ឥណ្ឌានឹងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក ក្នុងពេលណាមួយក្នុងឆ្នាំ២០២៣នេះ ដោយនាំមុខឈ្នះប្រទេសចិន។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។
ក្រោយពីប្រទេសចិនបានរាយការណ៍នៅខែមករានេះថា ចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះជាលើកទី១ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ អ្នកជំនាញមួយចំនួននិយាយថា ឥណ្ឌានឹងអាចក្លាយជាប្រទេសនាំមុខគេដែលមានប្រជាជនច្រើនជាងប្រទេសចិន។
លោកស្រី Poonam Muttreja នាយិកាប្រតិបត្តិនៃមូលនិធិប្រជាជន ដែលជាអង្គការតស៊ូមតិមិនរកកម្រៃមួយរបស់ឥណ្ឌានិយាយថា «វាមិនមែនជារឿងដែលគេមិនរំពឹងទុកនោះឡើយ។ យើងដឹងថា យើងនឹងមានប្រជាជនលើសប្រទេសចិនក្នុង២០២៧ខាងមុខ ប៉ុន្តែដោយចិនមានចំនួនពលរដ្ឋធា្លក់ចុះយ៉ាងលឿននោះ រឿងនេះវានឹងកើតឡើងលឿងជាងការរំពឹងទុក»។
ប្រទេសទាំង២នេះនៅពេលនេះកំពុងមានចំនួនប្រជាជនប្រហាក់ប្រហែលគ្នា គឺប្រមាណ១ពាន់៤រយលាននាក់ តែការនាំមុខប្រទេសចិនរបស់ឥណ្ឌាមិនគ្រាន់តែជាចំនួនប៉ុណ្ណោះទេ តែវាជាការផ្លាស់ប្តូរដ៏សំខាន់មួយផងដែរ។ នេះយោងទៅលើអ្នកជំនាញខាងប្រជាសាស្ត្រមួយចំនួន។ ខណៈពេល ដែលចំនួនប្រជាជនចិន បានចាប់ផ្តើមធ្លាក់ចុះលឿនជាងការព្យាករណ៍ទុកនោះ ប្រទេសឥណ្ឌានឹងបន្តកំណើនប្រជាជនរបស់ខ្លួន ក្នុងរយៈពេល៣ទសវត្សរ៍ទៅមុខទៀត។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ ខណៈពេលដែលប្រជាជនចិន កំពុងមានមនុស្សវ័យចាស់ៗកាន់តែច្រើននោះ ពលរដ្ឋឥណ្ឌាជិតពាក់កណ្តាលមានអាយុក្រោម២៥ឆ្នាំ។
ចំនួនពលរដ្ឋដែលឥណ្ឌាមានច្រើនជាងប្រទេសចិននេះ គឺជាឱកាសមួយដែលធ្វើឱ្យឥណ្ឌាមានការចម្រើនខ្លាំងខាងសេដ្ឋកិច្ច ប៉ុន្តែអ្នកជំនាញនានានិយាយថា រឿងទាំងនេះវាអាស្រ័យទៅលើថាតើឥណ្ឌាអាចប្រើប្រាស់កម្លាំងពលកម្មនៃចំនួនពលរដ្ឋរបស់ខ្លួនដោយរបៀបណា ជាពិសេសពលរដ្ឋដែលកំពុងពេញអាយុធ្វើការងារ ដែលមានចំនួនដ៏ច្រើនរបស់ខ្លួននោះ៕
ទីក្រុងញូវដែលី —