ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ត្បាញ​ក្រណាត់​អាមេរិកាំង​បញ្ចូល​ម៉ូដ​រចនា​ឥណ្ឌូណេស៊ី​ជាមួយ​ជំនាញ​ហត្ថកម្ម​បុរាណ


អ្នកស្រី Kim Nowak នៃ​ហាង Majestic Batiks

អ្នកស្រី Reba Worotikan រស់នៅ​ក្នុង​ទីក្រុង Corvallis រដ្ឋ Oregon និង​ជា​ម្ចាស់​ហាង «Majestic Batiks»។ អ្នកស្រី​បាន​ប្រើ​សិល្បៈ​ត្បាញ​ពី​បុរាណ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ត្បាញ​ក្រណាត់​ឥណ្ឌូណេស៊ី។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «កម្រាល​ដូច​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​គឺ​ជា​អ្វី​មួយ​ដែល​ធ្វើ​ដោយ​ដៃ។ គេ​ចំណាយ​ពេល​ច្រើន​ដើម្បី​ធ្វើ​វា​ឡើង ហើយ​វា​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន។ ដូច្នេះ កម្រាល​នេះ​មាន​អត្ថន័យ​ច្រើន​ណាស់»។

អ្នកស្រី Worotikan ដែល​មាន​ស្វាមី​ជា​ជនជាតិ​ឥណ្ឌូណេស៊ី បាន​ចាប់ផ្ដើម​អាជីវកម្ម​នេះ​នៅ​ក្នុង​ឆ្នាំ ២០១៣។

អ្នកស្រី​និយាយ​ថា៖ «យើង​ចង់​បាន​ឈ្មោះ​ដែល​ងាយស្រួល​ធ្វើ​ជា​ម៉ាក​យីហោ នៅ​ពេល​ដែល​យើង​គិត​អំពី​ឥណ្ឌូណេស៊ី។ វា​គឺ​ជា​ទិដ្ឋភាព និង​សម្រស់​ដ៏​អស្ចារ្យ​របស់​ប្រទេស​ឥណ្ឌូណេស៊ី»។

អ្នកស្រី​សហការ​ជាមួយ​នឹង​សិល្បករ​ផ្នែក​ជ្រលក់​ពណ៌ និង​រចនា​ក្រណាត់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​បង្កើត​ក្បាច់​រចនា​ពិសេស និង​ពណ៌​ផ្សេងៗ​សម្រាប់​អតិថិជន​អាមេរិកាំង ដែល​ពេញចិត្ត​នឹង​ម៉ូដ​ពិសេស​នៃ​កម្រាល​ទាំង​នេះ។

អ្នកស្រី Worotikan បញ្ជាក់​ថា៖ «ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ខ្លាំង​លើ​សិល្បៈ​ត្បាញ​ក្រណាត់ ហើយ​វា​ទំនង​ខ្លាំង​បំផុត​សម្រាប់​ពួក​យើង​នៅ​ក្នុង​ការ​ប្រកប​អាជីវកម្ម​នេះ ដោយសារតែ​ពួក​យើង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ឥណ្ឌូណេស៊ី ស្រឡាញ់​វប្បធម៌ ក៏​ដូចជា​ស្រឡាញ់​ផ្នែក​ជ្រលក់​ពណ៌ និង​រចនា​ក្រណាត់ ដែល​ធ្វើ​ឡើង និង​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី»។

អ្នក​ត្បាញ​កម្រាល​ទាំង​នេះ ដែល​ធ្វើ​ការ​ជាមួយ​នឹង​អ្នកស្រី Worotikanនិយាយ​ថា ក្រណាត់​ឥណ្ឌូណេស៊ី​ដែល​ជ្រលក់​ពណ៌ និង​រចនា​ដោយ​ដៃ​នេះ គឺ​ជា​ក្រណាត់​ពិសេស​សម្រាប់​ការ​ត្បាញ។

អ្នកស្រី Kim Nowak នៃ​ហាង Majestic Batiks បញ្ជាក់​ដូច្នេះ​ថា៖ «ក្រណាត់​នេះ​មិន​រសាត់​ថ្នេរ​នោះ​ទេ នៅ​ពេល​ដែល​យើង​កាត់​ចុង​វា ប៉ុន្តែ​ក្រណាត់​ផ្សេង​ទៀត​គឺ​រសាត់​ថ្នេរ ហើយ​ខ្ញុំ​ត្រូវ​ដេរ​ភ្ជាប់​ឡើង​វិញ។ ប៉ុន្តែ​ក្រណាត់ batik មិន​រសាត់​ថ្នេរ​នោះ​ឡើយ ដោយសារតែ​វា​ត្រូវ​បាន​ត្បាញ​យ៉ាង​ញឹក​ណែន​ល្អ»។

អ្នកស្រី Worotikan និយាយ​ថា អ្នកស្រី និង​អ្នក​ច្នៃ​ម៉ូដ​របស់​អ្នកស្រី​មាន​ម៉ូដ​រចនា​ពិសេស​ជាង ៣ ពាន់​ប្រភេទ​របស់​ក្រណាត់ Batik នេះ សម្រាប់​លក់ ហើយ​កំពុង​ផលិត​បន្ថែម​ទៀត​ជា​បន្តបន្ទាប់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG