ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​តវ៉ា​ប្រឆាំង​នឹង​ផែនទី​ចិន​ដែល​ដាក់​បញ្ចូល​ដែនដី​ដែល​មាន​ជម្លោះ​ថា​ជា​របស់​ចិន


Map shows border disputes between China and India.
Map shows border disputes between China and India.

ប្រទេស​ឥណ្ឌា​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ដាក់ «ការ​តវ៉ា​ខ្លាំងក្លា» ជា​ផ្លូវការ​ប្រឆាំង​នឹង​ចិន​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ចិន​បាន​ផ្សព្វផ្សាយ​ផែនទី​ស្តង់ដា​ឆ្នាំ ២០២៣ របស់​ខ្លួន​ដែល​បង្ហាញ​ថា​តំបន់ Aksai Chin ដែល​ជា​តំបន់​មួយ​ដែល​ភាគ​ច្រើន​គ្រប់គ្រង​ដោយ​ចិន​នៅ​ក្នុង​រដ្ឋ​ Kashmir របស់​ឥណ្ឌា និង​រដ្ឋ Arunachal Pradesh នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​ ថា​ស្ថិត​នៅ​ក្នុង​ដែនដី​របស់​ចិន។

ផែនទី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​នៅ​លើ​វេបសាយ​សេវា​ផែនទី​ស្តង់ដា​របស់​ក្រសួង​ធនធាន​ធម្មជាតិ​របស់​ចិន ក្នុង​ពេល​តែ​ ២ ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រទេស​ចិន​និង​ឥណ្ឌា​បាន​យល់ស្រប​គ្នា​នៅ​ក្នុង​ការ​ធ្វើ​ការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ពួកគេ។

ផែនទី​ដែល​ចិន​បាន​ផ្សព្វផ្សាយ​នេះ​ក៏​មាន​រួម​បញ្ចូល​កោះ​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​ដែនដី​របស់​ចិន​ផង​ដែរ។

កាលពី​ល្ងាច​ថ្ងៃ​អង្គារ ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​ប្រកាស​ថា ខ្លួន​បាន​ទាក់ទង​សម​ភាគី​ចិន​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​ជំទាស់​លើ​រឿង​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា​លោក Arindam Bagchi បាន​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ដាក់​ការ​តវ៉ា​ខ្លាំងក្លា​ជា​ផ្លូវការ​ប្រឆាំង​នឹង​ភាគី​ចិន​តាម​រយៈ​បណ្ដាញ​ការទូត​អំពី​អ្វី​ដែល​ហៅ​ថា «ផែនទី​ស្តង់ដា» ឆ្នាំ ២០២៣ របស់​ចិន ​ដែល​បាន​អះអាង​ពីកម្មសិទ្ធិ​របស់​ចិន​លើ​ដែនដី​របស់​ឥណ្ឌា»។

កាលពី​សប្ដាហ៍​មុន នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ទើប​តែ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស BRICS នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​បាន​យល់ស្រប​គ្នា​នៅ​ក្នុង​ការ «បង្កើន​កិច្ច​ប្រឹងប្រែង» ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​តាម​ព្រំដែន។ ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​នេះ​ថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ទំនាក់ទំនង​ប្រសើរ​ជាង​មុន។

ការ​ផ្សព្វផ្សាយ​អំពី​ផែនទី​នេះ​ក៏​បាន​ធ្វើ​ឡើង​ផង​ដែរ​មុន​ពេល​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 ចូល​មក​ដល់​នៅ​ក្នុង​រដ្ឋធានី​ញូវដែលី​នៃ​ប្រទេស​ឥណ្ឌា​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១០ ខែ​កញ្ញា​ខាង​មុខ ហើយ​លោក Xi និង​មេដឹកនាំ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​គ្រោង​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។

លោក Manish Tewari សមាជិក​សភា​មកពី​គណបក្ស Congress ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​របស់​លោក Modi គួរតែ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ថា​តើ​គួរ​ទទួល​ស្វាគមន៍​លោក Xi នៅ​ឯ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 ឬ​ក៏​អត់៕

XS
SM
MD
LG