ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសចិន​និង​ឥណ្ឌា​ដក​កងទ័ព​ពី​តំបន់​ព្រំដែន​មាន​ជម្លោះ​នៅ​ភ្នំ​ហេមពាន្ត


រូបឯកសារ៖ ក្នុងរូប​ដែល​បានថត​កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣ បង្ហាញ​ទាហាន​ចិន​កាន់បដា​ដែល​សរសេរ​ថា «អ្នកបានឆ្លងព្រំដែនហើយ សូមត្រឡប់ទៅវិញ» នៅ Ladakh ប្រទេសឥណ្ឌា។

ប្រទេស​ឥណ្ឌា និង​ចិន​បាន​ដក​កងទ័ពចេញ​ពី​តំបន់​ព្រំដែន​មានជម្លោះ​នៅ​ក្នុង​តំបន់​ភ្នំ​ហេមពាន្ត​ ដែលមាន​ការ​ប្រឈម​មុខដាក់​គ្នារយៈ​ពេល​ជាង​២​ឆ្នាំ​មក​ហើយ។

ក្រសួង​ការពារ​ជាតិ​ឥណ្ឌាបាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយនៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ កងទ័ព​បាន​ចាប់​ផ្តើមចាកចេញពី​តំបន់ ​Gogra-Hotsprings ​ទៅ«តាម​ការ​សម្រប​សម្រួល​និង​ផែនការ​ ដែល​មាន​ប្រយោជន៍ដល់​សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​នៃ​តំបន់​ព្រំដែន»។​

ការ​ប្រកាស​នោះ​បាន​កត់​សម្គាល់​នូវ​ជំហាន​ថ្មី​មួយឆ្ពោះ​ទៅ​ដោះ​ស្រាយ​ការ​ប្រឈម​មុខ​ដាក់គ្នាផ្នែក​យោធា​ ដែល​បាន​ចាប់ផ្តើម​ឡើង​ បន្ទាប់​ពីមាន​ការ​ប៉ះ​ទង្គិចកាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០​ក្នុង​តំបន់​Ladakh ​នៃ​ជ្រលង​ភ្នំ​ហេមពាន្ត​ខាង​លិច​ ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា២០​នាក់​ និង​ទាហាន​ចិនចំនួន​៤​នាក់។​

ប្រទេស​ទាំង​ពីរ​បាន​ដាក់​កងទ័ព​របស់​ខ្លួន​ប្រមាណ​៥​ម៉ឺន​នាក់​ម្ខាងៗ​ គាំទ្រ​ដោយយន្តហោះ​ចម្បាំង​ កាំភ្លើងធំ​ និង​រថគ្រោះ​ផង​ដែរ​ នៅ​តាម​តំបន់​ព្រំដែន​នៅ​ភ្នំ​ហេមពាន្ត​ ​តាម​តំបន់​ដែល​គេ​ហៅ​ថា​ ចំណុច​ដែល​មាន​បញ្ហា​តាម​ខែ្ស​បន្ទាប់​ព្រំដែន ដែល​មិនមាន​ការ​បោះ​បង្គោល​ ប្រវែង​ប្រមាណ​៣​ពាន់៨​រយ​គីឡូម៉ែត្រ។​ នៅ​តាម​ទីតាំង​ជា​ច្រើន​ កងទ័ព​ទាំង​ពីរ​ប្រទេស​បាន​ឈរ​ជើង​នៅ​ក្បែរៗ​គ្នា។

ការ​ដក​កងទ័ព​នេះ​កើត​មាន​ឡើងនៅ​មុន​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នៅ​សប្តាហ៍​ក្រោយ​ នៅក្នុង​ប្រទេស​អ៊ូសបេគីស្ថាន​ ដែល​គ្រោង​ចូល​រួម​ដោយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra Modi ​និង​ប្រធានាធិបតី​ចិន​លោក Xi Jinping។ ​មាន​ការ​សន្និដ្ឋាននៅ​ក្នុង​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា​ ទំនង​ជា​មាន​កិច្ចប្រជុំមួយ​រវាង​ថ្នាក់​ដឹកនាំនៃ​ប្រទេស​ទាំង​ពីរ​នេះ​ នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការសហ​ប្រតិបត្តិការ​សៀងហៃ​ ហើយ​ដែល​ជា​ការ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​ ចាប់​តាំង​ពី​ភាព​តាន​តឹង​បាន​ផ្ទុះ​ឡើង​ ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នានៅ​តាម​ព្រំដែន​កាល​ពី​ឆ្នាំ​២០២០​មក​នោះ៕

XS
SM
MD
LG