នាង Radhika Nair និស្សិតអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចដែលទើបចេញពីទស្សនាពិព័រណ៍សិល្បៈនៅទីក្រុង Kochi នៃរដ្ឋ Kerala ថ្លែងថា៖
«តាំងពីកុមារភាពមកម៉្លេះ ខ្ញុំតែងយល់ថា ទម្លាប់(បុរាណ)ទាំងនេះគួរតែត្រូវថែរក្សាទុក ហើយខ្ញុំគិតថាជំនឿទាំងនោះមិនគួរត្រូវបានធ្វើឲ្យទៅជាច្បាប់ទេ»។
នាង Radhika បាននិយាយសំដៅទៅរកប្រពៃណីចំណាស់រាប់សតវត្សដែលបានហាមមនុស្សស្រីរវាងអាយុ១០ដល់៥០ឆ្នាំ មិនឲ្យឡើងកាំជណ្ដើរមាសទាំង១៨កាំដែលនាំទៅកាន់វិហារ Sabarimala ដែលជាទីសក្ការៈសំខាន់បំផុតមួយរបស់សាសនាហិណ្ឌូ។ ថ្មីៗនេះមានរឿងចម្រូងចម្រាសដ៏ខ្លាំងមួយកើតឡើង ទាក់ទងនឹងព្រះវិហារលើកំពូលភ្នំក្នុងរដ្ឋ Kerala មួយនេះ នៅក្រោយពីតុលាការកំពូលឥណ្ឌាបានដកបំរាមនេះ ដោយអះអាងថា វាជាការរើសអើងខាងភេទ។ បទបញ្ជានេះត្រូវបានគេមើលឃើញថាជាជំហានធំមួយសម្រាប់សមភាពស្ត្រី និងជាការបរាជ័យដល់វប្បធម៌បិតាធិបតេយ្យដ៏ជ្រាលជ្រៅ។
ប៉ុន្តែនៅក្នុងរដ្ឋដែលមានអត្រាចេះដឹងខ្ពស់ជាងគេរបស់ឥណ្ឌាដែលនៅភូមិសាស្ត្រនៅចុងខាងត្បូងប្រទេសមួយនេះ ទស្សនៈអំពីរឿងចម្រូងចម្រាសនេះមានភាពស្មុកស្មាញ។ នៅតាមទីក្រុងនិងទីប្រជុំជននានា ពលរដ្ឋសាមញ្ញជាស្ត្រីជាច្រើន ទាំងក្មេងទាំងចាស់ មានការជឿជាក់យ៉ាងខ្លាំងថា ព្រះវិហារមិនមែនជាទីកន្លែងសម្រាប់តស៊ូអំពីបញ្ហាសមភាពស្ត្រីទេ។ ពួកគេចង់ឲ្យគេរក្សាទុកប្រពៃណីនៅព្រះវិហារ Sabarimala ដោយមិនមានការរំខាន។ ពលរដ្ឋមួយចំនួនតូចដែលមានទស្សនៈសេរីនិយមជាងនេះ សុំមិនឲ្យមានការដកស្រង់សម្តីអំពីរឿងចម្រូងចម្រាសនេះ ដែលបាននាំឲ្យមានអារម្មណ៍ប្រឆាំងគ្នាខ្លាំងក្លាមិនត្រឹមតែក្នុងចំណោមគណបក្សនយោបាយដែលបានចូលមកលូកលាន់ក្នុងរឿងចម្រូងចម្រាសនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងចំណោមក្រុមគ្រួសារសាមញ្ញផង។
