ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ​ប៉េកាំង​ត្រូវ​បាន​បិទខ្ទប់​ដោយសារ​មាន​ការឆ្លង​ជំងឺ​កូវីដ១៩​មួយ​ករណី


បុរស​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​នៅ​ជិត​អគារ​នៃ​សាកល​វិទ្យាល័យ Peking ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ពុធ ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
បុរស​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩​នៅ​ជិត​អគារ​នៃ​សាកល​វិទ្យាល័យ Peking ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ពុធ ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

អាជ្ញាធរ​ចិន​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ បានបិទ​ខ្ទប់​សាកលវិទ្យាល័យ​ដ៏​សំខាន់​មួយ​ក្នុង​រដ្ឋធានី​ប៉េកាំង​ ប្រទេស​ចិន ​បន្ទាប់ពី​បាន​រក​ឃើញការ​ឆ្លង​ជំងឺ​កូវីដ១៩ មួយ​ករណី​ ខណៈដែល​ចិន​នៅ​តែ​អនុវត្ត​ខ្ជាប់ខ្ជួនទៅ​លើ​គោលការណ៍​«គ្មាន​ជំងឺកូវីដ‍» (Zero COVID) ​របស់​ខ្លួន​ បើ​ទោះ​បី​ជា​មាន​ការ​ថ្នាំងថ្នាក់​ពី​សាធារណជន​ចិន​យ៉ាងណា​ក្តី។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

និស្សិត​សាកលវិទ្យាល័យ​ប៉េកាំង​និង​បុគ្គលិកសិក្សា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ទី​តាំង​ដែល​ពួកគេ​កំពុង​ស្ថិត​នៅ​ លើក​លែង​តែ​ចាំបាច់។​ ហើយថ្នាក់រៀន​នៅ​បរិវេណ​អគារ​ ដែល​ជា​ទី​ដែល​គេ​រក​ឃើញ​ករណី​ឆ្លងជំងឺកូវីដ​នោះ ត្រូវ​បាន​ប្តូរ​ទៅ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​វិញ រហូត​ដល់​ថ្ងៃ​សុក្រ​ខាងមុខ​នេះ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សាកលវិទ្យាល័យ​នេះ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​គេ​នៅ​តែ​ឃើញ​និស្សិត​ចេញ​ចូល​នៅ​បរិវេណ​អគារ​សិក្សា​ចម្បង ​កាល​ពី​ថ្ងៃ​ពុធ។​

រដ្ឋធានី​ប៉េកាំង​ បាន​រាយការណ៍ពី​ការ​រកឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ១៩ប្រមាណ​ជាង​៣៥០​ករណី​ថ្មីៗ​ នៅក្នុង​រយៈពេល​២៤​ម៉ោង ដែល​ជា​ចំនួន​តូច​មួយ​ប៉ុណ្ណោះបើ​ប្រៀប​នឹងប្រជាជន​សរុប​ក្នុង​រដ្ឋធានី​ប៉េកាំង​ទាំង​មូល​ចំនួន​២១​លាន​នាក់​នោះ​ ប៉ុន្តែនេះ​ជា​ចំនួន​គ្រប់គ្រាន់​ដើម្បី​នាំឱ្យមាន​ការ​បិទខ្ទប់​និង​ការ​ធ្វើ​ចត្តាឡីស័ក នៅ​ក្រោម​យុទ្ធសាស្ត្រគ្មាន​ជំងឺ​កូវីដ​១៩​របស់​ចិន។​

ក្រុម​អាជ្ញាធរ​ចិន​ចង់​បញ្ចៀស​នូវ​ការបិទខ្ទប់ដូច​ក្នុង​ទីក្រុង​សៀងហៃ​កាល​ពី​ពេល​កន្លង​ទៅ​ក្នុង​ឆ្នាំ​នេះដែល​ធ្វើ​ឱ្យ​មាន​ការជាប់គាំង​ការ​ដឹកជញ្ជូន និង​មាន​ការ​ប្រឆាំង​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ផង​ដែរ។​ ​សេចក្តី​ណែនាំ​ដែល​ត្រូវ​បាន​កែសម្រួល​កាល​ពី​សប្តាហ៍​មុន​ ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ឱ្យអនុវត្ត​គោលការណ៍​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​និង​បិទខ្ទប់​តែ​ភូមិសាស្ត្រ​ជាក់លាក់ ដើម្បី​បញ្ចៀសនូវ​វិធានការ​មិន​ចាំបាច់​នានា។​ ​

សាកលវិទ្យាល័យ​ក្រុង​ប៉េកាំង​ មាន​និស្សិត​ប្រមាណ​ជាង​៤ម៉ឺននាក់​ ដែល​សិក្សា​នៅ​ក្នុង​បរិវេណអគារ​ផ្សេងៗ​គ្នា​ ​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ក្រុង​ប៉េកាំង។​ ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់នៅ​ឡើយ​ទេ​ថា​ តើ​មាន​និស្សិត​ប៉ុន្មាន​នាក់​ទទួល​រង​ការ​ប៉ះពាល់​ដោយ​សារ​ការបិទខ្ទប់​នេះ។​ ​

សាកលវិទ្យាល័យ​ប៉េកាំង​នេះមាន​អាយុកាល​ប្រមាណ​១២៤ឆ្នាំ​មក​ហើយ​ និង​ជា​សាកលវិទ្យាល័យ​ល្បីឈ្មោះ​មួយរបស់​ចិន និង​ក៏​ធ្លាប់​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​បាតុកម្មប្រឆាំង​តវ៉ារបស់​និស្សិត​ចិន​កាល​ពី​អតីតកាល​កន្លង​ទៅ​ផង​ដែរ។​ និស្សិត​ដែល​បាន​រៀន​ចប់​នៅ​ទី​នោះ ​បាន​ក្លាយ​ជាបញ្ញវន្ត​ដឹកនាំ អ្នកនិពន្ធ​ អ្នក​នយោបាយ​ និង​អ្នក​ធ្វើ​ជំនួញ​ជា​ដើម៕​

XS
SM
MD
LG