ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្វើ​មហា​សន្និបាត​គណបក្ស​​តាម​រយៈ​​​ការ​ភា្ជប់​វីដេអូ​ពី​ចម្ងាយ​ជា​ជម្រើស​ជាក់​ស្តែង​​មួយ


មនុស្សមួយចំនួនកំពុងមានភាពងឿងឆ្ងល់ថាតើ​មហា​សន្និបាត​គណបក្ស​​តាម​រយៈ​​​ការ​ភា្ជប់​វីដេអូ​ពី​ចម្ងាយ​នឹងមានលក្ខណៈដូចម្តេច។
មនុស្សមួយចំនួនកំពុងមានភាពងឿងឆ្ងល់ថាតើ​មហា​សន្និបាត​គណបក្ស​​តាម​រយៈ​​​ការ​ភា្ជប់​វីដេអូ​ពី​ចម្ងាយ​នឹងមានលក្ខណៈដូចម្តេច។

ប្រសិនបើ​ការរាលដាល​ជា​សាកល​នៃ​ជំងឺកូវីដ១៩បង្ខំ​ឱ្យ​ពិធីធំៗត្រូវមិន​លើក​ទឹក​ចិត្ត​ឱ្យមានឬ​មួយ​ត្រូវ​លប់​ចោលនៅ​រដូវ​ក្តៅ​នេះ មហា​សន្និបាតនយោបាយ​អាមេរិកាំងប្រហែល​ឋិត​នៅ​ក្នុង​ចំណោម​ការខាត​បង់​ខាង​វប្បធម៌របស់​ប្រទេស។​

ការ​ធ្វើ​មហា​សន្និបាត​គណបក្សតាម​រយៈ​ការ​ភា្ជប់​វីដេអូ​ពី​ចម្ងាយ​ដោយ​ក្រុម​ប្រតិភូ​រាប់ពាន់នាក់​មក​ពី​រដ្ឋទាំង​៥០​និង​ដែន​ដី សហរដ្ឋអាមេរិកអាចជា​ការជំនួសការ​ប្រជុំ​គ្នា​បួន​ថ្ងៃ​ដែល​មាន​មនុស្ស​ឋិត​នៅ​ពេញ​កន្លែង​ប្រកូត​កីឡា។​ ការ​ធ្វើ​មហាសន្និបាតបែប​ថ្មីនេះនឹង​អនុញ្ញាត​ឱ្យ​ក្រុម​ប្រតិភូ​គណបក្ស​បោះឆ្នោត​អំពី​អ្វីៗ​ទាំង​អស់​ចាប់​តាំង​ពី​បទ​បញ្ញត្តិ​គណបក្សដើម្បី​ជ្រើសរើស​នរណាឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី-ដោយ​ទាំង​អស់​នេះ​នឹង​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ ដូច​ប្រព័ន្ធ​ Zoom។​

នៅ​ពេល​នេះ​ គណក្ស​ទាំង​ពីរមាន​កំណត់​នឹង​ធ្វើ​មហា​សន្និបាតបន្ត​បន្ទាប់​គ្នាពី​ពាក់​កណ្តាលទៅ​ដល់​ចុង​ខែ​សីហា​ដោយ​មានមហា​សន្និបាត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង Milwaukee រដ្ឋ Wisconsin ហើយ​ពួក​សាធារណ​រដ្ឋ​នឹង​ប្រមូល​ផ្តុំ​គ្នានៅ​ក្នុង​ក្រុង Charlotte រដ្ឋ​ North Carolina។​លោក Joe Biden ដែល​បានត្រូវ​សន្មតថា នឹង​ទទួល​ការ​ជ្រើស​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យបាន​ប្រលយថា​ គណបក្ស​លោកប្រហែល​ជ្រើសរើស​យក​មហា​សន្និបាតដោយភា្ជប់​តាម​បណ្តាញ​វីដេអូ​ប្រសិន​បើ​ការរាតត្បាត​ជា​សាកល​នៃជំងឺកូវីដ​១៩​មានតទៅ​ទៀត។ ចំណែក​ឯ​លោក​ប្រធានាធិបតី​ Donald Trump វិញ​បាននិយាយដាច់​អហង្ការ​ថា គណបក្សលោក​នឹង​ប្រមូល​ផ្តុំ​គ្នា​ដើម្បីតែងតាំង​លោក​សម្រាប់អាណត្តិ​ទី​ពីរ។​

ក៏​ប៉ុន្តែ គ្មានវិធី​ណាមួយនៅ​ពេល​នេះ​ដើម្បី​ឱ្យ​ដឹង​ថា​តើមហាសន្និបាត​គណក្ស​នឹង​មានធ្វើ​ដោយ​បែប​ណាទេ​ ហើយ​ពួក​អ្នក​នយោបាយ​និង​ពួក​អ្នក​វិភាគ​នយោបាយ​កំពុង​នាំ​គ្នាប្រមើល​មើល​អំពីមហា​សន្និបាតដោយភា្ជប់​តាម​បណ្តាញ​វីដេអូនឹង​ថា​តើ​មហា​សន្និបាត​បែប​នេះ​នឹង​មាន​ទ្រង់​ទ្រាយ​បែបណា។​

អ្នក​ស្រី Elaine Kamarck ជា​សមាជិកា​នៃ​គណៈកម្មាធិការជាតិ​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​នាយិកា​នៃ​មជ្ឈមណ្ឌលចាត់​ចែង​កិច្ចការ​សាធារណៈឱ្យមាន​ប្រសិទ្ធភាព។ ​អ្នក​ស្រី​បាន​និយាយ​ថា «មាន​ទិដ្ឋភាព​ពីរ​នៃការធ្វើ​មហា​សន្និបាតគណបក្ស​គឺ​មាន​ទិដ្ឋភាព​ផ្លូវ​ច្បាប់​និង​ទិដ្ឋភាពនយោបាយ»។ អ្នកស្រី​ថ្លែង​ថា​ ការ​បោះឆ្នោត​ដោយហៅ​ឈ្មោះគណៈប្រតិភូមក​ពី​រដ្ឋ​និង​ដែន​ដី​អាមេរិកាំង​នីមួយៗដើម្បី​ស្នើឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ដែល​ពួក​គេគាំទ្រ «ជា​វិធី​ដែល​បេក្ខជន​ប្រធានាធិបតី​ម្នាក់​មាន​ឈ្មោះ​នៅលើ​សន្លឹក​ឆ្នោត​នៃ​រដ្ឋទាំង​អស់។​ ដូច្នេះ​តាមផ្លូវ​ច្បាប់លោកអ្នក​ត្រូវមានមហា​សន្និបាត​មួយ»។

ហើយ​ទិដ្ឋភាព​នយោបាយ​បែប​ណា​ទៅ?

អ្នក​ស្រី Lara Brown ជា​នាយិកាមហាវិទ្យាល័យ​ខាង​ការ​ចាត់​ចែង​នយោបាយ​ហៅ​កាត់​ថា​ GSPM នៃសាកល​វិទ្យាល័យ​ George Washington។ អ្នក​ស្រី​និយាយថា «មហា​សន្និបាត​ជា​ឱកាស​សប្បាយ​រីករាយ​ខ្លាំង​មួយ​ដោយមានការ​ប្រមូល​ផ្តុំ​គ្នា​នៃ​ក្រុម​អ្នក​គាំទ្រ​គណបក្សមានចិត្តគំនិត​ដូច​គ្នា​ដើម្បីបង្រួប​បង្រួម​គណបក្ស​នៅ​ជុំវិញបេក្ខជនដែល​ទទួលការ​តែងតាំងហើយ​ធ្វើឱ្យ​ពួក​គេ​រំភើប​ចិត្ត​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​រដូវស្លឹក​ឈើ​ជ្រុះ»។

ការ​ធ្វើ​មហា​សន្និបាតដោយ​ភ្ជាប់​ជា​មួយ​បណ្តាញ​វីដេអូអន​ឡាញ

អ្នក​ស្រី Brown ជឿ​ថា ​សន្និបាតដោយ​ភ្ជាប់​ជា​មួយ​បណ្តាញ​វីដេអូ​ពី​ចម្ងាយត្រូវ​ការ​ឱ្យមានការ​រួម​បញ្ចូល​គ្នា​នូវ​កត្តា​យ៉ាង​តិច​ណាស់​បី​ផ្សេងៗគ្នា​។​ អ្នក​ស្រី​បាននិយាយថា« ​គេ​ត្រូវការធានា​ឱ្យមានបណ្តាញ​វីដេអូ​មួយ​សម្រាប់​ក្រុមប្រតិភូដើម្បី​ឱ្យ​ពួក​គេ​អាច​បោះឆ្នោត​បាន​ដោយ​សុវត្តិភាព...ហើយមាន​បណ្តាញវីដេអូ​មួយ​ទៀត​សម្រាប់ការចូល​រួមក្នុង​មហា​សន្និបាត។ ​បន្ទាប់​មក​ខ្ញុំ​យល់​ថា​គេ​ត្រូវការ​ឱ្យ​មានបណ្តាញ​វីដេអូ​មួយ​ទៀត​អំពីផលិតកម្ម​នៃការប្រជុំ​មហា​សន្និបាតនេះ‍»។

សាល​នៃ​មហា​សន្និបាត​គណបក្សដែលពោរ​ពេញទៅ​ដោយ​ពួក​អ្នក​គាំទ្រ​គណបក្សរាប់​ពាន់​នាក់ផ្តល់ឱ្យ​បណ្តាញទូរទស្សន៍​នូវការ​ថត​ផ្សាយ​ដោយ​ផ្ទាល់​ដោយ​មានភាពអធឹក​អធម។ ​តើ​មហា​សន្និបាតដោយ​ភ្ជាប់​ជា​មួយ​បណ្តាញ​វីដេអូ​ពី​ចម្ងាយត្រូវផ្សាយដោយ​ផ្ទាល់​បែប​ណា​ដល់​ពួក​អ្នក​មើល?​ ការណ៍​នេះត្រូវ​ធ្វើដោយបង្កើត​ឱ្យមាន​ការស្រមៃថា​ មាន​មហាសន្និបាត​អ៊ូអរ​មួយដោយ​មានដាក់​ប៉ោងៗ​និង​ការ​បង្ហាញ​បដា​ច្រើនដោយ​ផ្សំ​ជា​មួយ​បច្ចេកទេស​ប៉ិន​ប្រសប់​ខាង​ទូរទស្សន៍​ថែម​ទៀត​ផង។​

អ្នក​ស្រី Karmack បាន​និយាយថា «ខ្ញុំមិន​ប្រាកដ​ទេ​ថា ការផលិត​កម្មវិធី​ទូរទស្សន៍​មួយ​ដោយ​គ្មានមនុស្ស​ពីរម៉ឺននាក់​នៅ​ក្នុងកន្លែង​លេង​កីឡា​មួយ​នឹងមានភាព​មិនល្អ​បែបណា​ជាង​អ្វី​ដែល​យើង​ធ្លាប់​មានតាម​ទម្លាប់នោះទេ។​

អ្នក​ស្រី Brown បាននិយាយ​ថា «​ ឪការផ្សាយ​មហា​សន្និបាតដោយ​ភ្ជាប់​ជា​មួយ​បណ្តាញ​វីដេអូ​ពី​ចម្ងាយ​នេះទំនងជា​នឹងមានការ​សាំ​ញ៉ាំច្រើនហើយ​ថា​ មាន​តែ​បណ្តាញ​ទូរទស្ស​ន៍ធំៗ​ដែល​ផ្សាយ​ដោយ​ផ្ទាល់ការ​ប្រកួត​កីឡាដណ្តើម​ពានរង្វាន់ Super Bowl នោះ ដែល​យល់​ច្បាស់​អំពី​រឿង​នេះ»។​ អ្នក​ស្រីមាន​ជំនឿ​ថា បណ្តាញ​វីដេអូដែលបង្ហាញ​កម្មវិធី​មហា​សន្និបាត​នេះ​អាចបញ្ចូលជាមួយ​ការ​ចូល​រូម​ពី​ពលរដ្ឋ។​

អ្នក​ស្រី Brown បានថ្លែងថា​ «យើង​ប្រហែល​ជា​ឃើញ​ដូច​នៅ​ក្នុង​កម្មវិធី​រាំ​ជាមួយ​តារា​ Dancing with the Stars គឺមាន​មនុស្ស​បោះឆ្នោត​តាម​រយៈទូរសព្ទ​ហើយ​ពួក​គេផ្ញើអត្ថបទ Text ​ដែល​ជា​សន្លឹក​ឆ្នោត​របស់​ពួក​គេ‍»។

ប្រសិន​បើការ​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩​នឹងធូរស្រាល​ខ្លះដោយអនុញ្ញាត​ឱ្យមាន​ការ​ប្រមូលផ្តុំ​គ្នាបន្តិចបន្តួច​ អ្នក​ស្រី​យល់​ថា​ ពួក​ប្រតិភូ​គួរ​ចាត់​ចែង​ការជប់​លៀង​នៅ​ឯ​ផ្ទះ​ដែល​អ្នក​ស្រី​ហៅ​ថា ​«ការជួប​ជុំគ្នា​ប្រជុំ​នៅទូទាំង​ប្រទេស‍»។

តើ​ជាមហា​សន្និបាតដោយ​ភ្ជាប់​ជា​មួយ​បណ្តាញ​វីដេអូ​ពីចម្ងាយ​ឬ​ជា​មហា​សន្និបាតបែប​ធម្មតាតាមធ្លាប់​ធ្វើពីមុនៗ​មក?

លោក​អតីត​អនុ​ប្រធានាធិបតី​ Joe Biden បាន​ស្នើ​គំនិតនៃ​ការ​ធ្វើមហា​សន្និបាតដោយ​ភ្ជាប់​ជា​មួយ​បណ្តាញ​វីដេអូ​ពីចម្ងាយកាលពី​ដើម​ខែ​មេសា គឺតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ពួក​ប្រជា​ធិបតេយ្យ​បានប្តូរ​ថ្ងៃ​ខែនៃ​មហា​សន្និបាត​ពួក​គេ​នៅ​ក្នុងក្រុង Milkaukee ពី​ថ្ងៃទី១៣​ដល់​ថ្ងៃទី១៦ខែ​កក្កដា​ទៅ​ថ្ងៃទី១៧​ដល់​ថ្ងៃទី២០​ខែ​សីហា។ ​នេះគឺ​មួយ​អាទិត្យ​មុន​មហា​សន្និបាតរបស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ក្រុង Charlotte ពី​ថ្ងៃទី​២៤ដល់​ថ្ងៃទី២៧​ខែ​សីហា។

លោក Trump បាន​ចំអក​ដល់​សំណើ​លោក Biden អំពីការ​ធ្វើមហា​សន្និបាតដោយ​ភ្ជាប់​ជា​មួយ​បណ្តាញ​វីដេអូ​ពីចម្ងាយ​។​ ប្រធាននៃគណបក្ស​សាធារណ​រដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​កំពុងមានផែនការ​រៀប​ចំ​មហា​សន្និបាត​ដោយមាន​មនុស្ស​ចូល​រួម​ដោយ​ផ្ទាល់។​

ប្រសិន​បើកាលៈទេសៈ​បង្ខំ​ឱ្យ​មានការ​ផ្លាស់ប្តូរ អ្នក​ស្រី Brown ​ចង់ឃើញ​គណបក្ស​ណាមួយ​ដែល​រៀប​ចំមហា​សន្និបាតដោយ​ភ្ជាប់​ជា​មួយ​បណ្តាញ​វីដេអូ​ពីចម្ងាយបាន​ល្អប្រសើរ​ជាង​គូប្រជែង​ខ្លួន។​ អ្នក​ស្រី​បាន​និយាយថា «យើង​បានមើលគណបក្សរៀប​ចំ​មហាសន្និបាត​របស់​ពួក​គេច្រើន​ឆ្នាំ​មក​ហើយ។ ​ពួក​គេ​ដឹងអំពី​អ្វី​ដែល​ជា​វិធីល្អបំផុត​ដើម្បី​ទាក់​ទាញ​ការ​យក​ចិត្តទុកដាក់និង​ធ្វើ​ឱ្យ​ពួក​សមាជិកគណបក្ស​មានការ​រំភើបចិត្ត។​ ក៏​ប៉ុន្តែ​ការរៀប​ចំ​មហាសន្និបាតដោយ​ភ្ជាប់​ជា​មួយបណ្តាញ​វីដេអូ​ពីចម្ងាយជាហេតុការណ៍​ថ្មី​សុទ្ធសាធ។​គេ​មិន​ដឹង​ថា​នឹង​មាន​ការ​ឆ្នៃ​ប្រឌិត​បែប​ណា​នៅ​ឡើយ​ទេ។ ​ហើយ​គណបក្សមួយ​ប្រហែល​ជា​អាច​មាន​ប្រៀប​ជាងគណបក្ស​មួយ​ទៀត ​នៅពេល​ពួក​គេមានដំណើរ​ការតាម​មាគារ​នេះ‍»។

អ្នក​ស្រី Karmack កត់​សម្គាល់​ថា សេចក្តី​សម្រេច​ចុង​ក្រោយអំពីតើធ្វើ​មហា​សន្និបាត​បែបណា​មិនមែន​ជា​ការ​ចាំបាច់​ត្រូវឋិត​នៅក្រោម​ការ​ត្រួតត្រា​របស់​គណបក្សទេ។​ អ្នក​ស្រីសង្កេត​ឃើញ​ថា« ប្រសិន​បើ​ជា​យើង​នៅ​តែឋិត​នៅ​ក្នុង​ស្ថានភាព​ពិបាក​ខ្លាំង​បែប​នេះ​ នឹងមាន​មនុស្សនៅ​ក្នុង​ក្រុង Milkaukee ដែល​មិនចង់​ធ្វើការ​នៅ​ក្នុង​មហា​សន្និបាត​នេះទេ។​ នឹង​មាន​មនុស្សនៅ​ក្នុង​ក្រុង Charlotte ដែលមិនចង់​ធ្វើការ​នៅ​ក្នុង​មហា​សន្និបាត​នេះទេ។ នឹង​មានមនុស្ស​នៅ​ក្នុង​ក្រុងទាំង​ពីរ​នេះដែល​មិន​ចង់​ឃើញ​មាន​មនុស្ស​ពី​ពីរម៉ឺនទៅបី​ម៉ឺន​នាក់​មកពី​ទូទាំង​ប្រទេស​ទៅ​ចូល​រួម​ក្នុង​មហាស្និបាត​នៃ​គណបក្ស​ទាំង​ពីរ​នេះ​នៅ​ក្នុង​ក្រុង​ពួក​គេទេ។

​ប្រែ​សម្រួល​ដោយ​ ឈឹម សុមេធ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG