ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរកឃើញ ​រ៉ែ​លីចូម ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ពរជ័យ​ចម្រុះ​នៅក្នុង​តំបន់​ Kashmir ​របស់​ឥណ្ឌា


កាលពី​ដើមខែ​នេះ​ NGOs បាន​រៀបចំ បាតុកម្ម​អាកាសធាតុ​នៅ​ Press Club Jammu ដើម្បី​បង្ហាញ​ការបារម្ភ​របស់​ពួកគេ​ទាក់ទិក​នឹង​ការ​រកឃើញ​ថ្ម​លីចូម​នៅ​ស្រុក Reasi ដែល​អាច​នឹង​ប៉ះពាល់​បរិស្ថាន។ (Achyutam/VOA)
កាលពី​ដើមខែ​នេះ​ NGOs បាន​រៀបចំ បាតុកម្ម​អាកាសធាតុ​នៅ​ Press Club Jammu ដើម្បី​បង្ហាញ​ការបារម្ភ​របស់​ពួកគេ​ទាក់ទិក​នឹង​ការ​រកឃើញ​ថ្ម​លីចូម​នៅ​ស្រុក Reasi ដែល​អាច​នឹង​ប៉ះពាល់​បរិស្ថាន។ (Achyutam/VOA)

ការរកឃើញ​នៃ​ប្រភព​រ៉ែ​លីចូម​ដ៏​សន្ធឹកសន្ធាប់​ត្រូវ​បាន​គេមើល​ឃើញ​ថា​ជា​ពរជ័យ​ចម្រុះ​នៅក្នុង​តំបន់​កាស្មៀរ​ដែល​មាន​បញ្ហា​របស់​ប្រទេស​ឥណ្ឌា​ ដែលក្តី​សង្ឃឹម​នានា​សម្រាប់​ការជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​ ត្រូវ​បាន​រំខាន​ដោយ​ការភ័យខ្លាច​ការផ្លាស់​ទីលំនៅ​របស់​អ្នកស្រុក​ និង​ការខូចខាត​ដល់​បរិស្ថាន​ដែល​ផុយស្រួយ​នៃ​ដែនដី​នេះ។

ការរកឃើញ​រ៉ែ​លីចូម ​ដែល​ជា​សារធាតុ​គន្លឹះ​ក្នុង​ការផលិត​អាគុយ​សម្រាប់ប្រើ​ក្នុង​រថយន្ត​អគ្គិសនី​ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ ទំនងជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​ឥណ្ឌា​ទាំងមូល​ ដែល​សង្ឃឹម​ថា​នឹង​ជួយ​សន្សំ​ប្រាក់​បាន​រាប់​ពាន់​លាន​ដុល្លារដល់​ប្រទេសនេះ​ ខណៈដែល​ឥណ្ឌា​ព្យាយាម​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ចេញ​ឱ្យ​ឆ្ងាយ​ពី​ឥន្ធនៈ​ហ្វូស៊ីល។

វា​ក៏​ផ្តល់​នូវ​ក្តី​សង្ឃឹម​នៃ​ការងារ​ដែល​មាន​ប្រាក់ខែ​ល្អ​នៅក្នុង​តំបន់​កាស្មៀរ​ ដែល​ការវិនិយោគទុន​បាន​ធ្លាក់ចុះ​ចំពេល​មាន​ភាព​មិនច្បាស់លាស់​ផ្នែក​នយោបាយ ​និង​ការបិទ​អ៊ីនធឺណិត​ញឹកញាប់​ ចាប់តាំង​ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ដកហូត​ឋានៈស្វ័យភាព​ក្នុង​តំបន់​នេះ​កាលពី​ឆ្នាំ​២០១៩។

ប៉ុន្តែ​អ្នកស្រុក​នៅ​ភាគនិរតី​នៃ​ស្រុក ​Reasi​ នៃ​តំបន់​ Jammu និង​ Kashmir​ ជា​ជង្រុក​រ៉ែ​នោះ​និយាយ​ថា ​ពួកគេ​ត្រូវ​បែងចែក​រវាង​ក្តីសង្ឃឹម​ទាំងនោះ ​និង​ការភ័យខ្លាច​នៃ​ការបណ្តេញ​ចេញ​ពីដី​របស់​ពួកគេ ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ប្រតិបត្តិ​ការរុករករ៉ែ​ ក៏​ដូចជា​ការព្រួយ​បារម្ភ​អំពី​ផលប៉ះពាល់​លើ​បន្លែ​ក្នុង​ស្រុក​ និង​ សត្វព្រៃ។

ក្រុម​ស្ទង់​ភូមិសាស្ត្រ​នៃ​ប្រទេ​សឥណ្ឌា​បាន​ប៉ាន់​ប្រមាណ​ថា​តំបន់​នេះ​មាន​ផ្ទុករ៉ែ​លីចូម​ចំនួន​៥,៩ លាន​តោន​ដែល​មាន​តម្លៃ​ប្រហែល​៤១០​ពាន់​លាន​ដុល្លារ​ ទោះបីជា​ការសិក្សា​បន្ថែម​ទៀត​នឹង​ត្រូវការ​ចាំបាច់​ដើម្បី​កំណត់​គុណភាព​នៃ​លីចូម ​និង​បញ្ជាក់​ថា​វា​អាច​ត្រូវ​បាន​ធ្វើអាជីវកម្ម។

ប្រសិនបើ​ក្តី​សង្ឃឹម​ដំបូង​ត្រូវ​បាន​ចេញ​ជារូបរាង​មែន​ ជង្រុក​រ៉ែ​នេះ​នឹង​តំណាង​ឱ្យ​ចំណែក​ដ៏​សំខាន់​នៃ​បរិមាណ​រ៉ែលីចូម​ដែល​គេ​ដឹង​នៅ​ក្នុង​ពិភពលោក​ ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​កាលពី​ឆ្នាំមុន​ដោយ​ក្រុម​ស្ទង់​ភូមិសាស្ត្រ​សហរដ្ឋ​អាមេរិក​ថា​មាន​ត្រឹមតែ​៨០,៧​លាន​តោន​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ឥណ្ឌា​គ្រោង​នឹង​ដាក់​ដេញថ្លៃ​រ៉ែ​នេះ​នៅដើម​ខែមិថុនា ​ដោយ​មាន​ការព្រមាន​ថា​ រ៉ែ​លីចូម​ចម្រាញ់​អាច​ដំណើរការ​បាន​តែ​នៅក្នុង​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ។

លោក Siddharth Goel ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​គោល​នយោបាយនៅ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA​ថា៖ «ទំហំ​នៃ​ជង្រុក​រ៉ែ​នេះ​គឺ​មាន​សារៈសំខាន់​ ហើយ​អាច​ ប្រសិនបើ​បង្ហាញ​ឱ្យ​ឃើញ​ពី​លទ្ធភាព​ធ្វើ​ពាណិជ្ជកម្មបាន​ គឺ​កាត់បន្ថយ​ការពឹងផ្អែក​របស់​ឥណ្ឌា​លើ​ការនាំ​ចូល​ថ្មពិល​លីចូម-អ៊ីយ៉ុង ដែល​ជា​សមាសធាតុ​សំខាន់​ដើម្បី​ផលិត​អាគុយ​សម្រាប់​រថយន្ត​អគ្គិសនី (EV) និង​បច្ចេកវិទ្យា​ថាមពល​ស្អាត​ផ្សេង​ទៀត» ។

លោក​បាន​និយាយ​បន្ថែម​ថា៖​ «ជង្រុក​រ៉ែ​ទាំងនេះ​អាច​ជា​គ្រឿង​បញ្ចុះ​បញ្ចូល​ដ៏​ធំ​មួយ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ទៅ​ក្នុង​ការផលិត​ថ្មពិល​និង​អាគុយ​ក្នុង​ស្រុក ​និង​បច្ចេកវិទ្យា​ថាមពល​ស្អាត​ផ្សេង​ទៀត» ។

ការមាន​ប្រភព​រ៉ែ​លីចូម​ក្នុង​ស្រុក​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទស្សនវិស័យ​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ការសម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការសម្រេច​បាន​នូវការ​ប្រើ​រថយន្ត​អគ្គិសនី​ចំនួន​៣០% សម្រាប់​រថយន្ត​ឯកជ​ន​ ៧០​% ​សម្រាប់​រថយន្ត​ពាណិជ្ជកម្ម​ និង​៨០% ​សម្រាប់​យាន​កង់ពីរ​ និង​កង់បី​នៅឆ្នាំ​២០៣០។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ឥណ្ឌា​បង្ហាញ​ថា ​ឥណ្ឌា​បាន​ចំណាយ​ប្រហែល​៣,២ ពាន់​លាន​ដុល្លារ​ក្នុង​ការនាំចូល​រ៉ែ​លីចូម​រវាង​ឆ្នាំ​ ២០១៨​និង២០២១ ដែល​ជា​ប្រាក់​ដែល​នឹង​នៅ​តែ​មាន​នៅក្នុង​ប្រទេស​ប្រសិនបើ​រ៉ែ​លីចូម​អាច​ផលិត​ក្នុង​ស្រុក​បាន។ តាម​រយៈ​ការពន្លឿន​ការផ្លាស់ប្តូរ​របស់​ខ្លួន​ទៅ​ប្រើប្រាស់​យាន​ជំនិះ​អគ្គិសនី​ ឥណ្ឌា​ក៏​សង្ឃឹម​ថា​នឹង​កាត់បន្ថយ​ការពឹងផ្អែក​លើ​ប្រេង​ដែល​បាន​នាំចូល​ផង​ដែរ។

លោក​Pradeep Karuturi ​អ្នកស្រាវជ្រាវ​នៅ​មូលនិធិ​ OMI​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា ​បាន​និយាយ​ថា៖ «វា​នឹង​ជួយ​ឥណ្ឌា​កាត់បន្ថយ​ការចំណាយ​លើ​ការនាំចូល​យ៉ាង​ច្រើន​ និង​ជំរុញ​ផលិតកម្ម​ក្នុង​ស្រុក ​ប្រសិនបើ​រ៉ែ​ទាំងមូល​អាចទាញ​យកមក​ប្រើប្រាស់​បាន​ប្រកប​ដោយ​និរន្តរភាព​ និង​អាច​សម្រេច​បាន​នូវ​ភាព​រស់រវើក​ខាង​សេដ្ឋកិច្ច»។

លោក​បាន​និយាយ​បន្ថែម​ថា៖​ «ទោះជាយ៉ាងណា​ក៏ដោយ​ វា​អាច​ចំណាយពេល​ច្រើន​ឆ្នាំ​សម្រាប់​ទិន្នផល​ជាក់ស្តែង​ ដូច្នេះ​វា​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ឥណ្ឌា​ក្នុង​ការបង្កើត​គោលនយោបាយ​ពហុវិមាត្រ​ដ៏​ស្អិតរមួត​មួយ​ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល» ។

ឥទ្ធិពលលើបរិស្ថាន

អ្នកបរិស្ថាន ​នៅ តំប់​Kashmir​ផ្តោត​កាន់តែខ្លាំង​លើ​ផលប៉ះពាល់​ពី​ការ​ជីក​យក​រ៉ែ​លីចូម​នឹង​មាន​លើ​បរិស្ថានវិទ្យា​នៃ​តំបន់​ភ្នំហិមាល័យ។ របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការ​បរិស្ថាន​មួយ​ឈ្មោះ​ថា​ The Nature Conservancy ​កត់សម្គាល់​ថា​ បច្ចេកវិទ្យា​ដែល​បង្ហាញ​ឱ្យ​ឃើញ​សម្រាប់​ការទាញយក​សារធាតុ​លីចូម ​ត្រូវការ​ដី​យ៉ាងធំ​ ហើយ​អាច​បណ្តាល​ឱ្យ​មាន​ការដក​យក​រុក្ខជាតិ​ដើម​ចេញ។

កាលពី​ដើមខែ​នេះ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រុម​រួម​មាន​ Climate Front Jammu វេទិកា​ការយល់​ដឹង​អំពី​បរិស្ថាន (Environmental Awareness Forum) និង​ចលនា​មនុស្ស​ផ្តោត​លើ​ធម្មជាតិ​ (Nature Human Centric People’s Movement) បាន​រៀបចំ​កូដកម្ម​អាកាសធាតុ​នៅ​ក្លឹប​អ្នកសារព័ត៌​មាន​នៅ​តំបន់​ Jammu (Press Club Jammu) ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​ពួកគេ។

