ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​និង​នូវែលសេឡង់​បើក «ច្រក​ធ្វើដំណើរ​ពិសេស» ដោយ​មិន​តម្រូវ​ឲ្យ​អ្នក​ធ្វើដំណើរ​ធ្វើ​ចត្តាឡីស័ក


រូបឯកសារ៖ អ្នកធ្វើដំណើរពីប្រទេសនូវែលសេឡង់ បានមកដល់តំបន់ដែលមិនតម្រូវឲ្យអ្នកធ្វើដំណើរធ្វើចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិស៊ីនដី ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ អ្នកធ្វើដំណើរពីប្រទេសនូវែលសេឡង់ បានមកដល់តំបន់ដែលមិនតម្រូវឲ្យអ្នកធ្វើដំណើរធ្វើចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិស៊ីនដី ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១។

ថ្ងៃ​ចន្ទ​នេះ​គឺជា​ថ្ងៃ​បើក «ច្រក​ធ្វើដំណើរ​ពិសេស» រវាង​ប្រទេស​អូស្ត្រាលី​និង​នូវែលសេឡង់ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អូស្ត្រាលី​អាច​ទៅ​ទស្សនា​ប្រទេស​នូវែលសេឡង់​បាន ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​បង្ការ​ជំងឺ​កូវីដ១៩។

នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់​អ្នកស្រី Jacinda Ardern បាន​ហៅ​ការ​ធ្វើដំណើរ​ថ្ងៃ​ដំបូង​ដែល​មិន​ចាំបាច់​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រវាង​ប្រទេស​ទាំង​ពីរ​ថា​ជា «ដំណាក់កាល​ដ៏​សំខាន់​មួយ» ដែល​អាច​បង្កើន​សេដ្ឋកិច្ច​នូវែលសេឡង់​រហូត​ដល់ ១ ពាន់​លាន​ដុល្លារ។

ពលរដ្ឋ​អូស្ត្រាលី​ប្រហែល ១ លាន ៥ សែន​នាក់ បាន​ទៅ​ទស្សនា​ប្រទេស​នូវែលសេឡង់​នៅ​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន​ស្មើ​នឹង​ប្រហែល ៤០% នៃ​អ្នក​ធ្វើដំណើរ​អន្តរជាតិ​ទាំង​អស់​ទៅ​កាន់​ប្រទេស​នេះ។

កន្លង​មក អូស្ត្រាលី​និង​នូវែលសេឡង់​បាន​ទទួល​ជោគជ័យ​ភាគ​ច្រើន​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ តាម​រយៈ​ការ​បិទ​ព្រំដែន​របស់​ខ្លួន​ នៅពេល​ដែល​ជំងឺ​នេះ​បាន​ចាប់ផ្តើម និង​បាន​ដាក់​លក្ខខណ្ឌ​តឹងតែង​ដោយ​តម្រូវ​ឲ្យ​អ្នក​ធ្វើដំណើរ​មកពី​ប្រទេស​ផ្សេង​ត្រូវ​ធ្វើ​ចត្តាឡីស័ក។​

ប្រទេស​អូស្ត្រាលី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ២៩.៥៣៣ ករណី ដែល​ក្នុង​នោះ​មាន​ករណី​ស្លាប់​ចំនួន ៩១០ ករណី។ រី​ឯ​ប្រទេស​នូវែលសេឡង់​វិញ មាន​ករណី​ឆ្លង​ចំនួន ២.៥៩៦ ករណី ដែល​ក្នុង​នោះ​ករណី​ស្លាប់​មាន​ចំនួន ២៦ ករណី។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins។

ទាំង​អ្នកស្រី Ardern និង​ទាំង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison សុទ្ធតែ​បាន​រំឮក​អ្នក​ធ្វើ​ដំណើរ​ថា ច្រក​ធ្វើដំណើរ​ពិសេស​នេះ​អាច​បញ្ចប់ ប្រសិនបើ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង៕

XS
SM
MD
LG