ប្រទេសឥណ្ឌា និងចិនបានខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ស្តីពីសារៈសំខាន់នៃការស្ដារឡើងវិញនូវសន្តិភាពនៅតាមព្រំដែនដែលមានជម្លោះដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ រដ្ឋាភិបាលរៀងៗខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញបន្ទាប់ពីកិច្ចប្រជុំនោះថា ឥណ្ឌាបានហៅការស្តារឡើងវិញបែបនេះថាជាគន្លឹះដើម្បីអភិវឌ្ឍទំនាក់ទំនង រីឯចិនវិញមើលឃើញថា ស្ថានភាពព្រំដែនមានស្ថិរភាពប្រសើរឡើងច្រើន។
ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh និងសមភាគីចិន គឺលោក Li Shangfu បានធ្វើឡើងនៅទីក្រុងញូវដែលី នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិចិនទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីភាពតានតឹងបានកើនឡើង បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងឆ្នាំ ២០២០ ដែលបានសម្លាប់ទាហានឥណ្ឌា ២០ នាក់ និងចិន៤ នាក់។ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ថា តើអន្តរកម្មកម្រិតខ្ពស់នឹងជួយភ្ជាប់អ្វីដែលគេហៅថា «ឱនភាពទំនុកចិត្ត»រវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា លោក Singh បាន«បង្ហាញយ៉ាងច្បាស់ថា ការអភិវឌ្ឍទំនាក់ទំនងរវាងឥណ្ឌា និងចិនគឺអាស្រ័យលើលទ្ធផលនៃសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមព្រំដែន»។
យោងតាមសេចក្តីថ្លែងការណ៍របស់ឥណ្ឌា លោក Singh បានរំឭកឡើងវិញថា «ការរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់បានបំផ្លាញមូលដ្ឋានទាំងមូលនៃទំនាក់ទំនងទ្វេភាគី និងការមិនប្រយុទ្ធគ្នានៅតាមព្រំដែននឹងឈានទៅដល់ការបន្ថយភាពតានតឹង»។
ក្រសួងការពារជាតិចិនបាននិយាយថា លោក Li បានពណ៌នាស្ថានភាពនៅតាមព្រំដែនថា «ជាទូទៅមានស្ថិរភាព»។ សេចក្តីថ្លែងការណ៍របស់ចិនបាននិយាយថា៖ «ភាគីទាំងពីរគួរតែគិតគូរវែងឆ្ងាយ កាន់ជំហរសមស្របលើបញ្ហាព្រំដែនក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង និងជំរុញការធ្វើឱ្យស្ថានភាពព្រំដែនមានសភាពធម្មតាឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក Li បាននិយាយថា ក្នុងនាមជាប្រទេសជិតខាងដ៏សំខាន់ ភាគីទាំងពីរគួរតែមើលទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍទៅវិញទៅមកដោយគិតពី«ទស្សនៈទូលំទូលាយ យូរអង្វែង និងជាយុទ្ធសាស្ត្រ ហើយធ្វើការជាមួយគ្នាដើម្បីបន្តបង្កើនទំនុកចិត្តគ្នាទៅវិញទៅមករវាងយោធាប្រទេសទាំងពីរ»។
ឥណ្ឌាចោទចិនថាបានទន្ទ្រាន ចូលក្នុងទឹកដីខ្លួនដោយរំលោភបំពានលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាតាំងពីទសវត្សរ៍១៩៩០ មក។ រដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធការចោទប្រកាន់នេះ ហើយបន្ទោសរដ្ឋាភិបាលក្រុងញូវដែលីអំពីការបំពាននេះ។ ចាប់តាំងពីមានការប៉ះទង្គិចគ្នាក្នុងឆ្នាំ ២០២០ នោះការចរចាចំនួន១៨ដងរវាងមេបញ្ជាការយោធានៃប្រទេសទាំងពីរបានបរាជ័យមិនអាចលុបបំបាត់ភាពតានតឹង ដោយកិច្ចចរចាចុងក្រោយបានបញ្ចប់ក្នុងសប្តាហ៍ចុងក្រោយនៃខែមេសា ដោយគ្មានដំណោះស្រាយ។
អ្នកវិភាគទីក្រុងញូវដែលីបាននិយាយថា ការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវចំណាយពេលយូរ។
លោក Manoj Joshi អ្នកជំនាញនៅមូលនិធិស្រាវជ្រាវ Observer ក្នុងទីក្រុងញូវដែលី បាននិយាយថា៖ «ស្រមោលនៃអ្វីដែលបានកើតឡើងក្នុងឆ្នាំ ២០២០ គឺមិនអាចបាត់ទៅឆាប់ៗនោះទេ។ ការជឿទុកចិត្តគ្នាត្រូវបាត់បង់ ហើយអ្នកមិនអាចស្ដារវាឡើងវិញតាមរយៈការចរចា និងការប្រជុំនោះទេ»។ លោកបាននិយាយបន្ថែមថា៖ «ភាពធម្មតានៃទំនាក់ទំនងនឹងមិនកើតឡើងក្នុងពេលឆាប់ៗនេះទេ ពីព្រោះឥណ្ឌាមិនប្រាកដថា តើរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមធ្វើអី្វ»។
លោកបានលើកពីការប៉ះទង្គិចគ្នាដែលបានកើតឡើងរវាងទាហានឥណ្ឌា និងទាហានចិនកាលពីខែធ្នូនៅ រដ្ឋ Arunachal Pradesh ដែលទីក្រុងញូវដែលីបានចោទប្រកាន់ថា កងទ័ពចិនបានព្យាយាមរំលោភលើខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង ដែលជាព្រំដែនប្រវែងជិត៣៥០០គីឡូម៉ែត្រនៅលើភ្នំហេមពាន្ត។
ខណៈប្រទេសទាំងពីរបានដកទាហានចេញពីតំបន់ជម្លោះមួយចំនួន ប្រទេសទាំងពីរនៅតែដាក់ពង្រាយទាហានប្រមាណ៦ម៉ឺននាក់ និងសព្វាវុធទំនើបៗនៅតាមព្រំដែន។ ពួកគេក៏កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស រួមទាំងផ្លូវថ្នល់ និងចំណតឧទ្ធម្ភាគចក្រនៅលើភ្នំ។ អ្នកវិភាគបានព្រមានអំពីហានិភ័យនៃការប្រឈមមុខដាក់គ្នារវាងទាហានដែលជារឿយៗឈរជើងនៅចម្ងាយប៉ុន្មានម៉ែត្រពីគ្នាតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