ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រីឥណ្ឌាជំរុញឱ្យមានសហប្រតិបត្តិការដោះសា្រយបញ្ហាជាសាកលក្នុងកិច្ចប្រជុំក្រុមប្រទេស G20


រូបឯកសារ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថ្លែងតាមវីដេអូនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ហៅកាត់ថា G20 នៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌា នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រទេស ​G20 បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុង​រដ្ឋធានី New Delhi​ ប្រទេស​ឥណ្ឌា ​ដែល​ក្នុង​កិច្ចប្រជុំ​នោះ​ នាយករដ្ឋមន្ត្រី​ឥណ្ឌា ​លោក​ Narendra Modi បាន​ជំរុញ​ដល់​ក្រុម​ប្រទេស ​G20 ឱ្យ​ធ្វើ​ការ​រួម​គ្នា បើ​ទោះ​បី​ជា​គេ​មិន​យល់ស្របលើ​បញ្ហា​មួយ​ចំនួន​ក្តី។

នៅក្នុង​សុន្ទរកថាតាម​វីដេអូ លោក​ Modi ​និយាយ​ថា​៖ «ក្នុង​នាមរដ្ឋមន្ត្រីការបរទេស​ ​វា​ជា​រឿង​ធម្មតា​ដែល​ការ​ពិភាក្សា​របស់​អស់លោក​លោកស្រី ​រងការ​ប៉ះពាល់​ដោយ​ភាពតានតឹងនៃ​ភូមិសាស្ត្រ​នយោបាយ​។​ បើ​ទោះ​បី​ជា​យ៉ាង​នេះក្តី​ ក៏​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ចរីកចម្រើនរបស់​ពិភពលោក​នោះ យើង​មាន​ការ​ទទួល​ខុសត្រូវមួយទៅ​លើប្រទេស​ដែលមិនមាន​វត្តមាន​នៅ​ក្នុង​បន្ទប់​ប្រជុំ​នេះ»។

លោកបន្ថែម​ទៀត​ថា​ ពិភពលោកកំពុង​សម្លឹងឆ្ពោះ​ទៅ​រក​ក្រុម​ប្រទេស​ G20 ក្នុង​ការ​គូស​បញ្ជាក់​ពី​កំណើន ការ​អភិវឌ្ឍន៍ ភាព​ស៊ូធន់​លើ​បញ្ហា​គ្រោះមហន្តរាយ​និង​សេដ្ឋកិច្ច​ ស្ថិរភាព​ហិរញ្ញវត្ថុ​ អំពើ​ពុករលួយ​ ភេរវកម្ម​ និង​បញ្ហា​សន្តិសុខ​ថាមពល​និង​ស្បៀង​អាហារ​ជា​ដើម។​

រដ្ឋមន្ត្រី​ការបរទស​ឥណ្ឌាលោក S. Jaishankar​ បាន​ថ្លែង​ប្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា​ ក្រុម​ប្រទេស​ G20 មាន​ការ​ទទួល​ខុសត្រូវ​ជា​ពិសេស​មួយ​ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិចម្រុះ​ជាច្រើន។​ ​លោក​បន្ថែម​ទៀត​ថា​ ក្នុង​ចំណោម​វិបត្តិ​ទាំង​នោះ ​គឺ​បញ្ហា​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ១៩ ​បញ្ហា​សង្វាក់​ផ្គត់ផ្គង់​ ការ​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​ និង​ការ​បន្ទុចបង្អាក់ដោយ​ហេតុការណ៍​បម្រែបម្រួល​អាកាស​ធាតុ​ជា​ដើម។​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទសក្រុម​ប្រទេស ​G20 នេះ​ កើត​មាន​ឡើង​ ​ខណៈពេលដែល​កំពុងមាន​ភាព​តានតឹងខ្លាំង​ខាង​ភូមិសាស្រ្ត​នយោបាយ ដែល​បង្កឡើង​ដោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិក​ លោក​ Antony Blinken ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក ​Sergei Lavrov និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang​ ស្ថិត​ក្នុង​ចំណោម​អ្នក​ចូលរួមនៃ​កិច្ចប្រជុំ​នេះ។

ក្រៅ​ពី​រឿងសង្រ្គាម​អ៊ុយក្រែន​ ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ក៏​កើត​ចេញ​ផង​ដែរ​ ពី​ការ​ដែលអាមេរិក​បាន​បាញ់ទម្លាក់​បាឡុង​ដែលសង្ស័យ​ថា​ធ្វើ​ចារកម្មរបស់​ចិន​ នៅ​លើ​សមុទ្រ​របស់​ខ្លួន កាល​ពី​ខែកុម្ភៈ​កន្លង​ទៅ។

ទីភ្នាក់ងារ​សារព័ត៌មាន​ AP បាន​រាយការណ៍​ថា​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក Antony Blinken​ និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​លោក Sergey Lavrov​ បាន​សន្ទនាគ្នា​យ៉ាងខ្លី​នៅ​ឯកិច្ចប្រជុំ​នេះ។ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​លោក​ Blinken ​និងលោក ​Lavrov ​បាន​ជជែកគ្នា​ប្រហែល ​១០​ នាទី​នៅ​ខាងក្រៅ​សន្និសីទ​នៅ​ទីក្រុង New Delhi ។

ការជួបគ្នា​រយៈពេល​ខ្លី​នេះ ​គឺជា​លើក​ទី​ ១ ដែល​ប្រទេស​ទាំង​ពីរ​បាន​ជួបគ្នា​ក្នុង​កម្រិត​ជាន់ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ ខណៈ​ដែល​ភាព​តានតឹង​ជុំវិញ​សង្គ្រាម​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន​បាន​កើនឡើង​ ហើយ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាលក្រុង​មូស្គូ​បាន​ធ្លាក់​ចុះ។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​និយាយ​ថា​ លោក​ Blinken​ បាន​ផ្តល់​បី​ចំណុច​ដល់​លោក ​Lavrov​ ក្នុងនោះ​មាន​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន​ គឺ​រឹងមាំ​និង​មិនផ្លាស់ប្តូរ​ ​រុស្ស៊ី​គួរតែ​ត្រឡប់​ទៅ​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​ New START ហើយ​ថា ​រុស្ស៊ី​គួរតែ​ដោះលែង​លោក Paul Whelan ​ជនជាតិ​អាមេរិក​ដែល​កំពុង​ជាប់ឃុំ៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG