កាលពីសប្តាហ៍មុនចៅក្រមសហព័ន្ធមួយរូបបាន ដកហូតសញ្ជាតិអាមេរិកពីបុរសដែលមានដើមកំណើតឥណ្ឌាមួយរូប ដោយមន្រ្តីរដ្ឋបានពណ៌នាថា ជាករណីទី១ ដែលបានកើតចេញពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលសហព័ន្ធតាំងពីសម័យលោកបារ៉ាក់ អូបាម៉ាធ្វើជាប្រធានាធិបតី ដែលបានបង្ហាញពីការក្លែងបន្លំជាទូទៅនៅក្នុងចំណោមអ្នកដាក់ពាក្យសុំចូលសញ្ជាតិអាមេរិក។
ក្រុមរដ្ឋអាជ្ញាសហព័ន្ធ បានស្វែងរកវិធីដើម្បីដកហូតសញ្ជាតិអាមេរិកពីលោក Baljinder Singh កាលពីខែកញ្ញាឆ្នាំមុន ដោយអះអាងថា បុរសវ័យ៤៣ឆ្នាំមានដើមកំណើតឥណ្ឌារូបនេះ បានក្លែងបន្លំនៅក្នុងការដាក់ពាក្យសុំចូលសញ្ជាតិអាមេរិករបស់លោក។
យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា លោក Singh បានចូលសហរដ្ឋអាមេរិកជាលើកទី១ដោយប្រើឈ្មោះក្លែងក្លាយនៅឆ្នាំ ១៩៩១ ហើយជាលទ្ធផលលោកត្រូវប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកំណើតវិញ ក៏ប៉ុន្តែលោកបានខកខានបញ្ចូលពត៌មាននោះទៅក្នុងការដាក់ពាក្យសុំចូលសញ្ជាតិរបស់លោកដែលបានធ្វើឡើងកាលពីឆ្នាំ ២០០៤។
នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក សញ្ជាតិអាមេរិកអាចត្រូវបានដកហូតវិញបាន បើសិនជា ការទទួលបានសញ្ជាតិធ្វើឡើងតាមរយៈការក្លែងបន្លំ។
កាលពីថ្ងៃ ទី៥ ខែមករា លោក Stanley Chesler ដែលជាចៅក្រមសហព័ន្ធប្រចាំរដ្ឋ New Jersey ជាទីដែលលោក Singh រស់នៅបានយល់ព្រមតាមសំណូមពររបស់រដ្ឋាភិបាល ដើម្បីដកហូតសញ្ជាតិអាមេរិកពីលោក Singh ហើយដាក់លោកត្រឹមតែជាអ្នកដែលកាន់បណ្ណអនុញ្ញាតិឲ្យរស់នៅសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ហៅថា Green Card តែប៉ុណ្ណោះ ហើយអាចជាជនដែលនឹងត្រូវបញ្ជូនខ្លួនទៅប្រទេសកំណើតវិញ នេះបើតាមការប្រកាសរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី ៩ ខែមករាកន្លងទៅនេះ។
បទបញ្ជារបស់ចៅក្រមនេះ បានធ្វើឡើងក្រោយពីលោក Singh ខកខានក្នុងការឆ្លើយតបទៅនឹងពាក្យបណ្តឹងដកហូតសញ្ជាតិរបស់ក្រសួងយុត្តិធម៌ និងការស្នើសុំសេចក្តីសង្ខេបនៃការសម្រេចក្តី នេះបើយោងតាមឯកសាររបស់តុលាការ។
ភ្លាមៗនោះ គេមិនអាចទាក់ទងលោក Singh បានទេ។
ក្រសួងយុត្តិធម៌បានឲ្យដឹងថា ករណីនេះ ជាករណីទី១ ដែលកើតឡើងដោយសារតែ ប្រត្តិបត្តិការដែលមានឈ្មោះថា Janus ដែលជាការស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ ដែលបានកំណត់អត្តសញ្ញាណជនអន្តោប្រវេសន៍៣១៥.០០០នាក់ ដែលគ្មានស្នាមផ្តិតម្រាមដៃនៅក្នុងទិន្ន័យរបស់រដ្ឋាភិបាល។ ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងទៀតថា ជនអន្តោប្រវេសន៍ដែលប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកំណើតវិញ មានដូចជា ឧក្រិដ្ឋជនប្រព្រឹត្តអំពើខុសច្បាប់ និង«អ្នកទាំងឡាយណាដែលមានប្រវត្តិធ្លាប់ស្វះស្វែងរកវីធីគេចចេញពីទោសព្រហ្មទណ្ឌ និងការឆែកប្រវត្តិរូបនៅក្នុងដំណើរការសុំសញ្ជាតិ»។
