ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​តម្រូវ​​ឱ្យ​ធ្វើ​ចត្តាឡីស័ក​​បន្ទាប់​ពី​បុរស​ចិន​ម្នាក់​បាន​បំពាន​គោលការណ៍​​ជំងឺ​កូវីដ១៩​នៅ​ទីក្រុង​ប៉េកាំង


ពលរដ្ឋ​តម្រង់​ជួរ​ដើម្បី​ធ្វើ​តេស្ត​កូវីដ១៩ នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២។
ពលរដ្ឋ​តម្រង់​ជួរ​ដើម្បី​ធ្វើ​តេស្ត​កូវីដ១៩ នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២។

បុរស​ជន​ជាតិ​ចិនម្នាក់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បានធ្វើ​ឱ្យអ្នក​ជិតខាង​របស់​ខ្លួន​រាប់ពាន់​នាក់ត្រូវ​ស្ថិត​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក បន្ទាប់​ពី​បុរស​រូប​នេះមិន​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​អាជ្ញាធរ​ចិន​ក្នុង​ការ​ស្ថិត​នៅ​ក្នុង​ផ្ទះ ហើយ​បុរស​រូប​នេះ​ក្រោយ​មក​ត្រូវ​បាន​ធ្វើ​តេស្តឃើញវិជ្ជមាន​មាន​ជំងឺ​កូវីដ១៩ដែល​បណ្តាលឱ្យ​ប៉ូលិស​ធ្វើ​ការស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

អាជ្ញាធរក្នុងរដ្ឋធានី​ប៉េកាំង​បាន​បញ្ជា​ឱ្យ​ពលរដ្ឋ​ចិន​រាប់ម៉ឺន​នាក់នៅ​ក្នុង​ទីក្រុង​នេះ​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ផ្ទះក្នុង​រយៈពេល​៥សប្តាហ៍​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​នៃជំងឺ​កូវីដ១៩ដ៏​ធំ​បំផុត​មួយ ចាប់​តាំង​ពី​ជំងឺ​នេះបាន​ចាប់​ផ្តើម​ឆ្លង​រាតត្បាត​មក។

មន្ត្រី​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា បុរស​ជន​ជាតិ​ចិន​ម្នាក់​អាយុ​ប្រមាណ​៤០ឆ្នាំ​មិន​បានអនុវត្ត​តម្រូវការឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ បន្ទាប់​ពី​បុរស​នេះ​បាន​ទៅហាង​ទំនិញ​មួយ​កន្លែង​ដែលចាត់​ទុក​ថា​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​ជំងឺ​កូវីដ១៩។

មន្ត្រី​សន្តិសុខ​សាធារណៈនៃ​រដ្ឋធានី​ប៉េកាំង​លោក Pan Xuhong បាន​និយាយ​ថា៖ «ក្នុង​អំឡុង​ពេល​នៃ​ការ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​តែ​ឯង​នោះ បុរស​រូប​នេះ​បាន​ចេញ​ទៅ​ក្រៅជា​ច្រើន​ដង​ ហើយ​បាន​ដើរ​ទៅ​ផ្ទះ​អ្នក​ជិតខាង»។

បុរស​រូប​នេះ​ដែល​មាន​ឈ្មោះ Sun និង​ភរិយា​របស់​លោក ក្រោយ​មក​ត្រូវ​បាន​ធ្វើ​តេស្ត​មាន​ជំងឺ​កូវីដ១៩​វិជ្ជមាន​ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​បិទ​ខ្ទប់អ្នក​ជិតខាង​របស់​ខ្លួន​ប្រមាណ​៥.០០០​នាក់ មិន​ឱ្យ​ចេញ​ពី​ផ្ទះ ហើយ​បាន​បញ្ជូន​មនុស្សប្រមាណ​២៥០​នាក់​ផ្សេង​ទៀត​ទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​របស់​រដ្ឋាភិបាល​ចិន​ផង​ដែរ។

ប្រទេស​ចិនកំពុង​អនុវត្ត​យុទ្ធសាស្ត្រគ្មាន​ជំងឺ​កូវីដ១៩​ (សូន្យ​កូវីដ ឬ zero-COVID) ជាមួយ​នឹង​ការ​បិទ​ខ្ទប់​សកម្មភាព​សង្គមដ៏​ខ្លាំង​របស់​ខ្លួន​ហើយការ​ធ្វើ​តេស្ត​មហាជន​និង​និង​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​យូរ​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ប្រសិន​បើ​រក​ឃើញ​មាន​អ្នក​ឆ្លង​នោះ។

អាជ្ញាធរ​ចិន​ក៏​នឹង​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរផង​ដែរ​ដល់​អ្នក​ដែល​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍របស់​ខ្លួន​ ហើយ​បុរស​ចិន​រូប​នេះ​ កំពុង​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​នៅ​ពេល​នេះ។

ករណី​ឆ្លងជំងឺ​កូវីដ១៩​មាន​ការ​ថយចុះ​យ៉ាង​ខ្លាំងក្នុង​សប្តាហ៍​កន្លង​ទៅ​នេះ។

អ្នក​នាំ​ពាក្យរដ្ឋាភិបាល​ក្រុង​ប៉េកាំង​លោក Xu Hejian បាន​និយាយកាលពី​ថ្ងៃ​អាទិត្យ​ថា៖ «ពុំ​មាន​ករណី​ឆ្លង​ថ្មីៗ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សង្គម​នោះ​ឡើយ​ក្នុង​រយៈ​ពេល២​ថ្ងៃ​កន្លង​ទៅ​នេះ។ ស្ថានភាពជំងឺ​កូវីដ១៩​កំពុង​មាន​ភាព​នឹងនរ​និង​ប្រសើរ​ឡើងវិញ ប៉ុន្តែហានិភ័យ​នៃ​ការ​វិលត្រឡប់​មក​វិញនៃ​ជំងឺ​នេះ​នៅ​តែ​អាច​កើត​មាន​ឡើង​ដដែល»។

រថយន្ត​ក្រុង រថភ្លើង​ក្រោមដី​និង​សេវា​រថយន្ត​តាក់ស៊ី​នៅក្នុងសង្កាត់​៣​របស់​ក្រុង​ប៉េកាំង​ដែល​មាន​មនុស្ស​រស់​នៅច្រើន​បំផុត​នោះបាន​ចាប់​ផ្តើមដំណើរការ​ឡើងវិញ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ​ហើយ​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បានអនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅកន្លែង​ធ្វើ​ការ​របស់​គេវិញ។

អាជ្ញាធរ​នៅ​ក្នុងទីក្រុង​នេះ​និយាយ​ថា ចំនួន​ពលរដ្ឋ​ដែលតម្រូវ​ឱ្យ​ស្ថិត​ក្នុង​ផ្ទះ​ មាន​ចំនួន​កាន់​តែ​តិច​ទៅៗ ហើយអាជ្ញាធរ​ចិន​និយាយ​ថា ខ្លួន​នឹងមិនរឹត​បន្តឹងដល់​ការ​ចេញ​ចូល​របស់ពលរដ្ឋនិង​អ្នក​ភូមិទៅ​កាន់សហគមន៍​ផ្សេង​ទៀត​នោះ​ឡើយ​ចាប់​ពីថ្ងៃ​ទី១ ខែ​មិថុនា​ស្អែក​នេះ​តទៅ​ លើកលែង​តែ​សហគមន៍ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ហានិភ័យ​ខ្ពស់ឬ​តំបន់​ដែល​មាន​ការ​គ្រប់​គ្រងនោះ៕

XS
SM
MD
LG