ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​លក់​សុរា​ដាច់​ច្រើន​ពី​ហាង​លក់​ភេសជ្ជៈ​មាន​ជាតិ​សុរា​ «ដែល​ចាំ​បាច់»


អ្នកស្រី Sarah Robinett និងស្វាមីមកហាងស្រា Unwind នៅក្រុងអាឡិចសាន់ដ្រា រដ្ឋវឺជីននៀ ដើម្បី​មកយកស្រា។ (Photo: Deborah Block / VOA)

ជំនួញ​ខាង​លក់​ភេសជ្ជៈ​មាន​សារធាតុ​សុរា​កំពុង​លក់ដាច់​នៅ​ក្នុង​សហរដ្ឋអាមេរិកនៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ នៅ​ពេល​ដែល​ពលរដ្ឋអាមេរិកាំង​កំពុងទប់ទល់នឹង​ការ​ធុញ​ទ្រាន់​និង​ការ​ព្រួយ​បារម្ភ​នៅ​ឯ​ផ្ទះ​ដោយសារ​មាន​ការ​បិទ​ប្រទេស។​

លោក ​Davis Wills ​ជា​អ្នក​ចាត់​ចែង​កិច្ចការ​នៅ​ហាង​លក់​ស្រា​និង​ស្រា​បៀរ​ឈ្មោះ​ unwind​ ក្នុង​ក្រុង ​Alexandria ​ រដ្ឋ​ Virginia ​ដែល​ជា​តំបន់​ជាយ​ក្រុង​មួយ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន។​ លោក​Wills​ បាន​និយាយ​ថា៖​ «ជាធម្មតា​មនុស្ស​មកទី​នេះ​ទិញ​ស្រា​ទំពាំង​បាយ​ជូរ​តែ​មួយ​ដប។​ តែ​នៅ​ពេល​នេះ​ ពួក​គេ​ទិញ​ស្រា​បី​បួន​ដប​ឬ​មួយ​កេស​តែ​ម្តង»។​

បើ​តាម​លោក ​Wills​ ​ការ​លក់​ភេសជ្ជៈ​នៅ​ហាង​ unwind ​ដែល​នៅ​ពេល​នេះ​មាន​សេវា​ប្រគល់​ស្រា​នៅ​ចំហៀង​អាគារ​និង​ការ​ប្រគល់​ស្រា​និង​ស្រា​បៀរ​ដល់​ផ្ទះ​បាន​កើន​ឡើង​យ៉ាង​តិច​៣០​ភាគ​រយ​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ពីព្រោះ​ពួក​អតិថិជន​ឋិត​នៅ​ក្នុង​ផ្ទះ។​

លោក ​ Wills​ បាន​និយាយ​ថា៖ ​«មនុស្ស​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ហើយ​ជា​ច្រើន​នាក់​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ក្នុង​តំបន់​នេះ។​ ដូច្នេះ​ពួកគេ​មាន​ទំនោរ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ច្រើន​ជាង​ពេល​មាន​សភាព​ធម្មតា»។​

នៅ​ពេល​អ្នក​ស្រី​ទៅ​ទិញ​ស្រា​ទំពាំង​បាយ​ជូរ​ ​អ្នក​ស្រី​ Sarah Robinett ​ដែល​ជា​អតិថិជន​បាន​និយាយ​ថា៖​« ការណ៍​នេះ​ផ្តល់​ឱ្យ​យើង​នូវ​សេរីភាព​ច្រើន​ជាង​មុន​ដោយ​យើង​អាច​ផឹក​ស្រា​នៅ​ពេល​ណា​យើង​ចង់​ ​ហើយ​យើង​គ្មាន​អារម្មណ៍​ថា​មាន​កំហុស​ទេ»។​

នៅ​ពេល​ត្រូវ​សួរ​ថា ​តើ​អ្នកស្រី​ផឹក​ស្រា​ច្រើន​ជាង​មុន​ឬ​ទេ?​ អតិថិជន​ម្នាក់​ទៀត​គឺ​អ្នកស្រី​ Andrea Anderson ​បាន​និយាយ​ថា៖​ «ប្រហែល​ច្រើន​ជាង​មុន​បន្តិច»។​

លោក​ George Koob ​ជា​នាយក​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ការ​ផឹក​ស្រា​និង​ការ​ញៀន​ស្រា​នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សុខភាព​នៅ​ក្នុង​ក្រុង​Bethesda ​ រដ្ឋ​ Maryland។​ លោក​បាន​និយាយ​ថា​ ការណ៍​នេះ​ជា​បញ្ហា​មួយ។​លោក​បាន​ថ្លែង​ទៀត​ថា៖ ​«ទោះ​ណា​ជា​ប្រមាណ​៧០​ភាគ​រយ​នៃ​ប្រជារាស្ត្រ​អាមេរិកាំង​ផឹក​ស្រា​ក៏​ដោយ​ក៏​ការ​ផឹក​សុរា​បាន​កើន​ច្រើន​គួរ​សម​នៅ​ទូទាំង​ប្រទេស»។​

លោក​ Koob ​ បាន​មាន​ប្រសាសន៍​ថា​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ «ពួក​គេ​បាន​បង្កើន​ការ​ផឹក​ស្រា​ដើម្បី​កម្ចាត់​អារម្មណ៍​អវិជ្ជមាន​ដោយ​ប្រើ​ការ​ផឹក​សុរា​ជា​យន្តការ​សម្រប​សម្រួល​តាម​ស្ថានភាព»។​ លោក​ខ្វល់​ខ្វាយ​ថា ​«រឿង​អវិជ្ជមាន»​ នៃ​ការ​ផឹក​ស្រា​គឺ​ការ​ផឹក​សុរា​កើន​ឡើង​ខ្លាំង​ក្នុង​ចំណោម​ពលរដ្ឋអាមេរិកាំង​ផឹក​ស្រា​ ១៤​លាន​៥​សែន​នាក់​ ដោយសារ​ការ​ផឹក​ស្រា​គ្មាន​របៀប​របប។​

អ្នក​ស្រី​ Julia Chester ​ដែល​ជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​ឯ​សាកល​វិទ្យាល័យ ​Purdue ​បាន​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​ផឹក​ស្រា​ដោយ​គ្មាន​របៀប​រៀប​រយ។​អ្នក​ស្រី​និយាយ​ថា​ អ្នក​ស្រី​យល់​ថា៖​«នៅ​ក្រោយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​ចុះ​ថម​ថយ​នោះ​ ​ មនុស្ស​ខ្លះ​ មាន​ការ​ពិបាក​ក្នុង​ការ​បញ្ឈប់​និន្នាការ​នៃ​ការ​ផឹក​ស្រា​ដែល​នាំ​ឱ្យ​មាន​បញ្ហា»។​

អ្នក​ស្រី ​Julia Chester ​បាន​មាន​ប្រសាសន៍​ថា៖​« ដោយសារ​សុរា​បាន​ចាក់​ឫស​នៅ​ក្នុង​វប្បធ៌ម​យើង​នោះ​ ការ​បិទ​សេវា​ពួក​អ្នក​លក់​ភេសជ្ជៈ​ស្រវឹង​និង​ហាង​ព្រម​ទាំង​ភោជនីយដ្ឋាន​ដែល​មាន​លក់​សុរា​គឺ​ជា​ការពិបាក»។​

ដោយ​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​មុខជំនួញ​ចាំ​បាច់​ ​ហាង​លក់​ភេសជ្ជៈ​ស្រវឹង​បាន​បង់​ពន្ធដារ​ច្រើន​លើ​ប្រាក់​ចំណូល​ដែល​ជា​ផ្នែក​ធំមួយ​របស់​ថវិកា​របស់​រដ្ឋាភិបាល​រដ្ឋ​ជា​ច្រើន។​ ហាង​លក់​ស្រា​នៅ​ក្នុង​រដ្ឋ​ចំនួន​៤៩​ក្នុង​បណ្តា​រដ្ឋ​ទាំង​៥០​ ព្រម​ទាំង​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ជាតិ​ផង​នោះ​ បាន​បើក​ទ្វារ​លក់ដូរ​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ។​ រដ្ឋ​ Pennsylvania ​បាន​បិទ​ហាង​លក់​ភេសជ្ជៈ​ស្រវឹង​នៅ​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ស្រុក​រដ្ឋ​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ជិត​ខាង​ដើម្បី​ទិញ​ស្រា​និង​ស្រាបៀរ​ ​ អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​លក់​តាម​បណ្តាញ ​អ៊ីនធើណិត​និង​ការ​លក់​ដោយ​ឱ្យ​អ្នក​ទិញ​ទៅ​យក​ស្រា​និង​ស្រា​បៀរ​នៅ​ក្រៅ​ហាង។​កាល​ពីថ្ងៃ​សុក្រ​ទី៣​ខែ​មេសា រដ្ឋ​ Pennsylvania ​បាន​ចាប់​ផ្តើម​ឱ្យ​ពួក​អតិថិជន​ទៅ​ទិញ​ភេសជ្ជៈ​ស្រវឹង​នៅ​ក្នុង​ហាង​ខ្លះ​ហើយ។​

រដ្ឋ​ខ្លះ​ដូច​ជា​រដ្ឋ​ Maryland​ ជា​ដើម​បាន​លើក​ហេតុផល​ហិរញ្ញ​វត្ថុ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ហាង​លក់​រាយ​ភេសជ្ជៈ​ស្រវឹង​បន្ត​បើក​លក់។​មន្ត្រី​ម្នាក់​នៃ​រដ្ឋ​នេះ​បាន​និយាយ​ថា​សេចក្តី​សម្រេច​នេះ​បណ្តាល​មក​ពី​ហេតុផល​សេដ្ឋកិច្ច​ហើយ​នឹង​អនុញ្ញាត​ឱ្យ​ភោជនីយដ្ឋាន​លក់​ភេសជ្ជៈ​ស្រវឹង​ជា​បណ្តើរៗ​ ដោយ​មក​ទិញ​យក​ទៅ​ និង​ហាង​យក​អោយ​ដល់​ផ្ទះ។​

រដ្ឋ​ឯ​ទៀតៗដូច​ជា​រដ្ឋ​ Delaware ​ជា​ដើម​និយាយ​ថា​ការ​បើក​ឱ្យ​មាន​លក់ស្រា​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ថែទាំ​សុខភាពពីព្រោះ​ការ​បិទ​ហាង​លក់​ស្រា​និង​ស្រា​បៀរ​អាច​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​មិន​ល្អ​ទៅ​លើ​ពួក​មនុស្ស​ដែល​មាន​បញ្ហា​ជា​មួយ​គ្រឿង​ញៀន​ស្រវឹង។

លោក ​ Koob ​ដែល​ជា​នាយក​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ការ​ផឹក​ស្រា​និង​ការ​ញៀន​ស្រា​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​នៅ​ក្នុង​ក្រុង ​ Bethesda ​រដ្ឋ​ Maryland​ យល់​ស្រប​នឹង​មតិ​នេះ។​ លោក​បាន​និយាយ​បន្ថែម​ថា ​ការ​កើន​ឡើង​ភ្លាមៗ​នៃ​ពួក​មនុស្ស​មាន​រោគ​សញ្ញា​ទាក់​ទិន​នឹង​ការ​ផឹក​ស្រា​នឹង​នាំ​ឱ្យ​មាន​ «បន្ទុក​ច្រើន​ក្រាស់​ក្រែល​លើ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​របស់​យើង​នៅ​ពេល​នេះ»។

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ​លោក​បាន​ព្រមាន​ប្រឆាំង​នឹង​ទម្លាប់​ផឹក​ស្រាច្រើន​ពេក​ ដោយ​លោក​កត់​សម្គាល់​ថា​ ពីព្រោះ​« ភេសជ្ជៈ​ស្រវឹង​ធ្វើ​ឲ្យ​ខ្សោយ​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ហើយ​ ការ​ផឹក​ស្រា​ច្រើន​ពេក​អាច​ធ្វើឱ្យ​អ្នក​ផឹក​ងាយ​រង​គ្រោះ​ដោយ​សារ​វីរុស​កូរ៉ូណា»។​

អង្គការ​សុខភាព​ពិភពលោក​បាន​ស្នើ​ឱ្យ​ចៀសវាង​ភេសជ្ជៈ​ស្រវឹង​ពី​ព្រោះ​ «ការ​ផឹក​ភេសជ្ជៈ​ស្រវឹង​អាច​បង្កើន​ភាព​រងគ្រោះ​ដល់​សុខភាព»។​

សម្រាប់​ពួក​មនុស្ស​ដែល​យល់​ថា​ ការ​បញ្ចូល​ភេសជ្ជៈ​ស្រវឹង​ទៅ​ក្នុង​សរសៃ​ឈាម​ពួក​គេ​អាច​ការពារ​ពួក​គេ​ពី​វីរុស​កូរ៉ូណា​នោះ ​ បអង្គការសុខ​ភាព​ពិភព​លោក​មាន​សារ​ងាយ​យល់​មួយ​ថា​ «មិន​មែន​ដូច្នេះ​ទេ»៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG