ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​តានតឹង​ផ្នែក​យោធា​រវាង​ឥណ្ឌា​និង​ចិន​នៅ​តែ​បន្ត​កើត​មាន ទោះបី​ជា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើន​ឡើង


ទាហាន​ឥណ្ឌា​ ធ្វើដំណើរនៅតាម​ផ្លូវហាយវ៉េ Ladakh តំបន់ Kashmir កាលពីថ្ងៃពុធ កាលពីថ្ងៃទី​៩ កញ្ញា ឆ្នាំ២០២០។
ទាហាន​ឥណ្ឌា​ ធ្វើដំណើរនៅតាម​ផ្លូវហាយវ៉េ Ladakh តំបន់ Kashmir កាលពីថ្ងៃពុធ កាលពីថ្ងៃទី​៩ កញ្ញា ឆ្នាំ២០២០។

ខណៈ​ដែល​ភាព​តានតឹង​រវាង​ប្រទេស​ឥណ្ឌា​និង​ចិន​នៅ​តែ​បន្ត​កើត​មាន​ដោយមាន​ទាហាន​រាប់​ម៉ឺន​នាក់​ដែល​កំពុង​ប្រឈមមុខ​ដាក់គ្នា​នៅ​តាម​ព្រំដែន​ជួរ​ភ្នំ​ហេមពាន្ត (Himalayas) អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​នោះ អ្នកវិភាគ​និយាយ​ថា ពួកគេ​ឃើញ​មាន​សញ្ញា​តិចតួច​នៃ​ការ​ថយចុះ​នៃ​ភាព​តានតឹង​ផ្នែក​យោធា​រវាង​គូប្រជែង​ទាំងពីរ​នៅ​តំបន់​អាស៊ី​នេះ ទោះបី​ជា​មាន​ការ​អំពាវនាវ​ពី​ភាគី​ទាំងពីរ​ឱ្យ​រក្សា​ស្ថិរភាព​ទំនាក់ទំនង​ក៏ដោយ។ ក៏​ប៉ុន្តែ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង។

លោក Srikanth Kondapalli ព្រឹទ្ធបុរស​នៃ​សាលា​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ Jawaharlal Nehru នៅ​ក្នុង​ទីក្រុង​ញូវដែលី​បាន​ប្រាប់​វីអូអេ​ថា៖ «ការពិត​ជាក់ស្តែង​គឺ​ថា ជនជាតិ​ចិន​កំពុង​ផ្តោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធរារាំង​នៅ​តំបន់​ជួរ​ភ្នំ​ហេមពាន្ត ដើម្បី​បង្កើន​សមត្ថភាព​យុទ្ធសាស្ត្រ​ផ្នែក​យោធា​របស់​ពួកគេ។ ពួកគេ​កំពុង​សាងសង់​ផ្លូវ ស្ពាន និង​សំណង់​ដែល​ទាក់ទង​នឹង​ផ្នែក​យោធា​ផ្សេងៗ​ទៀត។ នោះ​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ឥណ្ឌា»។

ទំនាក់ទំនង​រវាង​គូប្រជែង​ទាំងពីរ​នៅ​តំបន់​អាស៊ី​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​នៃ​ប្រទេស​ទាំងពីរ​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ២០២០។ តាម​រយៈ​ការ​ប្រើ​កាំភ្លើង​ធំ និង​យន្តហោះ​ចម្បាំង​ធុន​ធ្ងន់ ទាហាន​ប្រមាណ​៥០.០០០​នាក់​នៃ​ភាគី​នីមួយៗ​នៅ​តែ​ប្រមូល​ផ្តុំ​នៅ​ចំណុច​ក្ដៅៗ​នៅ​តំបន់​ជួរភ្នំ​ហេមពាន្ត ដែល​ជា​កន្លែង​ដែល​ប្រទេស​ឥណ្ឌា​និង​ចិន​មាន​ព្រំដែន​រួម​គ្នា​ដ៏​វែង។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyan Jaishankar បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូក្យូ​ទី​ដែល​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​សម្ពន្ធ Quad កាលពី​ថ្ងៃទី២៩ ខែ​កក្កដា កន្លង​ទៅ​នេះ​ថា៖ «ខ្ញុំ​ត្រូវតែ​និយាយ​ដោយ​ស្មោះត្រង់​ថា ទំនាក់ទំនង​របស់​យើង​ជាមួយ​ប្រទេស​ចិន​កំពុង​ដំណើរការ​មិន​ល្អ​ទេ។ ទំនាក់ទំនង​យើង​មិន​ល្អ​ទេ។ ទំនាក់ទំនង​យើង​មិន​ធម្មតា​ទេ​ឥឡូវ​នេះ»។

លោក Jaishankar បាន​កត់សម្គាល់​ដូចនេះ គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ជួប​សមភាគី​ចិន​របស់​លោក គឺ​លោក Wang Yi នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​ប្លុក​អាស៊ាន​នៅ​ប្រទេស​ឡាវ​កាលពី​ចុង​ខែ​កក្កដា ដែល​ភាគី​ទាំងពីរ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវការ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ភាព​ធម្មតា​ឡើង​វិញ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​នោះ លោក Wang បាន​និយាយ​ថា៖ «វា​គឺជា​ផលប្រយោជន៍​សម្រាប់​ភាគី​ទាំងពីរ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ឥណ្ឌា ត្រឡប់​មក​ភាព​ធម្មតា​វិញ‍»។ លោក Jaishankar បាន​និយាយ​អំពី​តម្រូវការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​«ដោយ​មាន​គោលបំណង​ជាក់លាក់ និង​ភាព​បន្ទាន់»។

ក៏ប៉ុន្តែ អ្នកវិភាគ​ចង្អុល​បង្ហាញ​ថា គ្មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​ភាព​តានតឹង​នៅ​តាម​ព្រំដែន​នោះ​ទេ។ ទោះបី​ជា​ទាហាន​បាន​ដកខ្លួន​ចេញ​ពី​តំបន់​ជម្លោះ​មួយ​ចំនួន​នៅ​ចន្លោះ​ឆ្នាំ២០២០ និង​២០២២ ក៏ដោយ ក៏​មាន​ការ​វិវឌ្ឍ​តិចតួច​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​របស់​ប្រទេស​ទាំងពីរ​នៅ​ចំណុច​មាន​ជម្លោះ​ផ្សេងទៀត​ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ភាគី​ទាំងពីរ។

លោក Kondapalli បាន​ចង្អុល​បង្ហាញ​ថា៖ «យើង​មាន​កិច្ចប្រជុំ​ចំនួន​២១​លើក​រវាង​មេបញ្ជាការ​យោធា​នៃ​ប្រទេស​ទាំងពីរ​ចាប់តាំង​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាលពី​៤​ឆ្នាំ​មុន​ដើម្បី​ដោះស្រាយ​បញ្ហា ក៏ប៉ុន្តែ ការ​រីកចម្រើន​មាន​កម្រិត​តិចតួច»។

ទោះបី​ជា​ព្រំដែន​ឥណ្ឌា​និង​ចិន​នៅ​តាម​ជួរភ្នំ​ហេមពាន្ត​បន្ត​ប្រែប្រួល​ក៏ដោយ ក៏​ការ​នាំចូល​របស់​ឥណ្ឌា​ពី​ប្រទេស​ចិន​បាន​កើន​ឡើង​ជា​លំដាប់ ថ្វីបើ​មាន​ការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​ដែល​ទីក្រុង​ញូវដែលី​បាន​ដាក់​ទៅ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ឆ្នាំ​២០២០​ក៏ដោយ។

ប្រទេស​ឥណ្ឌា​បាន​បង្កើន​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​វិនិយោគ​របស់​ចិន រារាំង​ភ្ញៀវ​ទេសចរ​ចិន​ស្ទើរតែ​ទាំងអស់ បញ្ឈប់​គម្រោង​ធំៗ​របស់​ចិន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​បាន​បិទ​កម្មវិធី​បណ្តាញ​សង្គម​ដែល​មាន​ជនជាតិ​ចិន​ជា​ម្ចាស់​ដូចជា TikTok ជាដើម។

ទោះបី​ជា​មាន​ការ​រឹតត្បិត​ទាំងនោះ​ក៏ដោយ ក៏​ទីក្រុង​ប៉េកាំង​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ទីក្រុង​ញូវដែលី​កាលពី​ឆ្នាំមុន។ ការនាំចូល​របស់​ឥណ្ឌា​ពី​ប្រទេស​ចិន​មាន​ចំនួន​ជាង​១០០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។ រីឯ​ការនាំចេញ​របស់​ឥណ្ឌា​ទៅកាន់​ប្រទេស​ចិន​វិញ​មាន​ត្រឹមតែ​១៦​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក Biswajit Dhar ជា​អ្នកវិភាគ​ពាណិជ្ជកម្ម​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​ញូវដែលី​បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​ប្រទេស​ឥណ្ឌា​ចាត់​វិធានការ​ទប់ស្កាត់​ទាំងនោះ​នៅ​ឆ្នាំ២០២០ យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​គឺ​ថា យើង​គួរតែ​កាត់បន្ថយ​ការ​ពឹងផ្អែក​ទៅ​លើ​ការ​នាំចូល​របស់​យើង​ពី​ប្រទេស​ចិន។ ក៏ប៉ុន្តែ ការ​កាត់បន្ថយ​មិន​បាន​កើត​ឡើង​ទេ ដូច្នេះ​យុទ្ធសាស្ត្រ​នោះ​មិន​បាន​ទទួល​ជោគជ័យ​ទេ ហើយ​ឥឡូវ​នេះ យើង​ដឹង​ថា គ្មាន​វិធី​គេច​ពី​ការពិត​ដែល​ថា វា​ពិបាក​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ចិន ដែល​នៅ​តែ​ជា​ប្រទេស​ដែល​មាន​ការផលិត​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក»។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ដឹកនាំ​ការ​ជំរុញ​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​មួយ​ផ្សេង​ក្រៅពី​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​ដូចជា Apple បាន​បង្កើត​កន្លែង​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ក៏ប៉ុន្តែ ឧស្សាហកម្ម​មួយ​ចំនួន រួម​ទាំង​រោងចក្រ​ថ្មីៗ​ដែល​នឹង​បង្កើត​នៅ​ក្នុង​ប្រទេស​នេះ នៅតែ​ពឹងផ្អែក​លើ​ការនាំចូល​ពី​ប្រទេស​ចិន រួម​ទាំង​គ្រឿង​ម៉ាស៊ីន​ដែល​ត្រូវការ​ក្នុង​ការផលិត​ផង​ដែរ។

