ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​ស្វាគមន៍​ជំហរ​កូកាកូឡា​មិន​អត់​ឱន​ឱ្យ​ក្រុមហ៊ុន​រំលោភ​ដីធ្លី

  • ម៉ែន គឹមសេង

សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​បាន​ទទូច​ឱ្យ​ក្រុមហ៊ុន​ភេសជ្ជៈ​កូកាកូឡា​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​លើ​ក្រុមហ៊ុន​ស្ករ​អំពៅ​ថៃ​មួយ​ឈ្មោះ​ថា​មិត្ត​ផុល​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បានបង្ក​ឱ្យ​ពលរដ្ឋ​រាប់​រយគ្រួសារ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​បាត់​បង់​លំនៅដ្ឋាន​និង​ធ្លាក់​ខ្លួន​ក្រីក្រ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ លោក ដេវិត ប្រិដ នាយក​គ្រប់គ្រង​នៃ​អង្គការ ​Inclusive Development International ​បាន​បញ្ជាក់​ថា​ «ក្រុមហ៊ុន​កូកា​កូឡា​ត្រូវ​តែ​ចាប់​ផ្តើម​ការ​ស៊ើបអង្កេត​បន្ទាន់​មួយ​ចំពោះ​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​និង​ការ​រឹបអូស​យក​ដី​ធ្លី​ដែល​ប្រព្រឹត្តឡើង​ដើម្បី​ឱ្យ​ក្រុមហ៊ុន​មិត្ត​ផុល​អាច​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​បាន»។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ធំ​នេះបានបញ្ជាក់ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ ក្រុមហ៊ុន​មិន​គាំទ្រ​ដល់​ការ​រឹបអូស​យក​ដីធ្លី​ដោយ​បង្ខំ​ពី​ប្រជាពលរដ្ឋ​ទេ ​ហើយ​ថា​ខ្លួន​នឹង​ធ្វើ​ការ​វាយតម្លៃ​លើផ្នែក​សង្គមកិច្ច ​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​លើ​ក្រុមហ៊ុន​ដែល​ផ្គត់​ផ្គង់​វត្ថុធាតុ​ដើមជា​ស្ករអំពៅ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចំនួន​៧​ដែល​ក្នុង​នោះ​មាន​ប្រទេស​ថៃ​ដែល​ក្រុមហ៊ុន​មិត្ត​ផុលមាន​ទីស្នាក់ការ ​ហើយ​ជា​អ្នក​ផ្គត់​ផ្គង់​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ អ្នក​ផ្គត់ផ្គង់​ចំនួន​៣​ដល់​ក្រុមហ៊ុន​ភេសជ្ជៈ​របស់​អាមេរិកាំង​មួយ​នេះ។

ការវាយតម្លៃ​នេះ​នឹង​ពិនិត្យ​មើល​ជាពិសេស​លើ​ផលប៉ះពាល់​ទាក់​ទង​នឹង​ដីធ្លី ​និង​ទំនាស់​ដីធ្លី ហើយ​នឹង​ធ្វើ​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ដែល​ប៉ះពាល់។

លោក​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​ «ក្រុមហ៊ុន​កូកា​កូឡា​បាន​ឆ្លើយ​តប​មក​វិញ​ថា​គេ​មិន​អត់​ឱន​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ធ្វើ​ការ​រំលោភ​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ អញ្ចឹង​យើង​សង្ឃឹម​ថា​ ក្រុមហ៊ុន​របស់​ថៃ​ដែល​មាន​ការ​រកស៊ី​នៅ​ ប្រទេ​ស​កម្ពុជា​ក៏​ដូច​ជា​ក្រុមហ៊ុន​របស់​អង់គ្លេស​ដែល​ធ្វើ​ការ​សហការ​គ្នា​ហ្នឹង​នឹង​ធ្វើ​ការ​ងាក​ត្រឡប់​មក​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ស្វែងរក​ដំណោះស្រាយ»។

ក្រុមហ៊ុន​មិត្តផុល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដាំ​អំពៅ​តាម​រយៈការ​បង្ខំ​ពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ឱ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សកម្ម​ជន​សិទ្ធិ​លំនៅដ្ឋាន។ មាន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​បាន​បាត់បង់​កសិដ្ឋាន ​ដំណាំ​និង​ការប្រកប​អាជីវកម្ម​ពឹង​ផ្អែកលើ​អនុផល​ព្រៃ​ឈើដោយ​សារ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​សំរោង​និង​ចុងកាល​ខេត្ត​ឧត្តរមានជ័យ។ ពលរដ្ឋ​ទាំង​នោះ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​វេទនា។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ឱ្យ​ដឹង​ថា​ពួកគេ​បាន​ព្យាយាម​ទាក់​ទង​នឹង​ក្រុមហ៊ុន​មិត្តផុល​ជា​ច្រើន​ដង​ប៉ុន្តែ​មិន​បាន​ទទួល​ជោគ​ជ័យ​ឡើយ​ដោយ​ក្រុមហ៊ុន​នេះ​បដិសេធ​មិនមក​ជួប​ចរចា​ជាមួយ​នឹង​ពលរដ្ឋ​រងគ្រោះ​ទេ។

លោក​អៀង វុទ្ធី​បាន​បញ្ជាក់​ថា ​បើ​ក្រុមហ៊ុន​កូកាកូឡា​ពិត​ជា​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ប្តេជ្ញា​មែន​នោះ​ក្រុមហ៊ុន​ថៃ​មួយ​នេះ​នឹង​ព្រមចរចា​នាពេល​ខាងមុខ​នេះ។

ប្រតិកម្ម​របស់​ក្រុមហ៊ុន​កូកាកូឡា​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ដែល​ពិនិត្យ​មើល​លើ​ផល​ប៉ះពាល់​នៃ​គម្រោង​«អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ»​មក​លើ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ​កំពង់​ស្ពឺ​ និង​ឧត្តរមានជ័យ​ដែល​បាន​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ឯកជនធ្វើ​ចម្ការ​អំពៅ​លើ​ដី​ប្រជា​ពលរដ្ឋ​ក្រីក្រ។

ការ​ផ្សព្វផ្សាយ​របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ទី​ដែល​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​នោះ​មាន​ទីស្នាក់ការ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG