ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវីដ១៩ ជាមួយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន AstraZeneca


រូបឯកសារ៖ អ្នកដំណើរ​ពាក់ម៉ាស់​ដើរ​ទៅ​ជិះ​រថភ្លើង​នៅ​ស្ថានីយរថភ្លើងTanah Abang ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកដំណើរ​ពាក់ម៉ាស់​ដើរ​ទៅ​ជិះ​រថភ្លើង​នៅ​ស្ថានីយរថភ្លើងTanah Abang ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌូនេស៊ី​ត្រៀម​ខ្លួន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer និង​របស់​ក្រុមហ៊ុន AstraZeneca ហើយ​កំពុង​រង់ចាំ​ការ​ផ្ដល់​ការ​អនុញ្ញាត ដើម្បី​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinovac របស់​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​អង្គារ។

រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូនេស៊ី​លោក Budi Gunadi Sadikin បាន​ថ្លែង​ថា កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវីដ១៩ ចំនួន ៥០ លាន​ដូស ជាមួយ​ក្រុមហ៊ុន AstraZeneca នឹង​ត្រូវ​ធ្វើ​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ ហើយ​កិច្ច​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​ក្នុង​ចំនួន​ដូច​គ្នា​នេះ​ដែរ​ជាមួយ​ក្រុមហ៊ុន Pfizer នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​មករា​ខាង​មុខ។

លោក Budi បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​លើក​ដំបូង​របស់​លោក​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​នឹង​ត្រូវការ​ពេល​ជា​ច្រើន​ខែ​មុន​នឹង​ដឹក​ជញ្ជូន​មក​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ដូច្នេះ​ការ​ចាក់​នឹង​មិន​អាច​ធ្វើ​បាន​ភ្លាមៗ​នោះ​ទេ។

លោក​បាន​បន្ថែម​ថា ហេតុ​ដូច​នេះ​ហើយ ប្រទេស​ឥណ្ឌូនេស៊ី​មាន​គម្រោង​ចាប់ផ្តើម​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac ដែល​ខ្លួន​បាន​ទិញ​រួច​ហើយ​ក្នុង​ចំនួន ១ លាន ២ សែន​ដូស​នៅ​ខែ​ធ្នូ​នេះ ហើយ​សង្ឃឹម​ថា​នឹង​ទទួល​បាន ១ លាន ៨ សែន​ដូស​បន្ថែម​ទៀត​នៅ​ខែ​មករា​ខាង​មុខ នៅ​ពេល​ដែល​វ៉ាក់សាំង​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​គ្រា​អាសន្ន។

ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ទី ៤ នៅ​លើ​ពិភពលោក មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ៧២៧.០០០ ករណី និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ២១.៧០០ ករណី៕

XS
SM
MD
LG