ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ប៉ាគីស្ថានមួយ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​មូលដ្ឋាន​ទ័ព​អាកាស​ឥណ្ឌា


សាក​សព​កង​សន្តិសុខ​ជាតិ​ឥណ្ឌា​ឈ្មោះ​ Niranjan Kumar ត្រូវ​បាន​លី​ដោយ​ក្រុម​ទាហាន​ឥណ្ឌាខណៈ​ពេល​ដែល​មាន​ការគោរព​វិញ្ញាក្ខន្ធ​ នៅ​ថ្ងៃ​ទី​៤​ ខែ​មករា ឆ្នាំ​២០១៦។​

សម្ព័ន្ធភាព​មួយនៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​ជាង​១២​ក្រុម​មាន​ឈ្មោះ​ថា​សហក្រុមប្រឹក្សា​ Jihad ​ភាសា​អង់គ្លេស​ហៅ​ថា​ United Jihad Council ដែល​មាន​មូលដ្ឋាន​ក្នុង​ដែនដី​ Kashmir នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​អះអាង​ទាមទារ​ការទទួល​ខុសត្រូវ​ដល់​ការ​វាយ​ប្រហារ​មួយ​ដោយ​ក្រុម​ជន​ប្រដាប់​ដោយ​អាវុធ​ច្រើន​ទៅ​លើ​មូលដ្ឋាន​កងទ័ព​អាកាស​យុទ្ធសាស្ត្រ​ឥណ្ឌា​មួយ​ក្នុង​ក្រុង​ Pathankot ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០គ.ម.​ពី​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​។

កិច្ច​ប្រតិបត្តិការ​បាន​បន្ត​ធ្វើ​ក្នុង​ថ្ងៃ​ទី​បី​ដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​នៃ​កងទ័​ពអាកាស​នេះ​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ​ Punjab នា​ប៉ែក​ខាង​ជើងប្រទេស

ដែល​មានការ​ជ្រៀត​ចូល​ដោយ​ក្រុម​ជនប្រដាប់​អាវុធ​ជាច្រើន​កាល​ពី​ថ្ងៃសៅរ៍។​ជន​ប្រដាប់​អាវុធ​ប្រាំ​នាក់​ត្រូវ​បាន​សម្លាប់ ​ហើយ​បុគ្គលិក​សន្តិសុខ​៧នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារនេះ​ដែល​អាច​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ចចរចា​សន្តិភាព​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន។

​សហក្រុមប្រឹក្សា​ Jihad ដែល​បាន​ប្រយុទ្ធ​ដើម្បី​បញ្ចប់​ការ​គ្រប់គ្រង​របស់​ឥណ្ឌា​នៅ​ក្នុង​តំបន់ Kashmir បាន​និយាយ​ថា​ ពួក​គេ​ចង់​បង្ហាញ​ប្រទេស​ឥណ្ឌា​ថា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​អាច​វាយ​ប្រហារ​លើ​ទីតាំង​យោធា​ណា​មួយក៏​បាន​ដែរ ​ហើយ​ថា​ឥណ្ឌា​គួរ​អនុញ្ញាត​ឱ្យ​ជ​នជាតិ​ Kashmir សម្រេច​ចិត្ត​អំពី​អនាគត​នយោបាយ​របស់​ពួក​គេ។​

ការអះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​នេះ​មាន​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្ញើ​ទៅ​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង Srinagar៕​

XS
SM
MD
LG