ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ឥណ្ឌា​បង្កើន​សកម្មភាព​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៤


និស្សិត​​ឥណ្ឌា​ធ្វើ​ការ​នៅ​ដេប៉ាតឺម៉ង​អេឡិចត្រូនិក​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ឧស្សាហកម្ម​​នៅ​ទី​ក្រុង​ Beed ប្រហែល​៣៥០​គ.ម.​ពី​ទី​ក្រុង​មុំបៃ ប្រទេស​​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​​២៨ ខែ​មិថុនា ឆ្នាំ​២០១២។
និស្សិត​​ឥណ្ឌា​ធ្វើ​ការ​នៅ​ដេប៉ាតឺម៉ង​អេឡិចត្រូនិក​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ឧស្សាហកម្ម​​នៅ​ទី​ក្រុង​ Beed ប្រហែល​៣៥០​គ.ម.​ពី​ទី​ក្រុង​មុំបៃ ប្រទេស​​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​​២៨ ខែ​មិថុនា ឆ្នាំ​២០១២។
នៅ​ក្នុង​ប្រទេស​ឥណ្ឌា ពួក​អ្នក​បោះឆ្នោត​លើក​ដំបូង​ដែល​គេ​ប៉ាន់​ស្មាន​ថា​១២០​លាន​នាក់​នឹង​អាច​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ចាប់​ផ្តើម​នៅ​ខែមេសា​នេះ។ ​ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​មាន​មនុស្ស​ក្មេងៗ​ដ៏​ច្រើន​បំផុត​មួយ​របស់​ពិភពលោក​ដែល​ពួក​គេ​ស្ថិត​នៅ​ក្រោម​អាយុ​២៥ឆ្នាំ ពួក​គេ​កំពុង​បង្កើន​សកម្មភាព​ទាក់ទិន​ខាង​នយោបាយ​របស់​ខ្លួន​នៅ​ពេល​ដែល​ពួកគេ​ស្វះស្វែងទាញ​ចំណាប់​អារម្មណ៍​ឲ្យ​មក​រក​បញ្ហា​សំខាន់ៗ​សម្រាប់​ពួកគេ​ដូច​ជា​បញ្ហា​ការងារ​និង​ការ​អភិវឌ្ឍ។

កាល​ពី​ឆ្នាំ​២០១១ Sanjay Kharwar ​ជា​និស្សិត​ខាង​វិស្វកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​ក្នុង​រដ្ឋធានី​ញូវដែលី ​បាន​អង្គុយ​នៅ​ឧទ្យាន​សាធារណៈ​មួយ​កន្លែង​ក្នុង​កណ្តាល​រដ្ឋធានី​រួម​ជាមួយ​យុវជន​ក្មេងៗ​រាប់​ម៉ឺន​នាក់​ទៀត​ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​អំពើ​ពុករលួយ​របស់​អង្គការ​សង្គម​ស៊ីវិល​ដ៏​ធំ​មួយ។

នៅ​ឆ្នាំ​នេះ Kharwar ​នឹង​ទៅ​បោះឆ្នោត​ជា​លើក​ទី​មួយ។ ​ក៏ប៉ុន្តែ​លោក​ចង់​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​ការ​បោះឆ្នោត​នោះ​ទៀត។ ​លោក​ចង់​មាន​តួនាទី​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ផ្តល់​ទិសដៅ​ថ្មី​សម្រាប់​ប្រទេស​របស់​លោក។

​លោក Kharwar ថ្លែង​ថា៖ ​«ក្នុង​ជំនាន់​របស់​ខ្ញុំ ​យើង​មិន​គិត​ពី​វណ្ណៈ​ឬ​តំបន់​ទេ ​មនុស្ស​ដូច​ជា​យើង​កំពុង​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​ទស្សនៈវិជ្ជា​ចាស់ដែល​គិត​ពី​វណ្ណៈ និង​ប្រភព​កំណើត។​ យើង​កំពុង​គិត​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ចវិញ ដែល​នេះ​ជា​ការណ៍​ល្អ​សម្រាប់​ប្រទេស»។​

