ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​បង្កើន​ការ​កំណត់​ទិន្នន័យ​ហ្ស៊ែន​​នៃ​វីរុស​ បន្ទាប់​មាន​លេច​​ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី


ក្រុមអ្នកសម្អាតកំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Incheon ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO​ កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើន​ការ​កំណត់​ទិន្នន័យ​ហ្ស៊ែនឬ​ឌីអិនអេ (DNA) របស់​វីរុស ​(genomic sequencing)​ នៃ​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​មានប្រភេទ​វីរុស​វិវត្ត​ថ្មីត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

នាយក​អង្គការ​ WHO លោក Tedros Adhanom Ghebreyesus ​បានថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អនឡាញ​មួយ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ពី​ទីក្រុង​ហ្សឺណែវ​ថា៖ «លុះត្រា​តែ​ប្រទេស​នានាកំពុង​ពិនិត្យ​និង​ធ្វើ​តេស្ត​ប្រកប​ដោយ​ប្រសិទ្ធភាព ​ទើប​អាច​រក​ឃើញ​ជំងឺ​កូវីដ១៩ វិវត្ត​ថ្មី និង​កែសម្រួល​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់»។

លោក​បាន​និយាយ​ថា អង្គការ​សុខភាពពិភព​លោក កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភព​លោក​ ដើម្បី​យល់ឲ្យ​កាន់​តែ​ច្បាស់​ពី​ការ​ផ្លាស់​ប្ដូរ​ទាំងអស់​នៃ​វីរុស និង​ផល​ប៉ះពាល់​របស់​វា ហើយ​លោក​បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​នានា​ចែក​រំលែក​ព័ត៌មាន​អំពីហ្ស៊ែន​នៃ​វីរុសវិវត្ត​ថ្មី​នេះ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​ដទៃៗ​ទៀត។

មន្ត្រី​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ជំងឺ​កូវីដ១៩​ប្រភេទថ្មី​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅប្រទេស​ខ្លួន​នេះ អាច​ឆ្លងខ្លាំង​ជាង​មុន ដែល​នេះបាន​នាំ​ឲ្យ​មាន​វិធានការ​បិទ​សកម្មភាពក្នុង​ប្រទេស ក៏​ដូច​ជា​ហាម​ជា​សកល​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរពី​ប្រទេស​អង់គ្លេស។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ប្រទេស​ជាច្រើន​ទៀត​ដូចជា​ហ្វាំងឡង់ និង​កូរ៉េខាង​ត្បូង​រក​ឃើញ​ករណី​ដំបូង​នៃ​ជំងឺ​កូវីដ១៩ ​វិវត្ត​ថ្មី​នេះ។

ចំណែក​ប្រទេស​ឥណ្ឌូណេស៊ី​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹងហាម​ជា​បណ្ដោះ​អាសន្ន​មិន​ឲ្យ​ជន​បរទេស​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​រយ:​ពេល​ពីរ​សប្ដាហ៍ ​ដើម្បីទប់​ស្កាត់​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺកូវីដ១៩ ប្រភេទ​ថ្មី​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG