ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ផៃ ស៊ីផាន៖ ​ចំណាត់​ថ្នាក់​អំពើ​ពុករលួយ​នៅ​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត


សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៣​ ក្នុង​ពិភពលោក​ របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International)
សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៣​ ក្នុង​ពិភពលោក​ របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International)
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ទាត់ចោល​ចំណាត់​ថ្នាក់​ចុង​ក្រោយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ (Transparency International) ដែល​ថា​កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​សមាគម​អាស៊ាន​ ដោយ​បាន​ហៅ​របាយការណ៍​នេះ​ ថា​ជា​ការ​ប្រាសចាក​ពី​ការណ៍​ពិត​ជាក់ស្តែង។

អង្គការ​តម្លាភាព​អន្តរជាតិ​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៧​ដែល​ស្ថិត​ក្នុង​ការ​សិក្សា​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៦០ ​គឺ​មាន​ន័យ​ថា​កម្ពុជា​ជា​ប្រទេស​ពុក​រលួយ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (ASEAN)។



របាយការណ៍​ដដែល​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា ​កម្ពុជា​មាន​អំពើ​ពុក​រលួយ​ខ្ពស់​ជាង​ប្រទេស​ភូមា​និង​ប្រទេស​ឡាវ។

លោក ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​នៃ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ​ថ្លែង​ថា​ ការ​ឱ្យ​ចំណាត់​ថ្នាក់​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​នេះ​ទេ។

«របាយការណ៍​នេះ​អត់​មាន​ភាព​ជា​វិទ្យាសាស្ត្រ​ជាក់​ស្តែង​នោះ​ទេ​ គ្រាន់​តែ​ជា​ការ​ស្វែង​រក​តាម​និន្នាការ​របស់​អង្គការ​នោះ ​ពីព្រោះ​ការ​វាយ​តម្លៃ​មិន​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ជា​ការណ៍​ពិត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ខ្ញុំ​និយាយ​នេះ​មិនមែន​មាន​ន័យ​ថា​កម្ពុជា​មិន​មាន​អំពើ​ពុករលួយ​ទេ ​ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​គឺ​កម្ពុជា​បាន​ត្រៀម​ខ្លួន​សម្រេច​ចិត្ត​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ យើង​មើល​ចំណូល​តាម​បុគ្គល ​យើង​មើល​ស្ថិរភាព​នៃ​សេដ្ឋកិច្ច ​មើល​ថ្នល់ ​តើ​ការ​ប្រែប្រួល​ជីវភាព​ប្រជាជន​ប៉ុណ្ណោះ»។

យ៉ាង​ណា​ក៏​ដោយ ​បើ​តាម​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ​(USAID)​កម្ពុជា​បាន​បាត់​បង់​ថវិកា​យ៉ាង​តិច​៥០០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ទៅ​លើ​អំពើ​ពុក​រលួយ។ ហើយបើ​តាម​របាយការណ៍​មួយ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៥​កាល​ពី​សប្តាហ៍​មុន​រក​ឃើញ​ថា ​មាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​បង្ខំ​ចិត្ត​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​ប្រមាណ​ពី​២០០​ទៅ​១.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​អង្គការ​ទៅ​ជូន​បុគ្គលិក​រាជការ​របស់​រដ្ឋាភិបាល​ដើម្បី​សម្រួល​ការងារ​ប្រតិបត្តិការ​របស់​ខ្លួន។

លោក ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ទំនាក់ទំនង​បាន​ទេ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ ​ដោយ​សារ​លោក​មិន​ព្រម​លើក​ទូរស័ព្ទ។

លោក ផៃ ស៊ីផាន ​ថ្លែង​ថា​រដ្ឋាភិបាល​មាន​ការ​ប្រឹងប្រែង​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នា​ពេល​កន្លង​មក។

«យើង​មាន​យន្តការ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ យើង​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​យើង​បង្កើត​សេវាកម្ម​ដែល​មាន​តម្លាភាព​ជាក់ស្តែង​ ហើយ​យើង​បាន​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ»។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ រដ្ឋាភិបាល​បាន​សន្យា​នឹង​ប្រកាស​តម្លៃ​សេវា​សាធារណៈ​តាម​ក្រសួង​នានា​ដើម្បី​បង្ហាញ​តម្លាភាព​និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ។ ហើយ​កាល​ពី​សប្តាហ៍​មុន ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ចោទ​ប្រកាន់​មន្ត្រី​រដ្ឋាករ​និង​ពន្ធដារ​ចំនួន​បី​នាក់​ពី​បទ​ក្លែង​បន្លំ​និង​ទទួល​សំណូក​ដែល​ជា​ចំណាត់​ការ​ដ៏​កម្រ​មួយ។

លោក យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ​ចំណាត់​ថ្នាក់​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ឆ្លុះ​បញ្ចាំង​ពី​អំពើ​ពុក​រលួយ​ជាក់​ស្តែង​នៅ​កម្ពុជា។

«អំពើ​ពុក​រលួយ​គឺ​អាក្រក់​បំផុត​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​ឧបសគ្គ​ធំ​បំផុត​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​យើង​ជាង​កន្លះ​ប្រទេស​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។ ចំណូល​រដ្ឋ​មួយ​ចំនួន​ធំ​ត្រូវ​ហូរ​ចូល​ក្នុង​ហោប៉ៅ​ជន​ពុក​រលួយ តាម​រយៈ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​គ្មាន​តម្លាភាព​និង​ការ​បែងចែក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ហ្នឹង​អត់​មាន​សមធម៌​ទាល់​តែ​សោះ»។

ជាមួយ​គ្នា​នេះ ​លោក យឹម សុវណ្ណ ​ថ្លែង​ថា ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​នេះ​ធ្វើ​ឡើង​តែ​ទៅ​លើ​តែ​មន្ត្រី​ថ្នាក់​ទាប​មួយ​ចំនួន​តូច​ប៉ុណ្ណោះ៕
XS
SM
MD
LG