ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ចម្បង​នៅ​ប្រទេស​ឥណ្ឌា​សន្យា​កំណត់​ប្រាក់​ចំណូល​អប្បបរមា​សម្រាប់​ពលរដ្ឋ​ក្រីក្រ​បំផុត


លោក Rahul Gandhi ប្រធាន​គណបក្ស Congress Party ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង New Delhi ឥណ្ឌា ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។
លោក Rahul Gandhi ប្រធាន​គណបក្ស Congress Party ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង New Delhi ឥណ្ឌា ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។

អ្នក​រិះគន់​នានា​បាន​ទិតៀន​គម្រោង​នេះ​ថា​ជា​វិធានការ​ប្រជា​និយម​មួយ​ដើម្បី​លួង​ចិត្ត​អ្នក​បោះ​ឆ្នោត។ ពួកគេ​ថែម​ទាំង​មាន​ការ​ងឿង​ឆ្ងល់​ផង​ដែរ​ថា​តើ​បាន​ថវិកា​មក​ពី​ណា​ដើម្បី​ឧបត្ថម្ភ​ដល់​គម្រោង​ដែល​ត្រូវ​ចំណាយ​អស់​ប្រហែល ៥២ ពាន់​លាន​ដុល្លារ​អាមេរិក​នេះ។

នៅ​ប្រទេស​ឥណ្ឌា នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ដណ្ដើម​យក​គម្រោង​ផ្ដួចផ្ដើម​ពី​គណបក្ស Bharatiya Janata របស់​លោក​នាយករដ្ឋមន្ត្រី Narendra Modi គណបក្ស Congress Party ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​សន្យា​ថា​នឹង​បង្កើត «គម្រោង​ប្រាក់​ចំណូល​ទាប​បំផុត» ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក សម្រាប់​ប្រជាពលរដ្ឋ​ឥណ្ឌា​ក្រីក្រ​ជិត ២៥០ លាន​នាក់ ប្រសិនបើ​គណបក្ស​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជ្រើសរើស​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​នឹង​ចាប់ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​មេសា​ខាង​មុខ​នេះ​តទៅ។

អ្នក​រិះគន់​នានា​បាន​ទិតៀន​គម្រោង​នេះ​ថា ជា​វិធានការ​ប្រជា​និយម​មួយ ​ដើម្បី​លួង​ចិត្ត​អ្នក​បោះ​ឆ្នោត។ ពួកគេ​ថែម​ទាំង​មាន​ការ​ងឿង​ឆ្ងល់​ផង​ដែរ​ថា​ តើ​បាន​ថវិកា​មក​ពី​ណា​ដើម្បី​ឧបត្ថម្ភ​ដល់​គម្រោង​ដែល​ត្រូវ​ចំណាយ​អស់​ប្រហែល ៥២ ពាន់​លាន​ដុល្លារ​អាមេរិក​នេះ។

គណបក្ស Bharatiya Janata ដែល​ជា​គណបក្ស​កាន់​អំណាច បាន​ជំទាស់​ទៅ​នឹង​គម្រោង​នេះ​ថា​ជា «ក្ដី​សុបិន​ក្លែងក្លាយ» មួយ ដែល​បង្ហាញ​ដល់​ប្រជាពលរដ្ឋ។ គណបក្ស​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កម្មវិធី​សុខុមាលភាព​សង្គម​មួយ​ចំនួន​គឺ​មាន​រួច​មក​ហើយ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ។

ប៉ុន្តែ ការ​សន្យា​នេះ​បាន​ធ្វើ​ឲ្យ​សាធារណជន​ងាក​មក​ចាប់​អារម្មណ៍​លើ​គំនិត​មួយ ដែល​នោះ​គឺ​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​ក្រីក្រ​បំផុត​នៅ​ក្នុង​ប្រទេស។

លោក Rahul Gandhi ប្រធាន​គណបក្ស Congress Party បាន​និយាយ​ថា៖ «ការ​វាយ​ប្រយុទ្ធ​លើ​ភាព​ក្រីក្រ​បាន​ចាប់ផ្ដើម​ហើយ»។ លោក​ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​លោក​បាន​ប្រកាស​អំពី​ការ​សន្យា​របស់​លោក​នៅ​ក្នុង​ការ​ធានា​ផ្ដល់​ប្រាក់​ចំណូល​ចំនួន​ប្រហែល ១ ពាន់ ៥០ ដុល្លារ ក្នុង​មួយ​ឆ្នាំ ដល់​ក្រុម​គ្រួសារ​ក្រីក្រ​បំផុត​ចំនួន ២០ ភាគរយ ឬ​ក៏​ចំនួន ៥០ លាន​គ្រួសារ។

លោក Gandhi មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត​អំពី​ថា​ តើ​គម្រោង​ដ៏​មាន​មហិច្ឆតា​នេះ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​តាម​វិធី​ណា​នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ត្រូវ​ចាត់ចែង​ឡើង​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផ្នែក​ហិរញ្ញវត្ថុ។

លោក​និយាយ​ដូច្នេះ​ថា៖ «យើង​បាន​ធ្វើ​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់។ យើង​បាន​ប្រឹក្សា​យោបល់​ជាមួយ​នឹង​សេដ្ឋវិទូ​ល្បីៗ​នានា»។ លោក​បន្ថែម​ថា ដំណើរ​ការ​ទាំង​នេះ​គឺ​ហៅ​ថា «Nyay» ជា​ភាសា​ឥណ្ឌា ដែល​មាន​ន័យ​ថា «យុត្តិធម៌»។

អ្នក​វិភាគ​នយោបាយ​នានា​យល់​ឃើញ​ថា ការ​ប្រកាស​របស់​គណបក្ស Congress Party គឺ​ជា​ការ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​លោក​នាយករដ្ឋមន្ត្រី Narendra Modi។

លោក Modi កាល​ពី​ខែ​មុន បាន​ប្រកាស​អំពី​ការ​ផ្ដល់​ប្រាក់​ចំនួន ៩០ ដុល្លារ​អាមេរិក ដែល​ជា​ចំនួន​ល្មម​គួរសម​គ្រាន់បើ​ជា​រៀងរាល់​ឆ្នាំ ដល់​កសិករ​ក្រីក្រ។ អ្នក​អត្ថាធិប្បាយ​ភាគ​ច្រើន បាន​លើក​ឡើង​តៗ​គ្នា​ថា «ប្រាក់​កាន់តែ​ច្រើន​គឺ​កាន់តែ​ប្រសើរ​នៅ​ក្នុង​រឿង​នយោបាយ»។

លោកស្រី Priyanka Gandhi Vadra អគ្គលេខាធិការ​គណបក្ស Congress Party ជួប​ជាមួយ​នឹង​អ្នក​គាំទ្រ នៅ​ក្នុង​ក្រុង Varanasi ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។
លោកស្រី Priyanka Gandhi Vadra អគ្គលេខាធិការ​គណបក្ស Congress Party ជួប​ជាមួយ​នឹង​អ្នក​គាំទ្រ នៅ​ក្នុង​ក្រុង Varanasi ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។

​អ្នកស្រី Satish Misra អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា បាន​និយាយ​ថា ការ​សន្យា​របស់​គណបក្ស Congress Party នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​មាន​ការ​ស្រងាក​ចិត្ត​ថា «ពេល​វេលា​ដ៏​ល្អ» ដែល​លោក Modi បាន​សន្យា​ នៅ​ពេល​ដែល​លោក​ឡើង​កាន់​អំណាច គឺ​ជា​រឿង​ដែល​មិន​អាច​សម្រេច​បាន។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «មនុស្ស​គ្មាន​ការងារ​ធ្វើ​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល។ កសិកម្ម​ជួប​ប្រទះ​បញ្ហា។ ដូច្នេះ មនុស្ស​នឹង​មើល​លើ​បញ្ហា​នេះ»។

អ្នកស្រី Misra និយាយ​ថា ចំណាប់​អារម្មណ៍​របស់​សាធារណជន​នឹង​ងាក​មក​ផ្ដោត​លើ​បញ្ហា​ប្រចាំ​ថ្ងៃ នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​សម្រេច​ងាក​មក​ផ្ដោត​លើ​បញ្ហា​សន្តិសុខ​ជាតិ បន្ទាប់ពី​មាន​ភាព​តានតឹង​ កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «ករណី​នេះ​បាន​ធ្វើ​ឲ្យ​ការ​លើក​ឡើង​ពី​រឿង​សន្តិសុខ​ខាង​ក្រៅ ដែល​គណបក្ស​កាន់​អំណាច​បាន​អួត​សរសើរ​កន្លង​មក​នេះ មាន​លក្ខណៈ​មិន​សូវ​សំខាន់»។

ជន​ចំណាក​ស្រុក​គ្មាន​ជំនាញ​មក​ពី​តំបន់​ជនបទ ដែល​សម្រុក​ធ្វើ​ដំណើរ​ស្វែងរក​ជីវភាព​ប្រសើរ​ជាង​មុន​នៅ​តាម​ទីក្រុង​ធំៗ​ ដូចជា​ទីក្រុង New Delhi និង​ទីក្រុង Mumbai ជា​ដើម បាន​និយាយ​ថា បញ្ហា​ប្រឈម​ចម្បង​បំផុត​របស់​ពួកគេ ​គឺ​មិន​មែន​បញ្ហា​កង្វះ​ប្រាក់​ចំណូល​នោះ​ទេ ប៉ុន្តែ​គឺ​បញ្ហា​កង្វះ​ប្រាក់​កម្រៃ​សមរម្យ។

លោក Parmanand Bhagat អាយុ ៣៦ ឆ្នាំ ដែល​ជា​អ្នក​បើក​ម៉ូតូ​កង់​បី បាន​និយាយ​ថា៖ «ចំណូល​ដែល​ខ្ញុំ​រក​បាន​ស្ទើរតែ​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​ខ្ញុំ​ផ្ទាល់។ ខ្ញុំ​ដូចជា​មើល​មិន​ឃើញ​ពី​អនាគត​នោះ​ទេ»។

មុន​នឹង​លោក​ធ្វើ​ជា​អ្នក​បើក​ម៉ូតូ​កង់​បី លោក​បាន​ធ្វើ​ជា​សន្តិសុខ​យាម​កាម និង​អ្នក​លក់​ម្ហូប​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ តាំង​ពី​លោក​បាន​ចាកចេញ​ពី​ភូមិ​កំណើត​របស់​លោក​កាល​ពី ៤ ឆ្នាំ​មុន​មក។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​អាច​រៀបចំ​អនាគត​របស់​ខ្ញុំ​បាន នៅ​ពេល​ណា​ដែល​ខ្ញុំ​មាន​ប្រាក់​ចំណូល​បន្ថែម​តែ​ប៉ុណ្ណោះ»។

លោក Ramanand គឺ​ជា​អ្នក​ថែ​សួន។ លោក​បាន​ធ្វើ​ដំណើរ​ពី​ភូមិ​កំណើត​របស់​លោក​កាលពី ៣ ឆ្នាំ​មុន ដើម្បី​រក​លុយ​បញ្ជូន​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​នៅ​ឯ​ស្រុក​កំណើត។ លោក​ក៏​បាន​ប្រឈម​នឹង​បញ្ហា​ដូច​គ្នា​នេះ​ផង​ដែរ ដោយសារតែ​ប្រាក់​ចំណូល​របស់​លោក​ប្រហែល ១២០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​របស់​លោក​បាន​ទេ។

លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ថ្លែង​ទៅ​កាន់​ការ​ប្រមូលផ្តុំ​មួយ​នៅ​ភូមិ Dumi ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។
លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ថ្លែង​ទៅ​កាន់​ការ​ប្រមូលផ្តុំ​មួយ​នៅ​ភូមិ Dumi ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

​លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់​ដើម្បី​ទិញ​ម្ហូប​អាហារ សម្លៀកបំពាក់ និង​ផ្គត់ផ្គង់​ការ​អប់រំ​ដល់​កូនៗ​របស់​ខ្ញុំ​នោះ​ទេ»។

គម្រោង​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ចំ​ពេល​ដែល​ទស្សនៈ​យល់​ឃើញ​អំពី​ប្រាក់​ចំណូល​មូលដ្ឋាន​សាកល​ត្រូវ​បាន​ប្រទេស​អភិវឌ្ឍ​មួយ​ចំនួន​ដូចជា​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​បារាំង​ជា​ដើម មាន​ការ​ចាប់​អារម្មណ៍។

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ការ​ជជែក​ដេញដោល​បាន​ផ្ដោត​លើ​ការ​ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ។ ទោះបីជា​ប្រទេស​ឥណ្ឌា​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​លាន​នាក់​រួច​ផុត​ពី​ភាព​ក្រីក្រ ដោយសារ​ប្រទេស​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្លាក់​ចុះ​ពាក់​ចំនួន​កណ្ដាល​តាំង​ពី​ឆ្នាំ ២០០៥ មក​ក៏​ដោយ ក៏​ប្រទេស​នេះ​នៅតែ​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ដដែល ដោយ​មាន​ចំនួន​មួយ​ភាគ​បី​នៅ​លើ​ពិភពលោក។

គម្លាត​នៃ​ប្រាក់​ចំណូល​មាន​ទំហំ​ធំ ទោះបីជា​អ្នក​ដែល​មាន​ប្រាក់​ចំណូល​សមរម្យ​មាន​ការ​កើន​ឡើង​ក៏​ដោយ។ ការ​ស្ទង់​មតិ​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​ឆ្នាំ ២០១៦-២០១៧ បាន​សិក្សា​ពី​គោល​គំនិត​នេះ និង​ថែម​ទាំង​បាន​បង្ហាញ​ពី​គំរូ​មួយ​ផង​ដែរ។

សេដ្ឋវិទូ​នានា​បាន​និយាយ​ថា ការ​ផ្ដល់​ប្រាក់​ចំណូល​ជា​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ អាច​សម្រេច​បាន ប្រសិនបើ​ប្រទេស​ឥណ្ឌា​បញ្ឈប់​ការ​ឧបត្ថម្ភ​ដល់​គម្រោង​សុខុមាលភាព​សង្គម​រាប់​រយ​ដែល​មាន​សព្វថ្ងៃ ដូចជា​ម្ហូប​អាហារ​តម្លៃ​ថោក​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ការ​ឧបត្ថម្ភ​ជី​ដល់​កសិករ និង​គម្រោង​ធានា​បង្កើត​ការងារ​នៅ​តាម​តំបន់​ជនបទ ដែល​មាន​ចំនួន​ប្រហែល ១២ ភាគរយ នៃ​ថវិកា​ជា​ដើម។

ភាព​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ ជា​រឿយៗ​ត្រូវ​បាន​គេ​ចោទ​ជា​សំណួរ ដោយសារតែ​កម្មវិធី​ជួយ​ផ្ដល់​ថវិកា​ផ្គត់ផ្គង់​ទាំង​នេះ​ញាំញី​ដោយសារ​អំពើ​ពុករលួយ និង​ការ​ហូរ​ធ្លាយ​ថវិកា​ចេញ​ពី​សេដ្ឋកិច្ច​ក្នុង​ស្រុក។

ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​បាន​បញ្ជាក់​ថា ករណី​នេះ​ប្រហែល​ជា​នឹង​មិន​កើត​ឡើង​នោះ​ទេ ដោយសារតែ​គណបក្ស Congress Party បាន​បញ្ជាក់​រួច​ហើយ​ថា​នឹង​មិន​បញ្ចប់​កម្មវិធី​ជួយ​ផ្គត់ផ្គង់​ថវិកា​ដល់​គម្រោង​ដែល​មាន​ស្រាប់​នោះ​ទេ។

លោក Niranjan Sahoo នៃ​អង្គការ​មូលនិធិ​ស្រាវជ្រាវ​របស់​អ្នក​តាមដាន​ស្ថានការណ៍ (Observer Research Foundation) នៅ​ក្នុង​ទីក្រុង New Delhi និយាយ​ថា៖ «ករណី​នេះ​នឹង​ក្លាយជា​បន្ទុក​បន្ថែម និង​អាច​បណ្ដាល​ឲ្យ​ស្ថានការណ៍​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​កាន់តែ​ពិបាក​ជាង​មុន​ងាយ​ជា​ទី​បំផុត។

លោក​បាន​បន្ថែម​ថា វា​ពិតជា​មាន​ការ​លំបាក​ណាស់​នៅ​ក្នុង​ការ​បញ្ឈប់​ការ​ផ្គត់ផ្គង់​ថវិកា​ដល់​គម្រោង​ដែល​មាន​ស្រាប់។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «សម្រាប់​ហេតុ​ផល​សាមញ្ញ​មួយ គេ​តែង​ឃើញ​មាន​ក្រុម​អ្នក​បោះ​ឆ្នោត​គាំទ្រ​ខ្លាំងក្លា ដែល​ប្រឹងប្រែង​ដើម្បី​ឲ្យ​គម្រោង​នេះ​បន្ត​ទៅ​មុខ»។

ទោះបីជា​ការ​ជជែក​ដេញដោល​អំពី​រឿង​នេះ​នៅតែ​បន្ត​ក៏​ដោយ បញ្ហា​សំខាន់​នៅ​ចំ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​ឈាន​ដល់​ចំណុច​ក្ដៅ គឺ​ថា តើ​អ្នក​ក្រ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​អាច​ត្រូវ​បាន​ទាក់ទាញ​ដោយ​គម្រោង​ផ្ដល់​លុយ​ដល់​ពួកគេ​នេះ​ដែរ​ឬ​ទេ?

មនុស្ស​ភាគ​ច្រើន​បាន​ចំអក​ឲ្យ​រឿង​នេះ ដោយ​ហៅ​វា​ថា​ជា​ការ​សន្យា​រឿង​បោះ​ឆ្នោត​ដែល​នឹង​មិន​ដែល​សម្រេច​បាន​នោះ​ទេ។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា ពួកគេ​មិន​ចង់​បាន​ការ​ផ្ដល់​លុយ​ឲ្យ​នោះ​ទេ ប៉ុន្តែ​ចង់​បាន​ការងារ​សមរម្យ។

អ្នកស្រី Lakshmi Devi ជា​អ្នក​ជំនួយការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​រក​ចំណូល​បាន​ប្រហែល ១២០ ដុល្លារ​ក្នុង​មួយ​ខែ។ អ្នកស្រី​មាន​កូន​ប្រុស​តូច​មួយ ហើយ​ប្ដី​របស់​អ្នកស្រី​មិន​ដែល​មាន​ការងារ​ធ្វើ​ស្ថិតស្ថេរ​នោះ​ទេ។ អ្នកស្រី​បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​បាន​ប្រាក់​បៀវត្សរ៍​ប្រសើរ​ជាង​មុន គឺ​ប្រហែល ២០០ ដុល្លារ​ក្នុង​មួយ​ខែ។ យើង​អាច​ប្រឹងប្រែង​ធ្វើ​ការ។ ពួក​យើង​មិន​ចង់​បាន​លុយ​ដែល​គេ​ចែក​ឲ្យ​ទទេៗ​ទេ»។

ចំណែក​ឯ​លោក Ramanand ដែល​ជា​អ្នក​ថែ​សួន​វិញ យល់​ថា ការ​ផ្ដល់​ប្រាក់​ឲ្យ​នេះ​នឹង​មិន​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប៉ះពាល់​ដល់​អនាគត​ភ្លឺស្វាង​របស់​កូនៗ​របស់​លោក​នោះ​ឡើយ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រាក់​នេះ​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​តែ​ពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ការ​ពិត យើង​នៅតែ​ជួប​បញ្ហា។ យើង​នៅតែ​មាន​ការ​ពិបាក​ក្នុង​ចិត្ត»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG