ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping ដាក់​អនាគត​នយោបាយ​របស់​លោក​លើ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ


រូបឯកសារ៖​ រូបភាព​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​ពាក់ម៉ាស​ ត្រូវ​បាន​ដាក់តាំង​បង្ហាញ​នៅ​ក្នុង​ការ​តាំងពិព័រណ៍​មួយ​អំពី​ការប្រយុទ្ធប្រឆាំង​របស់​ចិន​ទៅ​នឹង​ជំងឺ​កូវីដ១៩ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖​ រូបភាព​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​ពាក់ម៉ាស​ ត្រូវ​បាន​ដាក់តាំង​បង្ហាញ​នៅ​ក្នុង​ការ​តាំងពិព័រណ៍​មួយ​អំពី​ការប្រយុទ្ធប្រឆាំង​របស់​ចិន​ទៅ​នឹង​ជំងឺ​កូវីដ១៩ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា ប្រធានាធិបតី​ចិន​លោក Xi Jinping កំពុង​ដាក់​អនាគត​នយោបាយ​របស់​លោក​លើ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ ដ៏​តឹងរ៉ឹង​មិន​ធ្លាប់​មាន​ពី​មុន​មក ស្រប​ពេល​ដែល​លោក​កំពុង​ឈរ​ឈ្មោះ​សម្រាប់​ការ​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ជា​បន្ត​នៅ​អាណត្តិ​ទី ៣ នៅ​ក្នុង​ឆ្នាំ​នេះ។

ប្រទេស​ចិន​កំពុង​បន្ត​អនុវត្ត​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀត​ចាប់​តាំង​ពី​ទ្វីប​អឺរ៉ុប​រហូត​ដល់​ទ្វីប​អាស៊ី​កំពុង​លុបចោល​ឬ​ក៏​បន្ធូរបន្ថយ​ការ​រឹតត្បិត​និង​រស់នៅ​ជាមួយ​នឹង​ស្ថានភាព​ដែល​មាន​ជំងឺ​កូវីដ។

លោក Neil Thomas ដែល​ជា​អ្នក​វិភាគ​អំពី​កិច្ចការ​ប្រទេស​ចិន​នៃ​អង្គការ Eurasia Group ដែល​ជា​អង្គការ​ប្រឹក្សា​យោបល់​ផ្នែក​ហានិភ័យ​នយោបាយ បាន​សរសេរ​ថា៖ «ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ចិន​ប្រកាន់​ខ្ជាប់​ជាមួយ​នឹង​វិធីសាស្ត្រ​នេះ?»។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ហៅ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ​ថា​មិន​ស្ថិតស្ថេរ​នោះ​ទេ។

លោក Thomas បាន​សរសេរ​បន្ត​ថា៖ «មូលហេតុ​ចម្បង​បំផុត​គឺ​ថា លោក Xi [Jinping] បាន​វិនិយោគ​ដើម​ទុន​នយោបាយ​ជា​ច្រើន​លើ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ។ គោល​នយោបាយ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​នៃ​វិធី​ដែល​គណបក្ស​កុម្មុយនីស្ត [ចិន] ផ្ដល់​អភិបាល​កិច្ច​ល្អ​ដល់​ប្រជាពលរដ្ឋ​ចិន»។

រូបឯកសារ៖ បុគ្គលិកម្នាក់​អង្គុយ​នៅ​ជិត​ផ្លូវចេញ​ពីស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២។ សៀងហៃ​ត្រូវ​បាន​បិទខ្ទប់​ចាប់​តាំង​ពីចុងខែ​មីនា​មក​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។
រូបឯកសារ៖ បុគ្គលិកម្នាក់​អង្គុយ​នៅ​ជិត​ផ្លូវចេញ​ពីស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២។ សៀងហៃ​ត្រូវ​បាន​បិទខ្ទប់​ចាប់​តាំង​ពីចុងខែ​មីនា​មក​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។

ទីក្រុង​សៀងហៃ​ដែល​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ២៦ លាន​នាក់ គឺជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ចិន​ និង​ជា​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ចម្បង​បំផុត​មួយ។ ទីក្រុង​នេះ​ត្រូវ​បាន​បិទ​ខ្ទប់​អស់​រយៈពេល​ពីរ​ខែ​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​អាជ្ញាធរ​ទីក្រុង​នេះ​បាន​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ទាំង​អស់​បើក​ឡើង​វិញ​កាលពី​ថ្ងៃ​ពុធ​ទី ១ ខែ​មិថុនា បើ​ទោះបីជា​ការ​រឹតត្បិត​មួយ​ចំនួន​នៅ​បន្ត​អនុវត្ត​ក៏ដោយ។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា លោក Xi Jinping ជឿ​ថា គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ​នឹង​ជួយ​គ្រប់គ្រង​បាន​យ៉ាង​ប្រសើរ​នូវ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេវា​ថែទាំ​វេជ្ជសាស្ត្រ​នៅ​ទន់ខ្សោយ​នៅ​ឡើយ ដែល​ក្នុង​នោះ​រួម​ទាំង​វ៉ាក់សាំង​ផង​ដែរ បើ​ធៀប​ជាមួយ​នឹង​បណ្ដា​បស្ចិម​ប្រទេស​ជា​ច្រើន។

ចាប់​តាំងពី​ពេល​ដែល​ជំងឺ​កូវីដ១៩ បាន​ផ្ទុះ​ឡើង​ដំបូង​មក អត្រា​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​ចំនួន ២,៣៤% គឺ​មាន​ចំនួន​ជិត​ពីរ​ដង​ច្រើន​ជាង​អត្រា​ឆ្លង​ជា​មធ្យម​ដែល​បណ្ដាល​ឱ្យ​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​លើ​ពិភពលោក​ដែល​មាន​ចំនួន ១,២%។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​វេបសាយ Worldometer។

លោក Huang Kwei-bo សាស្ត្រាចារ្យ​រង​ផ្នែក​ការទូត​នៃ​សាកលវិទ្យាល័យ​ជាតិ Chengchi (National Chengchi University) នៅ​កោះ​តៃវ៉ាន់ បាន​និយាយ​ថា៖ «បើ​យើង​និយាយ​អំពី​គោល​នយោបាយ​ណា​មួយ​ដែល​ប្រសើរ​ជាង​មិន​ថា​ជា​គោល​នយោបាយ​គ្មាន​កូវីដ ឬ​ក៏​គោល​នយោបាយ​រស់នៅ​ជាមួយ​នឹង​ស្ថានភាព​មាន​កូវីដ​នោះ​ទេ គឺ​វា​ដូច​ទៅ​នឹង​គោល​នយោបាយ​សាធារណៈ​ជាច្រើន​ទៀត​ដែរ ដែល​វា​មាន​ន័យ​ថា​នឹង​មាន​ការ​ជជែក​ដេញដោល​ជា​ច្រើន។ ប៉ុន្តែ​ដើម្បី​ឱ្យ​ដឹង​ថា​តើ​គោល​នយោបាយ​នោះ​ល្អ​ឬ​ក៏​មិន​ល្អ គឺ​យើង​មានតែ​ងាក​ត្រឡប់​មក​មើល​វិញ​តែ​ប៉ុណ្ណោះ​ទើប​ដឹង»។

ប្រទេស​ចិន​បាន​ទទួល​ស្គាល់​ថា​មាន​ហានិភ័យ​នៃ​ការ​ស្លាប់​បន្ថែម​ទៀត​ដោយសារ​ជំងឺ​កូវីដ១៩ នេះ។

លោក Liu Pengyu អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​សេចក្ដី​រាយការណ៍​មួយ​ចំនួន​ដែល​ថា ផ្អែក​លើ​គំរូ​ប៉ាន់​ប្រមាណ​ថ្មី​របស់​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក ប្រទេស​ចិន​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ជាង ១ លាន ៥ សែន​នាក់ ប្រសិនបើ​ប្រទេស​ចិន​លុបចោល​នូវ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​ដ៏​តឹងតែង​របស់​ខ្លួន»។

លោក​បាន​ប្រាប់ VOA ថា៖ «ក្នុង​ករណី​នេះ យើង​ត្រូវតែ​ប្រកាន់​ខ្ជាប់​តាម​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ»។

រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការជួបជុំ​គ្នា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈិមបក្សនៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ (Yan Yan/Xinhua via AP)
រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការជួបជុំ​គ្នា​មួយ​ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈិមបក្សនៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ (Yan Yan/Xinhua via AP)

អនាគត​នយោបាយ​របស់​លោក Xi Jinping

លោក Xi Jinping ដែល​ជា​អគ្គលេខាធិការ​គណបក្ស​នយោបាយ​ចម្បង​តែ​មួយ​គត់​របស់​ប្រទេស​ចិន ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​តំណាង​សមាជ​គណបក្ស​លើក​ទី ២០ កាលពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ។ ការ​ជ្រើសរើស​នេះ​អាច​ជួយ​ឱ្យ​លោក​ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​តំណែង​កំពូល​នេះ​ម្ដង​ទៀត។ សមាជ​គណបក្ស​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២២ នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន។

មេដឹកនាំ​ដែល​មាន​អាយុ ៦៨ ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​និង​ជា​ប្រធានាធិបតី​ចិន​អស់​រយៈពេល​ប្រហែល​មួយ​ទសវត្សរ៍​មក​ហើយ។ ជា​ទូទៅ តំណែង​ទាំង​ពីរ​នេះ​ដើរ​ទន្ទឹម​គ្នា។ ប្រសិនបើ​គណបក្ស​ផ្ដល់​សិទ្ធិ​ឱ្យ​លោក​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត លោក​នឹង​នៅ​កាន់​អំណាច​រហូត​ដល់​យ៉ាង​ហោច​ណាស់​ឆ្នាំ ២០២៧។

ការ​ឆ្លើយតប​របស់​រដ្ឋបាល​ក្រុង​សៀងហៃ​ចំពោះ​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ តាំង​ពី​ខែ​មេសា​មក បាន​ធ្វើ​ឱ្យ​មាន «ការ​រិះគន់​ពី​ពលរដ្ឋ» ទាក់ទិន​នឹង «កង្វះ​ផលិតផល​លក់​នៅ​តាម​ហាង និង​កង្វះ​លទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល» និង​ទាក់ទិន​នឹង​វិធានការ​ដែល​តម្រូវ​ឱ្យ «កុមារ​ឆ្លង​ជំងឺ [កូវីដ១៩] រស់នៅ​ផ្ដាច់​ពី​ឪពុក​ម្ដាយ​របស់​ខ្លួន»។ នេះ​បើ​យោង​លើ​អត្ថបទ​របស់​អ្នកស្រី Amy Gadsden អនុ​ប្រធាន​គម្រោង​ផ្ដួចផ្ដើម​សាកល​ផ្សេងៗ​នៃ​សាកលវិទ្យាល័យ Pennsylvania។

នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ព្រមាន​កាលពី​ខែ​ឧសភា​ថា ទីផ្សារ​ការងារ​របស់​ចិន​នឹង​មាន «ភាព​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ» ប្រសិនបើ​រដ្ឋាភិបាល​ចិន​នៅតែ​ប្រកាន់​ខ្ជាប់​តាម​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ។

លោក Huang Kwei-bo បាន​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក Li Keqiang ប្រហែល​ជា​ការ​រិះគន់​ដោយ​ប្រយោល​លើ​ការ​ឆ្លើយតប​របស់​លោក Xi Jinping ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩។

ការ​បិទ​ខ្ទប់​នៅ​ក្នុង​ទីក្រុង​សៀងហៃ ដែល​បាន​ធ្វើ​ឡើង​ដូច​ទៅ​នឹង​ការ​បិទ​ខ្ទប់​នៅ​ក្នុង​ទីក្រុង Shenzhen ដែល​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​ដែរ បាន​ធ្វើ​ឱ្យ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ពិភពលោក​ដាំ​ក្បាល​ចុះ​ក្រោម​ដោយសារតែ​កង្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ផ្នែក​ដឹក​ជញ្ជូន ផ្នែក​ភស្តុភារ និង​ផ្នែក​រោងចក្រ។

អ្នក​វិភាគ​នានា​បាន​សង្កេត​ឃើញ​ថា កន្លង​មក អ្នក​ធ្វើ​គោល​នយោបាយ​ចិន​ភាគ​ច្រើន​គាំទ្រ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ​យ៉ាង​ហោច​ណាស់​ក៏​ដោយ​ស្ងៀមស្ងាត់​ដែរ។

លោក Denny Roy សមាជិក​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល East-West Center នៅ​ក្នុង​រដ្ឋ Hawaii សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​អាច​មើល​ឃើញ​ពី​ខាង​ក្រៅ​គឺ​ថា​លោក [Xi Jinping] ទំនងជា​នឹង​ប្រឈម​នឹង​ហានិភ័យ​ច្រើន​នៃ​ការ​ទទួល​បាន​ការ​តែងតាំង​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត។ ជំងឺ​កូវីដ១៩ គឺ​ជា​បញ្ហា​មួយ ហើយ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​បាន​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​អូស​បន្លាយ​យូរ​បន្ថែម​ទៀត ប៉ុន្តែ​ខ្ញុំ​គិត​ថា​បញ្ហា​ជំងឺ​កូវីដ១៩ មិន​មែន​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​លោក Xi Jinping នោះ​ទេ។ គេ​មិន​ច្បាស់​នោះ​ទេ​ដែល​ថា​សមាជិក​ភាគ​ច្រើន​នៃ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​គណបក្ស [កុម្មុយនីស្ត​ចិន] នឹង​គាំទ្រ​ឱ្យ​មាន​ការ​អនុវត្ត​ផ្ទុយ​ពី​នេះ​ខ្លាំង»។

លោក Roy បាន​បញ្ជាក់​ទៀត​ថា គោល​នយោបាយ​ផ្សេងៗ​របស់​លោក Xi Jinping ក្រៅ​ពី​គោល​នយោបាយ​ជំងឺ​កូវីដ១៩ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​គណបក្ស។

រូបឯកសារ៖ ប្រជាជន​ចិន​ឈរ​តម្រង់ជួរ​ដើម្បី​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រជាជន​ចិន​ឈរ​តម្រង់ជួរ​ដើម្បី​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។

តើ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​គឺ​ជា​ជោគជ័យ​ឬ​ក៏​បរាជ័យ?

អ្នក​ជំនាញ​នានា​បាន​បញ្ជាក់​ថា លោក Xi Jinping នឹង​ចំណាយ​ពេល​ដែល​នៅ​សេសសល់​នៅ​ឆ្នាំ ២០២២ នេះ​ដើម្បី​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​អាច​ទៅ​រួច​ដើម្បី​បញ្ជាក់​ថា​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ​ទទួល​បាន​ជោគជ័យ។

មន្ត្រី​រដ្ឋាភិបាល​ចិន​បាន​បញ្ចៀស​រួច​ហើយ​មិន​ឱ្យ​មាន​ការ​បិទ​ខ្ទប់​ខ្លាំងក្លា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បើ​ទោះបីជា​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ មាន​ការ​កើនឡើង​ក៏ដោយ ដែល​ចំណុច​នេះ​អាច​ជា​មេរៀន​មួយ​ដែល​ទទួល​បាន​ពី​បទ​ពិសោធន៍​នៃ​ទីក្រុង​សៀងហៃ។

អ្នកស្រី Gadsden បាន​សរសេរ​ថា៖ «ប្រទេស​ចិន​មិន​មែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ ហើយ​ការ​ប្រឆាំង​ណា​មួយ​គឺ​មិន​អាច​អត់ឱន​ឱ្យ​បាន​នោះ​ឡើយ ប៉ុន្តែ​ទស្សនៈ​របស់​សាធារណជន​គឺ​មាន​ឥទ្ធិពល។ លោក Xi Jinping ស្ថិត​ក្នុង​ជំហរ​ដ៏​លំបាក​មួយ នៅ​ពេល​ដែល​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ប្រភេទ​អូមីក្រុង (Omicron) បង្អាក់​ដល់​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​រក្សា​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ»។

គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​អាច​ប្រឈម​នឹង​ការ​បរាជ័យ ប្រសិនបើ​អ្នក​ឆ្លង​ជំងឺ​នេះ​ម្នាក់​មិន​ធ្វើ​តាម​គោលការណ៍​ណែនាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Wu Chia-yi សាស្ត្រាចារ្យ​រង​មហា​ផ្នែក​គិលានុបដ្ឋាន​នៃ​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់ (National Taiwan University)។

អ្នកស្រី Wu បាន​និយាយ​ថា៖ «ប្រសិនបើ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​តឹងរ៉ឹង​បំផុត ហើយ​ប្រសិនបើ​មនុស្ស​មិន​ចេញ​ទៅ​ក្រៅ​និង​មិន​ឆ្លង​ជំងឺ​កូវីដ១៩ នោះ​ជា​ការពិត​ជំងឺ​នេះ [នឹង​មិន​ឆ្លង​រាលដាល​នោះ​ទេ] ប៉ុន្តែ​វា​នៅតែ​មាន​ការ​ថ្លោះធ្លោយ»។

ប្រសិនបើ​គ្មាន​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​នេះ ប្រទេស​ចិន​អាច​មាន​ករណី​ឆ្លង​ជំងឺ​នេះ​រហូត​ដល់ ១០០ លាន​ករណី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Huang Kwei-bo ដែល​បាន​យោង​លើ​ការ​ប៉ាន់​ប្រមាណ​របស់​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ទ្វីប​អាស៊ី។

លោក​បាន​លើកឡើង​ថា តួលេខ​អាច «ធ្វើ​ឱ្យ​មនុស្ស​ភ័យ​ស្លន់ស្លោ​ខ្លាំង» និង​អាច​ឈាន​ទៅ​ដល់​ការ​ខាតបង់​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG