ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mugabe បន្សល់​ទុក​ទាំង​កេរដំណែល​ល្អ​និង​អាក្រក់​នៅ​តំបន់ Matebeleland នៃ​ប្រទេស​ស៊ីមបាវ៉េ


រូបឯកសារ៖ អតីតប្រធានាធិបតីស៊ីមបាវ៉េថ្លែងអំឡុងពេលពិធីបុណ្យគម្រប់ខួប ៩៣​ឆ្នាំ របស់លោក នៅរដ្ឋធានីហារ៉ារ៉េ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ អតីតប្រធានាធិបតីស៊ីមបាវ៉េថ្លែងអំឡុងពេលពិធីបុណ្យគម្រប់ខួប ៩៣​ឆ្នាំ របស់លោក នៅរដ្ឋធានីហារ៉ារ៉េ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅ​ក្នុង​ប្រទេសស៊ីមបាវ៉េ ប្រជាជន​មាន​គំនិត​ផ្ទុយ​ពី​គ្នា​អំពី​មរណភាព​របស់​លោក Robert Mugabe ដែល​ជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​នេះ។ លោក​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ ទី៦ ខែកញ្ញា កន្លង​ទៅ​នេះ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​សិង្ហបុរី។

លោក Mugabe ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​មេដឹកនាំ​ដំបូង​បង្អស់​ម្នាក់​នៃ​ចលនា​រំដោះ​ប្រឆាំង​នឹង​អាណានិគម​ក្នុង​ទ្វីប​អាហ្វ្រិក។ លោក​ធ្លាប់​ត្រូវ​បាន​មនុស្ស​ជាច្រើន​ហៅ​ថា​ជា​វីរបុរស​ដ៏​អង់អាច​ម្នាក់។ ប៉ុន្តែ​កេរដំណែល​របស់​លោក​ក៏​រួម​មាន​ទាំង​ការ​បង្ហូរ​ឈាម​ប្រជាពលរដ្ឋខ្លួនឯង​និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់ស៊ីមបាវ៉េ ធ្លាក់​ចុះ​ដុនដាប​ផង​ដែរ។

ក្នុង​ចន្លោះ​ឆ្នាំ​១៩៨៣​ និង​ឆ្នាំ​១៩៨៧ រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច ZANU PF ​របស់​លោក Mugabe បាន​ធ្វើ​ការ​គាបសង្កត់​យ៉ាង​សាហាវ​ឃោរឃៅ​ទៅ​លើ​ចលនា​សេរី ZAPU ​ដឹក​នាំ​ដោយ​លោក Joshua Nkomo ដែល​ជា​គូ​ប្រជែង​នឹង​រូប​លោក។ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ដែល​ភាគច្រើន​និយាយ​ភាសា Ndebele បាន​ស្លាប់​នៅ​ក្នុង​តំបន់ Matabeleland ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​របស់​លោក Nkomo។

លោក Mugabe បាន​ប្រើប្រាស់​កងពល​តូច​ទី​ប្រាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ភាព​សាហាវ​ឃោរឃៅ​របស់ក្រុម​នេះ​នៅ​ក្នុង​តំបន់។ ទាហាន​នៃ​កងពលតូច​នេះ​បាន​បង្ខំ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ឲ្យ​រត់ភៀសខ្លួន​ទៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង Botswana និង​កន្លែង​ដទៃទៀត។

លោក Mugabe បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុម ZAPU មួយ​ចំនួន។ មេដឹកនាំ​ក្រុម ZAPU បាន​បដិសេធ​ថា​ មិន​បាន​ពាក់ព័ន្ធ​នឹង​ក្រុម​ឧទ្ទាម​នោះ​ទេ។

បច្ចុប្បន្ន​នេះ ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា អំពើ​ហិង្សា​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Gukurahundi នៅ​តែ​ធ្វើឲ្យ​ក្រុម​ជន​ផ្ដាច់​ខ្លួន​ចង់​ឲ្យ​តំបន់​នេះ​ផ្ដាច់​ចេញ​ពី​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស ដែល​សម្បូរ​ទៅ​ដោយ​អ្នក​និយាយ​ភាសា Shona។

អារម្មណ៍​ច្របូកច្របល់​គ្នា

សិល្បករ Paul Mlauzi វ័យ​២៩​ឆ្នាំ គឺ​ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង Bulawayo ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ទី​ពីរ​នៅ​ក្នុង​ប្រទេស ស៊ីមបាវ៉េ និង​ជា​រដ្ឋធានី​នៃ​តំបន់ Matabeleland។ ​

លោក​បាន​ថ្លែង​ថា៖ «មរណភាព​របស់​លោក Robert Mugabe បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មិន​ដឹង​ថា​គួរ​មាន​អារម្មណ៍​យ៉ាងដូចម្ដេច ដោយសារ​តែ​ពួកគេ​ធំធាត់​ឡើង​ក្នុង​សហគមន៍​ដែល​ពួកគេ​បាន​ឮ​រឿងរ៉ាវ​អាក្រក់​ជាច្រើន​អំពី​អតីត​មេដឹកនាំ​របស់​ពួកគេ។ វា​ជា​អារម្មណ៍​ច្របូកច្របល់​គ្នា​ក្នុង​ការ​ដែល​ដឹង​ថា មេដឹកនាំ​អាហ្វ្រិក​របស់​យើង​ភាគច្រើន មិន​ទុកបញ្ហា​របស់​យើង​ជា​អាទិភាព​នោះ​ទេ ជា​ឧទាហរណ៍ មេដឹកនាំ​អាហ្វ្រិក​ភាគ​ច្រើន​ត្រូវ​ទៅ​បរទេស​ដើម្បី​ព្យាបាល​សុខភាព»។

លោក Mugabe បាន​សម្រាក​ព្យាបាល​នៅ​ប្រទេស សិង្ហបុរី តាំង​ពី​ខែ​មេសា​មក។ លោក​បាន​ទៅ​ប្រទេស សិង្ហបុរី ជា​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ដើម្បី​ព្យាបាល​សុខភាព ដោយសារ​តែ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស ស៊ីមបាវ៉េ មិន​ល្អ​នោះ​ទេ។ ​

លោក Dumisani Nkomo គឺ​ជា​បុគ្គលិក​នៃ​ក្រុម​កសាង​សន្ដិភាព​សាសនា​គ្រិស្ត Habakkuk Trust ដែល​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់ Matabeleland។ លោក​បាន​លើកឡើង​ពី​កេរដំណែល​លាយឡំ​គ្នា​របស់​លោក Mugabe។

លោក Nkomo បាន​ថ្លែង​ថា៖ «ជា​ការ​ពិត​ណាស់ នេះ​គឺ​ជា​មរណទុក្ខ​ដ៏​ធំធេង​របស់​ក្រុមគ្រួសារ​របស់​លោក។ ការ​រួមចំណែក​ជួយ​រំដោះ​ប្រទេសជាតិ​របស់​លោក ត្រូវ​បាន​លុប​បាត់​ដោយសារការ​សម្លាប់​រង្គាល​នៅ​ក្នុង​អំពើ​ហិង្សា Gukurahundi ដែល​លោក​គឺ​ជា​មេ​ផ្ដើម​គំនិត ការ​ដួលរលំ​សេដ្ឋកិច្ច​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៣ និង​ដោយសារ​អំពើ​ហិង្សា​ក្នុង​ការ​បោះឆ្នោត។

សេដ្ឋកិច្ច​ធ្លាក់ចុះ​ ប៉ុន្តែធ្វើ​បុណ្យ​កំណើត​អធិកអធម

បន្ថែម​ពី​លើ​ការ​គាបសង្កត់​យ៉ាង​សាហាវ​ឃោរឃៅ​របស់​លោក​ទៅ​លើ​ក្រុម​ប្រឆាំង លោក Mugabe បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ស៊ីមបាវ៉េ​ធ្លាក់​ចុះ។ ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ដី​ដាំដំណាំ​និង​ធនធាន​រ៉ែ​បាន​ក្ស័យធន​អស់រយៈពេល​ជិត​ពីរ​ទសវត្ស​ដោយសារ​តែ​ការ​គ្រប់គ្រង​មិន​បាន​ល្អ។ ប៉ុន្តែ​ខណៈ​ដែល​អតិផរណា​កាន់​តែ​អាក្រក់​ហើយ​ប្រជាជន​ក្លាយ​ទៅ​ជា​អត់ឃ្លាន អតីត​ប្រធានាធិបតី​រូប​នេះ​បាន​ល្បីល្បាញ​ដោយសារ​តែ​ការ​រៀបចំ​ពិធី​បុណ្យ​កំណើត​សម្រាប់​ខ្លួន​ឯង​យ៉ាង​អធិកអធម ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​រាប់​សែន​ដុល្លារ។

ប៉ុន្តែ​នៅ​ម្ខាង​ទៀត​នៃ​ទ្វីប​នេះ លោក Mugabe ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វីរបុរស​ចំពោះ​ការ​តស៊ូ​មតិ​ឲ្យ​ពួក​ស្បែក​ខ្មៅ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ។ ប៉ុន្តែ​សម្រាប់​លោក Nkomo និង​អ្នក​ផ្សេង​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់ លោក Mugabe ត្រូវ​គេ​មើល​ឃើញ​ថា ល្អ​តែ​ពី​ក្រៅ​ប៉ុណ្ណោះ។ លោក Nkomo មិន​ជឿ​ថា​ គេ​អាច​ស្ដារ​កេរដំណែល​របស់​លោក Mugabe បាន​ទេ។

លោក Nkomo បាន​ថ្លែង​ថា៖ «ពិបាក​កែ​ឲ្យ​ល្អ​ណាស់​។ ខ្ញុំ​គិត​ថា អំពើ​អាក្រក់​បាន​លុប​បាត់​អំពើ​ល្អ។ ពិតណាស់​ អ្នក​ខ្លះ​អាច​នឹង​អះអាង​ថា ក្នុង​នាម​ជា​អ្នក​ស្រោចស្រង់​អាហ្វ្រិក​ម្នាក់ លោក Mugabe ពិត​ជា​បាន​តស៊ូ​មតិ​សម្រាប់​អាហ្វ្រិក​ទៅ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដើម្បី​ឲ្យ​គេ​ស្គាល់​ថា ស៊ីមបាវ៉េ​គឺ​ជា​ដៃគូ​ស្មើ​គ្នា​មួយ​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ និង​នៅ​ក្នុង​ស្ថាប័ន​ដទៃទៀត។ ដូច្នេះ​ជា​ទ្រឹស្ដី លោក​គឺ​ជា​ជ័យលាភី​មួយ​រូប​សម្រាប់​អាហ្វ្រិក ប៉ុន្តែ​ជា​ការ​អនុវត្ត​ជាក់ស្ដែង លោក​បាន​ធ្វើ​បាប​ប្រជាជន​របស់​ខ្លួន​ឯង»។

មាន​ការ​លំបាក​ណាស់​ក្នុង​ការ​សម្រេច​ទៅ​លើ​កេរដំណែល​របស់​លោក Mugabe បើ​ធៀប​ទៅ​នឹង​ប្រទេស​អាហ្វ្រិក​ដទៃទៀត ដែលមាន​មេដឹកនាំ​ផ្ដាច់ការ​ដូចគ្នា ហើយ​បដិសេធ​មិន​ព្រម​ប្រគល់​អំណាច​នោះ​។ លោក Nkomo និង​អ្នក​ផ្សេងទៀត​និយាយ​ថា មរណភាព​របស់​លោក Mugabe គួរ​តែ​ជា​ការ​ក្រើន​រំឭក​ដល់​ប្រទេស​អាហ្វ្រិក​ដទៃទៀត ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​ថា​តើ​ពួកគេ​ចង់​ឲ្យ​ប្រទេស​របស់​ខ្លួន​ក្លាយ​ទៅ​ជា​បែប​ណា។

លោក Nkomo បាន​ថ្លែង​ថា៖ «ជា​ការ​ពិត​ណាស់ វា​គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​ខ្លួន​យើង។ ក្រឡេក​មើល​ទៅ​លើ​ការ​ស្អប់​ជនបរទេស​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ស្មារតី​ជាតិនិយម​ដែល​យើង​មាន​នៅ​គ្រប់​កន្លែង។ ប៉ុន្តែ​ចំពោះ​ករណី​របស់​លោក ប្រហែល​ជា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ដោយសារ​តែ​លោក​គឺ​ជា​ប្រធានាធិបតី»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG