ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ធនាគារ ​ADB ​បរាជ័យ​លើ​គម្រោង​ផ្លូវ​រថភ្លើង​កម្ពុជា

  • Robert Carmichael

ស្រ្តី​ម្នាក់ ដាំស្ល​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី នៅ​ខែមិនា ឆ្នាំ២០១៣។
របាយការណ៍​ដែល​មាន​កម្រាស់​១៨០​ទំព័រ​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ត្រួត​ពិនិត្យ​ផ្ទៃក្នុង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​រក​ឃើញ​ថា​ បរាជ័យ​រាប់​ឆ្នាំ​ដោយ​បុគ្គលិក​របស់​ធនាគារ​ ADB​ នៅ​ពេល​ដែល​ពួកគេ​រៀបចំ​ផែនការ​ និង​អនុវត្ត​គម្រោង​ផ្លាស់​ប្តូរ​ទីលំនៅ​ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ធ្ងន់​ធ្ងរ​ខាងផ្នែក​សម្ភារៈដល់​ពលរដ្ឋ​រាប់​ពាន់​នាក់។

អ្នក​សរសេរ​របាយការណ៍​នោះ​និយាយ​ថា ​បុគ្គលិក​របស់​ធនាគារ​ ADB ត្រូវ​តែ​ទទួលយកការផ្លាស់​ប្តូរ​គំនិតក្នុង​ការ​ប្រើ​វិធី​សាស្រ្ត​អនុវត្ត​គម្រោង​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​ក្នុង​ពេល​អនាគត ហើយ​ពួកគេ​ បាន​អំពាវនាវ​ឱ្យ​ធនាគារ​នេះ​សងសំណង​ចំពោះ​ការ​ខូតខាត​ដែល​កើត​មាន​ឡើង។

ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​នេះ​ពលរដ្ឋ​កម្ពុជា​ប្រមាណ ជា​៤០០០គ្រួសារ​ ដែល​ក្នុង​នោះ ភាគច្រើន​ជា​អ្នក​ដែល​មានជីវភាព​ក្រីក្រ​បំផុត​ត្រូវ​បាន​គេ​ដេញ​ចេញ​ដោយ​បង្ខំ​សម្រាប់​យក​ទីតាំង​នេះ​ដើម្បី​អភិវឌ្ឍ​ផ្លូវ​រថភ្លើង។

នៅក្រោម​ច្បាប់​ផ្ទាល់​របស់​ធនាគារ​ ADB គឺ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ទទួល​នូវ​ជីវភាព​អាក្រក់​ជាងមុន​ទេ​។

ប៉ុន្តែ​របាយការណ៍​ដែល​ចេញ​មក​កាលពីថ្ងៃ​សុក្រ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការបរាជ័យ​របស់​ធនាគារ​ ADB ក្នុង​ការ​អនុវត្ត​តាម​ច្បាប់​របស់​ខ្លួន​ឯង​ទាក់​ទង​នឹង​ការផ្លាស់​ប្តូរ​ទីលំនៅ​គឺ​មាន​ន័យ​ថា​មាន​មនុស្ស​ជាច្រើន​ ហើយ​ក៏​ប្រហែល​ជា​ស្ទើរ​តែ​ទាំងអស់​ផង​ គឺ​មាន​ជីវភាព​អន់​ថយ​ជាង​មុន។ ហើយនេះ​គឺ​ជា​អ្វី​ដែល​អ្នក​សរសេរ​របាយការណ៍​នេះ​និយាយ​ថា​គួរ​តែ​ជៀសវាង។​

លោក​ដេវីដ ប្រេដ ប្រធាន​អង្គការ​ការអភិវឌ្ឍន៍​ដោយ​មាន​ការ​ចូលរួម​អន្តរជាតិ (Inclusive Development International) ហើយ​ដែល​បាន​ទាមទារ​តាំងពី​ឆ្នាំ​២០១០​ឱ្យ​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​ដែល​រងផលប៉ះពាល់ដោយ​គម្រោង​ផ្លូវ​រថភ្លើង​នេះ។

«នេះ​គឺ​ជា​របាយការណ៍​ដែល​បង្ហាញ​នូវ​កំហុស​ឆ្គង​ដ៏​ច្រើន​បំផុតនៅក្នុង​ប្រវត្តិនៃ​យន្តការ​ទទួល​ខុសត្រូវ​របស់​ធនាគារ​ ADB។ ការរកឃើញ​នេះ​គឺ​ពិត​ជា​ការឈឺ​ចាប់​មួយ​ ហើយ​អ្វី​ដែល​របាយការណ៍​នេះ​អំពាវនាវ​សុំ​ឱ្យ​ធ្វើ​តាមនិយាម ​គឺ​មិន​គ្រាន់​តែ​ជាការ​ទាញ​យក​គម្រោង​នេះ​ឱ្យ​គោរព​តាម​និយាម​អនុវត្តន៍​ប៉ុណ្ណោះទេ ព្រោះ​វា​មិន​ដែល​ត្រូវបាន​គេ​អនុវត្តតាម​តាំង​ពី​ដើមទី​មក ប៉ុន្តែ ការផ្លាស់​ប្តូរ​គំនិត​គឺ​ជា​អ្វី ដែល​គេ​ស្នើ​សុំ​ឱ្យមាន​នៅ ធនាគារ​ ADB ចំពោះ​របៀបដែល​ពួកគេ​ប្រព្រឹត្ត​ទៅលើ​ពលរដ្ឋ​ដែល​រងផលប៉ះពាល់​ដោយ​គម្រោង​របស់​គេ និង​វិធីដែល​ពួកគេ​ដោះស្រាយ​ការថែរក្សា​ផ្នែក​សង្គមកិច្ច​និង​បរិស្ថាន»។

កម្មវិធី​ស្តារផ្លូវ​រថភ្លើង​ត្រូវ​បាន​ព្រមព្រៀងគ្នា​រវាង​ធនាគា​រ ADB និង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០០៦។ ក្រោយ​ពី​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​ជាច្រើន​ឆ្នាំ​ ផ្លូវ​រថភ្លើង បាន​ទ្រុឌទ្រោម​និង​ខូចខាត​ច្រើន។ នៅ ពេល​នោះ ប្រទេស​កម្ពុជា​មាន​សន្តិភាព​ឡើងវិញ​ ហើយ​ចង់​ជួសជុល​និង​ដាក់​ឱ្យ​រថភ្លើង​ដំណើរ​ការ​ឡើងវិញ។​

ទឹកប្រាក់​ដែល​មាន​ចំនួន​១៤២​លាន​ដុល្លារ​នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ហើយ​ត្រូវ​គេ​យក​មក​ប្រើ​ប្រាស់​សម្រាប់​ការ​ជួសជុល និងផ្លាស់​ប្តូរ​ផ្លូវ​រត់​ដែល​មាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​នៅ ទូទាំង​ប្រទេស។​

របាយការណ៍​របស់​ ADB ​បាន​បញ្ជាក់​ថា​ ប៉ុន្តែ​តាំងតែពី​ដំបូង​មក​ម្ល៉េះ​ គ្រប់​ផ្នែក​ទាំង​អស់​នៃ​កម្មវិធី​ផ្លាស់​ប្តូរ​ទីលំនៅ​គឺ​មាន​ការខុសឆ្គង​យ៉ាង​ជ្រាលជ្រៅ។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ ក៏​ការងារ​របស់​ធនាគារ​ ADB​ត្រូវ​ធានា​ថា​ដំណើរការ​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ។ ធនាគារ​បាន​ទទួលស្គាល់​ថា​ខ្លួន​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។​

បញ្ជី​នៃ កំហុស​ឆ្គង​នៅ​ក្នុង​របាយការណ៍​នោះ​វែង ប៉ុន្តែ​ផលវិបាក​មួយ​នោះ​គឺ​មាន​ក្រុម​គ្រួសារ​ជាច្រើន​ទទួល​បាន​សំណង​តិចជាង​តម្លៃ​ផ្ទះ​របស់​ពួកគេ ដែល​បណ្តាល​ឱ្យ​ពួកគេ​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​កាន់​តែ​ច្រើន​។

ចំណុច​មួយ​ទៀត​គឺ​ថា​សំណង​នោះ មិន​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ នឹង​អតិផរណា​ទេ។ ប្រការ​នេះ​មាន​ន័យថា​ ជាឧទាហរណ៍ អ្នក​ដែល​ត្រូវ​គេ​ផ្លាស់​ទីលំនៅ​ក្នុង​ឆ្នាំ​២០១០ ទទួល​បាន​សំណង​ក្នុង​តម្លៃ​នៅ ឆ្នាំ​២០០៦។

របាយការណ៍​ក៏​រិះគន់​នូវ​កង្វះ​ខាត​សេវាកម្ម​នៅ​ទីកន្លែង​ដែល​គេ​ផ្លាស់​ទី​លំនៅទៅដែរ ដែល​នេះ​ជា​ស្ថានភាព​មួយ​ដែល​ក្រុ​ម​សិទ្ធិ​មនុស្ស​និយាយ​ថា​បាន​បង្ក​ដោយ​ផ្ទាល់​ឱ្យកុមារ​ចំនួន​បីនាក់​ក្នុង​គ្រួសារ​ដែល​គេ​ផ្លាស់​ទីលំនៅ​ស្លាប់​បាត់​បង់​ជីវិត។​

នៅ​ក្នុង​អត្ថាធិប្បាយ​ជា​សារអេឡិកត្រូនិក​កាលពីថ្ងៃសុក្រ​ ធនាគារ​ADB​និយាយ​ថា​ក្នុង​រយៈ​ពេល​ពីរខែ​ខាងមុខ​នេះខ្លួន​នឹង​ពិភាក្សា​ជាមួយ​ភាគី​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​ ក្នុង​នោះ មាន​ក្រុម​គ្រួសារ​ដែល​រងផលប៉ះពាល់​និង​រដ្ឋាភិបាល​មុន​នឹង​ចេញ​នូវ​ផែនការ​សកម្មភាព​ណា​មួយ។​

ចំពោះ​លោក​ដេវីត ប្រេដ វិញ​យល់​ថា​របាយការណ៍​នេះ​គួរតែ​ជា​ការចាប់​ផ្តើម​ហើយ​មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ដំណើរការ​នេះ​ទេ។ លោក​ចង់​ឱ្យ​បុគ្គលិក​ធនាគារ​ ADB​ទទួល​ខុសត្រូវ​ចំពោះ​ការ​បរាជ័យ​ដែល​នាំ​ឱ្យ​មានការ​ខូចខាតដូចនេះដល់​ពលរដ្ឋ​ក្រីក្រ​បំផុត​របស់​កម្ពុជា​រាប់​ពាន់​គ្រួសារ។

«និយាយ​ដោយ​ស្មោះទៅ អ្វី​ដែល​ខ្ញុំ​ចង់​និយាយនោះ​គឺថា​វាជាការ​គួរឱ្យ​ខឹងសម្បារណាស់​ដែល​មាន​ជីវភាព​ពលរដ្ឋ​ជាច្រើន​នាក់​ត្រូវ​បាន​បំផ្លាញ​ដោយ​គម្រោងនេះ។ ជីវិត​មនុស្ស​បាន​ស្លាប់​បាត់​បង់។ មាន​កុមារ​បីនាក់​បាន​ស្លាប់​ដោយសារ​តែ​ការព្រងើយ​កន្តើយ​ដ៏ ធ្ងន់​ធ្ងរ​របស់​ ADB ហើយ​បើ​តាម​ខ្ញុំ​ដឹង​គ្មាន​បុគ្គលិក​របស់​ធនាគារ​ ADB​ណាម្នាក់​បាន​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​ទេ»។

នៅ​ពេល​សួរ​ថា​តើ​ធនាគារ​នឹង​ធ្វើ​ទណ្ឌកម្ម​លើ​បុគ្គលិក​ណាម្នាក់​របស់​ខ្លួនឬ​ក៏​បុគ្គលិក​ជាប់​កិច្ច​សន្យា​បន្ទាប់ពី​ការរក​ឃើញ​នៅ ក្នុង​របាយការណ៍​នេះ​ លោក​ Eric Sidgwick នាយក​ធនាគា​រ​ ADB ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រាប់​វីអូអេ​ថា​លោក​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើ​បញ្ហា​បុគ្គលិកទេ៕ ​

ប្រែសម្រួល​ដោយ​ម៉ែន គឹមសេង
XS
SM
MD
LG