ក្រុម​ឧស្សាហកម្ម​នានាបាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ទិដ្ឋាការ​លើ​ជនជាតិ​ចិន ខណៈ​ដែល​ពួកគេ​និយាយ​ថា ពួកគេ​ត្រូវការ​វិស្វករ និង​អ្នក​បច្ចេកទេស​ចិន​ដើម្បី​ដំឡើង​ឧបករណ៍​ និង​បណ្តុះបណ្តាល​អ្នក​ធ្វើការ​ជនជាតិ​ឥណ្ឌា។ រដ្ឋាភិបាល​ក្រុង​ញូវដែលី​កំពុង​ពិចារណា​ទៅលើ​ការ​បង្កើន​ល្បឿន​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកធ្វើការ​ជា​ជនជាតិ​ចិន នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ខ្លួន​នឹង​មិន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​របស់​ខ្លួន​លើ​ការ​វិនិយោគ​របស់​ចិន​ទេ បន្ទាប់ពី​ធ្វើការ​ស្ទង់មតិ​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ដោយ​បាន​លើក​ហេតុផល​គាំទ្រ​ដល់​ការ​ទាក់ទាញ​មូលនិធិ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​ដែល​កំពុង​កើន​ឡើង​របស់​ឥណ្ឌា។

ការស្ទង់មតិ​ផ្នែក​សេដ្ឋកិច្ច​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា៖ «ដើម្បី​ជំរុញ​ការផលិត​របស់​ឥណ្ឌា និង​ដាក់​ឥណ្ឌា​ទៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​សាកល វា​ជា​រឿង​ជៀស​មិន​រួច​ដែល​ឥណ្ឌា​ត្រូវ​បញ្ចូល​ខ្លួន​ទៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​របស់​ចិន។ ថា​តើ​យើង​ធ្វើ​ដូច្នេះ​បាន​ដោយ​ពឹងផ្អែក​តែ​លើ​ការនាំចូល ឬ​តាមរយៈ​ការ​វិនិយោគ​ផ្នែក​ខ្លះ​របស់​ចិន​នោះ គឺជា​ជម្រើស​ដែល​ឥណ្ឌា​ត្រូវ​ជ្រើសរើស»។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា​លោក Piyush Goyal បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នឹង​មិន​មាន​ការ​គិត​ឡើងវិញ​លើ​ការ​វិនិយោគ​របស់​ចិន​ទេ។

ខណៈ​ពេល​ដែល​ប្រទេស​ចិន​និយាយ​ថា ប្រទេស​ទាំងពីរ​គួរតែ​ចាប់​ផ្តើម​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​នោះ ទោះជា​ក្នុង​ខណៈ​ពេល​ពួកគេ​បន្ត​ការពិភាក្សា​អំពី​ជម្លោះ​ទឹកដី​របស់​ពួកគេ​ក៏ដោយ ក៏​ឥណ្ឌា​នៅតែ​អះអាង​ថា ការ​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ឡើងវិញ​នឹង​អាស្រ័យ​ទៅ​លើ​ការ​ដោះស្រាយ​ភាព​ជាប់​គាំង​នៃ​ជម្លោះ​ព្រំដែន។

អ្នក​វិភាគ​និយាយ​ថា ទីក្រុង​ញូវដែលី​ប្រឈម​នឹង​បញ្ហា។ ‍លោក Manoj Joshi អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​មូលនិធិ Observer Research Foundation នៅ​ក្នុង​ទីក្រុង​ញូវដែលី​បាន​ប្រាប់​វីអូអេ​ថា៖ «សំណួរ​គឺ​ថា ​តើ​ឥណ្ឌា​នឹង​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​មិន​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​លក្ខណៈ​ធម្មតា​លុះ​ត្រា​តែ​បញ្ហា​ព្រំដែន​ត្រូវ​បាន​ដោះស្រាយ ឬ​ថា​ តើ​ពួកគេ​នឹង​កែប្រែ​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏​តឹងរ៉ឹង​របស់​ពួកគេ​ចំពោះ​ប្រទេស​ចិន‍។ ក៏ប៉ុន្តែ ការ​គិត​ថា យើង​ត្រូវ​បាន​ដាក់​ក្នុង​ស្ថានភាព​មួយ​ដែល​មិន​ស្រួល​សម្រាប់​យើង គឺ​កាន់តែ​មាន​ខ្លាំង​ឡើង»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG