ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែភាពយន្ត​រឿង​«‍តន្ត្រី​ជីវិត»នាំ​ការ​ចងចាំ​សម័យ​ខ្មែរក្រហម​និង​ក្ដី​សង្ឃឹម​ដល់​ទស្សនិកជន


តួអង្គនៅក្នុងខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត» ដែលត្រូវបានចាក់បញ្ជាំងជូនសាធារណជននៅនៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
តួអង្គនៅក្នុងខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត» ដែលត្រូវបានចាក់បញ្ជាំងជូនសាធារណជននៅនៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ខ្មែរ​ភាពយន្ត​រឿង In the Life of Music ឬ​«‍តន្ត្រី​ជីវិត» បាន​ចាក់​បញ្ចាំង​​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ដោយ​នាំ​យក​ទិដ្ឋភាព​នៃ​​ភាព​សប្បាយរីករាយ​​​មុន​សម័យ​ខ្មែរ​ក្រហម ការ​ចងចាំ​ក្នុង​សម័យ​ខ្មែរក្រហម​​និង​ក្ដី​សង្ឃឹម​​ឡើង​វិញ​ក្រោយ​សម័យ​ខ្មែរក្រហម មក​បង្ហាញ​ជូន​ទស្សនិកជន។

បទ​«ចម្ប៉ា​បាត់​ដំបង‍» ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​នេះ បាន​អន្ទង​ចិត្ត​ទស្សនិកជន​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់ ដែល​បាន​មក​ទស្សនា​ខ្សែភាពយន្ត​រឿង In the Life of Music ឬ​«‍តន្ត្រី​ជីវិត» កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែ​កុម្ភៈ នៅ​ឯ​រោងភាពយន្ត Bow Tie Cinemas ក្នុង​ទីក្រុង​ Reston​ នៃ​រដ្ឋVirginia នេះ។

អ្នក​ស្រី វណ្ណឌី ណែន អាយុ​៧៥​ឆ្នាំ ដែលមាន​ស្រុក​កំណើត​ក្នុង​ខេត្ត​បាត់ដំបង​និង​ដែលបាន​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​រយៈពេល៤០​ឆ្នាំ​មក​ហើយ​នោះ​ បាន​មក​ទស្សនា​ខ្សែភាពយន្ត​នេះ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នកស្រី។

«‍ពេល​ដែល​គេ​ច្រៀង​អា​បទ​ចម្ប៉ា​បាត់​ដំបង​ហ្នឹង ខ្ញុំ​យំ​ពីរ​បី​ដង​ឯណោះ។ ខ្ញុំ​ស្រណោះ​ណាស់ នឹក​ស្រុក ស្ដាយ​ស្រុក​ដែល​មក​ឆ្ងាយ​អញ្ចេះ។ ហើយ​កុន​ហ្នឹង​ល្អ​មើល​ណាស់ ត្រូវ​ចិត្ត​ខ្ញុំ​ ពេញ​ចិត្ត»។

លោក ណែន សូរ ស្វាមី​របស់​អ្នកស្រី វណ្ណឌី បន្ថែម​ថា៖

«‍ខ្ញុំ​បាន​ចេញ​ពី​ស្រុក​ដែល​ពួក​យួន​ចូល​មក​ហ្នឹង​ ខ្ញុំ​ក៏​បាន​រត់​មក​ភ្លាម មិន​បាន​ដឹង​អំពី​ការ​រស់នៅ​របស់​ខ្មែរ​យើង​ពី​ឆ្នាំ២០០៧​មក​ហ្នឹង។ ទើប​នឹង​ឃើញ​ពេល​នេះ ឃើញ​ថា​ប្លែក​ម្យ៉ាង​ដែរ។ ខុសគ្នា»។

ដូច​ក្រុម​គ្រួសារ​របស់​អ្នកស្រី ​វណ្ណឌី ណែន​ដែរ អ្នកស្រី មុំ ជួន អាយុ​ ៦០​ឆ្នាំ ក៏​មក​មើល​ខ្សែភាពយន្ត​នេះ ជា​មួយ​ស្វាមី​និង​កូន​ប្រុស​ម្នាក់​របស់​អ្នកស្រី​ដែរ។

«‍ខ្ញុំ​ស្លាប់​ម៉ាក់ប៉ា​អស់​ និយាយ​ទៅ … និយាយ​ទៅ​ និយាយ​អត់​ចេញ​ទេ។ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ម៉ាក់ប៉ា​ខ្ញុំ...»

អ្នកស្រី វ៉ាន់ឌី ណែន ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ អាយុ​៧៥​ឆ្នាំ ផ្តល់​សម្ភាសន៍ឲ្យ​ VOA ក្រោយ​មើល​ខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត»នៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (ចាប ចិត្រា/VOA)
អ្នកស្រី វ៉ាន់ឌី ណែន ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ អាយុ​៧៥​ឆ្នាំ ផ្តល់​សម្ភាសន៍ឲ្យ​ VOA ក្រោយ​មើល​ខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត»នៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (ចាប ចិត្រា/VOA)

ខ្សែភាពយន្ត​ ដែល​ថត​ក្នុង​ប្រទេស​កម្ពុជា​នេះ ប្រើប្រាស់​បទ​ចម្រៀង«‍ចម្ប៉ា​បាត់ដំបង»នេះ ដើម្បី​តភ្ជាប់​បទពិសោធន៍​ឆ្លង​ជំនាន់​របស់​គូស្នេហ៍​មួយ​គូ​ដែល​បាន​រស់នៅ​ឆ្លង​កាត់​៣​សម័យកាល​ ដោយចាប់​ផ្ដើម​ពីសម័យ​សង្គម​រាស្ត្រនិយម រហូត​មកដល់​សម័យ​ខ្មែរក្រហម​និង​បញ្ចប់​ដោយ​សម័យ​បច្ចុប្បន្ន​នេះ។

អ្នកនាង Caylee So អ្នក​ដឹកនាំ​រឿង​និង​ជា​ផលិតករ​ម្នាក់​នៃ​ខ្សែភាពយន្ត​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA មុន​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​របស់​អ្នកនាង​យ៉ាង​ដូច្នេះ​ថា៖

«‍ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ចម្រៀង​ជាកេរដំណែល​ដ៏​អស្ចារ្យ​មួយ។ ដូច​បទចម្រៀង​ស្ទើរតែ​ទាំង​អស់​ទៀត​ដែរ​របស់​លោក​ ស៊ីន ស៊ីសាមុត បទចម្រៀង​នេះ តែង​តែ​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ដែល​បាន​ធំ​ដឹង​ក្តី​ហើយ​ស្ដាប់​វា និង​អ្នក​ដែល​ស្រលាញ់​បទ​ចម្រៀង​របស់​គាត់​ហើយ​បន្ត​ទៅ​ឱ្យ​កូន​របស់​ពួកគេ​ថែម​ទៀត។ ខ្ញុំ​ដឹង​តាំង​ពី​ដំបូង​មក​ថា​នេះ​គឺ​បទ​ចម្រៀង​ដែល​ត្រូវ​នឹង​រឿង​របស់​យើង ដោយសារ​បទ​នេះ ស្ថិត​ក្នុង​ចិត្ត​របស់​ខ្ញុំ​យូរលង់​ណាស់​មក​ហើយ ហើយ​ខ្ញុំ​ដឹង​ថា​ឱពុក​ម្តាយ​របស់​ខ្ញុំ​ក៏​ចេះ​និង​ស្រលាញ់​បទ​នេះ​ខ្លាំង​ណាស់​ដែរ»។

អ្នកស្រី ឃែលី សូ អ្នកដឹកនាំ​រឿង​និង​ផលិតករ​ភាពយន្ត​រឿង«‍តន្ត្រី​ជីវិត» ផ្តល់​សម្ភាសន៍​ឲ្យ VOA ក្រោយ​មើល​ខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត»នៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (ចាប ចិត្រា/VOA)
អ្នកស្រី ឃែលី សូ អ្នកដឹកនាំ​រឿង​និង​ផលិតករ​ភាពយន្ត​រឿង«‍តន្ត្រី​ជីវិត» ផ្តល់​សម្ភាសន៍​ឲ្យ VOA ក្រោយ​មើល​ខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត»នៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (ចាប ចិត្រា/VOA)

លោក ប្រាជ្ញ លី គឺ​ជា​ផលិត​ករ​ម្នាក់​ដែរ​នៃ​ខ្សែភាពយន្ត​នេះ។

«‍ខាង​សិល្បៈ​ខាង​អ្នក​រាំ​អប្សរា​អី​ហ្នឹង​ ក៏​គេ​សម្លាប់​ដែរ។ អញ្ចឹង បាន​ខ្ញុំ​ចង់​និយាយ​ថា​រឿង​ហ្នឹង វា​ទាក់ទង​នឹង​«‍ចម្ប៉ា​បាត់ដំបង» លោក ស៊ីន ស៊ី​សាមុត​ម្នាក់​ដែរ។ គាត់​ក៏​ខាង​សិល្បៈ។ ឧបមា​ថា បើ​មើល​រឿង​ហ្នឹង​ទៅ ​មិន​មែន​តែ​ពី​ខ្មែរ​ក្រហម ពួក​ខ្ញុំ​ពន្យល់​មុន​ចូល​ខ្មែរ​ក្រហម​ហ្នឹង​ទៀត។ ប៉ុន្តែ មុន​នឹង​ខ្មែរ​ក្រហម​ចូល​ទៅ វា​យក​បទចម្រៀង​ហ្នឹង ធ្វើ​ឱ្យ​ខ្មែរ​យើង​ពេញ​ចិត្ត​ ចូល​ជួយ​ខ្មែរ​ក្រហម​ហ្នឹង​ទៀត។ វា​មាន​ទាក់ទង​ច្រើន ប៉ុន្តែ​ពួក​ខ្ញុំ​អត់​មាន​ន័យ​ថា​រឿង​នេះវា​អញ្ចេះ វា​អញ្ចុះ​ទេ ឱ្យ​យើង​ទៅ​មើល​ខ្លួនឯង​ទៅ​ យើង​យល់​ខ្លួនឯង​ហ្មង»។

​មាន​រយៈពេល​ជាង​១ម៉ោង​កន្លះ​ ខ្សែភាពយន្ត​បែប​មនោសញ្ចេតនា លាយ​ឡំ​ដោយ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហមនិង​ឈុត​ឆាក​កំប្លុកកំប្លែង​ខ្លះ​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ផ្ទុះ​សំណើច​ម្ដងម្កាល​ផង​នេះ បាន​ឆ្លុះបញ្ចាំង​បទពិសោធន៍​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ​បាន​ឆ្លង​កាត់​តាម​រយៈ​ការចងចាំ​របស់​តួឯកជា​ស្ត្រី​អាមេរិកាំង​ម្នាក់​ដែល​មាន​ដើមកំណើត​ខ្មែរ​តែ​មិន​ចេះ​និយាយ​ខ្មែរ​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដែល​ជា​ស្រុក​កំណើត​របស់​ម្ដាយ​នាង។

លោក វីលៀម ហៃ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ផ្តល់​សម្ភាសន៍​ឲ្យ VOA ក្រោយ​មើល​ខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត»នៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (ចាប ចិត្រា/VOA)
លោក វីលៀម ហៃ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ផ្តល់​សម្ភាសន៍​ឲ្យ VOA ក្រោយ​មើល​ខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត»នៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (ចាប ចិត្រា/VOA)

លោក William Heidt អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែល​ទើប​បញ្ចប់​អាណត្តិ​របស់​លោក​ កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក៏​បាន​មក​ទស្សនា​ខ្សែភាពយន្ត​រឿង​«‍តន្ត្រី​ជីវិត»​នេះ ជា​មួយ​ភរិយា​របស់​លោក​ដែរ។

«‍កុន​ហ្នឹង ខ្ញុំ​ចាប់​អារម្មណ៍​ច្រើន​ណាស់ ពី​ព្រោះ​មាន​ចំណុច​ពីរ​បី​សំខាន់។ ទី​១​ ការ​ផលិត​ film [កុន] ​ជា​ឯករាជ្យ​នៅ​ស្រុក​ខ្មែរ មាន​គេ​ធ្វើ​ច្រើន​ជាង​មុន​និង​ល្អ reputation [កេរ្តិ៍​ឈ្មោះ]ឱ្យ​ស្រុក​ខ្មែរ។ ទី​២ បទ​ហ្នឹង ក្នុង​ film​ ​គឺ​ចម្ប៉ា​បាត់ដំបង។ បទ​ហ្នឹង my favourite ​ខ្ញុំ​ចូលចិត្ត​ជាង​គេ​បង្អស់»។

​អ្នក​ស្រី សុធី ហៃ គឺ​ជា​ភរិយា​របស់​លោក William Heidt៖

«‍ខ្ញុំ​ធ្លាប់​ឮ​ពី​កុន​នេះ តាំង​ពី​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​ម្ល៉េះ ហើយ​ឮសូរ​ថា​ខ្មែរ​អាមេរិកាំង​ គាត់​ចាប់​អារម្មណ៍​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ គាត់​ចង់​ធ្វើ​កុន​មួយ​ជូន​សាធារណជន​មើល ដើម្បី​ឱ្យ​ដឹង​ពី​ស្រុក​ខ្មែរ ហើយ​ហ្នឹង ពិសេស​គាត់​មិន​មែន​និយាយ​ពី​រឿង​ដូច​ថា​ពិបាក​ស្រុក​ខ្មែរ​ទេ។ គាត់​និយាយ​ពី​រឿង​ក្តី​សង្ឃឹម។ ដូច​ថា ក្រុម​ភ្លេង​ជាតិ​ខ្មែរ​យើង ធ្លាប់​ល្បីឈ្មោះ​អី​អញ្ចឹង។ ដូច​ថា​គាត់​ចង់​ស្តា​ឡើងវិញ​ ចាស៎»។

​ខ្សែ​ភាពយន្ត​ខ្មែរ​អាមេរិកាំង​នេះ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ទីក្រុង​ញូវយ៉ក មុន​នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​រដ្ឋ​ Virginia​ ហើយ​ភាពយន្ត​ដែល​ទទួល​បាន​ពានរង្វាន់​ជាច្រើន​នេះ ក៏​នឹង​ត្រូវ​យក​ទៅ​ចូលរួម​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​ផង​ដែរ។

លោក ចាន់ប៊ុនម៉ុល ស៊ូ ពលរដ្ឋ​អាមេរិកាំង ដើមកំណើត​ខ្មែរ ផ្តល់​សម្ភាសន៍​ឲ្យ VOA ក្រោយ​មើល​ខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត»នៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (ចាប ចិត្រា/VOA)
លោក ចាន់ប៊ុនម៉ុល ស៊ូ ពលរដ្ឋ​អាមេរិកាំង ដើមកំណើត​ខ្មែរ ផ្តល់​សម្ភាសន៍​ឲ្យ VOA ក្រោយ​មើល​ខ្សែភាពយន្ត​រឿង«‍តន្ត្រី​ជីវិត»នៅ​រោងភាពយន្ត Bow Tie Cinemas​ ក្នុង​ទីក្រុង Reston រដ្ឋ​ Virginia កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ (ចាប ចិត្រា/VOA)

លោក ចាន់ប៊ុនម៉ុល ស៊ូ អាយុ​ ៣៣​ឆ្នាំ​ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ម្នាក់​ទៀត​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ​ដែរ៖

«‍មើល​កុន​ហ្នឹង ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ចិត្ត​ថា ថ្ងៃ​មួយ ខ្ញុំ​ចង់​ទៅ​រស់នៅ​ស្រុក​ខ្មែរ ដើម្បី​ស្គាល់​កន្លែង​[កំណើត]​ម៉ែ​ឳ​ខ្ញុំ​នៅ​តាកែវ [ស្រុក]គីរីវង់ ​ពីព្រោះ​ខ្ញុំ​អត់​ដែល​ទៅ​ស្រុក​ខ្មែរ​ទេ។ ខ្ញុំ​កើត​នៅ​ស្រុក​អាមេរិក ហើយវា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មោទនភាព​ចំពោះ​ខ្មែរ​យើង»។

​ក្រុម​ផលិតករ​ភាពយន្ត និយាយ​ថា​រឿង«‍តន្ត្រី​ជីវិត» នេះ នឹង​ត្រូវ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប​ផង​ដែរ​នៅថ្ងៃ​ទី​២១ខែ​មីនា ឆ្នាំ​២០១៩​នេះ៕

XS
SM
MD
LG