Kharwar បាន​ចុះ​ឈ្មោះ​ជា​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​គណបក្ស​ប្រឆាំង Bharatiya Janata Party ឬ BJP ​ពីព្រោះ​លោក​គិត​ថា ​បេក្ខជននាយករដ្ឋមន្រ្តី​របស់​គណបក្ស​នោះ ជា​មនុស្សដ៏​ល្អ​បំផុត​ដែល​សក្តិសមដើម្បី​ដោះស្រាយបញ្ហា​នានា​ដែល​មាន​សារៈ​សំខាន់​បំផុត​ដល់​ពួក​យុវជន​ក្មេងៗ​ដូច​ជា ​អភិបាលកិច្ច​ល្អ ​ការ​រីក​ចម្រើន​សេដ្ឋកិច្ចកាន់​តែ​លឿន​ឡើង​ហើយ​នឹង​ការងារ។

លោក​ស្ថិត​ក្នុង​ចំណោម​ពួក​និស្សិត​មហាវិទ្យាល័យ​និង​អ្នក​មាន​អាជីពក្មេងៗ​រាប់ពាន់​នាក់ដែល​បាន​ចុះ​ឈ្មោះ​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​នានា​នៅ​ទូទាំង​ប្រទេស​ មិន​ថា​គណបក្ស Congress ដែល​ជាគណបក្ស​កំពុង​កាន់​អំណាច​ ​គណបក្ស BJP ​ឬ​មួយ​គណបក្ស តូចៗ​មួយ​ចំនួន​ទៀត​ដែល​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​អាសនៈចំនួន​៥៤៣​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៧ ​ខែ​មេសា​ខាង​មុខ​នេះ។

ប្រទេស​ឥណ្ឌា​មាន​ចំនួន​មនុស្ស​វ័យ​ក្មេង​ដ៏​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ ​ប្រហែល​ពាក់​កណ្តាល​នៃ​ប្រជាពលរដ្ឋ​ឥណ្ឌា​សរុប​១​ពាន់​២រយ​លាន​នាក់​មាន​អាយុ​ក្រោម​២៦​ឆ្នាំ។ ​ពួកគេ​ទទួល​បាន​ចំណាប់​អារម្មណ៍​តិចតួច​ពី​គណបក្ស​នយោ​បាយ​រហូត​ទាល់​តែពួក​យុវជន​បាន​លេច​ធ្លោ​ជាង​គេនៅ​ក្នុង​យុទ្ធនាការ​របស់សង្គមស៊ីវិល​ធំៗ​បង្អស់ចំនួន​ពីរ​ក្នុងពេល​ថ្មីៗ​នេះ​គឺ៖ ​ចលនា​ប្រឆាំងអំពើ​ពុក​រលួយ​ ​ហើយ​នឹងការ​តវ៉ា​មិន​បាន​គ្រោង​ទុក​ដែល​កើត​មាន​ឡើងភ្លាមៗ​បន្ទាប់​ពីមាន​រឿង​ការ​ចាប់​រំលោភដ៏​ព្រៃ​ផ្សៃ​លើ​និស្សិត​ក្មេង​ម្នាក់ក្នុង​ទីក្រុង​ញូវដែលី​កាល​ពី​ខែ​ធ្នូ។

​ការ​តវ៉ា​ប្រឆាំង​ទាំង​នោះ ​បាន​បណ្តាល​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​ការ​កត់​សម្គាល់ចំពោះ​យុវជន​របស់​ឥណ្ឌា។ ​ហើយ​នៅ​ពេល​ដែល​ពួកគេ​ប្រុងប្រៀប​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ គណបក្សនានា​កំពុង​ព្យាយាម​ប្រើ​ប្រាស់ពួក​អ្នក​បោះឆ្នោត​ទាំង​នោះ។
លោក Rahul Gandhi អនុប្រធាន​គណបក្ស Congress និង​ជា​កូន​ប្រុស​លោកស្រី Sonia Gandhi ប្រធាន​គណបក្ស​ Congress ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
លោក Rahul Gandhi អនុប្រធាន​គណបក្ស Congress និង​ជា​កូន​ប្រុស​លោកស្រី Sonia Gandhi ប្រធាន​គណបក្ស​ Congress ក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
គណបក្ស​ Congress ​សង្ឃឹម​ថា ​រូបភាព​យុវភាព​របស់​លោក​ Rahul Gandhi ​អាយុ​៤៣​ឆ្នាំ ជា​អ្នក​នាំមុខ​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ខ្លួន​នឹង​ទាក់​ទាញ​យុវជន​ក្មេងៗ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ជីវិត​នយោបាយ​ត្រូវ​គ្រប​គ្រង​ដោយមនុស្ស​ចាស់ៗ​ភាគ​ច្រើន។ ​លោក​ Gandhi បាន​ជំរុញ​ឲ្យ​មាន​បេក្ខជន​ក្មេងៗ​ឈរ​ឈ្មោះ​ច្រើន ហើយ​បាន​ទាក់ទាញ​ពួក​អ្នក​បោះឆ្នោត​ក្មេងៗ​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​លោក។

​គណបក្ស BJP ​សង្ឃឹម​ថា ​ការ​ផ្តោត​យ៉ាង​ខ្លាំង​របស់​ខ្លួន​លើ​បញ្ហា​ការ​អភិវឌ្ឍ​នឹង​បាន​ទទួល​ជោគជ័យ​ជាមួយ​ពួក​អ្នក​បោះឆ្នោត​ក្មេងៗ។ លោក Ravi Shankar Prasad ​ជា​មេដឹកនាំ​កំពូល​នៃ​គណបក្ស Bharatiya Janata។

«បញ្ហា​អត់​ការងារ​ធ្វើ​មាន​ច្រើន។ ​មាន​ការ​ខ្វះ​ការ​វិនិយោគទុន។ ​មាន​អតិផរណា។ ​ដូច្នេះ​មនុស្ស​ចង់​ផ្លាស់​ប្តូរ។ ​មាន​ឆន្ទៈ​ចង់​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ​ហើយ​តាម​វិធី​នេះ​ដែល​យើង​កំពុង​ផ្តោត​លើ​យុវជន​ក្មេងៗ​នៅ​ក្នុង​ប្រទេស»។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​វិភាគ​ខាង​នយោបាយ​ ​និយាយ​ថា ​គណបក្ស​សំខាន់​ទាំង​ពីរ​បាន​ខក​ខានមិន​បាន​ដោះ​ស្រាយបញ្ហា​សំខាន់ៗ​ដែល​មាន​សារៈសំខាន់​ដល់មនុស្ស​ក្មេងៗ​ដោយ​មាន​កម្មវិធី​ជាក់លាក់។

​លោក Sanjay Kumar នៅ​មជ្ឈមណ្ឌល​សង្គម​កំពុង​អភិវឌ្ឍ​ក្នុង​រដ្ឋធានី​ញូវដែលីដែល​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​ស្តី​ពី​យុវជន​ឥណ្ឌា​ក្នុង​ឆាក​នយោបាយ​ និយាយ​ថា ​គណបក្ស​នយោបាយ​កំពុង​សន្យា​តែ​មាត់​ទទេ​ដល់​យុវ​ជន​ក្មេងៗ។

​«ដើម្បី​ប្រមូល​កម្លាំង​យុវជន​ក្មេងៗ​ អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​គឺ​ផ្តល់​ឱកាស​ចូល​រួម​ឃោសនា​កាន់​តែ​ច្រើន​ឡើង​ដល់​មនុស្ស​ក្មេងៗ​ ប៉ុន្តែ​ការណ៍​នេះ​មិន​ល្មម​គ្រប់គ្រាន់​ដើម្បីប្រមូលពួក​យុវជន​ក្មេងៗ​ដើម្បី​គាំទ្រ​គណបក្ស​ទេ។ ​ពួកគេ​មិន​ដឹង​ថា ​ពួក​គេ​ត្រូវការ​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​អ្វី​ដែល​ជាផល​ប្រយោជន៍​ ​បញ្ហា ​និង​តម្រូវការ​របស់​អ្នក​បោះឆ្នោត​វ័យ​ក្មេងៗ ​ថា​តើ​ពួកគេ​នឹងដោះស្រាយ​បញ្ហា​ការ​អត់​ការងារ​ធ្វើយ៉ាង​ម៉េច និង​ធ្វើ​ឲ្យ​ការ​សិក្សា​អប់រំ​ប្រសើរ​ឡើង។ ​មិនមាន​គណបក្ស​នយោបាយណា​បាន​ចាប់​អារម្មណ៍​ចំពោះ​សេចក្តី​ប៉ង​ប្រាថ្នា​ការ​បារម្ភ​នានា របស់​ពួក​អ្នក​បោះឆ្នោត​ក្មេង​ៗនៅ​ក្នុង​ប្រទេស​នេះ»។​

លោក Kumar ​និយាយថា​ បើ​ប្រៀប​ធៀប​ទៅ​នឹង​កាល​ពី​មួយ​ទសវត្សរ៍​មុន​យុវជន​ក្មេងៗ​ទាំង​ប្រុស​និង​ទាំង​ស្រី​កំពុង​បង្ហាញការ​យក​ចិត្ត​ទុកដាក់​កាន់​តែ​ច្រើន​ឡើងនៅ​ក្នុង​រឿង​នយោបាយ។

លោក​ Kumar ពន្យល់​ថា៖ «ខ្ញុំ​ចង់​និយាយ​ថា ​ពួក​អ្នក​បោះឆ្នោត​ក្មេងៗ​គ្រប់​សហគមន៍​ទូទាំង​ប្រទេស ​ពួក​គេ​បាន​ចាប់​ផ្តើម​ចូល​រួមកាន់​តែ​ច្រើន​ឡើង​និង​ពួក​អ្នក​បោះឆ្នោត​ក្មេងៗ​គឺ​ទាំង​ប្រុស​ទាំង​ស្រី។ ​នេះ​ជា​ការ​ផ្លាស់​ប្តូរ​ដែល​យើង​បាន​សង្កេត​ឃើញ»។

​ខណៈ​ដែលពួក​អ្នក​ស្ម័គ្រ​ចិត្ត​ខ្លះ​ឲ្យ​គណបក្ស​នយោបាយ​ ​មាន​មហិច្ឆិតា​ចង់​ចូល​ប្រឡូក​ក្នុង​នយោបាយ​ ​មនុស្ស​ខ្លះ​ទៀត​ដូច​ជា Kharwar មិន​មាន​មហិច្ឆិតា​ខាង​នយោបាយទេ។ ​ទោះយ៉ាង​នោះ​ក៏ដោយ ​ពួកគេ​ស្ម័គ្រ​ចិត្ត​ចំណាយពេល​វេលា​ដើម្បី​ធ្វើ​យុទ្ធនា​ការ​សម្រាប់​គណបក្ស​ដែល​ពួកគេ​បាន​ជ្រើសរើស។ ពួកគេ​រៀបចំការ​ជួបជុំ​នៅ​បរិវេណ​សាកលវិទ្យាល័យ​ ​ប្រើ​ប្រាស់​បណ្តាញ​សង្គមយ៉ាង​សកម្ម​ ហើយ​ចូល​ទៅ​ប្រជ្រៀត​ឃោសនា​នៅ​ក្នុង​ហ្វូង​មនុស្ស​តាម​ទូរ​រថភ្លើង​ក្រោយ​ដី​ដើម្បី​បន្លឺ​ទស្សនៈ​របស់​ពួកគេ​បាន​ឮ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៤​នេះ៕​

ប្រែ​សម្រួល​ដោយ សឹង សុផាត
XS
SM
MD
LG