រោងចក្រ Orient Craft នឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅខែសីហាខាងមុខ។ រោងច្រកនេះ គឺជាការវិនិយោគថ្មីមួយនៅក្នុងទីក្រុង Jharkhand ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងមានការអភិវឌ្ឍតិចតួចនៅប្រទេសឥណ្ឌា។ រោងច្រកនេះនឹងត្រូវជួលកម្មករប្រហែល៨ពាន់នាក់។
ប្រធាននាយកដ្ឋានពាណិជ្ជកម្មរបស់ក្រុមហ៊ុន Orient Craft លោក A.K. Jain បានប្រាប់ឲ្យដឹងថា ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកកាន់តែមានភាពតានតឹង ការបញ្ជាទិញពីក្រុមហ៊ុននានានៅសហរដ្ឋអាមេរិកកាន់តែមានចំនួនកើនឡើងនៅប៉ុន្មានខែថ្មីៗនេះ។ ហេតុដូច្នេះហើយបានជាលោក មានសុទិដ្ឋិនិយមអំពីការបង្កើតរោងច្រកថ្មីនេះ។ លោក A.K. Jain បាននិយាយបន្តថា «វាមិនគួរឲ្យជឿទាល់តែសោះថាសង្គ្រាមនេះក្លាយទៅជារឿងល្អវិញ។ វានឹងផ្តល់ផលប្រយោជន៍ដល់យើង»។
លោក Ajai Sahai នាយកអង្គការសហព័ន្ធសម្រាប់ការនាំចេញនៅឥណ្ឌាបាននិយាយថាក្រុមហ៊ុននាំចេញនៅឥណ្ឌាកំពុងទទួលបានអត្ថប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ដែលធ្វើឲ្យការនាំចេញផលិតផលទៅប្រទេសទាំងពីរនេះកើនឡើង។
លោក Ajai Sahai បានថ្លែងថា៖ «ស្របពេលដែលការនាំចេញជាទូទៅបានកើនឡើង៩ភាគរយ ការនាំចេញទៅសហរដ្ឋអាមេរិកបានកើនឡើងដល់១៣ភាគរយ ហើយការនាំចេញទៅប្រទេសចិនកើនឡើងដល់៣២ភាគរយ»។
ហើយស្របពេលដែលការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរបានកើនឡើងកាន់តែខ្លាំងកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសទាំងពីរបានបរាជ័យក្នុងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនោះ លោក Ajai Sahai កាន់តែមានសុទិដ្ឋិនិយម។ លោកបានបញ្ជាក់ថា៖ «ចាប់តាំងពីមានការដំឡើងពន្ធគយលើទំនិញនាំចេញរបស់ប្រទេសទាំងពីរពី១០ទៅ២៥ភាគរយមក យើងគិតថាយើងនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើននៅក្នុងទីផ្សារ»។
របាយការណ៍មួយដែលបានចេញផ្សាយកាលពីខែកុម្ភៈដោយសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍពាណិជ្ជកម្មបានបង្ហាញថា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលទទួលបានអត្ថប្រយោជន៍ពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ របាយការណ៍នោះបានចង្អុលបង្ហាញថា ការនាំចេញរបស់ចិនដែលភាគច្រើនត្រូវបានអាមេរិកដំឡើងពន្ធគយនឹងក្លាយជាការនាំចេញដោយប្រទេសទីបីដូចពាក្យគេនិយាយថា «ឆ្លៀតឱកាសកេងយកប្រយោជន៍ពេលកំពុងមានភាពវឹកវរ ដែលការនិយាយនេះអាចអនុវត្តបាននៅក្នុងប្រទេសមួយចំនួន»។
ខណៈប្រទេសចិនបានបើកទ្វារកាន់តែទូលាយទិញទំនិញកសិកម្មពីឥណ្ឌា ដូចជាអង្ករ និងស្ករ ការនាំទំនិញមួយចំនួនចេញទៅសហរដ្ឋអាមេរិកដូចជា សារធាតុគីមី ថ្នាំពេទ្យ គ្រឿងអលង្ការ គ្រឿងបន្លាស់រថយន្ត និងសម្លៀកបំពាក់មានការកើនឡើង។
លោក Sahai បានថ្លែងបន្ថែមទៀតថា៖ «យើងមានគម្លាតតិចតួចទាបជាងប្រទេសចិនក្នុងការនាំទំនិញចេញរវាងប្រទេសទាំងពីរ។ ប៉ុន្តែដោយសារបញ្ហាដំឡើងពន្ធគយនេះយើងអាចទូទាត់គ្នាវិញបាន។ ហេតុដូចនេះហើយបានជាយើងនិយាយថា សង្គ្រាមពាណិជ្ជកម្មបានផ្តល់ឱកាសឲ្យយើងចូលក្នុងទីផ្សារសហរដ្ឋអាមេរិកចំពោះទំនិញមួយចំនួនដែលយើងធ្លាប់ពិបាកនាំចូល»។
ក៏ប៉ុន្តែខណៈប្រទេសឥណ្ឌាកំពុងទទួលបានអត្ថប្រយោជន៍ពីការនាំចេញ អ្នកជំនាញពាណិជ្ជកម្មបានព្រមានថា មានបញ្ហាមួយចំនួនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងញូវដេលី និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
នៅប៉ុន្មានខែថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរិះគន់ការយកពន្ធរបស់ឥណ្ឌាចំពោះទំនិញអាមេរិកមួយចំនួន ដោយលោកបាននិយាយថា ឥណ្ឌាមិនផ្តល់លទ្ធភាពនិងភាពស្មើគ្នាចូលទៅក្នុងទីផ្សាររបស់ខ្លួនដូចសហរដ្ឋអាមេរិកទេ។ អ្នកសេដ្ឋកិច្ចក៏បានព្រមានដែរថា ការធ្លាក់ចុះនៃពាណិជ្ជកម្មសាកលលោកដោយសារជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន នឹងប៉ះពាល់ដល់ប្រទេសនានារួមទាំងប្រទេសឥណ្ឌាផងដែរ ដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះរួចស្រាប់ទៅហើយ។
កំណើនសេដ្ឋកិច្ចប្រទេសចិនឡើងខ្លាំងបំផុតបានត្រឹម ៦,៦ ភាគរយនៅត្រីមាសចុងក្រោយក្នុងឆ្នាំ ២០១៨ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ គេមិនរំពឹងថាវានឹងប្រសើរឡើងនៅឆ្នាំនេះទេ។
ការធ្លាក់ចុះនេះបណ្តាលមកពីការធ្លាក់ចុះការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជួយដល់ការលូតលាស់សេដ្ឋកិច្ចឥណ្ឌា។ ខុសពីប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការប្រណាំងប្រជែងខ្លាំងក្នុងវិស័យនាំចេញ។ សន្ទុះកំណើនសេដ្ឋកិច្ចឥណ្ឌា ការកើនឡើងនៃការនាំចេញរបស់ឥណ្ឌាមួយផ្នែកធំពឹងផ្អែកលើការកើនឡើងពួកវណ្ណៈថ្នាក់កណ្តាល ដែលត្រូវការទិញទំនិញជាច្រើនដូចជា រថយន្ត ទូរទឹកកក ម៉ាស៊ីនត្រជាក់ និងទំនិញប្រើប្រាស់ផ្សេងៗទៀត។
ក៏ប៉ុន្តែមានក្តីបារម្ភជាច្រើន ខណៈវិស័យលក់រថយន្ត និងតួលេខទីផ្សារទំនីញប្រើប្រាស់បានធ្លាក់ចុះនៅប៉ុន្មានខែថ្មីៗនេះដល់កម្រិតទាបបំផុតជិត ៨ ឆ្នាំមកនេះ។
នៅឯហាងលក់រថយន្តម៉ាក Hyundai ដែលស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Gurgaon ជិតទីក្រុងញូវដេលី ដែលមានសុទ្ធតែហាងលក់ទំនិញថ្លៃៗ ប៉ុន្តែគេឃើញមានអតិថិជនតិចតួចប៉ុណ្ណោះ។
នេះគឺជាការផ្ទុយគ្នាយ៉ាងខ្លាំងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះដែលនៅពេលនោះវិស័យលក់រថយន្តបានកើនឡើងនិងបានជួយឲ្យឥណ្ឌា នាំមុខប្រទេសអាល្លឺម៉ង់ និងបានក្លាយជាទីផ្សារលក់រថយន្តលំដាប់ទី៤នៅក្នុងពិភពលោក។ ការណ៍នេះបានជំរុញឲ្យរោងចក្រផលិតរថយន្តដូចជា ក្រុមហ៊ុន Hyundai Honda និង Toyota ពង្រីករោងចក្ររបស់ពួកគេនៅក្នុងប្រទេសឥណ្ឌា។
លោក Gagan Arora ប្រធានហាងលក់រថយន្ត Hyundai បានថ្លែងថា៖ «នៅប៉ុន្មានឆ្នាំថ្មីៗនេះ ខែមីនានិងខែមេសាគឺជាខែដែលលក់ដាច់បំផុត។ ប៉ុន្តែឥឡូវនេះការលក់បានធ្លាក់ចុះពី២០ទៅ៣០ភាគរយនៅអំឡុងខែទាំងពីរនេះផងដែរ។ ឧស្សាហកម្មទាំងមូលបានធ្លាក់ចុះ។ គ្មានអតិថិជនទេ»។
ក្រុមអ្នកសេដ្ឋកិច្ចថា ខណៈការនាំចេញទៅសហរដ្ឋអាមេរិកនិងចិនមានការកើនឡើង ឧបសគ្គទីមួយសម្រាប់រដ្ឋាភិបាលថ្មីរបស់ឥណ្ឌា ដែលនឹងត្រូវបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតសភាដែលទើបបញ្ចប់ គឺការស្តារសេដ្ឋកិច្ចតាមវិធីណា ហើយត្រូវដឹងថាហេតុអ្វីបានជាអតិថិជនមិនចង់ចំណាយប្រាក់ទិញទំនិញ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា