ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​វប្បធម៌​ផ្ទុះ​ឡើង​លើ​ស្លាក​យីហោ​ហាង​នៅ​​អេស្ប៉ាញ


រូប​ឯកសារ៖ ស្ត្រី​ម្នាក់​បើក​ហាង​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ស្ត្រី​ម្នាក់​បើក​ហាង​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។

ពណ៌​ក្រហម​នៅ​លើ​ស្លាក​សញ្ញា​ពណ៌​ត្នោត​ខ្ចី​នៅ​ខាង​ក្រៅ​ហាង La Torre ផ្សព្វផ្សាយ​ប្រភេទ​សម្លៀក​បំពាក់​ខាង​ក្នុង​ដែល​មនុស្ស​ជំនាន់​មុន​ប្រហែល​បាន​ពាក់ ភាគច្រើន​គឺ​ជា​ខោ​ទ្រនាប់ និង​ក្រវាត់​ចង្កេះ។

ហាង​នេះ ត្រូវ​បាន​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា The Tower ហើយ​បាន​ក្លាយ​ជា​ហាង​ស្តង់ដា​មួយ​នៅ​ក្នុង​ទីក្រុង Barcelona អស់​រយៈពេល​ជាង​១២០ ឆ្នាំ​កន្លង​មក​ហើយ ដែល​អាច​រក្សា​បាន​នូវ​រូបភាព​អតីត​កាល​របស់​ទីក្រុង។

ហាង La Torre បាន​ទប់​ទល់​នឹង​ការ​ប្រកួត​ឥត​ឈប់ឈរ​របស់​ហាង Starbucks, McDonald's និង​បណ្តាញ​សាជីវកម្ម​អន្តរជាតិ​ផ្សេង​ទៀត ដែល​អ្នក​រិះគន់​បាន​និយាយ​ថា បាន​បំផ្លាញ​ព្រលឹង​នៃ​ទី​ប្រជុំជន។

ហាង រោងកុន ឬ​បណ្ណាល័យ​ដែល​បាន​បើក​អំឡុង​ពេល​ផ្សេង​ទៀត មិន​មាន​ភ័ព្វ​សំណាង​ខ្លាំង​នោះ​ទេ ហើយ​ថែម​ទាំង​ត្រូវ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ទៀត​ផង។

អ្នក​ធ្វើ​យុទ្ធនាការ​នៅ​ប្រទេស​អេស្ប៉ាញ​ប្តេជ្ញា​ការពារ​ទម្រង់​បេតិកភណ្ឌ​មួយ​ដែល​ពួកគេ​និយាយ​ថា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង។ នោះ​គឺ ស្លាក​យីហោ​ហាង​ដែល​ផ្សាយ​ពាណិជ្ជកម្ម​អាជីវកម្ម​ខ្នាត​តូច​ដែល​ជា​រឿយៗ​បើក​ជា​លក្ខណៈ​គ្រួសារ។

ដោយ​ត្រូវ​បាន​ពណ៌នា​ដោយកាសែត ABC របស់​អេស្ប៉ាញ ថា​ជា​«តួ ​Indiana Jones នៃ​ស្លាក​យីហោ​ហាង​ដែល​បាន​បាត់​បង់» ស្លាក​យីហោ​ទាំង​នេះ​តំណាង​ឱ្យ​អ្វីៗ​គ្រប់​យ៉ាងរាប់​ចាប់​ពី​ស្លាក​សញ្ញា​រោងកុន Art Deco​ ស្លាក​សញ្ញា Buy Easy ដែល​ចាំង​ពន្លឺ​ភ្លឹបភ្លែត​បែប​បុរាណ និង​ស្លាក​សញ្ញា​ហាង​ស្បែក​ជើង​ពណ៌មាស​ជាដើម។

អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​បណ្តាញ Iberian ការ​ពារ​មរតក​ក្រាហ្វិក ដែល​ជា​សមូហភាព​នៃ​គម្រោង​ប្រហែល ៥០ នៅ​ទូទាំង​ប្រទេស​អេស្ប៉ាញ​បាន​និយាយ​ថា ស្លាក​សញ្ញា​ពាណិជ្ជកម្ម​នៅ​ខាង​ក្រៅ​ហាង​ដែល​បាន​កំណត់​អត្តសញ្ញាណ​ទីក្រុង ទី​ប្រជុំជន និង​ភូមិ​នានា​ជា​យូរ​មក​ហើយ​គឺជា​ផ្នែក​មួយ​នៃ​អតីតកាល​របស់​យើង ។

រូប​ឯកសារ៖ មនុស្ស​ដើរ​កាត់​ហាង​សម្លៀកបំពាក់ Zara នៅ​ទី​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាល​ពី​ឆ្នាំ​២០១៤។
រូប​ឯកសារ៖ មនុស្ស​ដើរ​កាត់​ហាង​សម្លៀកបំពាក់ Zara នៅ​ទី​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាល​ពី​ឆ្នាំ​២០១៤។


បេតិកភណ្ឌ

សម្រាប់​មនុស្ស​ភាគច្រើន បេតិកភណ្ឌ​ផ្តល់​ឱ្យ​នូវ​សេចក្តី​សង្ខេប​អំពី​គំនិត​នៃ​ប្រាសាទ ផ្ទាំង​គំនូរ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន និង​គ្រឿង​អលង្ការ​របស់​រាជវង្ស។ ប៉ុន្តែ​អ្នក​ធ្វើ​យុទ្ធនាការ​ទាំង​នេះ​អះអាង​ថា ទេសភាព​ទីក្រុង​ដែល​មនុស្ស​ភាគច្រើន​រស់នៅ​រាល់​ថ្ងៃ​នេះ​គឺជា​ផ្នែក​មួយ​នៃ​អតីតកាល​ដ៏​មាន​តម្លៃ​របស់​យើង​ផងដែរ។

ច្បាប់​បេតិកភណ្ឌ​នៅ​ប្រទេស​អេស្ប៉ាញ​ការពារ​អ្វីៗ​គ្រប់​យ៉ាង​តាំង​ពី​ព្រះវិហារ ​រហូត​ដល់​ប្រាសាទ និង​ការ​ប្រកួត​គោជល់ ប៉ុន្តែ​មិន​មែន​ស្លាក​យីហោ​ហាង​ទេ​រហូត​មក​ដល់​ពេល​នេះ។ ដូច្នេះ​ដំបូង អ្នក​ធ្វើ​យុទ្ធនាការ​ត្រូវតែ​បញ្ចុះបញ្ចូល​ក្រុមប្រឹក្សា​មូលដ្ឋាន​ឱ្យ​ការពារ​និមិត្តសញ្ញានៃ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ទាំង​នេះ។

លោក Alberto Nanclares នៃ​បណ្តាញ Iberian បាន​ប្រាប់​ VOA ​ក្នុង​បទ​សម្ភាសន៍មួយ​ថា៖ «យើង​ប្រឆាំង​នឹង​ការ​នឹក​រឭក ព្រោះ​វា​និយាយ​ថា​អតីតកាល​ប្រសើរ​ជាង​បច្ចុប្បន្ន ឬ​អនាគត។យើង​ចង់​រក្សា​ស្លាក​យីហោ​ហាង​ទាំង​នេះ​ព្រោះ​វា​តំណាង​ឱ្យ​អ្វី​មួយ​ពី​អតីតកាល​ដែល​យើង​អាច​ប្រើ​ដើម្បី​រៀនសូត្រ​សម្រាប់​អនាគត» ។

លោក ​Nanclares បាន​និយាយ​ថា អង្គការ​នេះ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​រដ្ឋាភិបាល​នៅ​ពេល​នោះ​បាន​លុប​ចោល​ច្បាប់​ដែល​ធានា​ការ​ជួល​ថោកៗ​ដល់​ក្រុមហ៊ុន ដោយ​ជំរុញ​ឱ្យ​ហាង​តូចៗ​ជាច្រើន​បាត់​អាជីវកម្ម។ លោក​បាន​និយាយ​ថា ពួកគេ​គ្រោង​នឹង​បើក​សារមន្ទីរ​មួយ​ដើម្បី​បង្ហាញ​ស្លាក​សញ្ញា​ដែល​ពួកគេ​បាន​រក្សាទុក។

លោក​បាន​បន្ថែម​ថា៖ «វា​គួរ​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ព្រោះ​វា​នឹង​ទាក់​ទាញ​អ្នក​រចនា ស្ថាបត្យករ មនុស្ស​ចាស់​ដែល​ចង់​ឃើញ​ពី​អតីតកាល និង​មនុស្ស​ដែល​ចង់​នាំ​ជីដូនជីតា​របស់​ពួកគេ​ទៅ​មើល​កន្លែង​ដែល​ពួក​គេ​ធំ​ដឹង​ក្តី»។

អ្នក​នាង ​Laura Asensio គឺជា​អ្នក​រចនា​ក្រាហ្វិក​ដែល​បាន​ធ្វើ​ការ​ឱ្យ​អង្គការ​មួយ​ឈ្មោះ​ថា Valladolid with Character។ ពួក​គេ​សង្ឃឹម​ថា ​នឹង​បញ្ឈប់ Valladolid ដែល​ជា​ទី​ក្រុង​អេស្ប៉ាញ​ប៉ែកខាង​ជើង កុំ​ឱ្យក្លាយ​ទៅ​ជា​ទីក្រុង​ដែលគ្មាន​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដូចទីក្រុង​ជាច្រើន​ទៀត​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។

អ្នក​ស្ម័គ្រ​ចិត្ត​កំពុង​គូស​ផែនទី​ដៅ​ទីតាំង​នៃ​ស្លាក​យីហោ​ហាងចាស់ៗ​ដែល​ត្រូវ​បាន​រក្សា​ទុក ឬ​ក៏​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ មិន​ឱ្យ​បាត់។

អ្នក​នាង​ Asensio បាន​និយាយ​ថា​នាង​សង្ឃឹម​ថា​នឹង​បញ្ចុះបញ្ចូល​ក្រុមប្រឹក្សា​ក្រុង​ឱ្យ​ផ្លាស់ប្តូរ​ច្បាប់​ក្នុង​ស្រុក​ដើម្បី​រក្សា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​របស់​ទី​ក្រុង​នេះ។ សៀវភៅ​មួយ​ក្បាល​នឹង​ត្រូវ​បាន​បោះពុម្ព​ជាមួយ​នឹង​រូបថត​នៅ​ក្នុង​ខែ​ធ្នូ ដែល​រៀបរាប់​អំពី​ផ្នែក​នៃ​ជីវិត​នៅ​ក្នុង​ទីក្រុង​នេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

នាង​បាន​ប្រាប់ ​VOA ​ថា៖ «ហេតុ​ផល​ដែល​យើង​ចាប់​ផ្តើម​អង្គការ​នេះ​គឺ​ដើម្បី​បញ្ឈប់​ស្លាក​យីហោហាង​កុំ​ឱ្យ​បាត់បង់​ដោយ​សារសកលភាវូបនីយកម្ម។ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប មជ្ឈមណ្ឌល​នានា​ក្នុង​ទីក្រុង​កំពុង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ស្លាក McDonalds, Zara ឬ Burger King»។

អ្នក​នាង Laura Aseguradade ដែល​ជា​អ្នក​រចនា​ផ្ទៃ​ខាង​ក្នុង និង​ជា​សមាជិក​នៃ​បណ្តាញ Iberian បាន​និយាយ​ថា មនុស្ស​វ័យ​ក្មេង​ប្រហែល​ជា​មិន​ពេញ​ចិត្ត​នឹង​តម្លៃ​នៃ​បេតិកភណ្ឌ​ស្ថាបត្យកម្ម​នៃ​ទីក្រុង​របស់​ពួកគេ​នោះ​ទេ។

នាង​បាន​ប្រាប់ ​VOA ​ពី​ផ្ទះ​របស់​នាង​នៅ​ក្នុង​ទីក្រុងម៉ាឌ្រីដ​ថា៖ «ប៉ុន្តែ ប្រសិន​បើ​អ្នក​មិន​ឱ្យ​តម្លៃ ប្រពៃណី និង​ភាព​ខុស​ប្លែក​នៃ​ទីក្រុង​របស់​អ្នក​ទេ នោះ​ម៉ាឌ្រីដ នឹង​មើល​ទៅ​ដូច Barcelona ឬ​ទីក្រុង​ឡុងដ៍ ជាមួយ​នឹង​ខ្សែ​សង្វាក់​ដូច​គ្នា​ដែល​កើត​ឡើង​ដោយសារ​សកលភាវូបនីយកម្ម»។

នាង​និយាយ​ថា៖«យើង​មិន​ប្រឆាំង​នឹង​សកលភាវូបនីយកម្ម​ទេ ប៉ុន្តែ​បេតិកភណ្ឌ​ស្ថាបត្យកម្ម​នាំ​មក​នូវ​តម្លៃ​ដល់​ទី​ក្រុង​របស់​អ្នក ព្រោះ​វា​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ខុស​ពី​កន្លែង​ផ្សេងៗ​ទៀត​ដែល​មាន​សារៈសំខាន់​សម្រាប់​ទេសចរណ៍ និង​គុណភាព​នៃ​ជីវិត»៕

ប្រែសម្រួល​ដោយ អ៊ុន សុដាវី

អត្ថបទ​ទាក់ទង

XS
SM
MD
LG