ភ្នំពេញ៖ អ្នកតស៊ូមតិប្រឆាំងនឹងអំពើពុករលួយ និយាយថា ឥរិយាបទនៅក្នុងក្រុមគ្រួសារខ្មែរភាគច្រើនអាចជាឫសគល់ដែលនាំឲ្យកូនចៅរបស់ពួកគេប្រព្រឹត្តអំពើពុករលួយ។
លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីហេឡូ វីអូអេ កាលពីថ្ងៃទី៩ខែមករាកន្លងទៅនេះថា ជាទូទៅឪពុកម្តាយខ្មែរ តែងតែសួរនាំកូនចៅរបស់ខ្លួនថាតើការងារដែលពួកគេធ្វើនោះ រកប្រាក់បានច្រើនដែរឬទេ ជាជាងសួរថា តើពួកគេចូលចិត្តការងាររបស់ខ្លួនដែរឬអត់។
«ខ្ញុំចង់ឲ្យមាតាបិតាទាំងអស់ចាប់ផ្តើមបញ្ឈប់នូវសំណួរបែបនេះ ពីព្រោះសំណួរបែបនេះទី១ វាជាដើមហេតុនៃអំពើពុករលួយ ហើយទី២ វាក៏បានដាក់សម្ពាធដល់កូនរបស់ខ្លួនដែរ។»
នៅក្នុងសង្គមខ្មែរ ឪពុកម្តាយមួយចំនួនធំ តែងតែអួតសរសើរអំពីកូនចៅរបស់ខ្លួនប្រាប់អ្នកដទៃនៅពេលដែលពួកគេរកចំណូលបានច្រើន ដោយពុំសូវខ្វល់ខ្វាយថា តើកូនចៅរបស់ខ្លួនរកចំណូលទាំងនោះបានដោយរបៀបណានោះទេ។
គ្រួសារខ្លះ ថែមទាំងលើកទឹកចិត្តកូនចៅរបស់ខ្លួន ឲ្យធ្វើការនៅកន្លែងណាដែលអាចរកប្រាក់ចំណូលបានច្រើន ឬដែលពួកគេនិយមហៅថាកន្លែងខ្លាញ់ បើទោះបីជាដឹងថា កូនចៅរបស់ពួកគេនឹងត្រូវប្រព្រឹត្តអំពើពុករលួយដើម្បីបានប្រាក់ទាំងនោះក៏ដោយ។
លោក រ័ត្ន សោភ័ណ មានប្រសាសន៍ថា គេកម្រឮឬឃើញក្រុមគ្រួសារដែលសួរនាំកូនចៅអំពីចំណង់ចំណូលចិត្តនៅក្នុងការងាររបស់ពួកគេណាស់។
«ចាប់ផ្តើមធ្វើការ មានសួរកូនថា តើកូនចូលចិត្តការងារអត់ ការងារនេះនឹងនាំកូនទៅរកជោគជ័យបែបណា? នេះជាសំណួរដែលមាតាបិតាគួរសួរកូន ជាជាងថា ការងារហ្នឹង រកលុយបានអត់។»
ប្រទេសកម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់ថាជាប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរជាងគេមួយនៅលើពិភពលោក និងធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមរបាយការណ៍ស្ទង់មតិមួយរបស់អង្គការតម្លាភាពអន្តរជាតិ ដែលបានចេញផ្សាយកាលពីឆ្នាំមុន។
ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកក៏ធ្លាប់បានប្រមាណដែរថា កម្ពុជា បានបាត់បង់ប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដោយសារតែអំពើពុករលួយ។
លោក ឪម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា ថ្លែងថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាបញ្ហាស្មុគស្មាញ ដែលទាមទារឲ្យមានការប្រយ័ត្នប្រយែងខ្ពស់និងត្រូវការពេលវេលាច្រើន។
យ៉ាងណាក៏ដោយ លោក រ័ត្ន សោភ័ណ មានប្រសាសន៍ថា ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងសង្គមខ្មែរនេះ វាទាមទារឲ្យមានការផ្លាស់ប្តូរឥរិយាបទនៅក្នុងរង្វង់គ្រួសារខ្មែរភាគច្រើន និងត្រូវលើកកម្ពស់សុច្ចរិតភាពរបស់បុគ្គលខ្លួនឯងផ្ទាល់ ហើយត្រូវពង្រីកឥទ្ធិពលនៃសុចរិតភាពនេះឲ្យដល់ក្រុមគ្រួសារ មិត្តភក្តិនិងសហគមន៍របស់ខ្លួន៕