នាយក​ស្ថាបនិក​នៃ​ អង្គការ​Climate Front India ​លោក Anmol Ohri ​បាន​ប្រាប់​ VOA ​ថា​ ការជីក​យករ៉ែ​អាច​បង្ក​គ្រោះថ្នាក់​ដែល​មិន​អាច​ត្រឡប់​វិញ​បាន​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​មូលដ្ឋាន​នៅជិត​តំបន់​រុករក​រ៉ែ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​បទប្បញ្ញត្តិ​មិនមាន​ភាព​តឹងរ៉ឹង​គ្រប់គ្រាន់​ ទេ​របក​គំហើញ​នេះ​អាច​បណ្តាល​ឱ្យ​សហគមន៍​ជុំវិញ​តំបន់​បោះបង់ចោល​ផ្ទះ​សម្បែង​ និង​ផ្លាស់ប្តូរ​ទីលំនៅ​ទៅកាន់​តំបន់​ទីក្រុង ​ដែល​បណ្តាល​ឱ្យ​បាត់បង់​បេតិកភណ្ឌ​វប្បធម៌»។

លោក Kulwant Raj ​អ្នកស្រុក​មួយរូប​ និង​ជា​អតីត​បេក្ខជន​ក្នុង​ការបោះឆ្នោត​ក្នុង​តំបន់​ បាន​និយាយ​ថា ​ប្រជាពលរដ្ឋ​រីករាយ​ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ច​ដែល​ជង្រុក​រ៉ែ​នេះ​មាន​ ប៉ុន្តែ​ក្នុង​ពេល​ដំណាលគ្នា​បារម្ភ​ថា​រដ្ឋាភិបាល​នឹង​រឹបអូស​យកដី​របស់​ពួកគេ។

ខណៈ​ដែល​មិន​ប្រឆាំង​នឹង​ការ​ជីក​រ៉ែ​នៅ​តំបន់​នោះ លោក Raj បាន​ប្រាប់ VOA ថា អ្នក​ស្រុក​ចង់​ផ្លាស់​ទី​លំនៅ​ទៅ​កន្លែង​មួយ​នៅ​ក្បែរ​នោះ ហើយ​ផ្តល់​សំណង​ដោយ​ធ្វើ​ការងារ​រដ្ឋាភិបាល។

លោក Goel ​បាន​និយាយ​ថា​ វា​ជា​រឿង​សំខាន់​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​ក្នុងការ​រក​មើល​បទពិសោធន៍​របស់​ប្រទេស​ផ្សេងៗ​នៅ ពេល​ដែល​ឥណ្ឌា​ស្វែងរក​តុល្យភាព​នៃ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​នៃ​ការរកឃើញ​រ៉ែលីចូម​ ជាមួយនឹង​ការការពារ​បរិស្ថាន​ និង​សង្គម​ដែល​ទាមទារ​ដោយ​អ្នកស្រុក។

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ការតំណាង​ដ៏​មាន​អត្ថន័យ​ និង​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក្នុង​ការសម្រេចចិត្ត​មាន​សារៈសំខាន់​ណាស់​ក្នុង​ការទប់ស្កាត់​ការប្រឆាំង​ពី​សហគមន៍​ចំពោះ​ការជីក​យក​រ៉ែលីចូម។ នៅពេល​ដែល​ប្រទេស​ឥណ្ឌា​កំពុង​សម្លឹង​រកមើល​ការនាំចេញ​ថ្ម​ពិល​លីចូម អ៊ីយ៉ុង​ ការធានា​នូវ​ដំណើរការ​រុករករ៉ែ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ក៏ជា​កត្តា​ចាំបាច់​ផងដែរ​ក្នុង​ការទាក់​ទាញ​ការវិនិយោគ​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ ដោយសារ​ការរីក​លូតលាស់​នៃ​ការត្រួតពិនិត្យ​ជាសកល​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ថាមពល​ថ្ម​មិន​បំផ្លាញ​បរិស្ថាន»៕

XS
SM
MD
LG