អាជ្ញាធរខេត្តកំពង់ស្ពឺបានសម្រេចដុតចោលសាច់ក្របីរាប់តោន ដែលត្រូវបាននាំចូលពីប្រទេសឥណ្ឌា ក្រោយក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩ ប្រមាណមួយសប្តាហ៍មកហើយ។ នេះបើយោងតាមអភិបាលខេត្តកំពង់ស្ពឺ។
ក្រោយអាជ្ញាធរសុខាភិបាលកម្ពុជារកឃើញសាច់ក្របីបង្កកនាំចូលពីឥណ្ឌា មានផ្ទុកវីរុសជំងឺកូវីដ១៩ កាលពីថ្ងៃទី១៩ ខែកក្កដា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានជំទាស់ និងស្នើឲ្យមានការធ្វើតេស្តពិនិត្យឡើងវិញលើសាច់ក្របីដាក់ក្នុងកុងតឺន័រនេះ។ ស្ថានទូតឥណ្ឌាក៏បានស្នើឲ្យមានការធ្វើតេស្តនៅប្រទេសសិង្ហបុរីផងដែរ។
ទោះជាយ៉ាងណាលោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ VOA នៅថ្ងៃពុធនេះយ៉ាងខ្លីថាសាច់ក្របីទាំងអស់នេះ ត្រូវបានដុតបំផ្លាញចោល កាលពីព្រឹកថ្ងៃពុធនេះ នៅក្នុងស្រុកឱរ៉ាល់រួចរាល់អស់ហើយ។ លោកមិនអាចបញ្ជាក់ពីបរិមាណសាច់ក្របីនេះទេ។
លោកថ្លែងថា៖ «សំខាន់គេដុតទាំងអស់ ព្រោះថា អាហ្នឹងងាប់ហើយ ឆ្លងកូវីដពេញវាលពេញកាលទុកធ្វើអី។ ហើយប្រុងស្តាយសាច់ហ្នឹងអី? ធម្មតាទេអាហ្នឹងរឿងនយោបាយ អញ្ចឹងបានខាងយើងសំណូមពរមិនឲ្យការផ្សាយហ្នឹងហ្អា ខ្លាចវាប៉ះពាល់ទៅដល់កតិ្តយសសេចក្តីថ្លៃថ្នូររបស់ប្រទេសនីមួយៗ វាអញ្ចឹងហ្អា»។
អាជ្ញាធរពាក់ព័ន្ធផ្សេងទៀតហាក់ស្ទាក់ស្ទើរក្នុងការបញ្ចេញព័ត៌មានអំពីការដុតបំផ្លាញសាច់ក្របីនេះ។
លោកអោ វណ្ណថេនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបដិសេធមិនអត្ថាធិប្បាយដោយបង្វែរសំណួរទៅរដ្ឋបាលខេត្តវិញ។ ចំណែកលោក មួង ធី អភិបាលស្រុកឱរ៉ាល់ បានបដិសេធមិនអត្ថាធិប្បាយដូចគ្នា ដោយប្រាប់ឲ្យមើលការចុះផ្សាយរបស់សារព័ត៌មានវិញ។ លោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបដិសេធមិនអត្ថាធិប្បាយអំពីការដុតបំផ្លាញនេះ ដោយបង្វែរសំណួរទៅខាងអាជ្ញាធរទទួលបន្ទុកខាងគយវិញ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោកគុណ ញឹមប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទេនៅថ្ងៃពុធនេះ។
កាលពីថ្ងៃអង្គារ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថាស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា«មិនអស់ចិត្តចំពោះការរកឃើញវីរុសកូវីដ១៩នៅលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានិងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត»។
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានប្រាប់ VOA កាលពីល្ងាចថ្ងៃពុធថាស្ថានទូតមិនទាន់បានទទួលបានព័ត៌មានណាមួយពីអាជ្ញាធរកម្ពុជាទាក់ទងនឹងការដុតបំផ្លាញសាច់ក្របីរួចហើយនៅឡើយទេ។ ស្ថានទូតឥណ្ឌាប្រាប់វីអូអេតាមសារអ៊ីមែលថាបើមិនមានការព្រមព្រៀងពីកម្ពុជាឲ្យធ្វើតេស្តឡើងវិញ ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាក៏បានត្រៀមលក្ខណៈជាស្រេចក្នុងការដឹកជញ្ជូនសាច់ក្របីដែលដាក់ក្នុងកុងតឺន័រនោះត្រឡប់ទៅប្រទេសឥណ្ឌាវិញ ដោយរ៉ាប់រងលើចំណាយផ្ទាល់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែល VOA ទទួលបានពីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជានាថ្ងៃពុធនេះ ស្ថានទូតបានបញ្ជាក់ថាសាច់ក្របីនេះទទួលបានការត្រួតពិនិត្យត្រឹមត្រូវពីមន្ទីរពិសោធន៍នៅប្រទេសឥណ្ឌា ស្របតាមស្តង់ដារគុណភាព ISO ត្រឹមត្រូវ និងមិនបានរកឃើញមានវីរុសកូវីដ១៩នោះទេ។
លិខិតជាភាសាអង់គ្លេសខាងលើត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «នៅក្នុងបរិបទលទ្ធផលខ្វែងគ្នានៅឥណ្ឌានិងកម្ពុជា ក្រុមហ៊ុននាំចេញពីឥណ្ឌាតាមរយៈស្ថានទូតឥណ្ឌានៅក្រុងភ្នំពេញ និងក្រុមហ៊ុនដៃគូនាំចូលនៅកម្ពុជាបានស្នើឲ្យក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រឆាំងជំងឺកូវីដ១៩ ធ្វើតេស្តលើសំណាកសាច់ថ្មីនៅក្នុងកុងតឺន័រដូចគ្នា ដើម្បីបញ្ជាក់ពីលទ្ធផលតេស្ត ហើយប្រសិនបើអាច គឺយកទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍ទំនើបមួយនៅប្រទេសសិង្ហបុរី»។
បើតាមស្ថានទូតឥណ្ឌា សាច់ក្របីត្រូវបាននាំចេញពីប្រទេសឥណ្ឌា តាំងពីខែមេសាហើយមកដល់កម្ពុជានៅក្នុងខែកក្កដានេះ។ ស្ថានទូតបញ្ជាក់ថាមិនមានភស្តុតាងវិទ្យាសាស្រ្តអាចបញ្ជាក់ថាវីរុសកូវីដ១៩ អាចរស់នៅលើចំណីអាហារនិងសម្ភារវេចខ្ចប់បានរយៈពេលជិត៣ខែនោះទេ។
ស្ថានទូតឥណ្ឌាក៏បានសង្កត់ធ្ងន់ដែរថាមកទល់ពេលនេះមិនមានប្រទេសដទៃណាមួយនៅលើពិភពលោកធ្លាប់បានរាយការណ៍ពីវីរុសកូវីដ១៩ នៅក្នុងអាហារបង្កក ឬសម្ភារៈវេចខ្ចប់អាហារប្រភេទនេះទេ។
វីអូអេបានព្យាយាមទាក់ទងលោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងអ្នកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ។
លិខិតរបស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដាបានលើកឡើងថា អាជ្ញាធរកម្ពុជាបានរកឃើញសាច់ក្របីនាំចូលពីឥណ្ឌា មានផ្ទុកវីរុសកូវីដ១៩ ចំនួន៣កុងតឺន័រក្នុងចំណោម៥កុងតឺន័រនៅទីលានផែស្ងួតត្រីកូដដ្រាយផត (Trikud Dry Port) នៅរាជធានីភ្នំពេញ។ សាច់ក្របីបង្កកនេះត្រូវបាននាំចូលដោយក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Bovini Food និងក្រុមហ៊ុន Ashary Investment & Construction។
ក្រោយពីមានការបញ្ជាក់ពីក្រសួងសុខាភិបាលថាមានវីរុសកូវីដ១៩លើសាច់ក្របីនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញលិខិតមួយច្បាប់ចុះថ្ងៃទី២១ ខែកក្កដា សម្រេចឲ្យកម្ទេចចោលសាច់ក្របីនេះ៕