ស្ត្រីក្នុងវ័យមានរដូវ ត្រូវបានហាមមិនឲ្យចូលទៅក្នុងវិហារនេះ ផ្អែកលើជំនឿពីបរមបុរាណមួយថា កាយវិការបែបនេះជាការមាក់ងាយដល់ទេវនៃវិហារគឺ ព្រះ Ayyappa ដែលគេជឿថា ទេវដែលមិនចូលចិត្តការរួមភេទ។ ក្រុមអ្នកមានជំនឿស៊ប់ ដែលបានប្តេជ្ញាថែរក្សាប្រពៃណីនេះប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការកំពូលរបស់ប្រទេស បានបង្ខំឲ្យស្ត្រីមួយក្រុមដែលព្យាយាមចូលទៅវិហារ Sabarimala ត្រូវបង្ខំចិត្តថយក្រោយវិញ។ មានតែស្ត្រីពីរនាក់ប៉ុណ្ណោះបានលបឡើងចូលវិហារនេះរួចកាលពីដើមខែមករា ដោយមានអបដោយមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិល។ ប៉ុន្តែនៅពេលបាតុកម្មហិង្សាបានផ្ទុះឡើង ស្ត្រីទាំងពីរនាក់ក៏បានទៅលាក់ខ្លួននិងត្រូវទទួលការការពារពីប៉ូលិសជាច្រើនថ្ងៃ។
អ្នកស្រី Kanakadurgaអាយុ៣៩ឆ្នាំ ដែលបានត្រឡប់មកផ្ទះវិញកាលពីពាក់កណ្តាលខែមករា ត្រូវបាននាំទៅសម្រាកនៅមន្ទីរពេទ្យក្រោយពីមានការអះអាងថាអ្នកស្រីត្រូវម្តាយក្មេកវាយដំនិងចាក់សោមិនឲ្យចូលផ្ទះ។ បច្ចុប្បន្នអ្នកស្រីកំពុងស្នាក់នៅក្នុងទីជម្រកមួយកន្លែងដែលផ្តល់ឲ្យដោយរដ្ឋាភិបាល។ បងប្អូនប្រុសរបស់អ្នកស្រីបានស្នើឲ្យអ្នកស្រីធ្វើការសុំទោសដល់ក្រុមអ្នកមានជំនឿស៊ប់។ ចំណែកក្រុមគ្រួសាររបស់ស្ត្រីទី២ដែលបានលបចូលវិហារចម្រូងចម្រាសនេះ ឈ្មោះ Bindu Ammini អាយុ៤០ឆ្នាំ វិញបានបង្ហាញការគាំទ្រអ្នកស្រីជាងក្រុមគ្រួសារអ្នកស្រី Kanakadurga ហើយបច្ចុប្បន្នអ្នកស្រី Bindu Ammini បានត្រឡប់ទៅធ្វើការងារប្រក្រតីវិញជាសាស្ត្រាចារ្យផ្នែកច្បាប់។
នៅតាមដងផ្លូវនៃរដ្ឋ Kerala មានពលរដ្ឋតិចតូចប៉ុណ្ណោះដែលចង់ការពារសកម្មភាពរបស់ស្ត្រីទាំងពីរលបចូលក្នុងវិហារចម្រូងចម្រាសនេះ ហើយចាត់ទុកស្ត្រីទាំងពីរថាជាសកម្មជនទៅវិញ។ អ្នកស្រី Vijay Lakshi អាយុ៦០ឆ្នាំ អ្នកមានជំនឿស៊ប់ទៅលើទេវ Ayyappa ថ្លែងថា សកម្មភាពលបចូលវិហារសក្ការៈរបស់ស្ត្រីទាំងពីរបញ្ជាក់ថា ពួកគេមិនមែនជាអ្នកមានជំនឿពិតប្រាកដទេ។
«តាមរយៈសកម្មភាពចូលទៅទីនោះ ពួកគេបញ្ជាក់ថាពួកគេមិនជឿជាក់ទៅលើប្រពៃណីនៃវិហារសក្ការៈនេះទេ។ ហេតុអ្វីបានជាពួកគេត្រូវចូលទៅទីនោះ? តាមយោបល់ខ្ញុំ ស្ត្រីមិនគួរចូលទៅវិហារ Sabarimala ទេ។»
អ្នកស្រី Ammini ថ្លែងប្រាប់ VOA ថា អ្នកស្រីបានចូលទៅក្នុងវិហារនេះ ដើម្បីអនុវត្តសិទ្ធិខាងសមភាពរបស់អ្នកស្រីដែលផ្តល់ឲ្យដោយរដ្ឋធម្មនុញ្ញឥណ្ឌា។ អ្នកស្រីថ្លែងថា៖
«រឿងនេះមិនមែនជាសំណួររវាងថា តើខ្ញុំជាសកម្មជនឬជាអ្នកជឿប្រតិបត្តិពិតប្រាកដនោះទេ។ នៅ ប្រទេសឥណ្ឌាមានការអនុវត្តនីតិរដ្ឋ។ ពលរដ្ឋទាំងអស់នៅឥណ្ឌាមានករណីយកិច្ចក្នុងការគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ដទៃនានា»។
ប៉ុន្តែទស្សនៈមួយដែលទទួលបានការគាំទ្រច្រើននៅក្នុងរដ្ឋ Kerala គឺសំឡេងប្រឆាំងតែមួយគត់នៃគណៈចៅក្រមប្រាំអង្គដែលបានចេញសេចក្តីសម្រេចតុលាការជាប្រវត្តិសាស្ត្រមួយនេះ។ សំឡេងប្រឆាំងនោះគឺពីលោកស្រី Indu Malhotra ដែលជាសំឡេងប្រឆាំងតែមួយគត់នៅក្នុងគណៈចៅក្រម បានថ្លែងថា «បញ្ហានានាដែលនាំឲ្យមានមនោសញ្ចេតនាជ្រាលជ្រៅមិនគួរត្រូវបានជ្រៀតជ្រែកយ៉ាងងាយៗដោយតុលាការទេ» ហើយថា ការអនុវត្តនានាខាងសាសនាមិនអាចត្រូវបានកំណត់ដោយផ្អែកតែលើមូលដ្ឋាននៃសិទ្ធិខាងសមភាពប៉ុណ្ណោះទេ។
អ្នកស្រី Smita Subhash ជានាយិកាសាលាម្នាក់ថ្លែងថា៖
«ខ្ញុំមិនមែនជាអ្នកជឿស៊ប់ចំពោះព្រះជាម្ចាស់ទេ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ខ្ញុំជាជនសាមញ្ញម្នាក់ដែលមានមនោសញ្ចេតនាគ្រប់យ៉ាង។ ប៉ុន្តែនៅពេលដែលយើងរស់នៅក្នុងសង្គមមួយ វាជាការប្រសើរដែលយើងគួរគោរពតាមច្បាប់និងបទបញ្ជានៃសង្គមនោះ នេះជារឿងសំខាន់»។
អ្នកខ្លះបានចង្អុលបង្ហាញថា រដ្ឋ Ker ala មានវិហារមួយដែលមិនអនុញ្ញាតឲ្យបុរសចូលក្នុងថ្ងៃខ្លះ។ ពលរដ្ឋជាច្រើនដែលមិនកាន់សាសនាហិណ្ឌូក៏ប្រាថ្នាឲ្យគេចាត់ទុកទំនៀមទម្លាប់ខាងសាសនាជាផ្នែកសក្ការៈដាច់ដោយឡែក ដែលមិនគួរជ្រៀតជ្រែក។
អ្នកស្រី Mary Bosco ជាអ្នកក្រុង Kochi រដ្ឋ Kerala ម្នាក់ថ្លែងថា៖
«វាមិនមែនជាកន្លែងសម្រាប់បង្ហាញអំពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីទេ។ វាមិនមែនជាកន្លែងសម្រាប់បង្កើតបញ្ហានានាទេ»។
ប៉ុន្តែអ្នកស្រី Ammini ដែលបានលបចូលវិហារ Sabarimala យល់ផ្ទុយពីនេះ ហើយថ្លែងថា «វិសមភាពយេនឌ័រក៏ជាផ្នែកមួយនៃសាសនាដែរ» ហើយតម្រូវឲ្យមានដំណោះស្រាយផ្លូវច្បាប់។ បុរសម្នាក់ដែលបានជួយសម្រួលឲ្យអ្នកស្រី Ammini អាចចូលក្នុងវិហារ Sabarimala បាន ដោយធ្វើយុទ្ធនាការតាមអ៊ីនធឺណិត គឺលោក Shreyas Kanaran ក៏បានអះអាងថា សិទ្ធិស្មើគ្នាសម្រាប់ស្ត្រីអាចចូលក្នុងកន្លែងគោរពបូជាខាងសាសនា ជាលក្ខណៈសំខាន់មួយនៃកំណែទម្រង់ក្នុងសង្គម។ លោកថ្លែងថា៖ «យើងត្រូវមានភាពអត់ធ្មត់។ ការផ្លាស់ប្តូរខាងផ្នត់គំនិតត្រូវការពេលវេលាយូរ»។
ក៏ប៉ុន្តែនៅក្នុងរដ្ឋមួយដែលមានអភិរក្សនិយមខ្ពស់បើទោះបីជាស្ត្រីនៅទីនេះមានការចេះដឹងជាងស្ត្រីនៅតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌាក៏ដោយ គេកម្រឃើញស្ត្រីដែលហ៊ានគាំទ្រដោយបើកចំហឲ្យស្ត្រីអាចចូលវិហារ Sabarimala បាន។
ស្ត្រីពីររូបដែលអង្គុយនៅហាងកាហ្វេមួយ និយាយថា ពួកគេមិនខ្វល់ថា ស្ត្រីគួរឬមិនគួរចូលវិហារ Sabarimala ហើយពួកគេជឿថា មានបញ្ហាសំខាន់ៗជាងនេះ ដូចជាបញ្ហាការចាប់រំលោភដែលគួរជាចំណុចផ្តោតអារម្មណ៍របស់រដ្ឋាភិបាលនិងសង្គម។ ទោះយល់ឃើញយ៉ាងនេះក្តី ស្ត្រីទាំងពីររូបមិនចង់ឲ្យ VOA ដកស្រង់សម្តីទេ ដោយខ្លាចស្វាមីនិងបងប្អូនសាច់ថ្លៃរបស់ពួកគេមានការខឹងសម្បារ។
សេចក្តីសម្រេចផ្លូវច្បាប់ចុងបំផុតអំពីបញ្ហាចម្រូងចម្រាសនេះមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។ តុលាការកំពូលឥណ្ឌារំពឹងថានឹងត្រូវស្តាប់ញត្តិសុំឲ្យសើរើសេចក្តីសម្រេចកន្លងមក។ ប៉ុន្តែគេមិនទាន់ដឹងថាតុលាការនេះនឹងសម្រេចពិនិត្យឡើងវិញឬទុកឲ្យសេចក្តីសម្រេចរបស់ខ្លួនពីមុនឲ្យនៅដដែល។
ទោះយ៉ាងណាក៏ដោយ អារម្មណ៍ខ្លាំងក្លាពីសាធារណជននឹងបន្តមានចំពោះបញ្ហាដ៏ចម្រូងចម្រាសនៅរដ្ឋ Kerala មួយនេះ។ សម្រាប់ពេលនេះ អ្នកដែលចង់ឲ្យមានការថែរក្សាប្រពៃណីនៅវិហារ Sabarimala មានសំឡេងខ្លាំងជាង។ ការណ៍នេះមានន័យថា នៅពេលខាងមុខ មនុស្សរាប់លាននាក់ដែលស្លៀកពាក់ខ្មៅដើម្បីចូលទៅវិហារសក្ការៈនេះរាល់ឆ្នាំ ក្រោយការពិធីអនុតាបរយៈពេល៤១ថ្ងៃ គឺនៅតែជាក្រុមបុរស។
ស្ត្រីដូចជាអ្នកនាង Radhika Nair បានសម្រេចចិត្តរួចហើយអំពីរឿងនេះ ដោយអ្នកនាងបញ្ជាក់ថា៖
«យើងត្រៀមខ្លួនថានឹងរង់ចាំសិន។ ខ្ញុំមិនចាំបាច់ទៅ(វិហារ)នោះក្នុងរវាងអាយុ១០ទៅ៥០ឆ្នាំ»។
ប្រែសម្រួលដោយ សឹង សុផាត