គម្រោងឋានៈដែលមានការការពារបណ្ដោះអាសន្ន ដែលហៅជាភាសាអង់គ្លេសថា Temporary Protected Status នេះ បានការពារជនជាតិអែលសាល់វាឌ័ររាប់សែននាក់ពីការបញ្ជូនចេញពីសហរដ្ឋអាមេរិក ក្រោយពីមានគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានកើតឡើងនៅក្នុងប្រទេសអែលសាល់វាឌ័រកាលពីឆ្នាំ ២០០១ មក។ គម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ។
នៅថ្ងៃដែលគម្រោងនេះនឹងបញ្ចប់ អ្នកដែលបានរស់នៅ និងធ្វើការស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកអស់ជិតពីរទសវត្សរ៍កន្លងមកនេះ នឹងទទួលបានឋានៈជាជនអន្តោប្រវេសន៍វិញ ប្រសិនបើឋានៈជាជនអន្តោប្រវេសន៍របស់ពួកគេនោះនៅមានសុពលភាព។ ឋានៈជាជនអន្តោប្រវេសន៍នេះជាឋានៈដែលពួកគេមានមុនពេលពួកគេទទួលបានឋានៈដែលមានការការពារបណ្ដោះអាសន្ននេះ។ ពួកគេក៏មានជម្រើសក្នុងការដាក់ពាក្យដើម្បីទទួលបានផលប្រយោជន៍អន្តោប្រវេសន៍ផ្សេងទៀតផងដែរ ដូចជាទិដ្ឋាការដែលផ្អែកលើគ្រួសារ ឬក៏ផ្អែកលើការងារជាដើម។
ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្អាកគម្រោងនេះ នឹងស្ទើរតែធ្វើឲ្យជនជាតិអែលសាល់វាឌ័រមួយចំនួនក្លាយជាជនរស់នៅខុសច្បាប់ ដោយធ្វើឲ្យពួកគេងាយរងគ្រោះនឹងការបញ្ជូនចេញពីសហរដ្ឋអាមេរិកភ្លាមៗ។
នៅក្នុងការពិនិត្យឡើងវិញមួយដែលធ្វើជាប្រចាំទៅលើស្ថានភាពនៅក្នុងប្រទេសអែលសាល់វាឌ័រ រដ្ឋបាលរបស់លោក Trump បានកំណត់ថា ស្ថានការណ៍នៅក្នុងប្រទេសអែលសាល់វាឌ័រមានលក្ខណៈប្រសើរគ្រាន់បើឡើងវិញហើយបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិទាំងនោះបានកើតឡើងមក ដែលករណីនេះអាចអនុញ្ញាតឲ្យជនជាតិអែលសាល់វាឌ័រនៅក្នុងសហរដ្ឋអាមេរិកត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញបាន។ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរួបដែលបានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មាននានានៅក្នុងការឆ្លើយឆ្លងតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រឹកថ្ងៃទី ៨ ខែមករា កន្លងទៅនេះ។
ទោះបីជាមានការបន្តកាលពីលើកមុនចំពោះគម្រោងឋានៈដែលមានការការពារបណ្ដោះអាសន្នសម្រាប់ជនជាតិអែលសាល់វាឌ័រនេះ ដែលក្នុងនោះមានទាំងការដាក់បញ្ចូលនូវទំនាក់ទំនងរវាងគ្រោះមហន្តរាយធម្មជាតិ និងការប្រឹងប្រែងរបស់ប្រទេសអែលសាល់វាឌ័រក្នុងការដោះស្រាយជាមួយនឹងឧក្រិដ្ឋកម្មដែលរៀបចំទុកជាមុននិងអំពើហិង្សាផ្សេងៗក៏ដោយ ក៏មន្ត្រីរដ្ឋបាលរូបនោះបាននិយាយថា ក្រសួងសន្តិសុខមាតុភូមិបានធ្វើការថ្លឹងថ្លែងនៅក្នុងការវាយតម្លៃរបស់ខ្លួនតែលើ «ស្ថានការណ៍ប្រសើរឡើងវិញ» ពីគ្រោះរញ្ជួយដីតែប៉ុណ្ណោះ មិនមែនលើ «អំពើហិង្សាដែលកើតមាននៅក្នុងប្រទេស» នោះទេ។
មន្ត្រីដែលត្រៀមខ្លួនរួចរាល់ ក៏ដូចជាសេចក្ដីប្រកាសជាលាយលក្ខណ៍អក្សររបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោកស្រី Kirstjen Nielsen បានបញ្ជាក់ថា ការពន្យារពេលរយៈពេល ១៨ ខែ ចំពោះគម្រោងឋានៈដែលមានការការពារបណ្ដោះអាសន្នសម្រាប់ជនជាតិអែលសាល់វាឌ័រនេះ «នឹងអនុញ្ញាតឲ្យសភាមានពេលវេលាដើម្បីបង្កើតដំណោះស្រាយផ្លូវច្បាប់មួយ»។
ប៉ុន្តែ សមាជិកសភាអាមេរិកបានប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់មួយចំនួនចំពោះប្រព័ន្ធអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ហើយគេឃើញមានសញ្ញាណតិចតួចប៉ុណ្ណោះនៅឯសភាដែលបង្ហាញថា ច្បាប់ថ្មីណាមួយនឹងត្រូវអនុម័តឲ្យទាន់ពេលវេលាដើម្បីជួយសង្គ្រោះជនជាតិអែលសាល់វាឌ័រដែលរងគ្រោះដោយសារការសម្រេចរបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី ៨ ខែមករាកន្លងមកនេះ។
មជ្ឈមណ្ឌលសិក្សាបញ្ហាទេសន្តរប្រវេសន៍ (Center for Migration Studies) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក បានបញ្ជាក់ថា ជនជាតិអែលសាល់វាឌ័រទាំងនេះតំណាងឲ្យក្រុមគ្រួសារចំនួន ១ សែន ៣ ម៉ឺន ៥ ពាន់ ដែលអ្នកទាំងនោះចំនួន ៨៨ ភាគរយ កំពុងបំពេញការងារផ្សេងៗនៅក្នុងសហរដ្ឋអាមេរិក។
អ្នកទាំងនោះប្រហែល ១ ភាគ ៤ រស់នៅក្នុងរដ្ឋ California និងចំនួន ១ ភាគ ៥ ទៀត រស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន។ ភាគច្រើននៃជនជាតិអែលសាល់វាឌ័រទាំងនោះមានកូនកើតនៅក្នុងសហរដ្ឋអាមេរិក ដែលធ្វើឲ្យកូនៗរបស់ពួកគេមានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិ ចំណែកឯពួកគេមិនអាចមានសញ្ជាតិអាមេរិកដោយស្វ័យប្រវត្តិនោះទេ។
ជនជាតិអែលសាល់វាឌ័រភាគច្រើនបានរៀនភាសាអង់គ្លេស ហើយពួកគេប្រហែលជា ១០ ភាគរយ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងពលរដ្ឋអាមេរិកាំង។
កន្លងមក ជនជាតិអែលសាល់វាឌ័រទាំងនេះគឺជាក្រុមដ៏ធំបំផុតក្នុងចំណោមអ្នកដែលទទួលបានឋានៈដែលមានការការពារបណ្ដោះអាសន្ននេះ ហើយពួកគេគឺជាក្រុមរងគ្រោះចុងក្រោយបង្អស់នៅក្នុងការសម្រេចរបស់រដ្ឋបាលលោក Trump ចំពោះគម្រោងនេះ។
នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រសួងសន្តិសុខមាតុភូមិបានសម្រេចមិនបន្តគម្រោងឋានៈពិសេសនេះសម្រាប់ជនជាតិហៃទី ដែលនឹងផុតកំណត់នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩
សម្រាប់ជនជាតិនីការ៉ាហ្គ័រ ដែលនឹងផុតកំណត់នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៩ និងសម្រាប់ជនជាតិស៊ូដង់ ដែលនឹងផុតកំណត់នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៨។
ការប្រកាសមួយចំនួនបន្ថែមទៀតសម្រាប់ប្រទេសចំនួន ៦ ទៀត ដែលនៅសេសសល់ក្រោមគម្រោងឋានៈដែលមានការការពារបណ្ដោះអាសន្ននេះ គ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០១៨ នេះ៕
ប្រែសម្រួលដោយ ភី សុភាដា