក ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បំបាត់​សំឡេង​ក្រុម​ប្រឆាំង​ និង​បង្ក្រាប​លើ​អ្វី​ដែល​អង្គការ​ Human Rights Watch ហៅ​ថា​ជា ​«សារព័ត៌មាន​ដ៏​រស់រវើក»​ ដែល​កម្ពុជា​ធ្លាប់​មាន។

លោក Sarda Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី (Asia Media Summit) ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា។ (ស៊ុន ណារិន/VOA Khmer)
លោក Sarda Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី (Asia Media Summit) ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា។ (ស៊ុន ណារិន/VOA Khmer)

ក្នុង​អំឡុង​ពេល​ថ្លែង​នៅ​ដើម​សន្និសីទ​កាល​ពី​សប្តាហ៍​មុន លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​អំពី​ការងារ​របស់​យូណេស្កូ ដែល​បាន​ធ្វើ​ការ​ជាមួយ​«ដៃគូ​ផ្សេងៗ» ដើម្បី​ពង្រឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន។

ប៉ុន្តែ​អ្នក​ជំនាញ​បាន​លើក​ពី​ចម្ងល់​នៃ​ការងារ​របស់​យូណេស្កូ​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​រដ្ឋាភិបាល​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ ហើយ​លទ្ធភាព​ដែល​អ្នក​សារព័ត៌មាន​អាច​ធ្វើ​ការ​យក​ព័ត៌មាន​ដោយ​សេរី​នោះ។

នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រំលាយ​គណបក្ស​ប្រឆាំង និង​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​នាំ​ទៅ​ដល់​ការ​បិទ​និង​ប្តូរ​ម្ចាស់​នៃ​កាសែត​និង​វិទ្យុ​ឯករាជ្យ​ភាគ​ច្រើន រួម​ទាំង​កាសែត​ the Cambodia Daily និង​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​ទី​ក្រុង​ភ្នំពេញ។ វិទ្យុ​រាប់​សិប​ទៀត​ដែល​បាន​ផ្សាយ​ព័ត៌មាន​មាន​លក្ខណៈ​រិះគន់​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​បំបិទ​សំឡេង​ផង​ដែរ។

អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​មួយ​ចំនួន​បាន​បាត់​បង់​ការងារ​របស់​ខ្លួន ហើយ​អ្នក​យក​ព័ត៌មាន​ខ្លះ​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។
VOA មិន​អាច​ទាក់ទង​លោក Sardar Umar Alam ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​រហូត​មក​ដល់​ពេល​នេះ។

លោក Phil Robertson នាយករង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​ថា៖

«អ្នក​រៀបចំ​កម្មវិធី​គឺ វិទ្យាស្ថាន AIBD គួរ​តែ​ខ្មាស​ខ្លួន​ឯង​ចំពោះ​តួនាទី​ខ្លួន​ដែល​បាន​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​នានា ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា ដែល​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​អំណាច​របស់​ពួក​គេ ដើម្បី​រាំង​ខ្ទប់​សេរីភាព​សារព័ត៌មាន និង​ទុក​ឲ្យ​ពលរដ្ឋ​ពួក​គេ​ត្រូវ​ទទួល​យ៉ាង​ជោគជាំ​នូវ​ការ​ឃោសនា​របស់​រដ្ឋាភិបាល ដោយ​រដ្ឋាភិបាល​បន្លំ​ហៅ​ការ​ឃោសនា​នេះ ថា​ជា​«ព័ត៌មាន»​នោះ»។

ប៉ុន្តែ​លោក Ming-Kuok Lim ទី​ប្រឹក្សា​ខាង​ទំនាក់ទំនង​និង​ព័ត៌មាន​សម្រាប់​ការិយាល័យ​តំបន់​របស់​អង្គការ​យូណេស្កូ​ប្រចាំ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​ចូល​រួម​សន្និសីទ​នៅ​កម្ពុជា​នេះ បាន​បញ្ជាក់​ប្រាប់​ VOA ថា សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​នេះ ជាទូទៅ​ផ្តោត​លើ​ប្រធានបទ​បែប​បច្ចេកទេស​ច្រើន​ជាង​ប្រធានបទ​រសើប​ដូច​សេរីភាព​សារព័ត៌មាន។

លោក​បន្ត​ថា អ្នក​ចូលរួម​សន្និសីទ​នេះ មក​ពី​បណ្តា​ប្រទេស​សមាជិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​មាន​កម្រិត​នៃ​ការ​អភិវឌ្ឍ​ខុសៗ​គ្នា និង​ទី​ផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខុសៗ​គ្នា​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​គិត​ថា សន្និសីទ​អន្តរជាតិ​នេះ​មិន​សម​ស្រប​ជា​វេទិកា​សម្រាប់​លើក​យក​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ជាក់លាក់​ក្នុង​ប្រទេស​ណា​មួយ​ដូច​ជា​កម្ពុជា​មក​និយាយ​ទេ។

មន្ត្រី​យូណេស្កូ​រូប​នេះ​ថ្លែង​បន្ត​ថា ក្នុង​នាម​ជា​តួអង្គ​«អ្នក​សម្រប​សម្រួល»​ អព្យាក្រឹត្យ​មួយ អង្គការ​យូណេស្កូ​នឹង​បន្ត «ធ្វើការ» និង​«រក្សា​ការ​សន្ទនា​បើក​ចំហ» ជាមួយ​បណ្តា​ប្រទេស​សមាជិក​របស់​ខ្លួន​ដូច​ជា​កម្ពុជា​និង​ជំរុញ​ឲ្យ​មាន​បទដ្ឋាន​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​ ដែល​រួម​មាន​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

លោក​បញ្ជាក់​ប្រាប់ VOA ថា៖ «ពេល​ខ្លះ​យើង​ពិភាក្សា​អំពី​ប្រធាន​បទ​រសើប​ខ្លាំង។ ពេល​ខ្លះ​យើង​ពិភាក្សា​អំពី​កិច្ចការ​ដែល​មិន​អាច​ដោះស្រាយ​បាន​ក្នុង​សន្និសីទ​តែ​មួយ​នោះ។ សន្និសីទ​តែ​មួយ​នេះ​មាន​កម្រិត​និង​មិន​អាច​ជា​កន្លែង​ដោះស្រាយ​អ្វី​ទាំង​អស់​នោះ​ទេ។ គំនិត​របស់​យើង​ខ្ញុំ​ គឺ​បន្ត​ធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ការ​សន្ទនា​នេះ»។

សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​បាន​ធ្លាក់​ចុះ រួម​ទាំង​សេរីភាព​តាម​បណ្តាញ​អ៊ីនធឺណិត​ផង​ដែរ ដូច​មាន​ករណី​ក្នុង​ប្រទេស​ហ្វីលីពីន​ជា​ដើម ដែល​មាន​ការ​រឹតត្បិត​សារព័ត៌មាន​អនឡាញ Rappler។ ចំណែក​ប្រទេស​ម៉ាឡេស៊ី​វិញ ដែល​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​តែ​មួយ​ដែល​មាន​ការ​ប្រសើរ​ឡើង​ខ្លាំង​នៃ​សេរីភាព​សារព័ត៌មាន ធ្លាប់​បាន​តាក់តែង​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ដែល​គេ​បារម្ភ​ថា​មាន​លក្ខណៈ​រឹត​ត្បិត ប៉ុន្តែ​ក្រោយ​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​មុន​មក រដ្ឋាភិបាល​ថ្មី​បាន​ព្យាយាម​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​វិញ។

នៅ​ក្នុង​សុន្ទរកថា​បើក​សន្និសីទ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន លោក ​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ។ រដ្ឋាភិបាល​លោក​នៅ​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្វើ​សេចក្តី​ព្រាងច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​ព័ត៌មាន​វិទ្យា ដែល​បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​ថា នឹង​អាច​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​ចាត់​វិធានការ​ចំពោះ​ការ​រិះ​គន់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

កាសែត​ធំៗ​និង​ស្ថានីយ​ទូរទស្សន៍​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​កម្មសិទ្ធិ​របស់​អ្នក​ជំនួញ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក។

រូបឯកសារ៖ លោក ណុប វី ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​(VOD)​ ប្រាប់​ VOA ក្នុង​សិក្ខាសាលាអំពី​ព័ត៌មាន​ស៊ើបអង្កេតអាស៊ី​លើក​ទី៣​ ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧​ ​ខែតុលា ឆ្នាំ​២០១៨។
រូបឯកសារ៖ លោក ណុប វី ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​(VOD)​ ប្រាប់​ VOA ក្នុង​សិក្ខាសាលាអំពី​ព័ត៌មាន​ស៊ើបអង្កេតអាស៊ី​លើក​ទី៣​ ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧​ ​ខែតុលា ឆ្នាំ​២០១៨។

លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថ្លែង​ថា អ្នក​យក​ព័ត៌មាន​ពី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD របស់​លោក​មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​នៅ​ក្នុង​សន្និសីទ​កំពូល​នេះ​ទេ ខណៈ​ដែល​ស្ថានីយ​ដៃ​គូ​របស់​វិទ្យុ VOD ជា​ច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​មិន​ឲ្យ​ផ្សាយ​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៧ ព្រម​ជាមួយ​នឹង​ការ​បិទ​វិទ្យុ ដែល​ផ្សាយ​បន្ត​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​វិទ្យុ​អាស៊ី​សេរី​ផង​ដែរ។

នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ចុង​បញ្ចប់​នៃ​សិក្ខាសាលា​នេះ លោក Fayyaz Shehryar ប្រធាន​វិទ្យាស្ថាន AIBD បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​របស់​ VOA ដោយ​បដិសេធ​ការ​អះអាង​របស់​អង្គការ​ Human Rights Watch ដែល​ថា កម្ពុជា​មិន​សក្តិសម​ជា​កន្លែង​នៃ​ការ​ប្រជុំ​នេះ​ទេ ដោយ​សារ​កម្ពុជា​បាន​បង្ក្រាប​ទៅ​លើ​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន។

លោក​បាន​ឆ្លើយ​តប​ថា៖ «ការណ៍​ដែល​កម្ពុជា​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​និង​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​មក​ទី​នេះ​សម្រាប់​សន្និសីទ​កំពូល​សំខាន់​នេះ ជា​ការ​បដិសេធ​គំនិត​របស់​ Human Rights Watch ដែល​ថា កម្ពុជា​មិន​មាន​បំណង​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន ឬ​អនុញ្ញាត​ឲ្យ​សារព័ត៌មានអាច​ធ្វើ​ការ​ពេញ​លេញ ឬ​មាន​សេរីភាព​ពេញលេញ​នោះ​ទេ‍»។

ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ក្រោយ​សន្និសីទ​ព័ត៌មាន​នោះ​ដែរ លោក Shehryar ថ្លែង​ថា ប្រទេស​ម្ចាស់​ផ្ទះ​ដូច​ជា​កម្ពុជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​កម្មវិធី​និង​កម្រិត​នៃ​ភាព​បើក​ចំហ​នៃ​សន្និសីទ​ប្រចាំ​ឆ្នាំ​នីមួយៗ។ លោក​ថា សន្និសីទនៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​មិន​មាន​ការ​លើក​យក​ប្រធានបទ​រសើបៗ​ទាក់ទង​នឹងបញ្ហា​សារព័ត៌មាន​ ដូច​ក្នុង​អំឡុង​ការ​ប្រជុំ​ឆ្នាំ​២០១៨ នៅ​ក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា​នោះ​ទេ។

លោក​ពន្យល់​ថា៖ «[ប្រធានបទ​ទាំង​នេះ] ត្រូវ​បាន​ពិភាក្សា​នៅ​ឥណ្ឌា ប៉ុន្តែ​នៅ​ឥណ្ឌា​យើង​មាន​សារព័ត៌មាន​សេរី។ ...​ ប្រទេស​នីមួយ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង»]

បើ​តាម​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កម្ពុជា​«ធ្លាប់​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​បំផុត​មួយ​នៅ​ទ្វីប​អាស៊ី» ដោយ​អង្គការ​ឃ្លាំ​មើល​សេរីភាព​សារព័ត៌មាន​មួយ​នេះ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថយ​លំដាប់​ពី​លេខ​រៀង​ទី​៧១ ទៅ​ដល់​លេខ​១៤២​ ក្នុង​ចំណោម​១៨០​ប្រទេស៕

XS
SM
MD
LG