ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​បោះឆ្នោត​នៅ​តំបន់ Kashmir ចេញ​ទៅ​បោះឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន​ក្នុង​​ការ​បោះឆ្នោតលើក​ទី​១​ចាប់​តាំង​ពី​ឆ្នាំ​២០១៩​មក


មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​កំពុង​សម្រួល​ដំណើរការ​បោះឆ្នោត​ នៅ​ទីប្រជុំជន Baba Nagri នៃ​ទីក្រុង Srinagar តំបន់​ Kashmir កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​កំពុង​សម្រួល​ដំណើរការ​បោះឆ្នោត​ នៅ​ទីប្រជុំជន Baba Nagri នៃ​ទីក្រុង Srinagar តំបន់​ Kashmir កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ក្រុម​អ្នក​បោះឆ្នោតក្នុង​ទីក្រុង ​Srinagar​ ដែល​ជា​ទី​ក្រុង​សំខាន់​មួយ​នៃ​តំបន់ Kashmir បាន​ចេញ​ទៅ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​ ១៣​ ខែ​ឧសភា​កន្លង​ទៅ ក្នុង​ចំនួន​ដ៏​ច្រើន​ ដោយ​ផ្លាស់ប្តូរ​និន្នាការ​ដែល​ធ្លាប់​តែ​មាន​អ្នក​បោះឆ្នោតក្នុង​ចំនួន​ទាប នៅ​ក្នុង​ការបោះឆ្នោត​ជា​លើក​ដំបូង​ ចាប់តាំង​ពីនាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra Modi បាន​ដក​ខ្លួន​ចេញ​ពី​ការ​បោះឆ្នោតក្នុង​តំបន់​ពាក់កណ្តាល​ស្វយ័តមួយ​នេះ​កាល​ពី​ឆ្នាំ​ ២០១៩ ​មក។

ទីក្រុង​ Srinagar ជា​ទីក្រុង​មួយ​ក្នុង​តំបន់​ហេមពាន្ត​ ដែល​មាន​សំឡេងអាសនៈ​ចំនួន ​៣​ និង​មាន​អ្នក​ចេញ​ទៅ​បោះឆ្នោតស្ទើរ​តែ​ ៣៦ ភាគរយ​ រហូត​ដល់​ម៉ោង​ ៥ ល្ងាច​ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ឧសភាកន្លង​ទៅ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​គណៈកម្មាការ​រៀបចំ​ការបោះឆ្នោតដែល​ថា​ ចំនួន​នេះ​មានការកើន​ឡើង​ជាង​ទ្វេដង​ នៃ​ចំនួនដែល​បាន​កត់ត្រា​ទុកក្នុង​កា​បោះឆ្នោត​កាល​ពី​លើក​ចុងក្រោយ​ក្នុង​ឆ្នាំ​ ២០១៩​ ប៉ុន្តែ​នៅ​តិច​ជាងចំនួនថ្នាក់​ជាតិ​ជាមធ្យម​ដែល​មាន​ប្រមាណ​ ៦២ ភាគរយ។

​ដោយតំបន់​នេះ​មាន​ចលនា​ប្រឆាំង​បះបោរ​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​ឥណ្ឌា​អស់​រយៈពេល ៣៥ ​ឆ្នាំ​ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់ជា​ច្រើន​ម៉ឺន​នាក់​ ក្នុង​ការបោះឆ្នោត​ក្នុង​ពេល​អតីតកាលកន្លង​មក​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោតមាន​ទាប ដោយសារ​ការ​ធ្វើ​ពហិការ​និង​ការ​គំរាមកំហែង​ដោយ​ការវាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ។

ដោយ​គណបក្ស​ Bharatiya Janata (BJP) របស់​លោក Modi ​មិន​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ក្នុង​តំបន់​ ​Kashmir​ ​ជា​លើក​ដំបូង​តាំង​ពីឆ្នាំ​ ១៩៩៦​ មក និងនិយាយ​ថា​ ​ខ្លួន​នឹង​គាំទ្រ​គណបក្ស​ក្នុង​តំបន់នេះ​ជំនួស​វិញ​ តួអង្គ​សំខាន់ៗ​នៅ​ទីនោះ​មានគណបក្ស​សន្និបាត​ជាតិ​ National Conference​ និង​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន​ People's Democratic Party​ ​ ដែល​ផ្តោត​ទៅ​លើការ​ស្តារ​ឡើង​វិញ​នូវស្វ័យភាព​ពាក់កណ្តាលសម្រាប់​តំបន់​នេះ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ពួក​គេ។ ​

​Kashmir ជា​តំបន់​ជម្លោះ​មួយ​រវាង​ឥណ្ឌា​ ដែល​គ្រប់គ្រង​តំបន់ជ្រលង​ Kashmir Valley​ ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន និង​តំបន់ Jammu ដែលមាន​អ្នក​កាន់​សាសនា​ហិណ្ឌូ​រស់​នៅ​ភាគ​ច្រើន​ និង​ប្រទេស​ប៉ាគីស្ថាន​ ដែល​គ្រប់គ្រង​ទឹក​ដី​មួយ​ផ្នែក​តូច​នៅតំបន់​ភាគ​ខាង​លិច។ ប្រទេស​ចិន​កាន់កាប់ភ្នំ​ខ្ពស់ៗ​ដែល​មានមនុស្ស​រស់​នៅ​តិចតួច​នៅ​ភាគ​ខាង​ជើង។

​ក្រៅ​ពី​បញ្ហាសម្រាប់​ស្វ័យភាព​ពាក់​កណ្តាល​ក្នុង​តំបន់​នេះ​ ​ក្រុមអ្នក​បោះឆ្នោត​ក៏​បាន​និយាយ​ផង​ដែរ​ថា​ គេ​ពិចារណា​ទៅ​លើ​តម្លៃ​ទំនិញដែល​កំពុង​ឡើង​ខ្ពស់​និង​ភាព​គ្មាន​ការងារ​ធ្វើ​ ពេល​ពួក​គេ​ចេញ​ទៅ​បោះឆ្នោត​ ដែល​ជា​ប្រធានបទ​ដែលកំពុងប៉ះពាល់​ដល់​ក្រុម​អ្នកបោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា។​

​លោក Ghulam Muhammad Bhat អ្នក​បោះឆ្នោត​ម្នាក់អាយុ​ ៥០ ​ឆ្នាំ ដែល​បាន​បោះឆ្នោត​ជា​លើក​ទី​ ១ ​ក្នុង​រយៈពេល​ ៣០ ឆ្នាំ កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​ឧសភា ​និយាយ​ថា៖​ ​«មាន​បញ្ហា​ផ្សេងៗមួយ​ចំនួន​ទៀត​ ដែល​ប្រជាជន​កំពុង​ប្រឈម​នៅ​ពេល​នេះ ដូច​ជា​ភាព​ក្រីក្រ​ និង​ភាពអត់​ការងារធ្វើ​ជា​ដើម»។​

អ្នកស្រី​ Rafiqa​ អាយុ ៥៦ ​ឆ្នាំ​ និយាយថា​ អ្នក​ស្រី​កំពុង​ខ្នះខ្នែង​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរមួយ​ក្នុងរដ្ឋាភិបាល​ ដោយ​សារ​ «កូនចៅ​យើង​មិន​មាន​ការងារ​ធ្វើ»​ ដែល​បញ្ហា​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយអ្នក​បោះឆ្នោត​ជា​លើក​ដំបូង​ម្នាក់ទៀត ​គឺ​អ្នក​ស្រី​ Rabia Akhtar ​ដែល​បាន​និយាយ​ថា​ ​អ្នក​ស្រី​កំពុង​ប្រើ​ការបោះឆ្នោត​របស់​អ្នក​ស្រី​ធ្វើ​ជា​កត្តា​កំណត់ក្នុង​ការ​«ផ្លាស់ប្តូរ​រដ្ឋាភិបាល​មួយ»។

លោក Bashir Ahmad Lala អាយុ​ ៦៧ ឆ្នាំ​ ដែល​បាន​បោះឆ្នោត​ជា​លើក​ដំបូង​ក្នុង​រយៈពេល ​២០ ​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​អ្នក​បោះឆ្នោតដែល​ផ្តោត​លើ​ការ​សម្រេចចិត្ត​របស់​លោក Modi ដែល​ចង់​បំបែក​តំបន់​ Jammu ​និង​ Kashmir​ ទៅ​ជា​តំបន់​ទឹកដី ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​សហព័ន្ធពីរដាច់​ពី​គ្នា​ ដែល​ជា​រឿង​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌានិយាយ​ថា​ ​នឹងបង្កើត​ឱ្យ​មានប្រក្រតីភាពដល់​តំបន់​នេះ។

លោក​និយាយ​ថា៖​ «ខ្ញុំ​បោះឆ្នោត​គឺដើម្បី​ធ្វើឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​អ្វី​ដែល​យើង​កំពុង​ប្រឈម​សព្វ​ថ្ងៃ​នៅ​ទីនេះ‍»។

បន្ទាប់​ពី​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​ ២០១៩​ ​ក៏​មាន​ការ​បិទ​ខ្ទប់​យ៉ាង​ខ្លាំងក្នុង​តំបន់ Kashmir នៅ​ពេល​នោះ​ ដោយមេដឹកនាំ​គណបក្ស​ប្រឆាំងមួយចំនួនត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ។

បើ​ទោះ​បី​ជា​មាន​ការ​បន្ធូរបន្ថយលើ​ចលនា​របស់​ពលរដ្ឋ​ក្នុង​តំបន់​នោះ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​គេ​ក៏​នៅ​តែ​ឃើញ​មាន​យោធា​ឥណ្ឌា​រាប់​ម៉ឺននាក់​នៅ​តែ​ស្ថិត​ក្នុង​តំបន់​ជ្រលង​ភ្នំ​មួយ​នេះ​នៅ​ឡើយ ហើយ​ទិន្នន័យ​យោធា​បង្ហាញ​ថា​ ក្រុម​សកម្មប្រយុទ្ធ​ប្រមាណ​ជាង ​១០០ ​នាក់​ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់​នេះ។ ​

​ក្រុម​អ្នក​វិភាគ​និងគណបក្សប្រឆាំងនិយាយ​ថា​ គណបក្ស​ BJP របស់​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ មិន​ដាក់​បេក្ខជន​ប្រកួត​ប្រជែង​ក្នុង​តំបន់ Kashmir គឺ​ដោយ​សារ​តែ​ភ័យខ្លាច​ថា​ ​លទ្ធផល​នៃ​ការបោះឆ្នោតនេះ​ អាច​កើត​ឡើង​ខុស​ពី​សម្តី​ដើម​របស់​ខ្លួន​ ដែល​ថា​តំបន់​នេះ​មានការធ្វើ​សមាហរណកម្ម​និង​មានសន្តិភាព​ច្រើន​ជាង​មុន​ ចាប់តាំង​ពីឆ្នាំ​ ២០១៩ ​មក។

មេដឹកនាំ​គណបក្ស​ប្រឆាំងបាន​ចោទប្រកាន់រដ្ឋបាលលោក​នាយករដ្ឋមន្ត្រី Modi ថា បាន​បដិសេធ ឬលុបចោល​ មិន​ឱ្យ​មានកម្មវិធីឃោសនា​បោះឆ្នោតក្នុង​តំបន់​នេះ​ ​មុន​ថ្ងៃ​បោះឆ្នោតជិត​ចូល​មក​ដល់៕ ​

ប្រែសម្រួល​ដោយ ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG