ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ក្លាយជា​ទីតាំង​ដែល​មាន​ជំងឺ​កូវីដ១៩​រាតត្បាត​ខ្លាំង ​​ក្នុង​រលក​ឆ្លង​ទីពីរ  


ប្រជាជន​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
ប្រជាជន​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ប្រទេស​ឥណ្ឌា​បាន​ក្លាយ​ជា​ទីតាំង​ដែល​មាន​ជំងឺ​កូវីដ​១៩​រាត​ត្បាត​ខ្លាំង​ ដោយ​មានចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ថ្មីៗ​នេះ​គឺ​ខ្ពស់​បំផុត​ក្នុង​សាកល​លោក ខណៈប្រទេសនេះកំពុង​ទប់ទល់​នឹងរលក​ទីពីរ​នៃ​ជំងឺ​រាតត្បាត ​ជាច្រើន​សប្តាហ៍​បន្ទាប់​ពី​ករណី​ឆ្លង​ធ្លាក់​ចុះ​ខ្លាំង។​

ការ​កើន​ឡើង​ដ៏​លឿន​នៃ​ការ​ឆ្លង​វីរុសនៅ​ក្នុង​ប្រទេស​ដែល​ផលិត​វ៉ាក់សាំង​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ហួស​ពី​ព្រំដែនរបស់​ប្រទេស​ឥណ្ឌា​ទៅ​ទៀត ​ដោយសារ​ប្រទេស​នេះ​កំពុង​បន្ថយ​ល្បឿននៃ​ការ​នាំ​វ៉ាក់សាំង​ចេញទៅ​ប្រទេស​ផ្សេងៗ។​

អ្នក​ជំនាញ​សុខាភិបាល​បាន​បន្ទោស​ប្រជាជន​ជាច្រើន​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ដ៏​ច្រើន​នេះ​ដោយសារ​ពួកគេបោះ​បង់ចោល​វិធានការ​ការពារ​ជំងឺកូវីដ​ស្ទើរ​តែទាំង​អស់ ​នៅ​ពេលដែល​ករណី​ឆ្លង​បាន​ធ្លាក់ចុះ​កាលពី​ដើម​ឆ្នាំ​នេះ។​

ហ្វូង​មនុស្ស​កកកុញ ​ដែល​ភាគ​ច្រើន​មិន​ពាក់ម៉ាស់ ​បាន​ប្រជ្រៀត​គ្នាក្នុង​ការ​ប្រមូល​ផ្តុំ​ខាង​នយោបាយ​ដ៏​ធំ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ចំនួន​៥​ដែល​មាន​ការ​បោះឆ្នោត​ក្នុង​ស្រុក។​ ពិធី​បុណ្យ​សាសនារយៈពេល​មួយ​ខែ​ពេញ​ ដែល​មានមនុស្ស​រាប់រយ​នាក់​ប្រមូល​ផ្តុំ​គ្នា​រាល់ថ្ងៃ​ដើម្បី​ជ្រមុជ​ទឹក​នៅ​ទន្លេ ​Ganges ​ដែល​តាម​សាសនា​ហិណ្ឌូ​ត្រូវ​បាន​ចាត់ទុក​ថា​ ជា​ទន្លេ​ពិសិដ្ឋនោះកំពុង​ធ្វើឡើង​នៅ​រដ្ឋ​ Uttarakhand ​ភាគ​ខាងជើង។ ​អាពាហ៍​ពិពាហ៍​និង​កម្មវិធី​គ្រួសារ​រីក​កាន់​តែ​ធំ​ទៅៗ។​

​មួយ​ថ្ងៃ​ មុន​ពេលទីក្រុង​ Mumbai មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្ពស់​បំផុត ​ ផ្សារ​ក្នុង​រដ្ឋ​នេះ ​ស្ថានីយ៍​រថភ្លើង​ក្នុង​ស្រុក ​និង​ឆ្នេរ​សមុទ្រ​មាន​មនុស្ស​កកកុញ។​ ដូច​នៅ​កន្លែង​ផ្សេងៗ​ទូទាំង​ប្រទេស​ដែរ​ ទីក្រុង​ ​Mumbai ដែល​ជា​មណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា​បានបើក​សកម្មភាព​ធម្មតា​ឡើង​ វិញ​ ​នៅពេល​ដែល​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់ចុះ​កាលពី​ចុងខែ​មករា។​

អ្នក​ជំនាញ​នានា​និយាយ​ថា​ ​បច្ចុប្បន្ន​ ប្រទេស​នេះ​កំពុង​ទទួល​ផលវិបាក​ពី​ការ​ធ្វេស​ប្រហែស​នេះ​ ហើយ​ចំនួន​មនុស្ស​ឆ្លង​អំឡុង​រលក​ទីពីរ​នេះ​បាន​លោត​ឡើង​លឿន​ជាង​រលក​ទីមួយ​ ដោយ​មាន​កំណើន​ការឆ្លង​ប្រចាំ​ថ្ងៃ​ឡើង​រហូត​ដល់​១០០.០០០​ករណី​ជា​លើក​ដំបូងកាលពី​ដើមខែ​នេះ។ ​កាលពី​ថ្ងៃពុធ​ទី៧​ខែមេសា ​ប្រទេស​ឥណ្ឌា​រាយ​ការណ៍​ថា​ ​មាន​ការឆ្លង​ចំនួន​១១៥.៧៣៦​ករណី​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​តាំង​ពី​ជំងឺរាតត្បាត​នេះ​បាន​ចាប់ផ្តើម។​

លោក ​Srinath Reddy ​នាយក​នៃ​មូលនិធិ​សុខភាព​សាធារណៈ​ឥណ្ឌា​ បាន​និយាយ​ថា៖​«អារម្មណ៍​សុខសាន្ត​ជាទូទៅ​បាន​កើត​មាន​គ្រប់​វិស័យ​ រួម​ទាំង​អ្នក​បង្កើត​គោល​នយោបាយ​ និង​ជា​ពិសេស​សាធារណជន នៅពេល​ដែល​យើង​បាន​ឃើញ​ទី​បញ្ចប់​នៃ​ការ​រាតត្បាត។ ​ពួក​យើងយល់​ថា​ ឥណ្ឌា​ទទួល​បានភាព​ស៊ាំ ហើយ​វា​នឹង​ការពារ​ឥណ្ឌាទប់ទល់​នឹង​ការ​ឆ្លង​វីរុស​ពី​ក្រៅ​បន្ថែម​ទៀត។ ប៉ុន្តែ​នោះ​ជាការ​យល់​ខុស​ទាំងស្រុង ​ហើយ​វា​បាន​នាំ​ឲ្យ​ប្រជាជន​បោះបង់​ការ​ប្រុង​ប្រយ័ត្ន​ផ្នែក​សុខភាព​សាធារណៈ»។​

អ្នក​ជំនាញ​សុខាភិបាល​នានា​និយាយ​ថា​ វ៉ារ្យ៉ង់ ​ឬ​សណ្តាន​វីរុស​ដែល​ឆ្លងខ្លាំង ​មកពី​ចក្រភព​អង់គ្លេស​ អាហ្រ្វិក​ខាងត្បូង ​និង​ប្រេស៊ីល​ បាន​រួម​ចំណែក​ដល់​កំណើន​ឆ្លង​ដ៏​លឿន​ ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ។​

ប្រទេស​ឥណ្ឌា​ហាក់​ដូចជា​នឹង​មិន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង​នោះទេ ប៉ុន្តែ​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ក្នុង​ប្រទេស​កំពុង​មាន​វិធាន​ការរឹតបន្តឹង​ឡើង​វិញ។ ​រដ្ឋ Maharashtra ​នៅ​ភាគខាងលិច ​ជា​រដ្ឋ​ដែល​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លាំង​បំផុត​ក្នុង​ប្រទេស​ គឺ​ជាចំណុច​ចាប់​ផ្តើម​នៃ​ការ​រាតត្បាតរលក​ទីពីរ​ ដោយ​បាន​រាយ​ការណ៍​ករណី​ឆ្លង​ជិត​៦០​ភាគ​រយ​នៃ​តួលេខ​ទូទាំង​ប្រទេស។​ ទីក្រុង ​Mumbai ​បាន​ដាក់​វិធានការ​បិទ​សកម្មភាព​សង្គម​ផ្នែក​ខ្លះៗ​ក្នុង​សប្តាហ៍​មុន​ ដោយ​បាន​បិទ​ហាង​ទំនិញ ​ភោជនីយដ្ឋាន​ និង​សារមន្ទីរ ​ហើយ​បាន​បញ្ជា​ឲ្យ​មានការ​បិទ​ទាំង​ស្រុង​នៅ​ចុង​សប្តាហ៍។ ​រដ្ឋធានី​ញូវដែលី​របស់​ឥណ្ឌា​ក៏​បាន​ដាក់​បម្រាម​គោចរ​ពេល​យប់​ផង​ដែរ។​

ប្រទេស​ឥណ្ឌា​មាន​តម្រូវការ​វ៉ាក់សាំង​ច្រើន។ ​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំងជាង​៨៧​លាន​ដូស ​ដែល​ជា​តួលេខ​មួយក្នុង​ចំណោម​តួលេខច្រើន​បំផុតក្នុង​ពិភពលោក។ ​ទោះ​ជា​យ៉ាងណា ​ថ្នាំ​ទាំង​នេះ​ចាក់​បាន​មិន​ដល់​៧%​ផង​នៃ​ចំនួន​ប្រជាជន​សរុប។​

រលក​ទីពីរ​នៃ​ជំងឺ​រាតត្បាត​នេះនឹង​បង្ក​ការ​លំបាក​ធ្ងន់ធ្ងរ​ មិនមែន​ត្រឹម​តែ​សម្រាប់​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេសអាស៊ី​ខាង​ត្បួង​ដ៏​ធំ​នេះ​ទេ ប៉ុន្តែ​វា​នឹង​បង្ក​ការ​លំបាក​ធ្ងន់ធ្ងរសម្រាប់​ប្រទេស​ផ្សេង​ទៀត​ដែល​កំពុង​ចាំ​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ចាក់​ឲ្យ​ប្រជាជន​ជាច្រើន​តាម​ដែល​អាច​ទៅ​រួច៕

ប្រែសម្រួល​ដោយ​កញ្ញា ​ទុំ ម្លិះ

XS
SM
MD
LG