ការស៊ើបអង្កេតមួយនៅឆ្នាំ២០១៦ ធ្វើឡើងដោយប្រធានផ្នែកស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ ជាដំបូងបានបង្ហាញឲ្យឃើញថាគ្មានទិន្នន័យស្នាមផ្តិតម្រាមដៃ ហើយនឹងបានរកឃើញថា ទីភ្នាក់សេវាកម្មផ្នែកផ្តល់សញ្ជាតិអាមេរិក និងជនអន្តោប្រវេសន៍បានច្រឡំផ្តល់សញ្ជាតិដល់អ្នកដែលត្រូវប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកំណើតវិញយ៉ាងតិចណាស់ ៨៥៨នាក់។
ការស៊ើបអង្កេតនេះបានឲ្យដឹងថា ជនអន្តោប្រវេសន៍ទាំងនោះបានប្រើឈ្មោះ និងថ្ងៃ ខែ ឆ្នាំកំណើតផ្សេង ដើម្បីដាក់ពាក្យសុំចូលសញ្ជាតិ។
ប្រធានផ្នែកស៊ើបអង្កេតនេះ បានរិះគន់ដល់ក្រុមមន្រ្តីអនុវត្តច្បាប់នៃទីភ្នាក់ងារជនអន្តោប្រវេសន៍ និងគយដែលបរាជ័យក្នុងការស៊ើបអង្កេតដែលគេដឹងថា ជាការក្លែងបន្លំនៅក្នុងការសុំសញ្ជាតិអាមេរិក ក៏ប៉ុន្តែ បាននិយាយថា ទីភ្នាក់ងារនេះ «ឥឡូវនេះ បានបោះជំហានក្នុងការបង្កើនចំនួនករណីដែលត្រូវស៊ើបអង្កេត» ហើយនឹងជាពិសេស ពង្រឹងសមត្ថភាពអ្នកទាំងឡាយដែលមានតួនាទីដែលជាទីទំនុកចិត្តរបស់សាធារណៈជន និងអ្នកដែលមានតួនាទីឆែកឆេរប្រវត្តិរូប»។
ល្បឿននៃការស៊ើបអង្កេត ហាក់ដូចជាលឿនជាងមុននៅក្នុងឆ្នាំកន្លងទៅនេះ ដោយទីភ្នាក់សេវាកម្មផ្នែកផ្តល់សញ្ជាតិអាមេរិក និងជនអន្តោប្រវេសន៍ រាយការណ៍ទៅក្រសួងយុត្តិធម៌ថា «ករណីមានការកើនឡើង»។
កាលពីឆ្នាំមុន ក្រសួងយុត្តិធម៌បានដាក់ពាក្យបណ្តឹងដកហូតសញ្ជាតិពីពលរដ្ឋសាមញ្ញចំនួន ២៥ករណី និងឧក្រិដ្ឋជន ៥៧ករណី នេះបើយោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌។
ទីភ្នាក់ងារជនអន្តោប្រវេសន៍សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្នុងករណីដែលនឹងអាចដកហូតសញ្ជាតិនេះ ខ្លួនមានគម្រោងបន្ថែមប្រមាណជា ១៦០០ករណីបន្ថែមទៀត ដែលករណីទាំងនេះ បានរកឃើញដោយប្រតិបត្តិការ Janus។
នៅក្នុងសេចក្តីថ្លែងការមួយ លោក Francis Cissna ជានាយកនៃទីភ្នាក់សេវាកម្មផ្នែកផ្តល់សញ្ជាតិអាមេរិក និងជនអន្តោប្រវេសន៍បាននិយាយថា «លោកសង្ឃឹមថា ករណីនេះ និងករណីក្រោយៗទៀត គឺជាសារដ៏ខ្លាំងមួយប្រាប់ថា ការចង់ក្លែងបន្លំនៅក្នុងការសុំសញ្ជាតិអាមេរិក គឺមិនអត់ឱនឲ្យជាដាច់ខាត។
លោកស្រី Amanda Frost ដែលជាសាស្រ្តាចារ្យមួយរូបនៅសាលាច្បាប់ក្នុងសាកលវិទ្យាល័យ American Univerity ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា លោក Singh ប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកំណើតវិញយ៉ាងជាក់ច្បាស់។
«ឥឡូវនេះ ដោយសារតែគេដកហូតសញ្ជាតិពីលោកហើយ អញ្ចឹងវិធានការបន្ទាប់របស់ពួកគេគឺដកហូតប័ណ្ណ Green Card របស់លោក ហើយបន្ទាប់មកទៀត គឺបញ្ជូនខ្លួនលោកទៅប្រទេសកំណើតវិញ។ តែ បើគេមិនធ្វើអញ្ចឹងទេ នោះខ្ញុំមិនប្រាកដទេ ថាអ្វីទៅជាគោលបំណងនៃដំណើរការនេះ»។
លោក Chad Readler ជាប្រធានស្តីទីផ្នែកកិច្ចការពលរដ្ឋស៊ីវិលនៃក្រសួងយុត្តិធម៌ បាននិយាយថា លោក Singh «បានកេងប្រវ័ញ្ចលើប្រព័ន្ធអន្តោប្រវេសន៍របស់យើង និងបំពានលើការធានាសុវត្ថិភាពផលប្រយោជន៍អន្តោប្រវេសន៍កំពូលនៃការចូលសញ្ជាតិអាមេរិកនេះ»។
លោក Chad Readler បានថ្លែងបន្ថែមទៀតថា៖
«ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នឹងបន្តប្រើប្រាស់គ្រប់វិធី ដើម្បីការពារសុចរិតភាពនៃប្រព័ន្ធអន្តោប្រវេសន៍របស់ប្រទេសយើង ដោយក្នុងនោះក៏មានការដកសញ្ជាតិពីពលរដ្ឋសាមញ្ញផងដែរ»។
រដ្ឋាភិបាលអាមេរិកក៏កំពុងតែចាត់វិធានការដកសញ្ជាតិពីបុរសដើមកំណើតប៉ាគីស្ថាន២នាក់ ដែលត្រូវបានចោទថា បានលាក់បាំងបញ្ជាបញ្ជូនខ្លួនពីមន្រ្តីអន្តោប្រវេសន៍។
លោកស្រី Amanda Frost ថ្លែងថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ករណីដកហូតសញ្ជាតិមានចំនួនរាប់សិប។ ក៏ប៉ុន្តែ ប្រតិបត្តិការ Janus ឲ្យដឹងថា រដ្ឋាភិបាល «កំពុងតែបន្ថែមធនធានដើម្បីធ្វើកិច្ចការនេះ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រើប្រាស់វិធីដកហូតសញ្ជាតិនេះ នៅក្នុងរយៈពេលពាក់កណ្តាលដំបូងនៃសតវត្សរ៍ទី ២០ ចំពោះជនណាដែលត្រូវបានសង្ស័យថា គាំទ្រកុម្មុយនីស្ត និងប្រយុទ្ធក្នុងសង្រ្គាមបរទេស។
ក៏ប៉ុន្តែ ការសម្រេចដ៏គួរឲ្យកត់សម្គាល់របស់តុលាការកំពូលនៅឆ្នាំ១៩៦៧ គឺរឿងក្តីរវាង Afroyim និង Rusk បានបញ្ចប់ការអនុវត្តការដកហូតសញ្ជាតិនេះ នេះបើតាមសម្តីរបស់លោកស្រី Frost ដែលស្រាវជ្រាវអំពីការដកហូតសញ្ជាតិ។ លោកស្រី Frost ថ្លែងថា៖
«តុលាការបានបញ្ជាក់យ៉ាងច្បាស់ហើយថា ការដកហូតសញ្ជាតិនេះ គឺមានកំណត់»។
កាលពីឆ្នាំមុន តុលាការកំពូល បានធ្វើការសម្រេចនៅក្នុងករណីដកហូតសញ្ជាតិមួយទៀត ដែលរារាំងរដ្ឋាភិបាលមិនឲ្យដកហូតសញ្ជាតិពីពលរដ្ឋ ដោយសារក្លែងបន្លំតែគ្មានឯកសារបញ្ជាក់នៅក្នុងពាក្យសុំចូលសញ្ជាតិរបស់ពួកគេ។ លោកស្រី Frost ថ្លែងទៀតថា៖
«ការសម្រេចរបស់តុលាការកំពូលនោះ រំឭករដ្ឋាភិបាលថា មានការការពារតាមរដ្ឋធម្មនុញ្ញជាច្រើននៅក្នុងរឿងនេះ ហេតុដូច្នេះហើយការដកហូតសញ្ជាតិត្រូវតែធ្វើឡើងដោយមានការប្រុងប្រយ័ត្ន»៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់