ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​សៀងហៃ​នឹង​បញ្ចប់​វិធានការ​បិទខ្ទប់​ទី​ក្រុង​​រយៈ​ពេល​២​ខែ​ នៅ​ថ្ងៃ​១ មិថុនា


ក្រុម​បុគ្គលិក​សុខាភិបាល​ក្នុង​ឯកសណ្ឋាន​ការពារ​​កំពុង​ស្ថិត​នៅ​តំបន់​មួយ​ក្នុង​អំឡុងពេល​នៃ​ការ​បិទខ្ទប់​ទីក្រុង​សៀងហៃ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២។
ក្រុម​បុគ្គលិក​សុខាភិបាល​ក្នុង​ឯកសណ្ឋាន​ការពារ​​កំពុង​ស្ថិត​នៅ​តំបន់​មួយ​ក្នុង​អំឡុងពេល​នៃ​ការ​បិទខ្ទប់​ទីក្រុង​សៀងហៃ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលត្បាត​ជំងឺ​កូវីដ១៩ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២។

អាជ្ញាធរ​ក្រុង​សៀងហៃ ​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​បញ្ចប់​វិធានការ​បិទខ្ទប់ទីក្រុង​រយៈពេល​២​ខែ​ដើម្បី​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​នៃ​ទីក្រុង​ដ៏​ធំ​ជាង​គេ​របស់​ចិន​នេះ អាច​ចេញ​ពី​គេហដ្ឋាន​និង​បើក​រថយន្តបាន​ ចាប់​ពី​ថ្ងៃ​ពុធ​ ទី​១ ខែ​មិថុនា​នេះ​ត​ទៅ។ ​ដំណឹងនេះ​បាន​នាំ​ឱ្យផ្ទុះ​ឡើង​នូវ​ការ​អបអរ​ផង​និង​ប្រុងប្រយ័ត្ន​ផង​ពី​អ្នកក្រុង​សៀងហៃ​ដែល​បាន​នឿយ​ហត់​នឹង​វិធានការ​តឹងតែង​ដ៏​យូរ​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ចិន​ ​Weibo ម្នាក់​បាន​សរសេរ​ថា៖ «ខ្ញុំ​មាន​ការ​រំជួល​ចិត្ត​ខ្លាំង​រហូត​ដល់​ចង់​យំ»។

ភាគ​ច្រើន​នៃ​ពលរដ្ឋ​សរុប​ចំនួន ​២៥ ​លាន​នាក់​នៅ​ក្នុង​ទី​ក្រុង​សៀងហៃ ​ត្រូវ​បាន​តម្រូវ​ឱ្យ​នៅ​ផ្ទះ​ស្ទើរតែ​ទាំងស្រុង​ក្នុងអំឡុង​ពេល​នៃ​វិធានការ​បិទខ្ទប់​នេះ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១ ខែ​មេសា ហើយ​ដែល​វិធានការ​តឹងតែង​នេះ​ទើប​តែ​ត្រូវ​បាន​បន្ធូរបន្ថយ​បន្តិច​ក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ​ ដោយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្លះ​អាច​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​រយៈ​ពេល​ខ្លី​បាន។​

កាល​ពី​ដើម​ខែ​ឧសភា អាជ្ញាធរ​ក្រុង​ថា​ពួក​គេ​មាន​គម្រោង​បើក​ដំណើរការជីវភាព​ទី​ក្រុង​ជា​ធម្មតា​វិញ​ត្រឹម​ខែ​មិថុនា ប៉ុន្តែ​គេ​មិន​បាន​ដឹង​លម្អិត​ថា​តើ​អាជ្ញាធរ​នឹង​អនុវត្ត​ការ​បើក​ទី​ក្រុង​ឡើង​វិញ​នេះ​យ៉ាង​ណា​ទេ ខណៈ​ត្រូវ​ធ្វើ​តាម​គោលនយោបាយ​គ្មាន​កូវីដ ឬ «សូន្យ​កូវីដ» (zero-COVID) របស់​ចិន។

ពលរដ្ឋ​ខ្លះ​បាន​ប្រតិកម្ម​ទៅ​នឹង​ដំណឹង​នេះ​ដោយ​ការ​ពិបាក​នឹង​ជឿ​អាជ្ញាធរ ដោយ​ពួក​គេ​នឹក​ឃើញ​ដល់​ផែនការ​ដំបូង​ឡើយដែល​អាជ្ញាធរ​គ្រោង​បិទ​ខ្ទប់​ទី​ក្រុង​តែ​រយៈ​ពេល​៥​ថ្ងៃ​ប៉ុណ្ណោះ តែ​បែរ​ទៅ​ជា​បិទ​ខ្ទប់​យូរ​ជាង​ការ​រំពឹង​ទុក។ ពលរដ្ឋ​ម្នាក់​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា៖ «សូម​កុំ​កុហក​ខ្ញុំ» ហើយ​ពលរដ្ឋ​ម្នាក់​ទៀត​ថា៖ «ខ្ញុំ​ស្ពឹក​អស់​ហើយ»។

ការ​លើកលែង​វិធានាការ​បិទខ្ទប់​នេះ​ក៏​មាន​តែ​នៅ​សង្កាត់​ដែល​មាន​ហានិភ័យ​ឆ្លង​ទាប​ប៉ុណ្ណោះ ដែល​តំបន់​ទាំង​នេះ​មាន​ប្រជាជន​សរុប​ចំនួន​ប្រមាណ ​២២ ​លាន ៣ សែន​នាក់។ ពលរដ្ឋ​នៅ​តែ​ត្រូវ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​និង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង។ អាជ្ញាធរ​មិន​ទាន់​បញ្ជាក់​ថា​តើ​គេ​នឹង​អនុញ្ញាត​ឱ្យ​បើក​ភោជនីយដ្ឋាន​ឡើង​វិញ ឬ​យ៉ាង​ណា​នោះ​ទេ។

នៅ​ក្រោយ​ការ​ប្រកាស​នេះ លោក Li Qiang ប្រធាន​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​ក្រុង​សៀងហៃ​និង​ជា​សម្ពន្ធមិត្ត​របស់ប្រធានាធិបតី​ចិន លោក Xi Jinping បាន​ថ្លែង​ថា អាជ្ញាធរ​និង​ពលរដ្ឋ​ក្រុង​សៀងហៃ​បាន​«ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​ស៊ូ​នឹង​តេស្ត​សាកល្បង​ក្រោម​លក្ខខណ្ឌ​ដ៏​លំបាក​ក្រៃលែង ​និង​បាន​សម្រេច​កិច្ចការ​ដ៏​លំបាក​នេះ»៕

XS
SM
MD
LG