ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​មេផ្ទះ និង​ជីដូនដែល​រស់នៅ​ក្នុង​សង្កាត់​អ្នកកាន់​សាសនា​ឥស្លាម​នៅ​​ឥណ្ឌា ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ចូល​សញ្ជាតិ​ថ្មី


និស្សិត និង​សកម្មជន​ឥណ្ឌា​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​ដើម្បី​ធ្វើ​ការ​តវ៉ា​នឹង​ច្បាប់​សញ្ជាតិ​ថ្មី​របស់​ឥណ្ឌា នៅ​ក្នុង​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
និស្សិត និង​សកម្មជន​ឥណ្ឌា​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​ដើម្បី​ធ្វើ​ការ​តវ៉ា​នឹង​ច្បាប់​សញ្ជាតិ​ថ្មី​របស់​ឥណ្ឌា នៅ​ក្នុង​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។

ស្រ្តី​រាប់រយ​នាក់​បាន​បោះ​ជំរំ នៅ​លើ​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ភ្ជាប់​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា ទៅ​ក្រុង​រណប​មួយ ដើម្បី​ជា​ការតវ៉ា។ នេះ​ជា​ការតវ៉ា​មិន​ធម្មតា​មួយ​នៅ​ប្រទេស​ឥណ្ឌា ក្រោយពី​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចូល​សញ្ជាតិ​ថ្មី​មួយ។

ច្បាប់​នោះ មិន​បាន​រួមបញ្ចូល​អ្នកកាន់​សាសនា​ឥស្លាម ទៅក្នុង​ក្រុមសាសនា​ដូចជា ហិណ្ឌូ និង​សាសនាគ្រិស្ត ដែល​ក្រុម​អ្នកកាន់​សាសនា​ទាំងនេះ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​បាន​ឆាប់​ប្រសិនបើ​ពួកគេ​ប្រឈមនឹង​ការធ្វើទុក្ខ​បុកម្នេញ​ខាង​សាសនា នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ប៉ាគីស្ថាន និង​បង់ក្លាដែស។ តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ស្រ្តី​ទាំងនោះ ដែល​ពួកគេ​ភាគច្រើន​មក​ពី​មជ្ឈដ្ឋាន​ក្រីក្រ​បំផុត​ក្នុង​សង្គម បន្ត​បាតុកម្ម​នៅ​លើ​ផ្លូវ​អស់រយៈពេល​ជាច្រើន​សប្តាហ៍​មក​នេះ។

ស្រ្តី​ជា​ជីដូន ម្តាយ និង​មេផ្ទះ​ជាច្រើន បាន​ទៅ​បិទ​ផ្លូវ​ដ៏សំខាន់ នៅក្នុង​តំបន់ Shaheen ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា ដែល​តំបន់​នោះ​មាន​ពលរដ្ឋ​ភាគច្រើន​ជា​អ្នកកាន់​សាសនា​ឥស្លាម ដោយសារតែ ការព្រួយបារម្ភ​ដ៏​ខ្លាំង​អំពី​ច្បាប់​ចូល​សញ្ជាតិ​ថ្មី​មួយ។ ឥឡូវនេះ ពួកគេ​ទាំងនោះ ត្រូវ​ដាក់​ឯកសារ​បញ្ជាក់​ថា ពួកគេ​ជា​ពលរដ្ឋ​ឥណ្ឌា។

ក្នុង​ចំណោម​អ្នកដឹកនាំ​ការតវ៉ា​ទាំងនោះ គឺ​អ្នកស្រី Rizwana Bano ដែល​អ្នកស្រី​ស្ថិត​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ចំណាកស្រុក​ក្រីក្រ​រាប់លាន​នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង​ញូដេលី។ អ្នកស្រី Rizwana Bano ថ្លែងថា៖

«ខ្ញុំ​មកពី រដ្ឋ Biha ដែល​តែងតែ​មាន​ទឹកជំនន់។ ខ្ញុំ​គ្មាន​ផ្ទះ ឬ អាស័យដ្ឋាន​ជាក់លាក់​ទេ។ដូច្នេះ តើ​ឲ្យ​ខ្ញុំ​រក​ឯកសារ​ឯណា​មក​បញ្ជាក់​ទៅ? នេះ​ហើយ​ជា​មូលហេតុ ដែល​ខ្ញុំមក​តវ៉ា​នៅ​តាម​ផ្លូវ ដូច្នេះ​ខ្ញុំ​នឹង​មិន​ត្រូវ​ចូល​គុក»។

​ស្រ្តី​ទាំង​នោះ ភាគច្រើន​ជា​អ្នក​ចេញ​មកតវ៉ា​ជាលើក​ដំបូង។ ពួកគេ​ចេញ​ពី​ផ្ទះ​ដោយសារតែ​ពួកគេ​បារម្ភ​ថា ផែនការ​បង្កើត​បញ្ជី​ចុះ​ឈ្មោះ​ចូល​សញ្ជាតិ​ថ្មី​មួយ​ អាច​គំរាម​គំហែង​ឋានៈ​ជា​ពលរដ្ឋ​ឥណ្ឌា​របស់​ពួកគេ។

នោះ គឺ​ដោយសារតែ​ច្បាប់​នោះ មិន​បាន​រួមបញ្ចូល​អ្នកកាន់​សាសនា​ឥស្លាម ទៅក្នុង​ក្រុម​សាសនា​ដូចជា ហិណ្ឌូ និង​សាសនាគ្រិស្ត ដែល​ក្រុម​អ្នកកាន់​សាសនា​ទាំងនេះ ត្រូវ​បាន​ការពន្លឿន​ការផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ ប្រសិនបើ​ពួកគេ​ប្រឈមនឹង​ការធ្វើទុក្ខ​បុកម្នេញ​ខាង​សាសនា នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ប៉ាគីស្ថាន និង​បង់ក្លាដែស។

លោក​នាយករដ្ឋ​មន្រ្តី Narendra Modi បាន​ជម្រះ​ក្តី​កង្វល់​ដោយ​និយាយ​ថា គ្មាន​ពលរដ្ឋ​ឥណ្ឌា​កាន់​សាសនា​ឥស្លាម​ណា នឹងប្រឈម​នឹង​ការបាត់បង់​សញ្ជាតិ​របស់​ពួកគេ​ឡើយ។

ក៏ប៉ុន្តែ ពលរដ្ឋ​ជាច្រើន ដូចជា​អ្នកស្រី Azra Hashmi នៅតែ​មាន​ទុទិដ្ឋិនិយម គ្រាដែល​រដ្ឋាភិបាល​របស់​លោក Modi កាន់តែ​ត្រូវ​គេ​មើល​ឃើញ​ថា កាន់តែ​ឈាន​ទៅ​មុខ​តាមរយៈ​និន្នាការ​អ្នកប្រកាន់​សាសនា​ហិណ្ឌូ​ជាតិ​និយម។

អ្នកស្រី Azra Hashmi ថ្លែងថា៖

«ខ្ញុំ​បាន​កើត​នៅក្នុង​ប្រទេស​ដ៏ស្រស់​ស្អាត​នេះ បងប្អូន​ក្រុមគ្រួសារ​សាច់​ញាតិ​៧ជំនាន់​របស់​ខ្ញុំ បាន​កើត​និង​កប់​ទៅវិញ​នៅ​ទីនេះ។ តើ​ហេតុ​អ្វី​បាន​ជា​សព្វថ្ងៃ​នេះ អ្នក​រុញ​យើង​ឲ្យ​ដល់​ផ្លូវ​ទាល់​ដូច្នេះ?»។

បុគ្គល​ល្បី​ឈ្មោះ ដូចជា​តារា​ភាពយន្ត Bollywood Swara Bhaska ជារឿយៗ បាន​បង្ហាញ​ខ្លួន​ដើម្បី​គាំទ្រ​នូវ​អ្វី​ដែល​គេ​ហៅ​ថា «បាតុកម្ម​ដែលគ្មាន​មេដឹកនាំ»។ អ្នកស្ម័គ្រចិត្ត បាន​បរិច្ចាគ​ម្ហូបអាហារ។ បុរស​ទុក​ឲ្យ​ស្រ្តី​ជាអ្នកដឹកនាំ​ការតវ៉ា។ ថ្វីបើ​នៅ​ឆ្នាំ​នេះ​រដូវ​ត្រជាក់​នៅក្នុង​រដ្ឋធានី​ញូវដេលី មាន​សភាព​ត្រជាក់​ជាង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏ដោយ ក៏​មិន​បាន​ធ្វើ​ឲ្យ​បាតុករ​ទាំងនោះ មាន​ភាពរួញរា​ក្នុង​ការតវ៉ា​រហូត​ដល់​រំលង​អាធ្រាត​នោះ​ឡើយ។

លោក Syed Taseer Ahmed អ្នកស្ម័គ្រចិត្ត និង​ជា​ពលរដ្ឋ​ម្នាក់​មកពី​តំបន់ Shaheen Bagh បាន​ថ្លែង​ថា៖

«គ្មាន​ហិរញ្ញិក គ្មាន​ទាក់ទងនឹង​គណបក្ស​នយោបាយ និង​គ្មានទាក់ទង​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណាមួយ​ទេ។ បាតុកម្ម​នេះ គឺ​ធ្វើ​ដោយ​សាធារណជន​ខ្លួន​ឯង»។

ការចូល​សញ្ជាតិ មិនមែនតែ​ជាបញ្ហា​មួយ​មុខនោះទេ។ អ្នកស្រី Saima Khan ដែល​ជា​ម្តាយ​មាន​កូន​៤​នាក់ បានចូលរួម​នៅក្នុងការតវ៉ានេះ ដោយសារតែមានកំហឹង​ចំពោះ​សកម្មភាព​របស់​ប៉ូលិស​កាលពី​ខែធ្នូ ដែលត្រូវបាន​គេចោទ​ប្រកាន់ថា បាន​ធ្វើ​ឲ្យ​និស្សិត​កាន់​សាសនា​ឥស្លាម​២នាក់​មាន​របួស នៅ​ក្នុង​សាកលវិទ្យាល័យ​ដែល​មាន​និស្សិត​ភាគច្រើន​កាន់សាសនា​ឥស្លាម។ អ្នកស្រី Saima Khan ថ្លែង​ថា៖

«យើងបាន​សម្រេចចិត្ត​ថា យើង​នឹង​មិន​អត់ធ្មត់​ចំពោះ​រឿង​ដូចនេះ​ទេ។ មាន​ស្រ្តី​ជា​ម្តាយ​ច្រើន​នៅ​ទីនេះ។ ម្តាយ​មិន​អាច​មើល​កូន​ខ្លួនឯង​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​គោលដៅ​នោះ​ទេ»។

មាន​ការដាក់​សម្ពាធ​ឲ្យ​បញ្ឈប់​ការតវ៉ា​នេះ។ ក៏ប៉ុន្តែ ស្រ្តី​អ្នកតវ៉ា​ទាំងនោះ បាន​ប្តេជ្ញា​ថា ពួកគេ​នឹង​បន្ត​បោះជំរំ​នៅ​ទីនោះ រហូត​ទាល់តែ​ច្បាប់​នោះ​ត្រូវ​បាន​សើរើ​ឡើង​វិញ។

អ្នកស្រី Bilkees ពលរដ្ឋ​ម្នាក់ទៀត​មកពី​តំបន់ Shaheen Bagh បាន​ថ្លែង​ថា៖

«មិន​ថា ខ្ញុំត្រូវ​តវ៉ា​១​ខែ ៦ខែ ឬ ១ឆ្នាំទេ ខ្ញុំ​នឹង​មក​ទីនេះ រាល់ថ្ងៃ»។

ស្រ្តី​កាន់សាសនា​ឥស្លាម​នៅក្នុង​តំបន់​មួយ​នៃ​រដ្ឋធានី​ញូវដេលី ដែល​កម្រ​ត្រូវ​បាន​គេ​ឃើញ ឬ ឮ​មតិ​នោះ កំពុង​បង្ហាញ​ថា ពួកគេ នឹង​ត្រូវ​បាន​ចាត់ទុកថា ជាអ្នក​ចូលរួម​តទល់ ប្រឆាំងនឹង​ច្បាប់​ចូល​សញ្ជាតិ​ថ្មី​នោះ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

វីដេអូថ្មីៗបំផុត

XS
SM
MD
LG