ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ហាម​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​មិន​ឲ្យ​នាំចេញ


ឥណ្ឌា​ចាប់​ផ្ដើម​សាកល្បង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​កាល​ពី​ថ្ងៃសៅរ៍ ទី២ ខែមករា កន្លង​ទៅ​នេះ។
ឥណ្ឌា​ចាប់​ផ្ដើម​សាកល្បង​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​កាល​ពី​ថ្ងៃសៅរ៍ ទី២ ខែមករា កន្លង​ទៅ​នេះ។

ប្រទេស​ឥណ្ឌា​នឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​របស់​ក្រុមហ៊ុនឱសថ​ AstraZeneca ​សហការ​នឹង​សាកលវិទ្យាល័យ​ Oxford ក្នុងរយៈពេល​ជាច្រើន​ខែ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​វិទ្យាស្ថាន​ Serum ​ឥណ្ឌា ​កាលពី​ថ្ងៃអាទិត្យ។ វិទ្យាស្ថាន​នេះ​បាន​ចុះ​កិច្ចសន្យា​ផលិត​វ៉ាក់សាំង​ចំនួន​១ពាន់​លាន​ដូស​ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។​ ​

ដោយ​ក្រុម​ប្រទេស​អ្នកមាន​បានបញ្ជា​កក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ភាគ​ច្រើន​បំផុត ដែល​ត្រូវផលិតក្នុង​ឆ្នាំ​នេះ ដូច្នេះ​វិទ្យាស្ថាន ​Serum ​របស់​ឥណ្ឌា​ ដែលជា​កន្លែង​ផលិត​វ៉ាក់សាំង​ដ៏​ធំ​បំផុត​មួយរបស់​ពិភព​លោក​នោះ ទំនងជា​អាច​ផ្តល់វ៉ាក់សាំង​បង្ការ​ភាគ​ច្រើន ដល់ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ជាច្រើន។​ ទោះបីជា​យ៉ាងណាក្តី​ ការដាក់​បំរាម​ដល់​ការនាំចេញ​វ៉ាក់សាំង​នេះ មាន​ន័យ​ថា​ ប្រទេស​ក្រីក្រ​ជា​ច្រើន​របស់​ពិភពលោក​ នឹង​ត្រូវ​រង់ចាំពី​២​ទៅ​៣​ខែទៀត​ ទម្រាំ​ទទួលបានវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ក្នុង​ដូស​ទី​មួយ​របស់​ខ្លួន។

វ៉ាក់សាំង​នេះ​បាន​ទទួលការ​យល់ព្រម​ឲ្យ​ប្រើ​ប្រាស់ក្នុង​គ្រាបន្ទាន់​ ដោយ​និយ័តករ​ឥណ្ឌា​ កាលពី​ថ្ងៃអាទិត្យ​ ដោយ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ថា​ វិទ្យាស្ថាន​ Serum ​របស់​ឥណ្ឌា​ នឹង​មិន​នាំ​ចេញ​វ៉ាក់សាំងបង្ការ​នេះ​ទេ​ រហូត​ដល់​ពលរដ្ឋឥណ្ឌា​ទាំង​ឡាយ​ ​ដែលងាយ​នឹងទទួល​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​១៩​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជាមុន​សិន។​ នេះ​បើតាម​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​របស់​លោក​ Adar Poonawalla ប្រធានប្រតិបត្តិនៃ​វិទ្យាស្ថាន​ Serum​ ​ឥណ្ឌា​ ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​នេះ​ ក៏ត្រូវបាន​ហាម​ប្រាម​ផង​ដែរ​ មិន​ឲ្យ​លក់​វ៉ាក់សាំង​នេះ​ទៅឲ្យ​ទីផ្សារ​ឯកជន​នោះ​ទេ៕

XS
SM
MD
LG