ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​សេចក្តី​រាយ​ការណ៍​ថា ឥណ្ឌា​ជិត​បន្ត​ការ​នាំចេញ​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​


បុគ្គលិក​សុខាភិបាល​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដល់​បុរស​ម្នាក់​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុង​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (AFP)
បុគ្គលិក​សុខាភិបាល​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដល់​បុរស​ម្នាក់​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុង​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (AFP)

នៅ​ពេល​មាន​គំនាប​ពី​ពិភពលោក​កើន​ឡើង​ ​ ប្រទេស​ឥណ្ឌា​និយាយ​ថា​ ខ្លួន​កំពុង​ពិនិត្យ​មើល​យ៉ាង​ដិតដល់​អំពី​ការ​បន្ត​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ១៩​ទៅ​ប្រទេស​ផ្សេងៗ ​ជា​ពិសេស​ទៅ​ទ្វីប​អាហ្វ្រិក​ ដែល​ត្រូវការ​វ៉ាក់សាំង​យ៉ាង​ខ្លាំង។​

ឥណ្ឌា​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ដ៏​ច្រើន​បង្អស់ ​ក៏​ប៉ុន្តែ​ប្រទេស​នេះ​បាន​ឈប់​នាំ​វ៉ាក់សាំង​ចេញ​ កាលពី​ខែ​មេសា​ដើម្បី​ប្រយុទ្ធ​ការឆ្លង​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​វីរុស​ដែល​ឥឡូវ​នេះត្រូវ​បាន​ទប់ស្កាត់​ភាគ​ច្រើន។​

ប្រភព​មួយ​ដែល​បាន​ដឹង​អំពី​ការ​សម្រេច​នេះ​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ពីព្រោះ​លោក​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​និយាយ​ជាមួយ​បណ្តាញ​ព័ត៌មាន។ ​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​ថា ​ ដោយ​ប្រជា​ពលរដ្ឋ​ឥណ្ឌា​យ៉ាង​តិច​៦១​ភាគរយ​នៃ​ប្រជាជន​សរុប​៩៤៤​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​មួយ​ដូស​ហើយនោះ​ដូច្នេះ​ប្រទេស​នេះ​ឥឡូវនេះ​មាន​វ៉ាក់សាំង​លើស​តម្រូវ​ការ។

ការ​សម្រេច​ចាប់​ផ្តើម​បញ្ចេញ​វ៉ាក់សាំង​ឡើង​វិញ​នេះ​ធ្វើឡើង​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក ​Narendra Modi​ បាន​ប្រុង​ប្រៀប​មក​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​របស់​មេដឹកនាំ​នៃ​ប្រទេស​ចតុភាគី​ ឬ​ Quad ​ដែល​មាន​សហ​រដ្ឋ​អាមេរិក​ ឥណ្ឌា ​ជប៉ុន​ និង​អូស្ត្រាលី។​

ប្រភព​នោះ​បាន​បញ្ជាក់​ថា ​«ការ​សម្រេច​បញ្ចេញ​វ៉ាក់សាំង​ គឺ​ចប់​ហើយ។​ឥណ្ឌា​ចង់​ជួយ​ទ្វីប​អាហ្វ្រិក​ទាំង​វ៉ាក់សាំង​ និង​គម្រូ​ប្រតិបត្តិការ​ប្រឆាំង​ជំងឺកូវីដ»។​

កាលពី​ថ្ងៃ​អង្គារ​ អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ​ ខ្លួន​កំពុង​ពិភាក្សា​ជា​មួយ​ក្រុម​មន្ត្រី​ឥណ្ឌា​ដើម្បី​បន្ត​ការ​បញ្ចេញ​វ៉ាក់សាំង​លើស​តម្រូវ​ការ​ទៅ​ប្រទេស​ផ្សេងៗ​តាម​រយៈ​កម្មវិធី ​COVAX។

កាលពី​ថ្ងៃ​អង្គារ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​ឥណ្ឌា​ដើម្បី​បន្ត​ការ​ផ្គត់ផ្គង់​តាម​រយៈ​កម្មវិធី​COVAX​ចែក​រំលែក​វ៉ាក់សាំង​សកល។​ មន្រ្តី​ជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក​ លោក​ Bruce Aylward ​បាន​និយាយ​ថា «យើង​ត្រូវ​បាន​ធានា​ថា​ ការ​ផ្គត់ផ្គង់​នឹង​ចាប់​ផ្តើម​ឡើងវិញ​នៅ​ឆ្នាំ​នេះ»។​

ទន្ទឹមនឹង​នេះ​ សហភាព​អាហ្វ្រិក​បាន​ស្តី​បន្ទោស​អ្នក​ផលិត​វ៉ាក់សាំង​ដោយ​និយាយ​ថា​ ពួកគេ​មិន​ផ្តល់​ឱកាស​គ្រប់គ្រាន់​ដល់​សហភាព​អាហ្វ្រិក​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ទេ។​ សហភាព​អាហ្វ្រិក​បាន​សុំ​ឱ្យ​ប្រទេស​ផលិត​វ៉ាក់សាំង​ជាពិសេស​ឥណ្ឌា​ដក​ចេញ​ការត្រួត​ពិនិត្យ​ការ​នាំចេញ។ ​ក្នុង​ចំណោម​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ចំនួន​៥,៧​ ពាន់​លាន​ដូស​ចាក់​នៅ​ទូទាំងពិភព​លោក​មាន​តែ​២%​ប៉ុណ្ណោះ​ចាក់​នៅ​ទ្វីប​អាហ្វ្រិក៕​ ​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press សារព័ត៌មាន Reuters និង​សារព័ត៌មានAgence France-Presse)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG