ស្លៀកពាក់អាវក្រឡាការ៉ូ ដៃវែង និងខោជើងវែង បុរសជនជាតិមូស្លីមម្នាក់នេះបានចំណាយពេលពី៤ទៅ៥ថ្ងៃក្នុងមួយខែធ្វើការនៅកន្លែងរកត្រីនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកសុខ ហ្វឺត អាយុ៤៨ឆ្នាំ ជាអ្នកកាត់ក្បាលត្រី និងដកខ្លាញ់ពោះត្រីសម្រាប់ធ្វើប្រហុក។
លោកហ្វឺតមានការងារប្រចាំថ្ងៃជាអ្នករត់ម៉ូតូឌុប តែលោកមកធ្វើត្រីក្នុងរដូវធ្វើប្រហុក។ លោកនិយាយថា ឆ្នាំនេះត្រីប្រហុកមានភាពល្អប្រសើរជាងឆ្នាំមុន។ លោកនិយាយនៅកន្លែងធ្វើត្រីថា៖
«ឆ្នាំនេះ ពួកគេអាចចាប់បានត្រីច្រើនសម្រាប់ធ្វើប្រហុក ប៉ុន្តែចំនួនត្រីវាខុសគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារកម្រិតទឹក»។
នៅរដូវធ្វើប្រហុកឆ្នាំនេះ លោកហ្វឺតអាចរកប្រាក់ចំណូលបានពី១៥ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ្នកនេសាទចាប់ត្រីប្រហុកក្នុងបឹងទន្លេសាបនៅរដូវនេសាទ ជាធម្មតា រយៈពេលបីខែក្នុងមួយឆ្នាំ ចាប់ពីខែធ្នូដល់ខែកុម្ភៈ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា នៅថ្ងៃទី៨ ខែកុម្ភៈ ជាពេលបញ្ចប់រដូវប្រមូលត្រីប្រហុកសម្រាប់ឆ្នាំ២០១៧នេះ។ នៅរដូវធ្វើត្រីប្រហុក ប្រភេទត្រីរៀល ត្រីលេញ ហើយនឹងត្រីផ្សេងៗទៀតរាប់ពាន់ម៉ឺនក្បាល ត្រូវបាននេសាទសម្រាប់ធ្វើប្រហុក។
ជារៀងរាល់ឆ្នាំ ប្រជាជន ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ មកផែទន្លេក្នុងខណ្ឌឫស្សីកែវ ចម្ងាយប្រហែល៨គីឡូម៉ែត្រពីរាជធានីភ្នំពេញនេះ ដើម្បីទិញ និងលក់ត្រីសម្រាប់ធ្វើប្រហុក។ ត្រីធ្វើប្រហុកបានឡើងថ្លៃនៅឆ្នាំនេះ។
លោកហ្វឺតបានប្រាប់ VOA កាលពីចុងខែមករាថា ដោយសារមនុស្សជាច្រើនបានមករកទិញត្រីប្រហុក ទើបធ្វើឲ្យត្រីប្រហុកឡើងថ្លៃ។ លោកមានប្រសាសន៍ថា៖
«គេអត់សូវចុះមកធ្វើកាលពីឆ្នាំមុន ដល់ឆ្នាំនេះគេចុះមកធ្វើច្រើន ផ្អើលមនុស្សមកធ្វើច្រើន ត្រីឡើងថ្លៃ»។
អ្នកស្រីខ្ចឹង សីហា អាយុ២៨ឆ្នាំ ដែលជាអ្នកលក់ត្រីនៅកន្លែងទិញត្រីធ្វើប្រហុក បាននិយាយថា ត្រីឆ្នាំនេះមានច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃខ្ពស់ជាង ឆ្នាំមុនៗ។ អ្នកស្រីលក់បានតម្លៃ៣៥០០រៀលសម្រាប់ត្រីធ្វើរួច។ អ្នកស្រីនិយាយថា៖
«ក្នុងមួយថ្ងៃ យើងទិញត្រី ពេលខ្លះទិញមួយតោន។ ពេលខ្លះទៅ ត្រីត្រូវទិញ១តោនកន្លះទៅ២តោន»។
អ្នកស្រីបញ្ជាក់បន្ថែមថា អ្នករកត្រីនិយាយថា ឆ្នាំនេះមានត្រីច្រើនជាងឆ្នាំមុន ព្រោះកម្ពស់ទឹកឆ្នាំនេះឡើងច្រើនជាងឆ្នាំទៅ។ អ្នកស្រីសន្និដ្ឋានថា បរិមាណត្រី មានច្រើន ឬតិចទាក់ទងនឹងកម្ពស់ទឹក ហើយថា ទំនប់វារីអគ្គិសនីអាចជាមូលហេតុចម្បង។
ប្រហុកជាគ្រឿងសំខាន់សម្រាប់ធ្វើម្ហូបរបស់ប្រជាជនខ្មែរ ហើយប្រជាកសិករចាត់ទុកជាប្រហុកប្រភពប្រូតេអ៊ីនប្រចាំថ្ងៃ។ ប្រជាជនរស់នៅតាមដងទន្លេតែងតែរកត្រីធ្វើប្រហុក ជារៀងរាល់ឆ្នាំ ដើម្បីទុកធ្វើម្ហូបពេញមួយឆ្នាំ។ កាលពីឆ្នាំមុន បរិមាណត្រីប្រហុកបានធ្លាក់ចុះ ដោយសារបញ្ហារាំងស្ងួត ហើយទឹកមានម្រិតទាប។
អ្នកស្រី សូ អៃសាស់ ដែលជាស្រ្តីខ្មែរឥស្លាម អាយុ៣៧ឆ្នាំ ទទូរក្រណាត់ នៅពេលអ្នកស្រីរៀបរាប់ថា កាលពីឆ្នាំទៅ អ្នកស្រីមិនអាចធ្វើប្រហុកបានទេ ប៉ុន្តែឆ្នាំនេះ អ្នកស្រីធ្វើប្រហុកពី៣០ទៅ៤០គីឡូក្រាមទុក សម្រាប់ធ្វើម្ហូបក្នុងគ្រួសារ។ ពេលកំពុងអង្គុយធ្វើត្រីនៅផ្ទះរបស់អ្នកស្រីក្បែរបឹងទន្លេសាប អ្នកស្រីនិយាយថា៖
«ឆ្នាំមុនអត់ បើត្រីប៉ុនៗចង្កឹះអីចឹង វាយទៅ វាជ្រុះអស់បាត់»។
អ្នកស្រីក៏បានប្រាប់ VOA ឲ្យដឹងដែរថា អ្នកស្រីមានការប្រុងប្រយ័ត្នក្នុងការទិញប្រហុកនៅតាមផ្សារ ដោយសារវាអាចមានជាតិគីមីច្រើន។
ដោយសារឆ្នាំនេះទឹកធំ ទិន្នផលនេសាទមានការកើនឡើង។ ក្រសួងកសិកម្មបានប្រកាសថា ត្រីនៅទន្លេសាបឆ្នាំនេះមានការកើនឡើង ដោយសារភាពល្អប្រសើរនៃកម្រិតកម្ពស់ទឹក និងការចុះបង្រ្កាបយ៉ាងសកម្ម និងជាបន្តបន្ទាប់ ប្រឆាំងបទល្មើសនេសាទ។
ថ្មីៗនេះ រដ្ឋាភិបាលបានបង្កើនកម្លាំងបេសកកម្មចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់។ បេសកកម្មនេះរួមមានការជិះឧទ្ធម្ភាគចក្រ និងទូកល្បឿនលឿនដើម្បីពិនិត្យមើលបទល្មើសនេសាទនៅទន្លេសាប។
លោក ណៅ ធួក ប្រធាននាយកដ្ឋានរដ្ឋបាលជល បានមានប្រសាសន៍ថាដោយសារឆ្នាំនេះទឹកមានភាពល្អប្រសើរច្រើន គួបផ្សំជាមួយការចុះបង្រ្កាបយ៉ាងក្តៅគគុកប្រឆាំងបទល្មើសនេសាទផងនោះ ហេតុនេះហើយបានជាផលនេសាទត្រីសម្រាប់ធ្វើប្រហុកមានការកើនឡើង។ លោកមានប្រសាសន៍ថា៖
«ឆ្នាំនេះកម្រិតទឹកខ្ពស់ជាងឆ្នាំមុន គឺកើនឡើងទៅដល់៦ពាន់លានម៉ែត្រគូបច្រើនជាងឆ្នាំមុន នៅក្នុងបឹងទន្លេសាប។ វាល្អសម្រាប់ត្រីពង…»។
ទាក់ទងនឹងការកើនឡើងតម្លៃត្រីប្រហុក លោកបានបកស្រាយថា គឺដោយសារឈ្មួញកណ្តាលដំឡើងថ្លៃ។ ទោះជាយ៉ាងណា លោកថ្លែងថា រដ្ឋាភិបាលបានព្យាយាមធ្វើឲ្យតម្លៃនេះធ្លាក់ចុះវិញ។ លោកបញ្ជាក់ថា៖
«នៅពេលមានមនុស្សច្រើនមកទិញត្រី តម្លៃកើនឡើងបន្តិច។ ប៉ុន្តែយើងជួយអន្តរាគមន៍ឲ្យតម្លៃចុះដែរ»។
ក្រសួងកសិកម្មរំពឹងថា បរិមាណត្រីប្រហុកនឹងមានទៅដល់ប្រមាណ១៣០០០តោននៅឆ្នាំ២០១៧នេះ គឺមានការកើនឡើងប្រមាណ៥០០តោន បើប្រៀបធៀបនឹងឆ្នាំមុន។ ផលនេសាទត្រីនៅទូទាំងប្រទេសអាចឡើងទៅដល់៨០០.០០០តោន រួមមានត្រីបានពីការធ្វើវារីវប្បកម្ម និងការចាប់ពីផែត្រី និងវាលស្រែជាដើម។ នេះបើយោងតាមលោកណៅ ធួក។
លោកបង្ហាញក្តីបារម្ភពីភាពរាំងស្ងួតនៅឆ្នាំនេះ តែលោកសង្ឃឹមថា ភាពរាំងស្ងួតនៅឆ្នាំនេះនឹងមិនអាក្រក់ដូចឆ្នាំមុននោះទេ។ លោកមានប្រសាសន៍ថា៖
«បម្រែបម្រួលអាកាសធាតុពិតជាប៉ះពាល់ផលនេសាទ ដោយសារតែភាពរាំងស្ងួត ដែលនាំឲ្យមានកង្វះទឹក និងត្រីងាប់...»។
បើក្រឡេកមើលពីបញ្ហាធ្វើទំនប់វារីអគ្គិសនីវិញ ប្រជាជនមួយចំនួនដែលរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលរងឥទ្ធិពលពីការធ្វើទំនប់វារីអគ្គិសនីសេសាននេះ យល់ឃើញថា ផលនេសាទត្រីមានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយពួកគេយល់ថា ដោយសារការសាងសង់ទំនប់វារីអគ្គិសនី ដែលគ្រោងនឹងបើកឲ្យប្រើប្រាស់នៅឆ្នាំ២០១៧នេះ។
អ្នកស្រី សាន សន អាយុ៥៥ឆ្នាំ រស់នៅក្បែរទន្លេសេសាន ក្នុងភូមិភ្លុកនៃស្រុកសេសាន បានត្អូញត្អែរអំពីកង្វះត្រី ដោយសារការស្ថាបនាទំនប់វារីអគ្គិសនី។ អ្នកស្រីមានប្រសាសន៍ថា៖
«ត្រីតិចណាស់ ចាប់មិនបានមួយគីឡូក្រាមផង... បានម៉ាស្ល។ ពីមុនរកបានច្រើន»។
អ្នកភូមិម្នាក់ទៀត លោកសិដ្ឋ សុខា អាយុ៥១ឆ្នាំ រស់នៅភូមិបាដឺម ស្រុកសេសាន បាននិយាយថា លោកកម្រចុះទៅនេសាទត្រីណាស់ ឥឡូវនេះ។ លោកបានបន្ទោសថា គឺការធ្វើទំនប់វារីអគ្គិសនីនេះហើយដែលធ្វើឲ្យបរិមាណត្រីធ្លាក់ចុះ។ លោកនិយាយថា៖
«បង្កើតទំនប់វារីអគ្គិសនីហ្នឹងមក បានត្រីវាចុះថយ»។
ទោះជាយ៉ាង អ្នកស្រី ហា កុំ អាយុ៦៥ឆ្នាំ ដែលរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ហើយជាអ្នករកត្រី និងលក់ប្រហុកធំជាងគេក្នុងខេត្តនេះ បានឲ្យដឹងថា រដូវនេសាទត្រីសម្រាប់លក់ និងធ្វើប្រហុកនៅក្នុងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងគឺខុសពីទន្លេសាប មានន័យថា ការនេសាទធ្វើប្រហុកក្នុងខេត្តស្ទឹងត្រែង អាចធ្វើឡើងនៅក្នុងខែកុម្ភៈ ឬមីនា និងមួយរដូវទៀតនៅក្នុងខែឧសភា ក្រោយចូលឆ្នាំប្រពៃណីខ្មែរ។
អ្នកស្រីបន្តថា គេនៅតែឆ្ងល់ថា តើបរិមាណត្រីធ្លាក់ចុះ ដោយសារទំនប់នេះ ឬយ៉ាងណា។ អ្នកស្រីមានប្រសាសន៍ថា៖
«វា(ទំនប់)អត់ទាន់កើត! បើវាកើតហើយទៅ នោះយើងដឹង។ បើគេធ្វើទំនប់វារីអគ្គិសនីហ្នឹងទៅ ហើយពីមុនមកយើងរកត្រីបាន១តោនក្នុងមួយរដូវ មួយខែ និង ដល់ពេលឥឡូវវាបានតែពីរបីគីឡូក្រាម ឧបមាអីចឹងចុះ»។
លោកណៅ ធួកបាននិយាយថា តាមការសិក្សា ទំនប់វារីអគ្គិសនីនៅក្នុងខេត្តស្ទឹងត្រែងអាចប៉ះពាល់ត្រីជាង២០ភាគរយ។ លោកនិយាយថា៖
«យើងថ្លឹងថ្លែងថា វាប៉ះពាល់តូច ឬធំ។ យើងបានសិក្សាហើយ។ ការប៉ះពាល់វាមានខ្លះ ហើយយើងរកវិធីសាស្រ្តក្នុងការ Mitigate ក្នុងការដោះស្រាយទប់ទល់នឹងវា»។
កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបាននិយាយថា ទំនប់វារីអគ្គិសនីសេសានក្រោម២នេះមិនមានបញ្ហាសម្រាប់ប្រជាជននោះទេ។
ទោះជាយ៉ាងណា លោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងឥទ្ធិពលរបស់ទំនប់វារីអគ្គិសនីលើបរិមាណត្រី។ លោកមានប្រសាសន៍ថា៖
«អីចឹងបានថា អានេះជាការគំរាមកំហែងសំខាន់មួយទាក់ទងនឹងខេត្តស្ទឹងត្រែង ដែលទំនប់ទាំងពីរហ្នឹងចាប់ផ្តើមដំណើរការ (ទំនប់សេសានក្រោម២ និងទំនប់ដនសាហុងនៅប្រទេសឡាវ) កំពុងសាងសង់»។
បន្ថែមពីការបរិភោគប្រហុកនៅក្នុងស្រុក កម្ពុជាក៏នាំចេញប្រហុកទៅក្រៅប្រទេសផងដែរ ជាពិសេសទៅប្រទេសថៃ។ ទោះជាយ៉ាងណា លោកណៅ ធួកបាននិយាយថា ការពិនិត្យគុណភាពនៅមិនទាន់គ្រប់គ្រាន់តាមស្តង់ដារទីផ្សារអន្តរជាតិនោះទេ។ លោកបន្ថែមថា៖
«យើងអត់ទាន់មានរោងចក្រកែច្នៃឲ្យបានត្រឹមត្រូវ។ យើងនាំទៅប្រទេសថៃសព្វថ្ងៃ គេហៅថា ពាក់កណ្តាលហើយ។ គេត្រូវយកទៅកែម្តងទៀត ទើបអាចយកទៅប្រើប្រាស់បាន។ យើងមិនអាចនាំចេញបានទេ ព្រោះយើងមិនទាន់មានការពិនិត្យគុណភាពត្រឹមត្រូវ»៕